សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់​រារាំង​ពលរដ្ឋ​ភ្ជួរ​រាស់​លើ​ដី​របស់​ខ្លួន

0:00 / 0:00

នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ មាន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ឈ្មោះ​ក្រុមហ៊ុន តូច ហ៊ាវ បាន​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​ទៅ​ឃាត់ឃាំង​មិន​ឲ្យ​អ្នក​ភូមិ​បង្កបង្កើន​ផល​លើ​ដី​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ទទួល​បាន​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​ថា​ប្លង់​កម្មសិទ្ធិ​រួច​ហើយ​ក្ដី។

អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត បាន​កត់​សម្គាល់​ថា ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច និង​អាជ្ញាធរ​ខ្លះ​ក្នុង​ខេត្ត​នេះ ហាក់​មិន​គាំទ្រ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​ប្រមុខ​រដ្ឋាភិបាល​ឡើយ។

បុរស​អ្នក​ភូមិ​ឈ្មោះ លុយ ម៉េង អាយុ ៣៦​ឆ្នាំ មាន​លំនៅ​ភូមិ​ជ្រៃក្រឹម បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា ថា កម្លាំង​ចម្រុះ​មក​ពី​ស្រុក​ភ្នំក្រវាញ ជាង ១០​នាក់ ដែល​ក្នុង​នោះ​មាន​ប៉េអិម និង​ប៉ូលិស​ស្រុក រួម​ទាំង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សំរោង និង​កូន​ប្រុស​របស់​លោក​ប្រធាន​ក្រុមហ៊ុន តូច ហ៊ាវ បាន​មក​ហាម​ឃាត់​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​នោះ មិន​ឲ្យ​ភ្ជួរ​រាស់​បង្កបង្កើន​ផល​ឡើយ ដោយ​អះអាង​ថា ជា​ដី​របស់​ក្រុមហ៊ុន។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ព្រមាន​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ហ៊ាន​បន្ត​ការ​ឈូស​ឆាយ​ដី​នោះ គេ​នឹង​ចាប់​យក​ត្រាក់ទ័រ។

បុរស​អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ប័ណ្ណ​កម្មសិទ្ធិ​នេះ​លោក ស៊ុយ សែម ទើប​តែ​ចែក​ឲ្យ​ក្នុង​ពេល​ថ្មីៗ​នេះ តែ​គេ​បែរ​ជា​មិន​ទទួល​ស្គាល់៖ «បាទ! ចេះ​តែ​ខ្លាច​ណា៎​បង យើង​ប្រជាពលរដ្ឋ​មាន​ប្លង់​ត្រឹមត្រូវ អ៊ីចឹង​ហើយ​គេ​នៅ​តែ​មិន​ឲ្យ​ធ្វើ​ទៀត។ ម្សិលមិញ ខ្ញុំ​បាន​យក​ប្លង់​នេះ​ទៅ​សួរ​អាជ្ញាធរ ភូមិ ឃុំ ថា​បើ​ខ្ញុំ​មាន​ប្លង់​អី​ត្រឹមត្រូវ​ហើយ មិន​ឲ្យ​ខ្ញុំ​ធ្វើ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​ទៀត? ម្សិលមិញ​ហ្នឹង គេ​បាន​ដក​យក​ម៉ាស៊ីន​អារ​ឈើ​ដែល​ខ្ញុំ​ទុក​អារ​គល់​ឈើ​ដែល​នៅ​សល់ ព្រម​ទាំង​ដក​កាំបិត​កកុក​របស់​ខ្ញុំ​ទៀត...»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ដែនដី​ភូមិ ឃុំ និង​ស្រុក បាន​អះអាង​ដូចៗ​គ្នា​ថា កម្លាំង​ចម្រុះ​ដែល​ចុះ​ទៅ​ធ្វើ​សកម្មភាព​ហាម​ឃាត់​ពលរដ្ឋ​នេះ គឺ​ជា​កម្លាំង​របស់​សាលា​ខេត្ត ហើយ​មិន​ពាក់ព័ន្ធ​ជាមួយ ភូមិ ឃុំ និង​ស្រុក នោះ​ទេ។

អភិបាល​ស្រុក​ភ្នំក្រវាញ លោក ទូច សំបូរ បាន​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី សួរ​បញ្ហា​នេះ​ទៅ​ថ្នាក់​ខេត្ត ព្រោះ​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ស្រុក​ទេ៖ «ការងារ​នេះ គឺ​ក្រុម​ចម្រុះ​របស់​ខេត្ត អ៊ីចឹង​គឺ​រឿង​នេះ​ទាក់ទង​ជាមួយ​ខេត្ត អត់​ទាក់ទង​នឹង​ខាង​ស្រុក​ទេ។ ខ្ញុំ​គ្រាន់​តែ​ផ្ដល់​កម្លាំង​តាម​សំណូមពរ​របស់​ខេត្ត​ប៉ុណ្ណោះ...»

ប្រធាន​ក្រុមហ៊ុន គឺ​លោក តូច ហ៊ាវ ក៏​បាន​បដិសេធ​ថា បញ្ហា​នេះ​ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​លោក​ទេ។ លោក​ថា នេះ​ជា​រឿង​របស់​អាជ្ញាធរ​ខេត្ត៖ «ខ្ញុំ​មិន​បាន​ទៅ​ឃាត់​ប្រជាពលរដ្ឋ​ណា​ទេ។ អ្នក​ណា​មាន​ប្លង់ ឬ​អត់​ប្លង់​អី ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​តាំង​ពី​ខាង​រដ្ឋាភិបាល ចុះ​មក​វាស់វែង​ដី​ឲ្យ​ប្រជាពលរដ្ឋ​មក​នោះ ប្រជាពលរដ្ឋ​ទាំង​នោះ​លែង​មក​ទាក់ទង​តវ៉ា​អី​ជាមួយ​ក្រុមហ៊ុន​ខ្ញុំ​ហើយ...»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អភិបាល​រង​ខេត្ត ទទួល​បន្ទុក​ដីធ្លី​នៅ​តំបន់​ស្រុក​ភ្នំក្រវាញ គឺ​លោក កែម សុធឿន ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រ ទី១២ មេសា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត បាន​កត់​សម្គាល់​ថា ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច និង​អាជ្ញាធរ​ខ្លះ​ក្នុង​ខេត្ត​នេះ ហាក់​មិន​គាំទ្រ​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​ប្រមុខ​រដ្ឋាភិបាល​ឡើយ។

នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កន្លង​ទៅ មាន​ការ​ដក​និស្សិត​ដែល​វាស់វែង​ដី​ឲ្យ​ប្រជាពលរដ្ឋ​តាម​គោល​ការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចេញ។ ម្យ៉ាង នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ហើយ​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅ​តែ​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​លើ​ដី​នោះ​ដដែល។ ចំណែក​អាជ្ញាធរ​ក៏​មិន​ឃើញ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។