ក្តីកង្វល់នោះ បានលើកឡើងនៅពេលអង្គការក្រៅរដ្ឋាភិបាល រកឃើញថា មានក្រុមហ៊ុនមួយចំនួនបានឈូសឆាយដីសម្បទានសេដ្ឋកិច្ច ដោយមិនគោរពទៅតាមបទបញ្ជាណែនាំរបស់រដ្ឋាភិបាល ដែលឱ្យកាត់ដីចេញនៅពេលណាប៉ះពាល់ទៅលើកម្មសិទ្ធិប្រជាពលរដ្ឋនោះទេ។
តើនៅពេលដែលមានស្ថានភាពដូចនេះ ប្រជាពលរដ្ឋនឹងត្រូវស្វែងរកការដោះស្រាយដោយរបៀបណា?
ក្រុមប្រជាពលរដ្ឋចំនួនជាង ៤០គ្រួសារ រស់នៅឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ បានពឹងពាក់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះ កាលពីពេលថ្មីៗ ដើម្បីឱ្យជួយតវ៉ាតាមផ្លូវច្បាប់ តទល់នឹងក្រុមហ៊ុនឯកជនមួយឈ្មោះ ហេង យូ ខេមបូឌា (Heng You Cambodia) ដែលបានឈូសឆាយពង្រីកដីសម្បទានសេដ្ឋកិច្ច ហើយប៉ះពាល់ដល់ក្បាលដីស្រែពួកគេជាច្រើនហិកតារ។
ក្រុមអ្នកភូមិទាំងនោះ បានឱ្យដឹងថា គេបានតវ៉ាចំពោះការឈូសឆាយនោះជាច្រើនកន្លែងមកហើយ ក៏ប៉ុន្តែមិនមានដំណោះស្រាយប្រសើរតាមការចង់បានទេ។
បុរសឈ្មោះ សែម សុំ គឺជាតំណាងប្រជាពលរដ្ឋនៅភូមិសង្កែ នៃឃុំសង្កែ១។ គាត់បានមានប្រសាសន៍ថា អ្នកភូមិរបស់គាត់ចំនួនប្រហែល ៤៦គ្រួសារ គឺកំពុងព្រួយបារម្ភខ្លាចគ្មានដីស្រែគ្រប់គ្រាន់សម្រាប់ចែកឱ្យអ្នកជំនាន់ក្រោយ ដោយសារតែក្រុមហ៊ុនប្រើគ្រឿងចក្រឈូសឆាយយកដីក្បាលស្រែរបស់ពួកគាត់អស់ប្រមាណជាង ១៤០ហិកតារ។
លោក សែម សុំ៖ «ក្រុមហ៊ុន ហេង យូ គេឈូសឆាយនៅឃុំសង្កែ១ ម្ដុំនោះសុទ្ធតែជាដីក្បាលស្រែរបស់ប្រជាពលរដ្ឋទាំងអស់។ ខ្ញុំទាំងដីត្រួស បានត្រួសអីប្រហែលជា ៤ហិកតារ ទាំងអស់។ ដូចថាម៉ែគ្នាចែកឱ្យស្រែ៥ ហើយនិងក្បាលដីផង គឺគ្នាបានតែស្រែ៥ ហើយក្រុមការងារស្រុក ខេត្តនោះ គេវាស់ឱ្យចេញពីស្រែ ១០-២០ម៉ែត្រ ធ្វើយ៉ាងម៉េចគ្រាន់? ព្រួយបារម្ភហើយមិនដឹងតវ៉ាទៅណា បើគេគំរាមកំហែង។ វាប៉ះពាល់ច្រើនណាស់បង ដែលខ្ញុំដាក់ក្នុងក្រដាសនោះ គឺ ៤៦គ្រួសារ»។
