ពលរដ្ឋ​ជាង​១០០​នាក់​ប្រមូល​ផ្ដុំ​មុខ​តុលាការ​ខេត្ត​ព្រៃវែង​រឿង​ទំនាស់​ដី​រួម

0:00 / 0:00

តុលាការ​ខេត្ត​ព្រៃវែង បាន​កោះ​ហៅ​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ នៅ​ក្នុង​ភូមិ​ត្នោត ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៤ ទាក់ទង​ករណី​ទំនាស់​ដី​រួម​មួយ​កន្លែង​នៅ​ក្នុង​សហគមន៍ ប៉ុន្តែ​មនុស្ស​ដែល​តុលាការ​កោះ​ហៅ​នោះ មិន​មាន​វត្តមាន​ទេ បែរ​ជា​អ្នក​ភូមិ​បាន​លើក​គ្នា​មក​មុខ​តុលាការ​ជំនួស​មនុស្ស​ទាំង ៧​នាក់។

ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ត្នោត ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ជាង ១០០​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចម្ងាយ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​ភូមិ​របស់​ខ្លួន ដើម្បី​មក​កាន់​តុលាការ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ការ​ឡើង​មក​ជួប​ជុំ​គ្នា​នេះ គឺ​តប​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​ព្រៃវែង ឲ្យ​ពលរដ្ឋ ៧​នាក់​មក​បំភ្លឺ​ទាក់ទង​រឿង​ទំនាស់​ដី​មួយ​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​នោះ។

អ្នកស្រី យឹម ទូច ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ត្នោត ដែល​បាន​ធ្វើ​ដំណើរ​មក​មុខ​តុលាការ បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​សម្រេច​ចិត្ត​ដើរ​មក បើ​ទោះ​នៅ​តាម​ផ្លូវ​មាន​ការ​ហាម​ឃាត់ និង​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ក៏ដោយ ក៏​ការ​ព្យាយាម​នេះ គឺ​ដើម្បី​ទុក​ដី​សាលាឆទាន​ជា​សម្បត្តិ​រួម និង​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ អ្នកស្រី​ថ្លែង​ទៀត​ថា ដី​ដែល​មាន​ទំនាស់​ទំហំ​ជាង ៦០​អា គឺ​ជា​សម្បត្តិ​រួម មិន​មែន​ជា​សម្បត្តិ​ឯកជន​របស់​មនុស្ស​តែ ៧​នាក់​នោះ​ឡើយ។ ដូច្នេះ អ្នក​ភូមិ​បាន​ឡើង​មក​ទាំងអស់​គ្នា ដើម្បី​បញ្ជាក់​ថា ជា​ដី​កម្មសិទ្ធិ​សមូហភាព។

អ្នកស្រី យឹម ទូច៖ «តុលាការ​គេ​កោះ​ហៅ ៧​នាក់ ប៉ុន្តែ​ប្រជាជន​ទាំងអស់​គ្នា​ហ្នឹង​មិន​សុខ​ចិត្ត​ឲ្យ​មនុស្ស ៧​នាក់​ហ្នឹង​មក​ដោះស្រាយ​ទេ ព្រោះ​មិន​មែន​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អ្នក ៧​នាក់​ហ្នឹង ជា​ប្រយោជន៍​រួម ហើយ​ឆ្លើយ​អ្នក​ហ្នឹង​ធ្វើ​តំណាង គេ​មិន​ហ៊ាន​ធ្វើ​ទេ ព្រោះ​របស់​រួម ហើយ​ក៏​មិន​មែន​ប្រយោជន៍​អ្នក​ទាំង ៧​នាក់​ហ្នឹង​ទេ បាន​ជា​ប្រជាជន​សុខ​ចិត្ត​តស៊ូ​ហ្នឹង ព្រោះ​ពេល​ធ្វើ គឺ​ក្រោក​ឈរ​ធ្វើ​ទាំងអស់​គ្នា ហើយ​ដល់​ពេល​កោះ​ហៅ គឺ​ហៅ​តែ ៧​នាក់ បាន​ន័យ​ថា សង្កត់​តែ​អ្នក ៧​នាក់ តែ​អ្នក ៧​នាក់​នោះ ក៏​ធ្វើ​ដូចជា​អ្នក​រាប់​រយ​នាក់​ហ្នឹង​ដែរ»

