ប្រជាពលរដ្ឋជាង ១០០គ្រួសារនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុនចិន ឈ្មោះ យិះជៀ ថាបានបន្តគំរាមបណ្ដេញពួកគាត់ចេញពីលំនៅឋាន និងដីកសិកម្មធ្លាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៩២ ដោយប្រើកម្លាំងប្រដាប់អាវុធគំរាមពួកគាត់ មិនឲ្យធ្វើរបរកសិកម្ម និងសង់ផ្ទះ ជាដើម។
ផ្ដើមពីបញ្ហានេះ ប្រជាពលរដ្ឋដែលរងការគំរាមកំហែងនៅសហគមន៍នេះ បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយជំរុញកាត់ឆ្វៀលដីលំនៅឋាន និងដីកសិកម្ម ផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យិះជៀ ឲ្យបានឆាប់ ហើយស្នើឲ្យពលរដ្ឋអភិវឌ្ឍមូលដ្ឋានខ្លួននៅនឹងកន្លែង។
តំណាងប្រជាពលរដ្ឋជាច្រើននាក់រស់នៅសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម នៅថ្ងៃអង្គារ ទី២២ ខែធ្នូ បានបង្ហាញកង្វល់ជាថ្មី ខ្លាចបាត់បង់ដីលំនៅឋាន និងដីស្រែចម្ការធ្លាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៩២ ដោយសារក្រុមហ៊ុនចិន យិះជៀ ទទួលបានដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ឆ្នាំពីរដ្ឋាភិបាល។
ផ្ដើមពីកង្វល់នេះ មនុស្សវ័យចាស់ជាច្រើននាក់បានលើកដៃសំពះសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍កាត់ឆ្វៀលដីលំនៅឋាន និងដីកសិកម្ម ផ្តល់ប្លង់កម្មសិទ្ធិចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យិះជៀ ឲ្យបានឆាប់ ព្រោះក្រុមហ៊ុននេះមានមហិច្ឆតាបណ្ដេញពួកគាត់ទាំង ១០៦គ្រួសារ ចេញពីដីធ្លាប់រស់នៅយូរឆ្នាំ ដោយសំអាងទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់នេះពីរដ្ឋាភិបាល។
ផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ដែលចុះយកព័ត៌មានដល់សហគមន៍នេះ មនុស្សវ័យចាស់ជាច្រើននាក់បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៧ មក នៅពេលដែលក្រុមហ៊ុនចិន យិះជៀ បានបង្ហាញវត្តមាននៅក្នុងមូលដ្ឋានភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺបានបង្កឲ្យពលរដ្ឋរងទុក្ខវេទនា ដោយគំរាមបង្ខំពលរដ្ឋមិនឲ្យបង្កបង្កើនផល និងសង់ផ្ទះ ដើម្បីរស់នៅ ជាដើម។ សកម្មភាពគំរាមនេះ ក្រុមហ៊ុនចិន បានប្រើកងកម្លាំងប្រដាប់អាវុធមានទាហាន និងប៉ូលិសរាប់សិបនាក់ប្រដាប់ដោយអាវុធ មកគំរាមចាប់ចងពលរដ្ឋមូលដ្ឋាននេះថែមទៀត។
បន្ថែមលើនេះ ប្រធានសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ លោក សេន ចន្ថា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែធ្នូ ថា មូលដ្ឋាននេះមានផ្ទៃដីសរុបជាង ៣៣៣ហិកតារ។ តំណាងរូបនេះ បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យិះជៀ ដើម្បីឲ្យពលរដ្ឋបានរស់នៅ និងបង្កបង្កើនផលនៅលើដីធ្លាប់រស់នៅយូរឆ្នាំ និងស្នើអភិវឌ្ឍមូលដ្ឋាននៅនឹងកន្លែង។
លោក សេន ចន្ថា៖ «ជាក់ស្តែងដូចលោកសារព័ត៌មានឃើញស្រាប់ហើយ នៅទីនេះសុទ្ធតែដំណាំស្វាយ ខ្នុរ ដូង និងចេក ជាដើម ត្រូវប្រជាពលរដ្ឋដាំដុះ ហើយមានវាលស្រែរបស់ប្រជាពលរដ្ឋនៅសហគមន៍ខ្ញុំទាំងអស់គ្នា។ សូមឲ្យអ្នកសារព័ត៌មានជួយនាំយកកង្វល់របស់ពលរដ្ឋពួកខ្ញុំ ជម្រាបដំណឹងបានដល់សម្ដេចនាយករដ្ឋមន្ត្រី សម្ដេចតេជោ ជួយកាត់ឆ្វៀលដីចេញពីគម្រោងក្រុមហ៊ុនចិន យិះជៀ និងស្នើសុំធ្វើប្លង់កម្មសិទ្ធិជូនពួកខ្ញុំចំនួន ១០៦គ្រួសារ នៅក្នុងឃុំរាម ដើម្បីឲ្យពួកខ្ញុំរស់នៅមានសេចក្តីសុខដូចពលរដ្ឋនៅទូទាំងប្រទេសដែរ»។
តំណាងពលរដ្ឋ លោក សេន ចន្ថា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ មកដល់ខែធ្នូ ឆ្នាំ២០១៥ នេះ ក្រុមហ៊ុនចិន យិះជៀ បានបញ្ជាកម្លាំងចុះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង និងបំផ្លាញដើមឈើ ព្រមទាំងដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះអស់រាប់ពាន់ដើម។
