ទំនាស់​ដី​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​អាច​ដាក់​លូ​រំដោះ​ទឹក​នៅ​សង្កាត់​ភ្នំពេញថ្មី

0:00 / 0:00

ទំនាស់​ដី​មួយ​កន្លែង​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​លេខ​១០៧៤ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្វើ​ឲ្យ​ពលរដ្ឋ​ពីរ​ភូមិ នៅ​ខណ្ឌ​សែនសុខ មិន​អាច​ធ្វើ​ការ​អភិវឌ្ឍ​ដាក់​លូ​រំដោះ​ទឹក​ចេញ​ពី​ផ្លូវ​លេខ​១៩៧៨ បាន បណ្ដាល​ឲ្យ​ទឹក​លិច​ភូមិ​នៅ​រដូវ​វស្សា។

តើ​បញ្ហា​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​បែប​នេះ?

ពលរដ្ឋ​ពីរ​ភូមិ រស់នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ចំនួន ៣៤​គ្រួសារ តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ដែនដី និង​សាលា​រាជធានី​ភ្នំពេញ ជួយ​ទម្លុះ​ផ្លូវ​លេខ​១៩៧៨ ដែល​មាន​គ្រួសារ​មួយ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​លេខ​១០៧៤ សង់​របង​ថ្ម​មក​លើ​ផ្លូវ​នោះ​អស់​ទទឹង ៥​ម៉ែត្រ បណ្ដាល​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ដាក់​លូ​រំដោះ​ទឹក​ពី​ភូមិ។

ស្ត្រី អិន ស៊ីណាត នៅ​ភូមិ​ពោងពាយ ថ្លែង​ថា ពី​មុន​ដី​តំបន់​នេះ គឺ​ជា​បឹង​កំប្លោក ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ។ ក្រោយ​មក ដី​បឹង​កំប្លោក​នោះ​កាត់​មក​បង្កើត​ជា​ខណ្ឌ​សែនសុខ វិញ ទើប​សាលា​រាជធានី​ភ្នំពេញ បែង​ចែក​ការ​អភិវឌ្ឍ​តាម​ប្លង់​អិលម៉ាប (LMAP) ដោយ​មាន​បែង​ចែក​ជា​ផ្លូវ​ត្រង់ៗ កាត់​ខ្វាត់ខ្វែង​ក្នុង​សង្កាត់​ភ្នំពេញថ្មី នេះ។ ដោយ​ឡែក ផ្លូវ​លេខ​១៩៧៨ មាន​ទទឹង ១០​ម៉ែត្រ ប៉ុន្តែ​ទៅ​ដល់​ក្បាល​ដី​លេខ​១០៧៤ មាន​ជម្លោះ​សង់​របង​ថ្ម​លើ​ផ្លូវ​អស់​ទទឹង ៥​ម៉ែត្រ នាំ​ឲ្យ​ការ​ដាក់​លូ​នៅ​ក្នុង​ភូមិ​នោះ មិន​អាច​ទម្លុះ​ដល់​ផ្លូវ​១០០៣ បាន ទើប​ទឹក​ក្នុង​ភូមិ​មិន​ហូរ​ចេញ​នៅ​រដូវ​វស្សា៖ «ខ្ញុំ​សុំ​ឲ្យ​ផ្លូវ​ត្រង់​ទៅ ហើយ​បាន​ដាក់​លូ​ទៅ បណ្ដោះ​ទឹក​បាន កុំ​ឲ្យ​ខ្លាច​វា​លិច ព្រោះ​ទឹក​វា​នៅ​ផ្អឹប​នៅ​ហ្នឹង មើល​ទឹក​តាម​លូ​នៅ​ហ្នឹង ឡើង​ស្អុយ​ហើយ ព្រោះ​អី​អត់​មាន​ប្រព័ន្ធ​លូ។ រាល់​ថ្ងៃ ទឹក​វា​ស្តូប​នៅ​ហ្នឹង មូស​ដូច​ស្អី​អីចឹង កើត​មូស​ច្រើន​ណាស់»

