តំណាង​ពលរដ្ឋ​ជិត​១០០​គ្រួសារ​ធ្វើ​សាក្សី​ឲ្យ​ប្ដី​ប្រពន្ធ​ចាស់​ជរា​មាន​ជម្លោះ​ដី​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ រស់នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ផ្តុំ​គ្នា​ជួយ​ធ្វើ​សាក្សី​ជូន​មនុស្ស​ចាស់​ជរា​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​អះអាង​ថា ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​យក​ដី​ផ្ទះ និង​ចម្ការ ដោយ​សំអាង​ទៅ​លើ​ប្លង់​កម្មសិទ្ធិ ឬ​ប្រព័ន្ធ​តុលាការ។

មនុស្ស​ចាស់​ជរា​មាន​វ័យ​ជិត ៨០​ឆ្នាំ​ទាំង​ពីរ​នាក់ អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន អៀង សុធារ៉ា ឲ្យ​សង​ដី​លំនៅឋាន និង​ដី​ចម្ការ​ជូន​ពួក​គាត់​វិញ។

មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី បាន​អះអាង​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មីនា នៅ​សាលា​ស្រុក​ស្ទឹងហាវ ថា ក្រុមហ៊ុន អៀង សុធារ៉ា បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​ប្រព័ន្ធ​តុលាការ ដើម្បី​ប្លន់​យក​ដី​មាន​ទំហំ​ជាង ៥​ហិកតារ តាំង​ពី​ឆ្នាំ​២០០៤ មក​ដល់​ឆ្នាំ​២០១៥។

ករណី​នេះ ទាំង​មេបញ្ជាការ​កងទ័ព និង​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ក៏​បាន​ជួយ​ធ្វើ​សាក្សី​ជូន​មនុស្ស​វ័យ​ចាស់​ទាំង​ពីរ​ថា ពិត​ជា​បាន​មក​សង់​ផ្ទះ និង​ធ្វើ​ចម្ការ​នៅ​លើ​ដី​ដែល​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​យក​នេះ​ពិត​មែន។

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា មនុស្ស​វ័យ​ចាស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ឈ្មោះ​លោក​តា នាង ឃិន និង​លោក​យាយ លាង យី ពិត​ជា​បាន​កាន់​កាប់​ផ្ទៃដី​មាន​ទំហំ​ជាង ៥​ហិកតារ នៅ​ឃុំ​កែវផុស ដែល​កាល​នោះ​មូលដ្ឋាន​នេះ​ឋិត​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​កោះកុង ពិត​មែន៖ «យាយ​តា​ចាស់​ជរា​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា មក​រំលោភ​យក​ដី​ចម្ការ និង​ផ្ទះ​របស់​គាត់​ទៀត។ ដី​ហ្នឹង​គាត់​កាន់​កាប់​តាំង​ពី​ខ្ញុំ​នៅ​តូចៗ ហើយ​កន្លង​មក​ពួក​ខ្ញុំ​ធ្លាប់​បាន​ទៅ​នេសាទ និង​សម្រាក​នៅ​ផ្ទះ​របស់​គាត់​ថែម​ទៀត​ពី​អតីតកាល។ ប៉ុន្តែ​ក្រោយ​មក ផ្ទះ​របស់​យាយ​តា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ក្រុមហ៊ុន​ប្រើ​កម្លាំង​រុះរើ និង​បំផ្លាញ​អស់​គ្មាន​សល់ និង​បាន​ប្រើ​កម្លាំង​ទាហាន​បាញ់​គំរាម​បណ្ដេញ​ពួក​គាត់​ឲ្យ​ចេញ​ពី​ផ្ទះ​ទាំង​បង្ខំ​ថែម​ទៀត»

