តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង គ្រោងស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចេញបទបញ្ជាបញ្ឈប់គម្រោងសាងសង់ប៉ុស្តិ៍នគរបាល នៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង តាមសំណូមពររបស់ប្រជាពលរដ្ឋដែលចង់រក្សាទុកដីនោះ សម្រាប់ធ្វើសាលាឆទានថ្មី។ ទោះយ៉ាងណា អធិការស្រុក ថាគម្រោងនេះនឹងនៅតែបន្ត ព្រោះមានលិខិតផ្លូវច្បាប់អនុញ្ញាតត្រឹមត្រូវ។
ប្រជាពលរដ្ឋនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង តវ៉ាជំទាស់ដាច់ខាតមិនឲ្យមន្ត្រីប៉ូលិស សាងសង់ប៉ុស្តិ៍រដ្ឋបាលនៅលើក្បាលដីទំហំប្រហែល ១៥ម៉ែត្រ និងបណ្តោយប្រហែល ២៥ម៉ែត្រ។ ការជំទាស់តវ៉ានេះ ដោយសារប្រជាពលរដ្ឋចង់យកទីតាំងនោះសាងសង់សាលាឆទានថ្មី សម្រាប់ពួកគាត់ជួបជុំធ្វើបុណ្យទានម្តងម្កាល ក្រោយពីសាលាឆទានចាស់នៅលើដីនោះ ត្រូវបានគេឈូសចោល ក្រោមហេតុផលពង្រីកផ្លូវ។
ក្រោយស្តាប់សំណូមពររបស់ប្រជាពលរដ្ឋមួយភូមិនេះទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង លោក ឡុង ប៊ុន្នី គ្រោងនឹងដាក់លិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីឲ្យចេញបទបញ្ជាដកគម្រោងសាងសង់ប៉ុស្តិ៍រដ្ឋបាលនោះចេញវិញ ដោយលើកគម្រោងនោះទៅសាងសង់នៅលើដីអាកររបស់ឃុំ ដែលមេឃុំចាស់បានអនុញ្ញាតកាលពីមុន៖ «ខ្ញុំនឹងដាក់លិខិតអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ឲ្យបញ្ជាក់ថា តើប្រាកដជាចេញលិខិតបញ្ជាក់ឲ្យសាងសង់លើដីនោះអត់ ព្រោះកាលថ្ងៃខ្ញុំទៅទីនោះ គឺខាងប៉ូលិសយកលិខិតពីអង្គភាពប្រឆាំងអំពើពុករលួយ ថាគេឲ្យសាងសង់អី តែលិខិតទាំងនោះ គឺខុសទាំងអស់។ ឯកសារទាំងនោះ គឺគំរាមប្រជាពលរដ្ឋតែម្តង ហើយដូចដែលខ្ញុំបញ្ជាក់អ៊ីចឹងថា ការសាងសង់នោះខុសទីតាំង គ្មានការអនុញ្ញាត ហើយខុសស្តង់ដារបច្ចេកទេសសាងសង់»។
ក្រៅពីជំទាស់មិនឲ្យសាងសង់ប៉ុស្តិ៍រដ្ឋបាលនោះ ប្រជាពលរដ្ឋនៅភូមិត្នោត បានដាក់ការសង្ស័យថា មន្ត្រីប៉ូលិសកំពុងតែឃុបឃិតគ្នាលក់ដីនោះទៅឲ្យឈ្មួញ ដើម្បីសាងសង់ហ្គារាស៍សាំងទៀតផង។
ឆ្លើយតបចំពោះបញ្ហានេះ អធិការស្រុកពោធិ៍រៀង លោក អ៊ុង ផាន បានច្រានចោលចំពោះការចោទប្រកាន់ និងអះអាងថា ទីតាំងនោះ គឺបានចុះបញ្ជីតាមផ្លូវច្បាប់រួចរាល់ហើយ ដោយប្រគល់ដីនោះឲ្យប៉ុស្តិ៍រដ្ឋបាលកំពង់ឫស្សី ក្រោមការដឹងឮរបស់ពីភូមិ ឃុំ និងស្រុក ជាពិសេសក៏មានលិខិតអនុញ្ញាតពីអង្គភាពប្រឆាំងអំពើពុករលួយដែរ។ លោកបញ្ជាក់ថា គម្រោងសាងសង់ប៉ុស្តិ៍រដ្ឋបាលដែលក្រសួងមហាផ្ទៃ ទម្លាក់ឲ្យនោះ នឹងនៅតែបន្តទៅមុខ៖ «តាមពិតយើងធ្វើប៉ុស្តិ៍រដ្ឋបាលនៅលើដីនោះ ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ តែមានអ្នកនៅពីក្រោយថា គេមិនធ្វើប៉ុស្តិ៍រដ្ឋបាលទេ គាត់បំប៉ោងអ៊ីចឹង។ ឥឡូវនេះ ខ្ញុំលើកផ្លាកគម្រោងសាងសង់នេះឲ្យពួកគាត់មើល ក្រោយពីពួកគាត់ចង់ដឹងពីផ្លូវច្បាប់អីហ្នឹង ហើយថ្ងៃនេះស្ងាត់អស់ហើយ អត់មានសកម្មភាពអីទេ»។
ចំពោះបញ្ហានេះ តំណាងរាស្ត្រគណបក្សប្រឆាំងអះអាងថា តាមពិតមេឃុំដែលមកពីគណបក្សសិទ្ធិមនុស្ស ពុំយល់ព្រមឲ្យសាងសង់ប៉ុស្តិ៍រដ្ឋបាលនៅលើដីទំនាស់នេះទេ តែមន្ត្រីប៉ូលិសមិនខ្វល់នោះឡើយ។
ប្រជាពលរដ្ឋព្រមានថា ពួកគាត់នឹងនៅតែតវ៉ាជំទាស់ បើអាជ្ញាធរមិនព្រមដកគម្រោងនេះចេញ ព្រោះដំបូងឡើយ គឺប៉ូលិសបានចូលទៅសង់ខ្ទមតូចមួយ សម្រាប់ធ្វើប៉ុស្តិ៍នៅលើដីសាលាឆទាននោះបណ្ដោះអាសន្ន។
ទាក់ទិនបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី អំពាវនាវឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធសម្របសម្រួលគ្នា ដោយពុំគួរទុកឲ្យវានៅរ៉ាំរ៉ៃរហូតប្តឹងផ្តល់គ្នាទៅតុលាការនោះទេ ព្រោះទំនាស់ដណ្ដើមដីមួយដុំនេះ មិនពិបាកដោះស្រាយឡើយឲ្យតែមានឆន្ទៈពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