បុរសអ្នកភូមិសង្កែ ម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ដូចគ្នានេះថា ប្រជាពលរដ្ឋដូចពួកគាត់ គឺសង្ឃឹមតែលើដីស្រែចម្ការ សម្រាប់ធ្វើកសិកម្មយកផលចិញ្ចឹមជីវិត និងផ្គត់ផ្គង់ឱ្យកូនចៅបានរៀនសូត្រ ក៏ប៉ុន្តែក្រុមហ៊ុនចិន ដែលបានទទួលដីសម្បទាននៅតំបន់នោះ បានឈូសឆាយយកក្បាលដីស្រែទាំងអស់៖ «គេមកឈូសលើកទីបី លើកនេះហើយ! តវ៉ា តែមិនទាន់បានផលយ៉ាងណាទេ គេនៅតែលាបថ្នាំបន្តកន្លុកកន្លៀត។ គេយកទាំងអស់ហើយម្ដុំហ្នឹង។ ចង់ឱ្យក្រុមហ៊ុនកាត់ចេញ មិនបានទាំងស្រុងហីចុះ ឱ្យតែដី ៥ហិកតារ ឱ្យមកវិញ ២ហិកតារកន្លះ ឬមួយក៏ ២ហិកតារ ក៏ព្រមដែរ។ ខ្ញុំព្រួយបារម្ភអនាគតទៅមុខ កូនចៅក៏អត់មានទីពឹងស្អី។ ឥឡូវបើថាចិន ឈូសវាលអស់ហើយ រកតែអុសបង្គោលរបងអីគ្មានទេ រាល់ថ្ងៃបារម្ភណាស់ព្រៃឈើអស់ច្រើនដែរ។ ប្រជាពលរដ្ឋកាប់តិចតួចថាទោសជាប់គុកពីប៉ុន្មានឆ្នាំទៅប៉ុន្មានឆ្នាំ ហើយទីលានឃ្វាលគោទៀត តំបន់ហ្នឹងអស់កន្លែងហ្នឹង ក៏អស់កន្លែងគោស៊ីក្របីស៊ីទៀត»។
ស្រុកឆែប ខេត្តព្រះវិហារ គឺជាស្រុកដាច់ស្រយាលដែលនៅជាប់ព្រំប្រទល់គ្នាជាមួយព្រំដែនប្រទេសឡាវ។ ប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនបានចាប់ផ្ដើមឈូសឆាយប៉ះពាល់ក្បាលដីស្រែរបស់ពួកគេតាំងតែពីអំឡុងខែកក្កដា ឆ្នាំ២០១២ មកម្ល៉េះ។ ពួកគេបានដាក់ពាក្យប្ដឹងជំទាស់ទៅអាជ្ញាធរជាច្រើនកន្លែង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានដំណោះស្រាយល្អណាមួយសម្រាប់ពួកគេនៅឡើយទេ។
អាជ្ញាធរស្រុកឆែប បានទទួលស្គាល់ថា កាលពីក្រុមហ៊ុនចាប់ផ្ដើមឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ចដំបូង គឺពិតជាមានការប៉ះពាល់ទៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្លះមែន ក៏ប៉ុន្តែ ក្រុមការងារថ្នាក់ខេត្តក៏បានចុះពិនិត្យរួចហើយ បើមានប៉ះពាល់ដីស្រែ គឺបានឆ្វៀលចេញអស់ហើយ។
អភិបាលស្រុកឆែប លោក អ៊ុង វុឌ្ឍី បានមានប្រសាសន៍ថា អាជ្ញាធរពិបាកដោះស្រាយជូនប្រជាពលរដ្ឋខ្លះដែលនៅតែអះអាងថា ក្រុមហ៊ុនបានឈូសរំលោភយកដីរបស់ពួកគេនោះណាស់ ដោយតែអ្នកភូមិចេះតែចង្អុលដីព្រៃរបស់រដ្ឋថាជាដីកម្មសិទ្ធិឯកជន៖ «មួយចំនួននោះ គឺគាត់យកដីគេឈូសវាលហើយហ្នឹង គឺគាត់ចង្អុលបណ្ដោយមានដល់ ៥០០ម៉ែត្រ ទទឹង ៤០០ម៉ែត្រអីចឹង។ អាកន្លែងព្រៃសោះ គាត់ថាដីរបស់គាត់ គឺគណៈកម្មការគេចុះធ្វើកិច្ចការហ្នឹងអស់ហើយ។ អីចឹង កន្លែងណាខ្លះដែលគណៈកម្មការគេទទួលយក គេដោះស្រាយឱ្យ ហើយឃើញបងប្អូនទៅព្រមព្រៀង។ ក៏ប៉ុន្តែ មួយចំនួនគាត់ចង់បានដាច់កន្ទុយភ្នែក ដីព្រៃ អានោះធ្វើយ៉ាងម៉េចបាន គឺខុសច្បាប់»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បានមានប្រសាសន៍ថា កន្លងទៅ លោកបានទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋស្ដីពីបញ្ហានេះ ហើយលោកក៏ធ្លាប់បានចុះស៊ើបអង្កេតដែរ។ តាមការស៊ើបអង្កេត រកឃើញថា នៅជុំវិញស្រែរបស់ប្រជាពលរដ្ឋខ្លះ នៅមានព្រៃខ្លះ ក៏ប៉ុន្តែការឈូសឆាយរបស់ក្រុមហ៊ុននោះ គឺបានប៉ះពាល់ក្បាលដីស្រែរបស់ប្រជាពលរដ្ឋខ្លះមែន។
លោក ឡោ ច័ន្ទ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ លោកបានសរសេរលិខិតជូនអភិបាលខេត្តព្រះវិហារ ដើម្បីស្នើសុំឱ្យជួយដោះស្រាយការប៉ះពាល់ទាំងនោះ៖ «ឃើញថា ប្រជាពលរដ្ឋគាត់បានបង្កបង្កើនផលលើដីនោះដាំស្រូវ ហើយសមាគមអាដហុក ស្នើសុំឱ្យរាជរដ្ឋាភិបាលមេត្តាពិនិត្យពិចារណា ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនមួយចំនួន ព្រោះក្រុមហ៊ុនខ្លះមិនទាន់ទទួលបានច្បាប់ឈូសឆាយរបស់ខណ្ឌរដ្ឋបាលព្រៃឈើផង បែរជាគាត់ចាប់ផ្ដើមអនុវត្តមុនច្បាប់ចេញមកទៅទៀត។ ក្រុមហ៊ុន ហេង យូ ក៏ដូចជា រួយហ្វេង ក៏ដូចជា ឡាន ហ្វេង ទើបតែស្នើទៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ទេ តែការឈូសឆាយរបស់គាត់តាំងពីឆ្នាំ២០១២ មកម្ល៉េះ»។
ក្រុមហ៊ុន ហេង យូ បានទទួលដីសម្បទានសេដ្ឋកិច្ចទំហំជាង ៨.៩០០ហិកតារ ពីរដ្ឋាភិបាល កាលពីអំឡុងខែកក្កដា ឆ្នាំ២០១១ កន្លងទៅ ដើម្បីដាំកៅស៊ូ និងដំណាំកសិឧស្សាហកម្ម។
គេហទំព័រជាភាសាអង់គ្លេសឈ្មោះ អូផែន ឌីវីលុបមែន (Open Development) ដែលនិយាយអំពីដីសម្បទានសេដ្ឋកិច្ច បានឱ្យដឹងថា នៅខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១២ គឺរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនក្នុងស្រុក និងបរទេសចំនួន៣០ និងផ្ទៃដីទំហំជាង ១៩៩.១៤២ហិកតារ។
តំបន់ដីសម្បទានសេដ្ឋកិច្ចទាំងនោះខ្លះ ប៉ះពាល់ដីស្រែចម្ការ ខ្លះតំបន់ព្រៃឈើជាជម្រកសត្វព្រៃ និងខ្លះជាតំបន់រ៉ែធម្មជាតិក្រោមដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