ប្រជាពលរដ្ឋ​ជា​សាក្សី​រស់នៅ​ឃុំ​ទំនប់រលក បាន​អះអាង​ថា ដោយសារ​តែ​មនុស្ស​វ័យ​ចាស់​ទាំង​ពីរ​នាក់​មិន​មាន​ថវិកា ឬ​លទ្ធភាព ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្រប់គ្រង​ដី​ធ្លាប់​កាន់​កាប់​ក្រោយ​ឆ្នាំ​១៩៨៩ មក​នោះ ក៏​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ចម្ការ និង​ដី​សង់​លំនៅឋាន ដោយ​បាន​ប្រើ​កម្លាំង​ទាហាន​បាញ់​គំរាម ដើម្បី​បណ្ដេញ​ចេញ​ពី​លំនៅឋាន​កាល​ពី​ឆ្នាំ​២០០៤ មក​ដល់​ពេល​នេះ។ ពលរដ្ឋ​ចោទ​ថា ទំនាស់​ដីធ្លី​នេះ​ឈាន​ដល់​ក្រុមហ៊ុន អៀង សុធារ៉ា ដាក់​ពាក្យ​ប្ដឹង​មនុស្ស​ចាស់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ និង​អ្នក​ឈឺ​ឆ្អាល​មួយ​ចំនួន​ទៅ​កាន់​តុលាការ ដោយ​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ហើយ​ក្រុមហ៊ុន​នេះ​បាន​ឈ្នះ​ក្តី​នៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ជា​រហូត ព្រោះ​តុលាការ​សំអាង​ថា ក្រុមហ៊ុន​មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ត្រឹមត្រូវ៖ «ដី​តំបន់​នោះ គឺ​ជា​ដី​របស់​យាយ​តា​ពីរ​នាក់​ហ្នឹង​រស់នៅ​ជា​យូរ​មក​ហើយ ហើយ​ឃើញ​ពួក​គាត់​រស់នៅ​លើ​ដី​នោះ​រហូត​ដល់​ឆ្នាំ​១៩៩៣ ដែល​កាល​នោះ​ខ្ញុំ​មាន​តួនាទី​ជា​ប៉ូលិស​នៅ​ស្រុក​ស្ទឹងហាវ។ ខ្ញុំ​ទទួល​ស្គាល់​ដី​ទំនាស់​នោះ​ជា​ដី​យាយ​តា​ទាំង​ពីរ​នាក់​ពិត​មែន ប៉ុន្តែ​ក្រោយ​មក​ផ្ទះ​របស់​គាត់​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​រុះរើ​បំផ្លាញ​ចោល​គ្មាន​សល់។ ករណី​នេះ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ធ្ងន់ធ្ងរ​បំផុត»

លោក​តា នាង ឃិន និង​លោក​យាយ លាង យី ទាំង​ពីរ​នាក់ ក៏​បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ ព្រោះ​ដីធ្លី​ធ្លាប់​រស់នៅ​ក្រោយ​ឆ្នាំ​១៩៨៩ មក ស្រាប់​តែ​មក​ដល់​ឆ្នាំ​២០០៤ ត្រូវ​ក្រុមហ៊ុន​របស់ លោក អៀង សុធារ៉ា ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​មក​ដល់​សព្វថ្ងៃ។

