ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នឹង​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព គ្រោង​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន ២១​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ គ្រោង​នាំ​គ្នា​ឡើង​មក​សាលា​ខេត្ត ដើម្បី​សួរ​នាំ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ស្នើ​ឲ្យ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ក្នុង​រឿង​ដីធ្លី​របស់​ពួក​គាត់។

តំណាង​ពលរដ្ឋ​ដែល​ព្រម​ផ្ដល់​ព័ត៌មាន និង​ផ្ដិត​មេដៃ​លើ​សលាកបត្រ​ព័ត៌មាន​ស្ដី​អំពី​ប្រវត្តិ នៃ​ការ​កាន់​កាប់​ដី និង​អ្នក​ដែល​មិន​ព្រម​ផ្ដិត​មេដៃ​សរុប​ចំនួន ២១​គ្រួសារ បាន​អះអាង​ស្រដៀង​គ្នា​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ថា ពួក​គាត់​មាន​គម្រោង​មក​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់ ឬ​អភិបាល​រង​ទទួល​បន្ទុក​ក្នុង​រឿង​ដីធ្លី​នេះ។

គម្រោង​ជួប​អាជ្ញាធរ​ខេត្ត​ជា​ថ្មី​ទៀត​នេះ គឺ​ក្រោយ​ពួក​គាត់​បាន​ជួប​ពិភាក្សា​បន្តបន្ទាប់​ជាមួយ​អាជ្ញាធរ​ស្រុក និង​ខេត្ត ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស ទំហំ​ជិត ២០០​ហិកតារ (១៩៥​ហិកតារ) ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១០។ រហូត​មក​ដល់​អំឡុង​ឆ្នាំ​២០១២ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្មាន​ដំណោះស្រាយ​អ្វី​ក្រៅ​ពី​ឈូស​ឆាយ​ផ្ទះ និង​ខ្ទម​របស់​ពលរដ្ឋ ក្រោម​ហេតុផល​ពួក​គាត់​រស់នៅ​អនាធិបតេយ្យ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ។

តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី យ៉ុង រ៉ាន់ មាន​ប្រសាសន៍​ថា គ្រួសារ​អ្នកស្រី និង​អ្នក​ភូមិ​ចំនួន ១៤​គ្រួសារ​ទៀត បាន​ស្ម័គ្រ​ចិត្ត​បំពេញ​សលាកបត្រ​តាម​នីតិវិធី​របស់​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ដំណោះស្រាយ​អ្វី​ក៏​គ្មាន​ដែរ។ អ្នកស្រី​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​សម្រាប់​ពលរដ្ឋ ដែល​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​ផ្ដិត​មេដៃ។ ចំណែក​អ្នក​មិន​ព្រម​ផ្ដិត​មេដៃ​នោះ ត្រូវ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ខណៈ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក្នុង​ចំណោម​នោះ កំពុង​ត្រូវ​ការ​ដីធ្លី​ចាំបាច់ ដើម្បី​បង្កបង្កើន​ផល​ដំណាំ៖ «អាច​នឹង​នាំ​គ្នា​ឡើង​ទៅ​សួរ​អាជ្ញាធរ​ខេត្ត​តែ​ម្ដង! យើង​ធ្វើ​សលាកបត្រ​ហើយ​ក៏​មិន​ទាន់​ឃើញ​ចេញ​អី ឬ​ធ្វើ​អី ហើយ​ចូល​ដី​ខ្លួន​ឯង​ក៏​មិន​បាន។ ថា​យើង​មិន​ស្ដាប់​តាម​អាជ្ញាធរ​ថា​មិន​ស្ដាប់ អា​ស្ដាប់​តាម​អាជ្ញាធរ​ហើយ​ក៏​អាជ្ញាធរ​អត់​មាន​អើពើ​ថា អូ...! កូន​ចៅ​អត់​អី​ហូប​អត់​គិតគូរ​អី​រលីង»

