ប្រជាពលរដ្ឋជាង ៤០គ្រួសារនៅជាប់មាត់អូរព្រំប្រទល់ខ្មែរ-ថៃ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់ក្រុមហ៊ុនកាស៊ីណូហ្គោលឌិន ក្រោន ប៉ោយប៉ែត (Golden grown) ថាចាក់ដីរំលោភលើផ្លូវសាធារណៈ ធ្វើឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរចេញចូលតាមផ្លូវនោះបាន។ ប៉ុន្តែ បុគ្គលិកក្រុមហ៊ុនបញ្ជាក់ថា ផ្លូវដែលចាក់ដីនោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ ហើយមិនបានប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត អំពាវនាវឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ បញ្ឈប់ក្រុមហ៊ុនកុំឲ្យចាក់ដីលើផ្លូវសាធារណៈនោះបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរទៅមកក្នុងភូមិរបស់ប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះលោក មាស ច័ន្ទដារា រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងឆ្ការដៃឆ្ការជើងនៅខាងមុខផ្ទះប្រជាពលរដ្ឋតំបន់ដីដែលមានជម្លោះនោះ នៅថ្ងៃទី១៧ មីនា ថា ក្រុមហ៊ុនកាស៊ីណូហ្គោលឌិន ក្រោន របស់លោកឧកញ៉ា កុក អាន បានចាក់ដីរំលោភលើផ្លូវសាធារណៈ ដែលអ្នកភូមិធ្វើដំណើរចេញចូលជាប្រចាំ យកធ្វើជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។ លោកបន្តថា ប្រសិនបើក្រុមហ៊ុននេះចាក់ដីរួច នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ៤០គ្រួសារ គឺមិនអាចធ្វើដំណើរចេញចូលប្រកបរបរចិញ្ចឹមជីវិតបានឡើយ៖ «បាទ! សុំឲ្យក្រុមហ៊ុនយកដីដែលចាក់រួចនោះចេញ ព្រោះបើធ្វើផ្លូវនេះបើមិនចាក់ដីក៏ប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានដែរ។ ខាងអាជ្ញាធរគេថា ក្រុមហ៊ុនគេធ្វើផ្លូវឲ្យ ប៉ុន្តែការពិតនោះ គឺក្រុមហ៊ុនមិនបានធ្វើផ្លូវឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះឡើយ»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានក្រុមហ៊ុនហ្គោលឌិន ក្រោន ប៉ោយប៉ែត លោក គឹម ឡេងដារ៉ូ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនមិនបានចាក់ដីរំលោភលើផ្លូវសាធារណៈដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងនោះឡើយ ហើយថា ដីដែលចាក់នោះជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ។ ទោះយ៉ាងនេះក្ដី លោកថា ក្រុមហ៊ុនចាក់ដីនេះជាផលប្រយោជន៍ដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋនៅតំបន់នោះទេ៖ «បាទ! ដីនោះពីដើមមកជាដីរបស់ក្រុមហ៊ុន ហើយឥឡូវនេះប្រជាពលរដ្ឋទៅរស់នៅជាប់ព្រំដែននោះទេ។ ខ្ញុំចាក់ដីហ្នឹងធ្វើជាផ្លូវបេតុងឲ្យប្រជាពលរដ្ឋប្រើប្រាស់ទេ មិនមែនខ្ញុំទៅចាក់ដីនោះយកមកធ្វើជាកម្មសិទ្ធិឡើយ។ ប៉ុន្តែប្រជាពលរដ្ឋគាត់ខ្លាចពេលចាក់ដីនោះទៅផ្លូវខ្ពស់ជាងផ្ទះរបស់គាត់»។

ទោះយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ក្រុមហ៊ុនចាក់ដីនោះធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយឲ្យពួកគាត់ឲ្យបានឆាប់៖ «អាជ្ញាធរនៅតំបន់នោះកុំធ្មេចភ្នែកពេក ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋផង កុំឲ្យមើលឃើញតែអ្នកដែលមានលុយ និងអ្នកមានអំណាចនោះ មិនត្រូវទេ»។
ផ្លូវដែលក្រុមហ៊ុនចាក់ដីនោះទទឹងប្រមាណ ៨ម៉ែត្រ និងបណ្ដោយជាង ៣០០ម៉ែត្រ នៅជាប់មាត់អូរព្រំប្រទល់កម្ពុជា-ថៃ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កន្លងមក អ្នកភូមិបានផ្ដិតស្នាមមេដៃដាក់ទៅចៅសង្កាត់ ឲ្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុននេះដែរ ប៉ុន្តែពុំទទួលបានលទ្ធផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
