អ្នកភូមិស្រយង់ខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជិត ៥០គ្រួសារ ព្រមទាំងសហគមន៍ការពារព្រៃឈើផង បានលើកគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន សេលាដាម៉ិច ដែលគ្រប់គ្រងដោយជនជាតិបារាំង រយៈពេល ៤ថ្ងៃជាប់ៗគ្នាមកហើយ។
ការលើកគ្នារារាំងនោះ គឺនៅស្របពេលដែលក្រុមហ៊ុនចាប់ផ្ដើមឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែអ្នកភូមិចោទប្រកាន់ថា ក្រុមហ៊ុនឈូសរំលោភយកដីស្រែចម្ការ និងដីព្រៃការពារខ្លះទៀត។
សហគមន៍ការពារព្រៃឈើមួយនៅឃុំស្រយង់ ស្រុកគូលែន កំពុងចោទប្រកាន់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សេលាដាម៉ិច ថាបានឈូសឆាយបំផ្លាញព្រៃស្រោងបម្រុងទុករបស់ប្រជាពលរដ្ឋអស់ប្រមាណ ២០០ហិកតារ កាលពីចុងសប្ដាហ៍មុន។
តំណាងសហគមន៍ការពារព្រៃឈើព្រៃម៉្លូង នៃភូមិស្រយង់ខាងត្បូង គឺលោក សែម ឡំ។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែសីហា ថា រូបលោក និងប្រជាពលរដ្ឋជិត ៥០គ្រួសារ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ និងដីព្រៃស្រោង ដែលជាជម្រកសត្វជាច្រើនរយហិកតារ។
តំណាងសហគមន៍ព្រៃឈើដដែលបញ្ជាក់ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សេលាដាម៉ិច ដែលមានអ្នកគ្រប់គ្រងជនជាតិបារាំង កំពុងឈូសឆាយរំលោភយកដីចម្ការរបស់ប្រជាពលរដ្ឋ និងដីព្រៃស្រោងបម្រុងទុករយៈពេល ៤ថ្ងៃជាប់ៗគ្នាមកនេះអស់ប្រហែល ២០០ហិកតារ៖ «ព្រៃនោះគាត់ធ្លាប់អាស្រ័យផល ដូចជាបេះផ្លែគុយ ផ្លែសាវម៉ាវអីយកមកលក់។ សត្វរស់នៅដូចជាសត្វស្វា សត្វទោច សត្វអី ព្រៃវាធំណាស់ បងប្អូនចាត់ទុកជាព្រៃបម្រុងទុក។ ពួកគាត់ថាប្ដូរផ្ដាច់ការពារអត់ឱ្យក្រុមហ៊ុនឈូសទេ ហើយបើផ្អែកនឹងច្បាប់អន្តរក្រសួងដែលទើបតែចេញ គឺការឈូសឆាយនោះធ្វើឱ្យប៉ះពាល់យ៉ាងធំ។ ខ្ញុំយល់ឃើញថា ក្រុមហ៊ុននេះធ្វើខុសនឹងច្បាប់»។
ចាប់តាំងតែពីថ្ងៃទី១៤ ខែសីហា ក្រុមអ្នកភូមិស្រយង់ខាងត្បូង ជិត ៥០គ្រួសារ បានប្រមូលផ្ដុំគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន មិនឱ្យឈូសឆាយព្រៃ។ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋាន មិនបានជួយរកការដោះស្រាយ ឬក៏គាំទ្រចំពោះសកម្មភាពរបស់អ្នកភូមិទាំងនោះទេ។
អភិបាលស្រុកគូលែន លោក ជុំ ពុយ មានប្រសាសន៍ថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សេលាដាម៉ិច តែងគោរពតាមគោលការណ៍របស់រដ្ឋាភិបាល ដោយចុះសិក្សាទៅលើផលប៉ះពាល់សង្គម និងបរិស្ថាន ជាដើម។ កន្លងទៅ ក្រុមហ៊ុនបានចុះសិក្សា ហើយក៏បានកាត់ឆ្វៀលចេញនូវតំបន់សហគមន៍ព្រៃម៉្លូង តំបន់ព្រៃស្រោង និងព្រៃទ្រនាប់អូរទាំងអស់ចេញរួចហើយ។ លោក ជុំ ពុយ អះអាងថា ក្រុមហ៊ុនមិនបានឈូសឆាយរំលោភចូលតំបន់ព្រៃស្រោងដូចការចោទប្រកាន់របស់សហគមន៍នោះទេ៖ «យើងបានបញ្ជូនក្រុមការងារមានទាំងរដ្ឋបាលព្រៃឈើ ទាំងមន្ត្រីសុរិយោដី និងអាជ្ញាធរស្រុកម្នាក់ ចុះទៅដល់ទីតាំង យើងពិនិត្យឃើញថា ដីនោះមិនមានពាក់ព័ន្ធនឹងដីសហគមន៍ព្រៃម៉្លូង ឬក៏ដីប្រជាពលរដ្ឋទេ។ ប៉ុន្តែយើងទៅដល់ត្រូវប្រជាជនរំសាយអស់ហើយ ឯក្រុមហ៊ុនក៏ផ្អាកសកម្មភាពឈូសឆាយដែរ»។
ទោះយ៉ាងណា មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ ដែលសកម្មក្នុងការងារបណ្ដាញព្រៃឈើខេត្តព្រះវិហារ លោក ប៉ិក សោភ័ណ រិះគន់ថា នៅទីនោះ គឺមានក្រុមហ៊ុន២ ដូចជា ក្រុមហ៊ុន ហ្វីភី ម៉ាឡេស៊ី (Fephy Malaysia) និងក្រុមហ៊ុន សេលាដាម៉ិច តែងរំលោភយកដីព្រៃសហគមន៍ជាច្រើនលើកមកហើយ ក៏ប៉ុន្តែអាជ្ញាធរថ្នាក់មូលដ្ឋានមិនដែលដោះស្រាយចេញឡើយ។ លោក ប៉ិក សោភ័ណ បញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងកិច្ចការពារព្រៃឈើ កំពុងព្រួយបារម្ភជាខ្លាំងអំពីរឿងឈូសរំលោភយកដីព្រៃឈើនេះ ដោយសារតែអាជ្ញាធរខេត្តព្រះវិហារ និងស្រុកគូលែន មិនមានការទទួលខុសត្រូវ ជុំវិញការបាត់បង់ធម្មជាតិ និងប៉ះពាល់បរិស្ថានជាច្រើននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