អ្នកស្រី ចា ខា ពលរដ្ឋ​ភូមិ​ភ្នំពេញថ្មី ថ្លែង​ថា តាម​ប្លង់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ បិទ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០០៩ គឺ​ផ្លូវ​១៩៧៨ សង់​ត្រង់​មាន​ទទឹង​ផ្លូវ ១០​ម៉ែត្រ។ ផ្លូវ​នោះ​នឹង​ពុះ​ចែក​ព្រំប្រទល់​ភូមិ​២ គឺ​ភ្នំពេញថ្មី និង​ភូមិ​ពោងពាយ ក្នុង​ខណ្ឌ​សែនសុខ។ ស្រាប់​តែ​ពេល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១០ បែរ​ជា​មាន​កម្មសិទ្ធិ​លេខ​១០៧៤ នៅ​ភូមិ​ពោងពាយ ឯណោះ ទល់​មុខ​ដី​គាត់ មក​យក​ដី​ភូមិ​ភ្នំពេញថ្មី ហើយ​បាន​ធ្វើ​របង​ថ្ម​មក​លើ​ផ្លូវ​១៩៧៨ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១១ ទើប​ពលរដ្ឋ​២​ភូមិ គឺ​ពោងពាយ និង​ភូមិ​ភ្នំពេញថ្មី ចំនួន ៣៤​គ្រួសារ ផ្ដិត​មេដៃ​ប្ដឹង​សុំ​ឲ្យ​មន្ទីរ​សុរិយោដី និង​សាលា​ក្រុង​ដោះស្រាយ ព្រោះ​កម្មសិទ្ធិ​១០៧៤ នោះ បាន​ធ្វើ​ឲ្យ​ផ្លូវ​១៩៧៨ វៀច ចង្អៀត និង​មិន​អាច​ដាក់​លូ​បង្ហូរ​ទឹក​ចេញ​ពី​ភូមិ​បាន៖ «ហើយ​គួរ​ឲ្យ​ចម្លែក ឡូត៍​មួយ​នេះ ពុំ​មាន​នៅ​ក្នុង​ការ​ប្រកាស​បិទ​ផ្សាយ​នៅ​ខាង​ភូមិ​ភ្នំពេញថ្មី ទេ ស្រាប់​តែ​ពេល​ចេញ​ប័ណ្ណ ឃើញ​មាន​បាន​ប័ណ្ណ​កម្មសិទ្ធិ​នឹង​គេ​ដែរ នៅ​ខាង​ភូមិ​ភ្នំពេញថ្មី ដែល​ធ្វើ​ឲ្យ​ប្រជាជន​ទាំងអស់ ៣៤​គ្រួសារ គាត់​មិន​អាច​ទទួល​យក​បាន»

មេ​ក្រុម ៥០​ខ្នង ភូមិ​ភ្នំពេញថ្មី លោក ចាន់ គីមតែ ថ្លែង​ថា ផ្លូវ​១៩៧៨ គឺ​សង់​ពី​សាលា​សង្កាត់​ភ្នំពេញថ្មី ទៅ​កាន់​ផ្លូវ​១០០៣។ ប៉ុន្តែ​ម្ចាស់​ដី​ឈ្មោះ សុខ អឿន មាន​ប័ណ្ណ​កម្មសិទ្ធិ​លេខ​១០៧៤ បាន​លក់​ដី​ទៅ​ឲ្យ​ឈ្មោះ សុខ សាន្ត និង​មាន​កិច្ច​សន្យា​លក់​ដី បើ​សិន​ជា​មាន​ការ​ធ្វើ​ផ្លូវ​កាត់​ដី​គាត់​លក់​នោះ គាត់​សុំ​ឲ្យ​លោក សុខ សាន្ត ជួយ​ចេញ​ដី​ស្មើ​គ្នា។ ប៉ុន្តែ​តាម​ប្លង់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ផ្លូវ​លេខ​១៩៧៨ នោះ នៅ​ចំ​លើ​ដី​លោក សុខ អឿន ម្ចាស់​កម្មសិទ្ធិ​១០៧៤ ដែល​ជា​អ្នក​លក់​ដី​នោះ។

