ប្រជាពលរដ្ឋនៅឃុំសង្កែ២ នៃស្រុកឆែប អំពាវនាវសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ ជួយជ្រោមជ្រែង ព្រមទាំងបើកឲ្យពួកគេបានចូលទៅច្រូតកាត់ផលស្រូវដែលដាំដុះនៅលើដីទំហំ ២៥ហិកតារ កំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហេង យូ (Heng Yu)។
ការអំពាវនាវបែបនេះ ក្រោយពីប្រជាពលរដ្ឋចំនួន ១៥គ្រួសារបានយកគ្រាប់ស្រូវទៅសាបព្រោះកាលពីជាង ៣ខែមុន ក៏ប៉ុន្តែត្រូវបានក្រុមហ៊ុនចិន យកគ្រឿងចក្រទៅឈូសឆាយលុប ហើយក្រុមហ៊ុនចិន ក៏យកគ្រាប់ស្រូវខ្លះទៅបាចព្រោះពីលើបន្ថែមទៀតនៅលើដីមានទំនាស់នោះ។
សហគមន៍ប្រជាពលរដ្ឋនៅឃុំសង្កែ១ និងឃុំសង្កែ២ ស្រុកឆែប អះអាងថា ពួកគេនឹងប្រមូលគ្នាចំនួន ៣០០នាក់ ចូលទៅច្រូតយកស្រូវទំហំ ២៥ហិកតារនៅលើដីទំនាស់ជាមួយនឹងក្រុមហ៊ុនចិន ហេង យូ (Heng Yu) នៅថ្ងៃទី១ ខែវិច្ឆិកា ឲ្យទាល់តែបាន។
ក្រុមអ្នកភូមិអំពាវនាវដល់អាជ្ញាធរ ព្រមទាំងសមត្ថកិច្ច កុំឲ្យរារាំងពួកគេនៅពេលដែលអ្នកភូមិលើកគ្នាច្រូតយកស្រូវនោះ។
តំណាងសហគមន៍ឃុំសង្កែ១ គឺលោកស្រី ឡាន់ ស៊ីម។ លោកស្រីឲ្យដឹងនៅរសៀលថ្ងៃច័ន្ទ ទី៣១ ខែតុលា ថា សហគមន៍របស់លោកស្រី រួមទាំងសហគមន៍ឃុំម្លូព្រៃ២ ព្រមទាំងអ្នកភូមិក្រឡោត នឹងរួមគ្នាចូលទៅច្រូតយកផលស្រូវដែលដាំលើដីស្រែ និងចម្ការទំហំ ២៥ហិកតារ នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ដោយមិនទុកឲ្យក្រុមហ៊ុនចិន ទទួលផលទេ។ ស្ត្រីដដែលបញ្ជាក់ថា កាលពីអំឡុងខែកក្កដា កន្លងទៅ ប្រជាពលរដ្ឋចំនួន ១៥គ្រួសារ នៅភូមិក្រឡោត បានយកគ្រាប់ស្រូវទៅព្រោះនៅលើដីស្រែ និងចម្ការទំហំ ២៥ហិកតារ ក៏ប៉ុន្តែក្រោយមកត្រូវក្រុមហ៊ុនចិន ឈូសឆាយរំលោភយកដីទាំងនោះ ហើយព្រោះគ្រាប់ស្រូវពីលើថែមទៀត។ លោកស្រី ឡាន់ ស៊ីម បញ្ជាក់ថា ប្រសិនបើមិនឲ្យច្រូតយកស្រូវទាំងនោះ គឺប្រជាពលរដ្ឋចំនួន ១៥គ្រួសារនឹងដាច់ពោះនៅឆ្នាំក្រោយ មិនមានអ្វីទទួលទានទេ៖ « យើង អត់ ដឹងថា អ្នកណា ព្រោះ ពីលើ ទេ ដឹង ត្រឹមតែ ថា ស្រូវ នោះគឺជា ស្រូវដែល ពលរដ្ឋម្ចាស់ដី ព្រោះជា យូរ មកហើយ »។
ទោះបីជាយ៉ាងណា អាជ្ញាធរស្រុកឆែប ឆ្លើយតបថាគេពុំទាន់បានដឹងពីទំនាស់នៃការប្រមូលផលស្រូវរវាងប្រជាពលរដ្ឋ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន នោះនៅឡើយទេ។
អភិបាលស្រុកឆែប លោក សុខ សានតារា មានប្រសាសន៍ថា កាលពីជាង ៤ខែមុន លោកដឹងថាប្រជាពលរដ្ឋនៅភូមិក្រឡោត ធ្លាប់កើតមានទំនាស់ជាមួយក្រុមហ៊ុនចិន ហេង យូ (Heng Yu) ហើយអាជ្ញាធរស្រុកបានសម្របសម្រួលរួចហើយ ក៏ប៉ុន្តែពេលនេះស្រាប់តែឮថាមានទំនាស់រឿងព្រោះស្រូវជាន់គ្នាទៀតនោះ គឺលោកមិនបានដឹងឡើយ៖ « ដែលថា ចិន អីទៅភ្ជួរ ដីជាមួយ ប្រជាពលរដ្ឋ ព្រោះស្រូវ ពីលើ អី ខ្ញុំអត់បានទទួលព័ត៌មានហ្នឹងទេ ចាំមើលខ្ញុំសួរមេឃុំសង្កែ២ »។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សម្ដែងការព្រួយបារម្ភខ្លាចក្រែងមានអំពើហិង្សា ឬក៏ការចាប់ខ្លួនប្រជាពលរដ្ឋ នៅពេលដែលលើកគ្នាទៅច្រូតកាត់នៅលើដីទំនាស់នោះ។ លោក ប៉ិក សោភ័ណ អំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ច គួរប្រកាន់តួនាទីជាអាជ្ញាកណ្ដាល និងយុត្តិធម៌សម្រាប់ដោះស្រាយ ប្រសិនបើនៅថ្ងៃទី១ ខែវិច្ឆិកា ទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន ហេង យូ (Heng Yu) អាចនឹងកើតមានឡើងដោយប្រការណាមួយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
