ប្រជាពលរដ្ឋចំនួន ២១គ្រួសារដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងនាំគ្នាឡើងមកសាលាខេត្ត ដើម្បីសួរនាំអាជ្ញាធរមានសមត្ថកិច្ច និងស្នើឲ្យពន្លឿននីតិវិធីដោះស្រាយក្នុងរឿងដីធ្លីរបស់ពួកគាត់។
តំណាងពលរដ្ឋដែលព្រមផ្ដល់ព័ត៌មាន និងផ្ដិតមេដៃលើសលាកបត្រព័ត៌មានស្ដីអំពីប្រវត្តិ នៃការកាន់កាប់ដី និងអ្នកដែលមិនព្រមផ្ដិតមេដៃសរុបចំនួន ២១គ្រួសារ បានអះអាងស្រដៀងគ្នានៅថ្ងៃទី១០ ខែមេសា ថា ពួកគាត់មានគម្រោងមកជួបអភិបាលខេត្តពោធិ៍សាត់ ឬអភិបាលរងទទួលបន្ទុកក្នុងរឿងដីធ្លីនេះ។
គម្រោងជួបអាជ្ញាធរខេត្តជាថ្មីទៀតនេះ គឺក្រោយពួកគាត់បានជួបពិភាក្សាបន្តបន្ទាប់ជាមួយអាជ្ញាធរស្រុក និងខេត្ត ទាក់ទងនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អឹម.ឌី.អេស ទំហំជិត ២០០ហិកតារ (១៩៥ហិកតារ) ដែលអូសបន្លាយតាំងពីឆ្នាំ២០១០។ រហូតមកដល់អំឡុងឆ្នាំ២០១២ អាជ្ញាធរមានសមត្ថកិច្ចគ្មានដំណោះស្រាយអ្វីក្រៅពីឈូសឆាយផ្ទះ និងខ្ទមរបស់ពលរដ្ឋ ក្រោមហេតុផលពួកគាត់រស់នៅអនាធិបតេយ្យ និងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ។
តំណាងពលរដ្ឋម្នាក់ អ្នកស្រី យ៉ុង រ៉ាន់ មានប្រសាសន៍ថា គ្រួសារអ្នកស្រី និងអ្នកភូមិចំនួន ១៤គ្រួសារទៀត បានស្ម័គ្រចិត្តបំពេញសលាកបត្រតាមនីតិវិធីរបស់អាជ្ញាធរ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ដំណោះស្រាយអ្វីក៏គ្មានដែរ។ អ្នកស្រីចង់ឲ្យមានការដោះស្រាយសម្រាប់ពលរដ្ឋ ដែលព្រមព្រៀងជាមួយអាជ្ញាធរក្នុងការផ្ដល់ព័ត៌មាន និងផ្ដិតមេដៃ។ ចំណែកអ្នកមិនព្រមផ្ដិតមេដៃនោះ ត្រូវរង់ចាំដោះស្រាយពេលក្រោយ ខណៈប្រជាពលរដ្ឋភាគច្រើនក្នុងចំណោមនោះ កំពុងត្រូវការដីធ្លីចាំបាច់ ដើម្បីបង្កបង្កើនផលដំណាំ៖ «អាចនឹងនាំគ្នាឡើងទៅសួរអាជ្ញាធរខេត្តតែម្ដង! យើងធ្វើសលាកបត្រហើយក៏មិនទាន់ឃើញចេញអី ឬធ្វើអី ហើយចូលដីខ្លួនឯងក៏មិនបាន។ ថាយើងមិនស្ដាប់តាមអាជ្ញាធរថាមិនស្ដាប់ អាស្ដាប់តាមអាជ្ញាធរហើយក៏អាជ្ញាធរអត់មានអើពើថា អូ...! កូនចៅអត់អីហូបអត់គិតគូរអីរលីង»។
ចំណែកតំណាងពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី ប្រាក់ សុផល បញ្ជាក់ថា មានហេតុផលមួយចំនួនដែលពលរដ្ឋចំនួន ៧គ្រួសារទៀតមិនព្រមផ្ដិតមេដៃ ឬផ្ដល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ដោយសារតែមិនទុកចិត្តលើអាជ្ញាធរខេត្តដូចដែលធ្លាប់សន្យាកន្លងមកថា នឹងមិនឈូសឆាយផ្ទះ និងផលដំណាំរបស់ប្រជាពលរដ្ឋ ប៉ុន្តែចុងក្រោយ បែរជាឈូសឆាយខ្ទេចខ្ទី។ អ្នកស្រីឆ្ងល់ថា ចាំបាច់អ្វីដែលអាជ្ញាធរខេត្តទាមទារឲ្យប្រជាពលរដ្ឋបំពេញសលាកបត្រ ខណៈពួកគាត់មានដីធ្លីស្រាប់ ហើយមានបង្កាន់ដៃទទួលស្គាល់លើដីនោះតាំងពីឆ្នាំ១៩៩៩ ហើយនោះ៖ «វេទិកាសេរីនៅប្រមោយ ខ្ញុំបានសួរលោកអភិបាលខេត្តផ្ទាល់ សួរគាត់ថា តើដីសម្បទានសង្គមកិច្ចនោះនៅឯណា? រឿងដីសម្បទានសង្គមកិច្ចគាត់មិនបានឆ្លើយថានៅឯណាទេ តែគាត់បែរជាប្រកាន់មកនាងខ្ញុំថា យើ! ធ្វើជាកូនចៅគេសោះហ៊ានសួររកកេរអាកររបស់ម៉ែឪដែលមិនទាន់ចែក ម៉េចក៏មិនទៅធ្វើសលាកបត្រឲ្យហើយ? ខ្ញុំថាខ្ញុំទៅធ្វើ តែឲ្យដឹងថាទីតាំងដោះដូរនោះនៅឯណា? ឬអ្វីដែលខ្ញុំត្រូវទទួលបាននោះយ៉ាងម៉េច?»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកវាលវែង លោក ហេង សុភាណា បដិសេធមិនអត្ថាធិប្បាយចំពោះនីតិវិធីដោះស្រាយរឿងដីធ្លីនេះទេ នៅថ្ងៃទី១០ ខែមេសា ដោយលោកជំរុញឲ្យទៅសួរអាជ្ញាធរខេត្ត។
ចំណែកអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់ លោក កើត ឆែ បញ្ជាក់ថា បើពលរដ្ឋទាំង ២១គ្រួសារ បានចូលកាន់កាប់ដីស្របច្បាប់ ឬមានការដាំដុះដូចការអះអាងមែននោះ ម្ល៉េះសមដីនោះត្រូវបានក្រុមនិស្សិតវាស់វែងជូនពួកគាត់តាំងពីឆ្នាំ២០១២ ម្ល៉េះ។ លោកថា អាជ្ញាធរខេត្ត និងសង្គមស៊ីវិល កំពុងដំណើរការនីតិវិធីដោយពិនិត្យមើលលើឯកសារ និងព័ត៌មានដែលទទួលបាន៖ «គាត់ (ពលរដ្ឋ) បានបំពេញមួយចំនួន ហើយមួយចំនួនទៀតអត់បានបំពេញ ហើយកំពុងធ្វើការវាយតម្លៃលើឯកសារ។ ក្រោយចូលឆ្នាំខ្មែរនេះ យើងនឹងយកលទ្ធផលនៃការវាយតម្លៃដើម្បីមកពិភាក្សា ហើយឈានទៅរកដំណោះស្រាយជូនពួកគាត់តាមស្ថានភាព នៃឯកសាររបស់គាត់នីមួយៗ»។
លោកបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងការទាមទារដីធ្លីនេះទេ បើពលរដ្ឋខកខានមិនបានមកបំពេញសលាកបត្រព័ត៌មាន។ លោករំឭកថា កន្លងទៅអាជ្ញាធរស្រុកបានទុកលទ្ធភាពច្រើន សម្រាប់ពលរដ្ឋដែលមិនទាន់បានមកបំពេញសលាកបត្រព័ត៌មាន ប៉ុន្តែរហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ដែលជាថ្ងៃផុតកំណត់នោះ នៅមានពលរដ្ឋខ្លះទៀតមិនទាន់បានមកបំពេញនៅឡើយ។ ប៉ុន្តែលោកថា ការពិភាក្សារកដំណោះស្រាយទាក់ទងនឹងរឿងដីធ្លីនេះ កើតមាននៅក្រោយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
