កិច្ចប្រជុំដោះស្រាយជម្លោះដីធ្លីអូសបន្លាយជាង ៧ឆ្នាំកន្លងទៅរវាងជនជាតិដើមភាគតិចព្នង ចំនួន ៦ភូមិ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបារាំង ឈ្មោះ សុកហ្វីន ខេស៊ីឌី (Soc Fin KCD) បានចាប់ផ្ដើមលើកដំបូងក្រោមរូបភាពជំនួបត្រីភាគី រួមមាន អាជ្ញាធរមូលដ្ឋានតំណាងសហគមន៍ តំណាងក្រុមហ៊ុន និងមានអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ជាអ្នកសម្របសម្រួល។
តើការជួបប្រជុំគ្នានេះ ទទួលបានលទ្ធផលអ្វីខ្លះ?
អាជ្ញាធរឃុំប៊ូស្រា បានរៀបចំកិច្ចប្រជុំគណៈកម្មការត្រីភាគីនៅថ្ងៃទី២១ ខែធ្នូ នៅសាលាឃុំប៊ូស្រា ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរ៉ាំរ៉ៃរវាងសហគមន៍ចំនួន ៦ភូមិ និងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុកហ្វីន ខណៈភាគីនៃជម្លោះសុទ្ធតែបានប្តឹងផ្តល់គ្នាទៅវិញទៅមក តាំងពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្ន។
កិច្ចប្រជុំនៅថ្ងៃទី២១ ខែធ្នូ នេះ ធ្វើឡើងដោយមានសមាជិកគណៈកម្មការត្រីភាគីប្រមាណ ៣០នាក់ រួមមាន សមាជិកក្រុមប្រឹក្សាឃុំជាប្រធាន តំណាងសហគមន៍ពីរនាក់ក្នុងមួយភូមិ និងតំណាងក្រុមហ៊ុន។ រីឯមន្ត្រីអង្គការសង្គមស៊ីវិលជាអ្នកសង្កេតការណ៍ និងដោយឡែកតំណាងមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស គឺជាអ្នកសម្របសម្រួល។
តំណាងសហគមន៍ភូមិពូចារ លោក ប្រាក់ ណែត រៀបរាប់ថា កិច្ចប្រជុំលើកដំបូងនេះ គឺផ្ដោតទៅលើការបង្ហាញពីសមាសភាពគណៈកម្មការត្រីភាគី និងតួនាទីគណៈកម្មការជាសំខាន់ ដើម្បីអនុវត្តបានត្រឹមត្រូវនូវសេចក្តីសម្រេចនៃការបង្កើតគណៈកម្មការត្រីភាគីនេះឡើង។ លោកបន្តថា គណៈកម្មការត្រីភាគី នឹងបន្តពិភាក្សាជាបន្តបន្ទាប់ពីបញ្ហាដីធ្លី និងបញ្ហាផ្សេងទៀតដែលបានកើតឡើងរវាងក្រុមហ៊ុន និងសហគមន៍ជនជាតិដើមនៅតំបន់ផ្តល់ដីសម្បទាននេះ ដោយឈរលើវប្បធម៌សន្ទនាគ្នា៖ «ខ្ញុំសង្ឃឹមថា ការងារនេះល្អ អាចជួយតតាំងគ្នា អាចជួយសម្របសម្រួល បើសិនក្រុមត្រូវគេប្ដឹងហ្នឹង សុំឲ្យសម្របសម្រួល ព្រោះវាបញ្ហាសហគមន៍ដែរ»។
ក្រុមហ៊ុន សុកហ្វីន ទទួលបានអាជ្ញាប័ណ្ណវិនិយោគដីសម្បទានសេដ្ឋកិច្ចជាង ៥ពាន់ហិកតារ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បន្ទាប់ពីទទួលបានដីសម្បទាននេះ ក្រុមហ៊ុន សុកហ្វីន រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីទៀត គឺក្រុមហ៊ុន វ៉ារ៉ាណាស៊ី (Varanacy) ក្រុមហ៊ុន សេដ្ឋីកូឡា (Sethey Cola) និងក្រុមហ៊ុន កូហ្វីហ្វាម៉ា (Cophifama) បានចាប់ផ្ដើមឈូសឆាយដីដាំកៅស៊ូតាំងពីឆ្នាំ២០០៨ រហូតមក។
តំណាងសហគមន៍ លោក ឃុត ចាន់រ៉ា កត់សម្គាល់ថា ជម្លោះដីធ្លីរវាងសហគមន៍ និងក្រុមហ៊ុន សុកហ្វីន កើតមានស្រួចស្រាល់ណាស់បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដីសម្បទាន ប៉ះពាល់តំបន់កប់សព ព្រៃសក្ការៈ ចម្ការវិលជុំ និងចម្ការដាំស្រូវសហគមន៍។ ក្នុងអំឡុងសហគមន៍ធ្វើការតវ៉ានេះ ក្រុមហ៊ុនមិនបានបញ្ឈប់ការឈូសឆាយនោះទេ ជាហេតុធ្វើឲ្យសហគមន៍ផ្ទុះចេញអំពើហិង្សាដុតបំផ្លាញគ្រឿងចក្រក្រុមហ៊ុនអស់ពីរគ្រឿង។ លោកបន្តថា