ប្រជាពលរដ្ឋចំនួន ៨នាក់ បានបដិសេធមិនទទួលយកដីកាកោះហៅរបស់តុលាការខេត្តព្រៃវែង ឲ្យចូលខ្លួនមកបំភ្លឺក្នុងតុលាការនៅសប្ដាហ៍ក្រោយ ទាក់ទងរឿងវិវាទដីកម្មសិទ្ធិរួមមួយកន្លែងនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ពលរដ្ឋដែលសុំលាក់ឈ្មោះ បានថ្លែងចោទប្រកាន់ថា អធិការប៉ូលិសស្រុកជាអ្នកលក់ដីរួមរបស់ភូមិ ប៉ុន្តែតុលាការមិនបានចោទប្រកាន់ ឬសួរនាំអ្នកលក់ទ្រព្យសម្បត្តិសាធារណៈនោះទេ តែផ្ទុយទៅវិញ តុលាការកោះហៅពលរដ្ឋជាអ្នកការពារដីរួម ដើម្បីធ្វើសាលាឆទានទៅវិញ៖ «ដល់អ៊ីចឹងទៅ ល្ងាចមិញ ម្សិលមិញហ្នឹង តុលាការចេញដីកាកោះហៅខ្លួនប៉ុន្មាននាក់ហ្នឹងឲ្យទៅតុលាការ ថាបំភ្លឺ តែពលរដ្ឋហ្នឹងថាមិនទៅទេ ព្រោះថា ដីនេះរឿងរបស់ប្រជាជនមួយភូមិ មិនមែនរឿងតែម្នាក់ទេ ព្រោះដីប្រជាពលរដ្ឋមិនមែនគណបក្សណាមួយទេ។ ដីនេះជាដីរួមរបស់ប្រជាពលរដ្ឋមួយភូមិត្នោត ហ្នឹងតែម្ដង។ ដល់អ៊ីចឹង ពលរដ្ឋនាំគ្នាសាងសង់ធ្វើសាលាបុណ្យមួយ បណ្ដោយ ១២ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលកំពុងតែធ្វើជិតរួចហើយ»។
មេប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ឫស្សី លោក កៅ វណ្ណា ថ្លែងថា តុលាការកោះហៅពលរដ្ឋពីបទហិង្សារំលោភបំពានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកបញ្ជាក់ទៀតថា លោកបានធ្វើតាមនីតិវិធីរដ្ឋបាល នៅពេលដែលពលរដ្ឋមិនព្រមទទួលយកដីកាកោះរបស់តុលាការនោះ គឺលោកធ្វើចំណារ ហើយបញ្ជូនត្រឡប់ទៅតុលាការវិញ តាមរយៈអធិការស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