ចំណែក​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត គឺ​អ្នកស្រី ប្រាក់ សុផល បញ្ជាក់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ពលរដ្ឋ​ចំនួន ៧​គ្រួសារ​ទៀត​មិន​ព្រម​ផ្ដិត​មេដៃ ឬ​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយសារ​តែ​មិន​ទុក​ចិត្ត​លើ​អាជ្ញាធរ​ខេត្ត​ដូច​ដែល​ធ្លាប់​សន្យា​កន្លង​មក​ថា នឹង​មិន​ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ចុង​ក្រោយ បែរ​ជា​ឈូស​ឆាយ​ខ្ទេចខ្ទី។ អ្នកស្រី​ឆ្ងល់​ថា ចាំបាច់​អ្វី​ដែល​អាជ្ញាធរ​ខេត្ត​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​បំពេញ​សលាកបត្រ ខណៈ​ពួក​គាត់​មាន​ដីធ្លី​ស្រាប់ ហើយ​មាន​បង្កាន់​ដៃ​ទទួល​ស្គាល់​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៩៩ ហើយ​នោះ៖ «វេទិកា​សេរី​នៅ​ប្រមោយ ខ្ញុំ​បាន​សួរ​លោក​អភិបាល​ខេត្ត​ផ្ទាល់ សួរ​គាត់​ថា តើ​ដី​សម្បទាន​សង្គមកិច្ច​នោះ​នៅ​ឯណា? រឿង​ដី​សម្បទាន​សង្គមកិច្ច​គាត់​មិន​បាន​ឆ្លើយ​ថា​នៅ​ឯណា​ទេ តែ​គាត់​បែរ​ជា​ប្រកាន់​មក​នាង​ខ្ញុំ​ថា យើ! ធ្វើ​ជា​កូន​ចៅ​គេ​សោះ​ហ៊ាន​សួរ​រក​កេរ​អាករ​របស់​ម៉ែ​ឪ​ដែល​មិន​ទាន់​ចែក ម៉េច​ក៏​មិន​ទៅ​ធ្វើ​សលាកបត្រ​ឲ្យ​ហើយ? ខ្ញុំ​ថា​ខ្ញុំ​ទៅ​ធ្វើ តែ​ឲ្យ​ដឹង​ថា​ទីតាំង​ដោះដូរ​នោះ​នៅ​ឯណា? ឬ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​នោះ​យ៉ាង​ម៉េច?»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​នីតិវិធី​ដោះស្រាយ​រឿង​ដីធ្លី​នេះ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ដោយ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​អាជ្ញាធរ​ខេត្ត។

ចំណែក​អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ បញ្ជាក់​ថា បើ​ពលរដ្ឋ​ទាំង ២១​គ្រួសារ បាន​ចូល​កាន់​កាប់​ដី​ស្រប​ច្បាប់ ឬ​មាន​ការ​ដាំ​ដុះ​ដូច​ការ​អះអាង​មែន​នោះ ម្ល៉េះ​សម​ដី​នោះ​ត្រូវ​បាន​ក្រុម​និស្សិត​វាស់វែង​ជូន​ពួក​គាត់​តាំង​ពី​ឆ្នាំ​២០១២ ម្ល៉េះ។ លោក​ថា អាជ្ញាធរ​ខេត្ត និង​សង្គម​ស៊ីវិល កំពុង​ដំណើរ​ការ​នីតិវិធី​ដោយ​ពិនិត្យ​មើល​លើ​ឯកសារ និង​ព័ត៌មាន​ដែល​ទទួល​បាន៖ «គាត់ (ពលរដ្ឋ) បាន​បំពេញ​មួយ​ចំនួន ហើយ​មួយ​ចំនួន​ទៀត​អត់​បាន​បំពេញ ហើយ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​លើ​ឯកសារ។ ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​នេះ យើង​នឹង​យក​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ដើម្បី​មក​ពិភាក្សា ហើយ​ឈាន​ទៅ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​តាម​ស្ថានភាព នៃ​ឯកសារ​របស់​គាត់​នីមួយៗ»

លោក​បន្ថែម​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ផល​ប្រយោជន៍​ស្រប​ច្បាប់​ក្នុង​ការ​ទាមទារ​ដីធ្លី​នេះ​ទេ បើ​ពលរដ្ឋ​ខកខាន​មិន​បាន​មក​បំពេញ​សលាកបត្រ​ព័ត៌មាន។ លោក​រំឭក​ថា កន្លង​ទៅ​អាជ្ញាធរ​ស្រុក​បាន​ទុក​លទ្ធភាព​ច្រើន សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​មក​បំពេញ​សលាកបត្រ​ព័ត៌មាន ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​ផុត​កំណត់​នោះ នៅ​មាន​ពលរដ្ឋ​ខ្លះ​ទៀត​មិន​ទាន់​បាន​មក​បំពេញ​នៅ​ឡើយ។ ប៉ុន្តែ​លោក​ថា ការ​ពិភាក្សា​រក​ដំណោះស្រាយ​ទាក់ទង​នឹង​រឿង​ដីធ្លី​នេះ កើត​មាន​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។