ក្រុមហ៊ុនក៏បានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋជាង ១០នាក់តាមផ្លូវតុលាការ ចោទប្រកាន់អ្នកភូមិពីបទបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន។ ហេតុនេះ យន្តការដោះស្រាយទំនាស់តាមរយៈគណៈកម្មការត្រីភាគីនេះ ត្រូវតែពិចារណាទៅលើការដកពាក្យប្ដឹងប្រជាពលរដ្ឋតាមផ្លូវតុលាការជាសំខាន់ ទើបលទ្ធផលនៃការដោះស្រាយទំនាស់អាចទទួលបានលទ្ធផលល្អ៖ «ដំណាក់កាលហ្នឹងហើយក្រុមហ៊ុនគួរតែពន្លត់ភ្លើង ធ្វើឲ្យប្រជាពលរដ្ឋជាង ១០នាក់រងគ្រោះ។ គួរតែបញ្ចប់សំណុំរឿងការបំផ្លិចបំផ្លាញនេះ»។
អាជ្ញាធរឃុំប៊ូស្រា កាលពីខែកញ្ញា ឆ្នាំ២០១៥ បានចេញសេចក្តីសម្រេចទទួលស្គាល់គណៈកម្មការត្រីភាគី ក្នុងគោលបំណងធ្វើជាអ្នកសម្របសម្រួលទំនាស់ដីធ្លី និងទំនាស់ផ្សេងៗដែលកើតមានចំពោះសហគមន៍ចំនួន ៦ភូមិ និងក្រុមហ៊ុន សុកហ្វីន។ ការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិភាព អហិង្សា មានតម្លាភាព ធ្វើកំណត់ហេតុជាក់លាក់ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ស្វាគមន៍ការបង្កើតគណៈកម្មការត្រីភាគី ថាជាយន្តការល្អដើម្បីកាត់បន្ថយជម្លោះ និងអំពើហិង្សាកើតមានកន្លងទៅ។ លោកបន្តថា កិច្ចប្រជុំរបស់គណៈកម្មការត្រីភាគី ត្រូវបើកជាចំហ ផ្តល់សិទ្ធិបញ្ចេញមតិដល់គូភាគីជម្លោះ ត្រូវដោះស្រាយបញ្ហាគ្រប់ជ្រុងជ្រោយ ជាពិសេសមិនត្រូវយកបណ្ដឹងតាមផ្លូវតុលាការ គាបសង្កត់លើសហគមន៍មូលដ្ឋានដោះស្រាយទំនាស់នោះឡើយ៖ «បើសិនកិច្ចចរចានៅតែចរចា បណ្ដឹងដែលក្រុមហ៊ុនប្ដឹងសហគមន៍ពីបទព្រហ្មទណ្ឌទៅតុលាការ បានន័យថា កិច្ចចរចានេះក៏មិនបានផលដែរ។ ដើម្បីឲ្យបានផល លុះត្រាក្រុមហ៊ុនដកបណ្ដឹងពីតុលាការ»។
រីឯអ្នកសម្របសម្រួលអង្គការជនជាតិដើមភាគតិចកម្ពុជា អ្នកស្រី ស៊ីណេ កត់សម្គាល់ដែរថា នេះជាការចាប់ផ្តើមនៃការដោះស្រាយជម្លោះដោយមានគូភាគីទាំងសហគមន៍ និងក្រុមហ៊ុននៅចំពោះមុខអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលជាកិច្ចការសំខាន់។ អ្នកស្រីបន្តថា បញ្ហាទំនាស់សំខាន់ៗ នឹងត្រូវលើកបញ្ចូលក្នុងរបៀបវារៈសម្រាប់គណៈកម្មការត្រីភាគីដោះស្រាយនៅពេលខាងមុខនេះ៖ «នៅមានបញ្ហាបន្តបន្ទាប់ទៀត តែជាការចាប់ផ្ដើមវាល្អ វាមានក្រុមហ៊ុន សហគមន៍មានការចូលរួមដឹងឮពីអង្គការសង្គមស៊ីវិល ជាពិសេសអាជ្ញាធរចូលរួមជជែកពីបញ្ហាហ្នឹង»។
យ៉ាងណាក៏ដោយ មេឃុំប៊ូស្រា លោក យើត សារីម ចាត់ទុកការបង្កើតគណៈកម្មការត្រីភាគីដោះស្រាយបញ្ចប់ជម្លោះសហគមន៍ និងក្រុមហ៊ុន ថាមានសារសំខាន់ដើម្បីរៀបចំអភិវឌ្ឍនៅមូលដ្ឋានបន្តទៀត។ លោកកត់សម្គាល់ថា ជម្លោះកន្លងទៅនេះ ធ្វើឲ្យខាតបង់ពេលវេលា រួមទាំងការខកខានអភិវឌ្ឍនៅមូលដ្ឋានមិនបានប្រសើរ។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តមណ្ឌលគិរី បង្ហាញថា ទំនាស់សំខាន់ៗដែលសហគមន៍តវ៉ា រួមមាន ការឈូសឆាយដីបន្ថែមដែលធ្វើឲ្យមានផលប៉ះពាល់ទៅលើសិទ្ធិជំនឿ ប្រពៃណី និងការរស់នៅរបស់ជនជាតិដើមភាគតិច។ ក្រុមហ៊ុន វ៉ារ៉ាណាស៊ី មិនទាន់បានផ្ទេរដី ៣០០ហិកតារដែលក្រុមហ៊ុនបានឈូសឆាយដាំកៅស៊ូលើដីរបស់អ្នកភូមិ ៥០គ្រួសារ និងក្រុមហ៊ុន សុកហ្វីន មិនទាន់បានផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
