ការទាមទារនេះ គឺបន្ទាប់ពីក្រុមហ៊ុនចំនួន២ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនោះ បានឈូសឆាយរំលោភយកដីសមូហភាពសហគមន៍ដែលបន្សល់ទុកតាំងពីដូនតាមក។
តំណាងជនជាតិដើមភាគតិចកួយ មកពីភូមិចំនួន៣ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ស្វែងរកអន្តរាគមន៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈូសឆាយរំលោភចូលក្នុងដីសហគមន៍។
ក្រុមហ៊ុនចំនួន២ ដែលក្រុមជនជាតិដើមភាគតិចអះអាងថា បានឈូសឆាយរំលោភយកដីប្រជាពលរដ្ឋនោះ គឺក្រុមហ៊ុន ឡាន ហ្វេង (Lan Feng International Company Limited) និងក្រុមហ៊ុន រូយ ហ្វេង (Rui Feng International Company Limited) ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើដីទំហំសរុបជាង ២ម៉ឺនហិកតារ ដើម្បីដាំដំណាំកសិឧស្សាហកម្ម មានអំពៅ និងអាកាស្យា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមករា តំណាងជនជាតិដើមភាគតិចកួយ លោកស្រី នួន ម៉ុន ថ្លែងថា បញ្ហាដីធ្លីក្នុងតំបន់ពួកគាត់បានកើតឡើងកាលពីឆ្នាំ២០១១ គឺដោយសារតែក្រុមហ៊ុនបានឈូសឆាយរំលោភយកដីចម្ការវិលជុំ តំបន់សក្ការបូជា និងដីព្រៃ ដែលពួកគាត់រុករកអនុផលព្រៃឈើជាដើម។ លោកស្រីបន្តថា ដើម្បីបញ្ចប់បញ្ហានេះ គឺមានតែរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ដីទៅអោយក្រុមហ៊ុន ដោយទុកដីព្រៃទាំងនោះអោយជនជាតិដើមភាគតិចអាចប្រកបរបររស់នៅទៅតាមទំនៀមទម្លាប់របស់ពួកគាត់ និងពន្លឿនការចុះបញ្ជីដីធ្លីសហគមន៍ជាសមូហភាព។
លោកស្រី នួន ម៉ុន៖ «ជួយអោយលុបក្រុមហ៊ុនហ្នឹងចេញពីទឹកដីឃុំប្រមេរ អោយឆាប់។ សូមអាណិតអាសូរដល់ជនជាតិដើមភាគតិចផង។ ដែលក្រុមហ៊ុនគេឈូសហ្នឹង ខឿនប្រាសាទអីៗហ្នឹង គេឈូសលុបៗ ពួកខ្ញុំទៅមើលក៏ពួកខ្ញុំលើកឡើងម៉ោ ដើម្បីទុកគោរពបូជាម្តងទៀត។ ពួកខ្ញុំនៅទីនោះដែលទៅបោះជំរុំតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នេះ ពួកខ្ញុំទៅតវ៉ាជាមួយក្រុមហ៊ុន គឺទៅដេកទីនោះ ផ្អាកមិនបាន ទៅទប់ស្កាត់ ព្រោះពេលទៅតវ៉ាគេឈប់ម៉ារយៈពេល ពួកខ្ញុំសម្រាកទៅហូបបាយអី ពេលល្ងាចអី គេទៅឈូសទៀត»។
នៅរសៀលថ្ងៃទី២៨ ខែមករា នេះ តំណាងជនជាតិភាគតិចកួយ បាននាំយកញត្តិទៅដាក់នៅស្ថាប័នចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម។
តំណាងអ្នកភូមិថ្លែងនៅក្រោយការដាក់ញត្តិថា តំណាងក្រសួងបានទទួលយកញត្តិរបស់ពួកគាត់ ប៉ុន្តែពុំបានសន្យាថាយ៉ាងណាចំពោះដំណោះស្រាយដែលពួកគាត់ស្នើសុំឡើយ។
តំណាងអ្នកភូមិបញ្ជាក់ថា នឹងដាក់ញត្តិទៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រះបរមរាជវាំង ក្រសួងយុត្តិធម៌ ក្រសួងវប្បធម៌ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៩ ខែមករា បន្តទៀត។
តំណាងអ្នកភូមិ លោក រ័ត្ន ភី សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងជួយដោះស្រាយបញ្ហានេះ ដ្បិតជនជាតិដើមភាគតិចមិនមានចំណេះដឹងជ្រៅជ្រះ រស់នៅពឹងតែស្រែភ្លឺ និងអនុផលក្នុងព្រៃ៖ «ខ្លាចបាត់បង់ដីធ្លីស្រែចម្ការ ម្យ៉ាងទៀតវប្បធម៌ជនជាតិដើមភាគតិចយើងចេះតែសាបសូន្យទៅ។ ចង់រក្សាជនជាតិភាគតិចយើងអោយបានគង់វង្ស។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្ដេច អាចនឹងមានការកែទម្រង់ និងជួយដោះស្រាយដល់ប្រជាពលរដ្ឋ»។
ក្រុមជនជាតិដើមភាគតិចកួយ ចំនួន ៣៦៧គ្រួសារនោះ រស់នៅក្នុងភូមិចំនួន៣ គឺភូមិប្រមេរ បុស្សធំ និងស្រែព្រាង។ ពួកគេអះអាងថា ដីសហគមន៍ដែលប៉ះពាល់នោះមានទំហំរាប់ពាន់ហិកតារ ក្នុងនោះមានដីស្រែ និងដីចម្ការ ដោយមិនបានរាប់បញ្ចូលដីព្រៃសហគមន៍ ដែលប្រើប្រាស់ជាសមូហភាពរាប់ពាន់ហិកតារទៀត។ ពួកគាត់បានដាក់បណ្ដឹងទៅមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងអភិបាលខេត្តព្រះវិហារ អោយជួយរកដំណោះស្រាយជាច្រើនលើកច្រើនសា នៅតែមិនទាន់បានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