ក្រោយ​ពី​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា បណ្ដេញ​ចេញ​ពី​ផ្ទះ និង​ដី​ចម្ការ​ធ្លាប់​រស់នៅ កាល​ពី​ឆ្នាំ​២០០៤ មក បច្ចុប្បន្ន​នេះ លោក​តា នាង ឃិន និង​លោក​យាយ លាង យី ដែល​មាន​វ័យ​ជិត ៨០​ឆ្នាំ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​មក​រស់នៅ​ក្រោម​ដំបូល​ខ្ទម​ប្រក់​ស័ង្កសី​ដ៏​តូច​ចង្អៀត​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ដោយ​រំពឹង​ថា នៅ​មុន​ពេល​រូប​លោក​ទាំង​ពីរ​នាក់​ត្រូវ​អស់​សង្ខារ​លា​ចាក​លោក​នេះ​ទៅ នឹង​មាន​អ្នក​ជួយ​រក​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ទាំង​ពីរ​នាក់៖ «សូម​សម្ដេច​នាយក​រដ្ឋមន្ត្រី​អាណិត​មេត្តា​ជួយ​ដោះស្រាយ​ដីធ្លី​ឲ្យ​ខ្ញុំ​ឲ្យ​បាន​ឆាប់​ផង ឬ​យ៉ាង​ហោច​ឲ្យ​ខ្ញុំ​បាន​ឃើញ​យុត្តិធម៌​ជាក់ស្តែង នៅ​ពេល​ខ្ញុំ​មាន​ជីវិត​រស់នៅ។ រាល់​ថ្ងៃ ខ្ញុំ​ចុះ​ទូក​នេសាទ​ដាក់​អួន​ដាក់​មង និង​ស្ទូច​ត្រី​ជាដើម ដើម្បី​ចិញ្ចឹម​យាយ​តា​ខ្ញុំ​ទាំង​ត្រដាបត្រដួស។ ប៉ុន្តែ​ពេល​នេះ ភ្នែក​ខ្ញុំ​មើល​ពុំ​សូវ​ឃើញ​ទេ និង​គ្មាន​កម្លាំង​កំហែង​ដើម្បី​ចុះ​ទូក​នេសាទ​ស្ទើរ​លែង​កើត​ទៀត​ឡើយ។ ដូច្នេះ សូម​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ឲ្យ​ខ្ញុំ​បាន​ដី ដើម្បី​ឲ្យ​ខ្ញុំ​បាន​ដាំ​ដំណាំ​ដាំ​ដុះ​រហូត​ដល់​ខ្ញុំ​អស់​ព្រះ​ជន្មាយុ​ពី​លោកិយ​នេះ។ ខ្ញុំ​មាន​អ្វី​ជា​ទី​ពឹង​ទេ គឺ​មាន​តែ​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល ឬ​ដាំ​បន្លែ ដែល​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​យក​នោះ​ទេ​ជា​ទី​ពឹង។ រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មាន​អាយុ ៧៩​ឆ្នាំ​ទៅ​ហើយ ហើយ​នៅ​បន្ត​ចុះ​ទូក​ដើម្បី​នេសាទ​ត្រី​មក​ចិញ្ចឹម​ជីវិត​តា​យាយ​ខ្ញុំ​ដ៏​លំបាក​វេទនា​បំផុត»

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៥ នេះ នៅ​សាលា​ស្រុក​ស្ទឹងហាវ មនុស្ស​ចាស់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​បង្ហាញ​ជំនឿ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា នឹង​អាច​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​លើ​ករណី​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​បំពាន​ដី​ផ្ទះ និង​ដី​ចម្ការ​មាន​ទីតាំង​នៅ​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ជាក់​ជា​មិន​ខាន​នៅ​មុន​ពួក​គាត់​ទាំង​ពីរ​នាក់​លា​ចាក​ពី​លោក​នេះ​ទៅ៖ «សូម​សម្ដេច​ជួយ​ខ្ញុំ​ផង។ ចំពោះ​ខ្ញុំ ខ្ញុំ​ខំ​តស៊ូ​ជួយ​ជាតិ​មាតុភូមិ​ច្រើន​គួរសម​ដែរ​នា​ពេល​កន្លង​ទៅ។ ក្នុង​នោះ​ក៏​មាន​សកម្មភាព "ក​៥" ក៏​ខ្ញុំ​បាន​ទៅ​បំពេញ និង​រហូត​ដល់​ខ្ញុំ​បាន​មក​ធ្វើ​ចម្ការ​ដាំ​ដំណាំ ឬ​បន្លែបង្ការ​ត្រី​សាច់​ជួយ​ផ្គត់ផ្គង់​ដល់​កងទ័ព​រដ្ឋាភិបាល ចម្អិន​ជា​អាហារ​ហូប​ជា​រៀង​រាល់​ខែ​ថ្ងៃ​ថែម​ទៀត​កន្លង​មក»