លោក សុខ អឿន មិន​សុខ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​ផ្លូវ​នោះ បាន​ប្ដឹង​ទាមទារ​ឲ្យ​សាលា​ក្រុង កាត់​ដី ៥​ម៉ែត្រ​ពី​លោក សុខ សាន្ត ដើម្បី​ធ្វើ​ផ្លូវ​វិញ ទើប​កើត​ជា​ជម្លោះ ហើយ​ផ្លូវ​រួម​តូច​ពី ១០​ម៉ែត្រ មក​នៅ​ត្រឹម ៥​ម៉ែត្រ តែ​បណ្តោយ​ដី ១០៥​ម៉ែត្រ ជា​ដី​លោក សុខ អឿន ម្ចាស់​កម្មសិទ្ធិ​១០៧៤ នោះ​ទេ៖ «ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ឲ្យ​ថ្នាក់​លើ ឬ​រាជ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដើម្បី​ធ្វើ​ផ្លូវ​នេះ​ឲ្យ​ស្មើ ឲ្យ​ត្រង់ ដើម្បី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ចរាចរណ៍​ឲ្យ​បាន​លឿន ឲ្យ​បាន​ទូលាយ ព្រោះ​ផ្លូវ​នោះ​វា​កាច់ វា​អត់​ត្រឹមត្រូវ បើ​វា​កាច់​តែ​ដើម​ក្បាល​ផ្លូវ​ទេ ហើយ​វា​ខុស​ពី​ការ​បិទ​ផ្សាយ​ទៀត​នេះ វា​ដូច​ជា​អយុត្តិធម៌​ចំពោះ​លោក សុខ សាន្ត ពេក»

ពាក់ព័ន្ធ​ការ​លើក​ឡើង​នោះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ជួប​លោក សុខ អឿន ជា​ម្ចាស់​កម្មសិទ្ធិ​លេខ​១០៧៤ បាន​នៅ​ឡើយ ដើម្បី​សុំ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ។

ជម្លោះ​ផ្លូវ​១៩៧៨ នេះ​ដែរ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ក្រុមហ៊ុន​ដាក់​លូ​នៅ​ផ្លូវ​នោះ។ លោក អិត សំអុល អ្នក​ម៉ៅការ​ដាក់​លូ ថ្លែង​ថា ២​ឆ្នាំ​មុន សង្កាត់​ភ្នំពេញថ្មី បាន​ជួល​គាត់​ឲ្យ​ដាក់​លូ​សង​ខាង​ផ្លូវ​១៩៧៨ នេះ។ លូ​ដាក់​បាន​ជាង ៣០០​ម៉ែត្រ នៅ​ខ្វះ​តែ​ដី​ទំនាស់​ជាង ១០០​ម៉ែត្រ​នោះ។ មន្ត្រី​សាលា​ខណ្ឌ​សែនសុខ ចុះ​ហាម​មិន​ឲ្យ​កាយ​ដី​ដាក់​លូ។ លោក​ថា ការ​ហាម​នោះ​ធ្វើ​ឲ្យ​គាត់​ខាត​ប្រាក់​ច្រើន ព្រោះ​មិន​ទាន់​ទូទាត់​ថ្លៃ​ពលកម្ម និង​ថ្លៃ​ទិញ​លូ។ គាត់​ទាមទារ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី និង​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ ឬ​សង​ប្រាក់​មក​គាត់​ខ្លះ​ផង៖ «អំពាវនាវ​ដល់​សម្ដេច ឲ្យ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ផ្លូវ​ត្រង់​ឡើង​វិញ ដើម្បី​ជួយ​សម្រួល​យ៉ាង​ម៉េច​ឲ្យ​បាន​ទឹក​ហូរ​ទៅ​ប្រឡាយ​មេ ព្រោះ​ខ្ញុំ​ដាក់​លូ វា​កប់​វា​ភាគ​ច្រើន​ទៅ​ហើយ អត់​ទាន់​បាន​ដោះស្រាយ​រួច អីចឹង​សំណូមពរ​ឲ្យ​ជួយ»