ទាក់ទិនបញ្ហានេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកដីធ្លី និងជាប្រធានគណៈកម្មការចុះពិនិត្យវាស់វែង និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋមានទំនាស់ដីធ្លី នៅតាមសហគមន៍មួយចំនួននាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ។ លោកបានអះអាងថា នឹងចុះកាត់ឆ្វៀលដីចែកជូនពលរដ្ឋនៅក្នុងសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ ក្នុងពេលឆាប់ៗ។ លោកថា អាជ្ញាធរមិនដែលមកគំរាមកំហែងពលរដ្ឋនៅតាមសហគមន៍នានា ឬបណ្ដេញឲ្យទៅតាំងទីលំនៅថ្មី ដោយគ្មានការឯកភាពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេនាពេលកន្លងមក។ លោកបន្តថា កង្វល់របស់ប្រជាពលរដ្ឋចង់បានលំនៅឋាន និងការអភិវឌ្ឍនៅនឹងកន្លែង ឬស្នើសុំកាត់ឆ្វៀលដីចេញពីគម្រោងក្រុមហ៊ុន អាជ្ញាធរខេត្តនេះមិនជំទាស់ទេ ប៉ុន្តែសម្រាប់ពលរដ្ឋមានទីលំនៅនៅជាប់មាត់សមុទ្រ គឺអាជ្ញាធរមិនអាចកាត់ឆ្វៀលផ្តល់ប្លង់កម្មសិទ្ធិជូនបានទេ។
យ៉ាងណាក៏ដោយ លោក ស្រ៊ុន ស្រ៊ន់ មិនទាន់បានបញ្ជាក់ថា នឹងកំណត់ថ្ងៃចុះវាស់វែងដីឈានដល់កាត់ឆ្វៀលដីលំនៅឋាន និងដីស្រែចម្ការជូនពលរដ្ឋនៅក្នុងសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ ចំនួន ១០៦គ្រួសារ មានផ្ទៃដីសរុបចំនួនជាង ៣៣៣ហិកតារនៅថ្ងៃណាឲ្យពិតប្រាកដនោះទេ។
ត្រង់ចំណុចនេះ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះអង្កេតផ្ទាល់ដល់ទីតាំងលំនៅឋានរបស់ប្រជាពលរដ្ឋនៅសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ បានអះអាងថា ពលរដ្ឋសហគមន៍នេះបានមកតាំងទីលំនៅជាអចិន្ត្រៃយ៍ និងមានធ្វើស្រែចម្ការជាបន្តបន្ទាប់ រហូតពេលក្រុមហ៊ុនចិន យិះជៀ បង្ហាញវត្តមាននៅលើទីតាំងនេះនៅឆ្នាំ២០០៧ ទើបទំនាស់កើតឡើង។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ ស្នើជួយពន្លឿនសកម្មភាពកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋជាង ១០០គ្រួសារនៅសហគមន៍នេះឲ្យបានឆាប់ ព្រោះពួកគាត់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា៖ «យើងឃើញថាប្រជាពលរដ្ឋសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ ចំនួន ១០៦គ្រួសារ គឺពួកគាត់បានមករស់នៅស្របតាមច្បាប់ភូមិបាល មានន័យថា កាន់កាប់តាមបែបភោគៈ គឺយើងឃើញមានវាលស្រែ ដើមដូង ដើមខ្នុរ ត្រូវប្រជាពលរដ្ឋសហគមន៍នេះដាំដុះនៅក្នុងស្រែចម្ការរបស់ពួកគាត់ មានដើមធំៗ ហើយទទួលផលជារៀងរាល់ឆ្នាំ។ ដោយឡែកចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋវិញ គឺពួកគាត់ព្រួយបារម្ភ ដោយសារពួកគាត់មិនអាចឲ្យគាត់បង្កបង្កើនផលបាន ព្រោះខាងភាគីក្រុមហ៊ុន យិះជៀ បានទៅរារាំងមិនឲ្យប្រជាពលរដ្ឋបង្កបង្កើនផល ឬសាងសង់ផ្ទះជាលក្ខណៈត្រឹមត្រូវបានទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនចិន ឈ្មោះ យិះជៀ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ ឬកង្វល់ពលរដ្ឋបានទេ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ។
ឯកសារបញ្ជាក់ថា ក្រុមហ៊ុន យិះជៀ ទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍លើដីជុំវិញតំបន់ឧទ្យានជាតិរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាលរយៈពេល ៩៩ឆ្នាំ លើផ្ទៃដីជាង ៣ពាន់ហិកតារ ដើម្បីអភិវឌ្ឍប្រែក្លាយតំបន់នេះបម្រើឲ្យវិស័យទេសចរណ៍តាមបែបធម្មជាតិ ប៉ុន្តែសកម្មភាពរបស់ក្រុមហ៊ុន យិះជៀ ត្រូវប្រជាពលរដ្ឋរស់នៅសហគមន៍នេះ ចោទថា បានជីកកកាយដីភ្នំ និងកាប់បំផ្លាញព្រៃឈើដែលដុះជុំជិតនៅក្នុងបរិវេណឧទ្យានជាតិរាម យកមកសាងសង់សំណង់ក្រុមហ៊ុនស្ទើររលាយហិនហោចរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