ទាក់ទិន​ទំនាស់​ដីធ្លី​នេះ​ដែរ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មីនា ថ្នាក់​ដឹក​នាំ​ស្រុក​ស្ទឹងហាវ បាន​បើក​កិច្ច​សម្រប​សម្រួល​មួយ​ជាមួយ​ភាគី​ទំនាស់​ទាំង​ពីរ​ភាគី​ទៅ​តាម​លិខិត​ស្នើ​អន្តរាគមន៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៥។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​មាន លោក ម៉ក់ សម្បត្តិ ជា​ប្រធាន បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​រវាង​លោក​តា នាង ឃិន និង​លោក​យាយ លាង យី ជាមួយ លោក អៀង សុធារ៉ា លើ​ទំហំ​ផ្ទៃដី​ជាង ៥​ហិករតា (៥២.៤០០​ម៉ែត្រ​ការ៉េ) ឋិត​នៅ​ចំណុច​ពយ​យាយ​ម៉ី ក្នុង​ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។

លិខិត​អន្តរាគមន៍​មាន​ចុះ​ហត្ថលេខា លោក ម៉ក់ សម្បត្តិ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​សង្កត់​ធ្ងន់​ថា ទំនាស់​ដីធ្លី​នេះ ស្ថាប័ន​ខ្លួន​ធ្លាប់​បាន​ចាត់​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ចំនួន​ពីរ​លើក​រួច​មក​ហើយ ហើយ​រក​ឃើញ​ថា ករណី​នេះ​ឋិត​ក្នុង​សមត្ថកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ត្រូវ​ដោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​ជួយ​ពិនិត្យ​ដោះស្រាយ​ជូន​យាយ​តា​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា នៅ​ក្នុង​កិច្ច​ប្រជុំ​សម្រប​សម្រួល​ទំនាស់​ដីធ្លី​រវាង​លោក​តា នាង ឃិន និង​លោក​យាយ លាង យី ជាមួយ​តំណាង​ក្រុមហ៊ុន អៀង សុធារ៉ា ដឹក​នាំ​ដោយ កញ្ញា ឈុន ដារី អភិបាល​រង​ស្រុក​ស្ទឹងហាវ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មីនា នៅ​សាលា​ស្រុក​ស្ទឹងហាវ មិន​មាន​លទ្ធផល​ទេ។

