ក្រុមហ៊ុន​ភាពីម៉ិច​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ពលរដ្ឋ​នៅ​ពោធិ៍សាត់

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ភាពីម៉ិច នៅ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់ បើ​ទោះ​បី​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ​០១ ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ ព្រម​ទាំង​បាន​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ឲ្យ​ចុះ​មក​ជួយ​វាស់វែង​ក៏ដោយ។

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ចាត់​ទុក​ទំនាស់​នេះ​ថា បាន​កើត​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ភាពីម៉ិច មិន​គោរព​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី។

ប្រជាពលរដ្ឋ ១០​គ្រួសារ នៅ​ចំណុច​ដំណាក់ព្រីង ស្ថិត​ក្នុង​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មេការ​ជនជាតិ​ចិន នៅ​ការដ្ឋាន​លេខ​៧.១ ថា​បាន​ប្រើ​អំណាច​រំលោភ​យក​ដីធ្លី​ពួក​គាត់។

បុរស​អ្នក​ភូមិ​ឈ្មោះ មឿង ផូ អាយុ ៤៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២២ មីនា ថា មេការ​ជនជាតិ​ចិន នៅ​ការដ្ឋាន​លេខ​៧.១ បាន​ប្រើ​អំពើ​ហិង្សា​ដឹកនាំ​កម្លាំង​មក​រុះរើ​របង និង​ខ្ទម​ចាំ​ចម្ការ​របស់​គាត់ ព្រម​ទាំង​បាន​គំរាម​មិន​ឲ្យ​គាត់​តវ៉ា​អ្វី​ទាំងអស់។

បុរស​អ្នក​ភូមិ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ដី​ចម្ការ​របស់​គាត់​ប្រមាណ ៣​ហិកតារ​នេះ ត្រូវ​បាន​ក្រុម​និស្សិត​វាស់វែង​ឲ្យ​ហើយ បន្ទាប់​ពី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ គាត់​ក៏​ធ្វើ​របង និង​ត្រៀម​ធ្វើ​ការ​ដាំដុះ៖ «សំណូមពរ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​របស់​ខ្ញុំ​ណា៎! អ៊ំ គេ​មក​ដក​របង​ដក​រោង​របស់​ខ្ញុំ​ដឹក​យក​ទៅ​ការដ្ឋាន​គេ​អស់​ហើយ។ ខ្ញុំ​មាន​ប្លង់​កាន់​កាប់​ត្រឹមត្រូវ​ហើយ ទើប​ខ្ញុំ​ទៅ​ធ្វើ​រោង​នោះ»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ សេង នេត បន្ថែម​ថា គាត់​ក៏​ត្រូវ​បាន​មេការ​ចិន របស់​ក្រុមហ៊ុន​ភាពីម៉ិច នាំ​កម្មករ​មក​ដក​របង និង​រុះ​ខ្ទម​របស់​គាត់ ដឹក​យក​ទៅ​ការដ្ឋាន​ដែរ។ គាត់​ថា រដូវ​ដាំដុះ​បាន​ចូល​មក​ដល់ តែ​ប្រជាពលរដ្ឋ​កំពុង​រង​ការ​រំលោភ​បំពាន​ពី​ក្រុមហ៊ុន​មិន​ចេះ​ចប់។ ចំណែក​អាជ្ញាធរ​ហាក់​មិន​អើពើ​ការពារ​ប្រជាពលរដ្ឋ​ទេ៖ «ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​អាជ្ញាធរ​ដែនដី​ដោះស្រាយ​ឲ្យ​ខ្ញុំ​ឆាប់ៗ​ណា៎! អ៊ំ។ គេ​មក​បំផ្លាញ​រោង​ខ្ញុំ​អស់​អ៊ីចឹង​ម៉េច​កើត។ ឥឡូវ​ដល់​ខែ​ដាំដុះ​ហើយ ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ឲ្យ​ខ្ញុំ​ឲ្យ​លឿន ព្រោះ​ខ្លាច​ហួស​រដូវ​ដាំដុះ។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អី​បាន​ជា​គេ​ធ្វើ​អ៊ីចឹង ព្រោះ​ដី​ខ្ញុំ​រដ្ឋ​ចេញ​ប្លង់​ឲ្យ​ខ្ញុំ​ហើយ​តើ»

ប្រភព​ពី​អាជ្ញាធរ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង ១០​គ្រួសារ​នេះ មាន​ទំហំ​ប្រមាណ ៣០​ហិកតារ និង​ទើប​តែ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នា​ពេល​ថ្មីៗ​នេះ។ បន្ទាប់​ពី​បាន​ប័ណ្ណ​កម្មសិទ្ធិ ពួក​គាត់​ក៏​ចាប់​ផ្ដើម​ធ្វើ​របង​ព្រំ​ដី និង​ធ្វើ​ការ​ដាំដុះ តែ​មេការ​ចិន របស់​ក្រុមហ៊ុន​ភាពីម៉ិច បាន​រារាំង។ មន្ត្រី​អាជ្ញាធរ​ភូមិ​រូប​នេះ​បន្ត​ថា ក្នុង​ខេត្ត​ពោធិ៍សាត់ ក្រុមហ៊ុន​ភាពីម៉ិច មាន​អំណាច​ខ្លាំង​ណាស់ អាជ្ញាធរ​ដែនដី​ភូមិ ឃុំ គ្មាន​នរណា​ហ៊ាន​បៀត​ទេ ទាល់​តែ​ថ្នាក់​ខេត្ត​ទើប​អាច​និយាយ​ជាមួយ​គេ​បាន ព្រោះ​មាន​អភិបាល​រង​ខេត្ត​ម្នាក់​ជា​អ្នក​ចេញ​មុខ​ការពារ​ឲ្យ​ក្រុមហ៊ុន​នេះ។

មេ​ឃុំ​ក្បាលត្រាច មិន​ព្រម​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទេ នៅ​រសៀល​ថ្ងៃ​ទី២២ មីនា ចំណែក​អភិបាល​ស្រុក​ក្រគរ គឺ​លោក ទឹម សារិន បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ស្រុក​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ៖ «អាជ្ញាធរ​កំពុង​ដោះស្រាយ​ឲ្យ​ហើយ»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​បណ្ដឹង​ទៅ​តុលាការ៖ «ដី​នេះ​គាត់​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់។ ចិន ធ្វើ​នេះ​គឺ​រំលោភ​ច្បាប់​ហើយ។ យើង​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​ដោយ​ធ្វើ​ពាក្យ​បណ្ដឹង​ជូន​គាត់ ប្រសិន​បើ​គាត់​ចង់​ប្ដឹង​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដោយ​ចេតនា»

លោក អេង ឈុនហាន បន្ត​ថា ក្រុមហ៊ុន​ភាពីម៉ិច ដែល​មាន​ជនជាតិ​ចិន ជា​តំណាង​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​តែ​គោរព​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គឺ​បទ​បញ្ជា​លេខ​០១ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។