តាម​របាយការណ៍​របស់​មេ​ឃុំ​កំពង់ឫស្សី បាន​សរសេរ​ថា ដី​មាន​ទំនាស់ គឺ​ជា​ដី​រួម​របស់​ភូមិ​សម្រាប់​ធ្វើ​បុណ្យ ប៉ុន្តែ​ត្រូវ​អធិការ​នគរបាល​ស្រុក​ពោធិ៍រៀង និង​ជំទប់​ទី​១​ឃុំ បាន​ឃុបឃិត​គ្នា​លក់ ទើប​បណ្ដាល​ឲ្យ​មាន​ទំនាស់​ដល់​អ្នក​ភូមិ​ទាំង​ស្រុង។

ទោះ​យ៉ាង​ណា ការ​ឡើង​មក​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​ព្រៃវែង របស់​អ្នក​ភូមិ​ត្នោត នោះ គឺ​មិន​មាន​លទ្ធផល​ណា​មួយ​ឡើយ ដោយ​អ្នក​ភូមិ​បាន​ត្រឹម​អង្គុយ​ហេវហត់​នៅ​មុខ​តុលាការ ហើយ​មិន​មាន​មន្ត្រី​តុលាការ​មក​សួរ​នាំ​ព័ត៌មាន​ពី​ពួក​គាត់​ឡើយ។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក (adhoc) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ថ្លែង​ថា ករណី​រឿង​ព្រហ្មទណ្ឌ គឺ​តុលាការ​ចោទ​បុគ្គល​ណា គឺ​បុគ្គល​ម្នាក់​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​អ្នក​ផ្សេង​នោះ​ឡើយ ប៉ុន្តែ​ការ​ឡើង​មក​ស្រុះ​គ្នា​របស់​អ្នក​ភូមិ គឺ​ជា​ការ​ឈឺ​ឆ្អាល​របស់​ពួក​គាត់​ចំពោះ​អ្នក​ភូមិ​ដូច​គ្នា និង​ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​រួម​ផង។ អ្នកស្រី​ថ្លែង​ទៀត​ថា តុលាការ​គួរ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ចំពោះ​ករណី​ដី​រួម​របស់​អ្នក​ភូមិ​នេះ។

អ្នកស្រី អ៊ាង គឹមលី៖ «អ៊ីចឹង​អ្នក​ភូមិ​គាត់​ថា​រឿង​ដី​ហ្នឹង គឺ​ជា​រឿង​របស់​គាត់​ទាំងអស់​គ្នា ត្រង់​ហ្នឹង​តុលាការ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ថែម​ទៀត ថា​តើ​អ្នក​ភូមិ​ទាំង ៧​នាក់​ហ្នឹង គាត់​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​ដោយ​ស្រប​ច្បាប់​មែន ឬ​ក៏​ជា​រឿង​អី​ផ្សេង។ អ៊ីចឹង​ត្រូវ​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់ ថា​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ភូមិ​ហ្នឹង​គាត់​នាំ​គ្នា​មក​តវ៉ា គាត់​បោះ​បង់​ស្រែ​ចម្ការ គាត់​សុខ​ចិត្ត​អត់​ធ្វើ​ការងារ គាត់​សុខ​ចិត្ត​អត់​បាយ​ដល់​ទៅ​កូន​គាត់​ទៀត គឺ​សុខ​ចិត្ត​ឡើង​មក​តវ៉ា​រឿង​ដី​ហ្នឹង»

អ្នក​ភូមិ​សម្រេច​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ បន្ទាប់​អង្គុយ​នៅ​មុខ​តុលាការ​ជិត ៣​ម៉ោង​ដោយ​មិន​មាន​លទ្ធផល​អ្វី​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។