លិខិត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លេខ​១០១១ ដនស/អធិ ចុះ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១១ បាន​បញ្ជា​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ សុំ​ឲ្យ​មន្ត្រី​របស់​មន្ទីរ​នោះ ដែល​បាន​ធ្វើ​ការ​ថ្លោះធ្លោយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឲ្យ​ចុះ​សម្រប​សម្រួល​ជាមួយ​ភាគី​ជម្លោះ​នៅ​ផ្លូវ​១៩៧៨ នេះ និង​ជម្រើស​ទី២ ឲ្យ​គូ​ភាគី​ទាំង​២ មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ លោក ពៅ ប្រាសុង ពន្យល់​កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ដោយ​មិន​ឲ្យ​អាត់​សំឡេង និង​ថត​រូបភាព។ លោក​ថា ភាគី​ដើម​ចោទ និង​ចុង​ចោទ ត្រូវ​សាលា​ឧទ្ធរណ៍​ប្រកាស​បិទ​ផ្លូវ​តវ៉ា​១​ឆ្នាំ​ហើយ។ លោក​ថា ចំពោះ​ដំណោះស្រាយ គឺ​មន្ទីរ​រៀបចំ​ដែនដី អាច​បដិសេធ​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​៣ មាន​ឈ្មោះ សុខ អឿន ប័ណ្ណ​លេខ​១០៧៤ ឈ្មោះ សុខ សាន្ត ប័ណ្ណ​លេខ​១០៨៨ និង​ឈ្មោះ សម វង ប័ណ្ណ​លេខ​១០៨៧ ចេញ​ពី​កម្មសិទ្ធិ​ដី ដើម្បី​ឲ្យ​អ្នក​ទាំង ៣​នាក់​នោះ ប្ដឹង​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ឡើង​វិញ។

ចៅ​សង្កាត់​ភ្នំពេញថ្មី លោក ជុំ សារ៉ាយ បំភ្លឺ​ថា ពលរដ្ឋ​២​ភូមិ បាន​ប្ដឹង​មក​សាលា​សង្កាត់ ថា​បុគ្គល​ឈ្មោះ សុខ សំអឿន សង់​របង​រំលោភ​ផ្លូវ​១៩៧៨ នោះ អស់ ៥​ម៉ែត្រ នាំ​ឲ្យ​ផ្លូវ​តូច​មិន​អាច​ដាក់​លូ​បាន។ បញ្ហា​នេះ អាជ្ញាធរ​សង្កាត់​មិន​អាច​ដោះស្រាយ​បាន​ទេ ព្រោះ​ដី​មាន​កម្មសិទ្ធិ ទាល់​តែ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សាលា​រាជធានី​ភ្នំពេញ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៖ «តាម​ពិត ផ្លូវ​ហ្នឹង​វា​ត្រង់ ព្រោះ​វា​មាន​ត្រង់​ស្រាប់ តែ​ដល់​ខាត​បង់​ដី​របស់ សុខ អឿន ហ្នឹង​ទៅ អីចឹង​គាត់​មិន​ព្រម​ទេ គាត់​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ​ផ្លូវ​ហ្នឹង តែ​រឿង​ទឹក​មិន​ស្ទះ​ទេ។ ខ្ញុំ​ចំពោះ​មុខ ចាំបាច់​ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ទឹក​លិច​បាន​ក្នុង​រដូវ​វស្សា ខ្ញុំ​នៅ​ក្នុង​នាម​សង្កាត់​នេះ ពុះពារ​រឿង​នេះ»

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ភ្នំពេញថ្មី បារម្ភ​ពី​បញ្ហា​ទឹក​លិច​ភូមិ ដែល​ត្រូវ​តែ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ជម្លោះ​ដី​ផ្លូវ​១៩៧៨ នេះ បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០ បន្ត​រហូត​មក​ដល់​ឆ្នាំ​២០១៣។ អ្នក​ភូមិ​ព្រមាន​ថា បើ​គ្មាន​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ ទេ គាត់​នឹង​នាំគ្នា​ទៅ​សុំ​នាយក​រដ្ឋមន្ត្រី​ឲ្យ​ជួយ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។