ត្រង់​ចំណុច​នេះ កញ្ញា ឈុន ដារី ឲ្យ​ដឹង​ថា ទំនាស់​នេះ​វា​ហួស​ពី​ដែន​សមត្ថកិច្ច​ថ្នាក់​ស្រុក​ត្រូវ​ដោះស្រាយ ហើយ​ថា ទំនាស់​នេះ​ភាគី​លោក​តា នាង ឃិន និង​លោក​យាយ លាង យី បាន​បន្ត​ទាមទារ​យក​ដី​សង់​ផ្ទះ និង​ដី​ចម្ការ​ជាង ៥​ហិកតារ​មក​កាន់​កាប់​វិញ។ ប៉ុន្តែ​ខាង​ភាគី​តំណាង​ក្រុមហ៊ុន អៀង សុធារ៉ា គឺ​លោក លួង ប៊ុនថន មិន​យល់​ស្រប​តាម​ទេ ដោយ​សំអាង​ថា ក្រុមហ៊ុន​នេះ​បាន​ឈ្នះ​ក្តី​លើ​ទំនាស់​នេះ​នៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​នា​ពេល​កន្លង​ទៅ៖ «អាជ្ញាធរ​ស្រុក​គ្រាន់​តែ​ជា​តួអង្គ​មួយ​សម្រាប់​សម្រប​សម្រួល​ទំនាស់​ផ្សេងៗ​តែ​ប៉ុណ្ណោះ ហើយ​រាល់​ការ​សម្រេច​ឈ្នះ ឬ​ចាញ់ បើ​សិន​ជា​ភាគី​ទាំង​ពីរ​មិន​សម្រប​សម្រួល​គ្នា​ទេ គឺ​ហួស​ដែន​សមត្ថកិច្ច​ថ្នាក់​ស្រុក​ត្រូវ​ដោះស្រាយ​ហើយ ហើយ​អាជ្ញាធរ​ស្រុក​មាន​តែ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ជួយ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ត​ទៅ​ទៀត»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ទឹម យ៉ុន បច្ចុប្បន្ន​ជា​នាយ​រង​សេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ និង​ជា​អតីត​ជា​មេបញ្ជាការ​យោធា​ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា លោក​តា នាង ឃិន និង​លោក​យាយ លាង យី ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ពិត​ជា​បាន​មក​កាប់​រុក​រាន​ព្រៃ​សង់​លំនៅ និង​ដី​ចម្ការ​នៅ​លើ​ដី​មាន​ទំនាស់​នៅ​ភូមិ​កែវផុស ឃុំ​កែវផុស ដែល​កាល​នោះ​មូលដ្ឋាន​នេះ​ឋិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខេត្ត​កោះកុង ពិត​មែន៖ «គាត់​ដាំ​ដំណាំ​នៅ​លើ​ដី​នោះ​ច្រើន​មុខ​ណាស់​មាន​ចេក ដំឡូង ដូង និង​បន្លែ​សព្វ​បែប​យ៉ាង គឺ​ខ្ញុំ​ឲ្យ​គាត់​កាប់​រុក​រាន​ដី​ព្រៃ​នៅ​តំបន់​នោះ​នៅ​ឆ្នាំ​១៩៨៩ ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ និង​សង់​ផ្ទះ​ជាដើម ដែល​កាល​នោះ​ខ្ញុំ​ធ្វើ​ជា​មេបញ្ជាការ​យោធា​នៅ​តំបន់​នោះ គឺ​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នោះ​តែ​ម្តង។ ហើយ​ម្យ៉ាង​ខ្ញុំ​យល់​ថា ឲ្យ​គាត់​សង់​ផ្ទះ​រស់នៅ​ទី​នោះ គឺ​មាន​ផល​ប្រយោជន៍​ពីរ​យ៉ាង។ ទី​១ គឺ​ដើម្បី​ជីវភាព​របស់​ពួក​គាត់ និង​ទី​២ ឲ្យ​គាត់​ធ្វើ​ជា​ភ្នាក់ងារ​ឲ្យ​ខ្ញុំ ឬ​កងទ័ព ដោយ​ឲ្យ​ជួយ​ផ្តល់​ដំណឹង​ពី​ខ្មាំង​សត្រូវ ឬ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​តំបន់​នោះ​ជូន​ដល់​កងទ័ព​កម្ពុជា។ ខ្ញុំ​ទទួល​ស្គាល់​ថា គាត់​ធ្វើ​ចម្ការ​នៅ​លើ​ដី​ដែល​ត្រូវ​ក្រុមហ៊ុន អៀង សុធារ៉ា រំលោភ​យក​តាំង​ពី​យូរ​ណាស់​មក​ហើយ ឬ​តាំង​ពី​ចុង​ឆ្នាំ​១៩៨៨ ឆ្នាំ​១៩៨៩ រហូត​មក​ដល់​ពេល​មាន​ទំនាស់​ឆ្នាំ​២០០៤»

ទោះ​យ៉ាង​ណា អភិបាល​រង​ស្រុក​ស្ទឹងហាវ កញ្ញា ឈុន ដារី បញ្ជាក់​ថា ករណី​ទំនាស់​ដីធ្លី​រវាង​លោក​តា នាង ឃិន និង​លោក​យាយ លាង យី ជាមួយ លោក អៀង សុធារ៉ា នៅ​ឃុំ​កែវផុស ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​ដោះស្រាយ គឺ​ខាង​អាជ្ញាធរ​ស្រុក​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ រួច​ហើយ​ទៅ​តាម​ការ​លើក​ឡើង​របស់​ភាគី​ទំនាស់​ទាំង​ពីរ។ ប៉ុន្តែ កញ្ញា​បញ្ជាក់​ថា មិន​ទាន់​ឃើញ​ថ្នាក់​ដឹក​នាំ​ខេត្ត​នេះ​អញ្ជើញ​ភាគី​ទំនាស់ ដើម្បី​ជួប​ពិភាក្សា​ឈាន​ដល់​រក​ដំណោះស្រាយ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។