អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​និង​សង្គម​ស៊ីវិល​គ្រោង​ស្រង់​ស្ថិតិ​ដល់​ទីតាំង​ដី​មាន​ជម្លោះ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល កំណត់​ថ្ងៃ​ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ចំនួន ២៣​គ្រួសារ។ ប៉ុន្តែ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​បរិស្ថាន និង​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ហាក់​មិន​សូវ​មាន​ជំនឿ​ច្រើន​ចំពោះ​វិធានការ​ដោះស្រាយ​នា​ពេល​នេះ​ឡើយ។

សាលា​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៤ បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​អាជ្ញាធរ និង​មន្ត្រី​សង្គម​ស៊ីវិល ជុំវិញ​ជម្លោះ​ដីធ្លី​របស់​អ្នក​ភូមិ​សង្គមថ្មី។ កិច្ច​ពិភាក្សា បាន​សម្រេច​រក​កន្លែង​ជូន​ពលរដ្ឋ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​វត្ត​ថ្មដា ឃុំ​ថ្មដា បង្កើត​ក្រុម​ការងារ​ចម្រុះ​រវាង​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ចុះ​ស្រង់​ស្ថិតិ និង​ធ្វើ​បច្ចុប្បន្នភាព​ដល់​ទីតាំង​ដី​មាន​ជម្លោះ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤។ ក្រោយ​ពី​ចុះ​ស្រង់​ស្ថិតិ និង​ធ្វើ​បច្ចុប្បន្នភាព​បាន​ហើយ ក្រុម​ការងារ​នឹង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​ទៀត ដើម្បី​កំណត់​លក្ខណៈ​វិនិច្ឆ័យ និង​សិក្សា​រក​ទីតាំង​ដី​ជូន​ប្រជាពលរដ្ឋ។

អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នក​នាំ​ពាក្យ លោក កើត ឆែ មាន​ប្រសាសន៍​ថា ក្រុម​ការងារ​នឹង​ចុះ​ប្រមូល​ព័ត៌មាន និង​ចង់​ដឹង​បំណង​ជាក់លាក់​របស់​ពលរដ្ឋ ហើយ​ក្រុម​ការងារ​នេះ​ពុំ​មាន​សមាសភាព​ចេញ​ពី​តំណាង​ក្រុមហ៊ុន អឹម.ឌី.អេស ឡើយ ពីព្រោះ​ពលរដ្ឋ​ទាំង​នោះ​រស់នៅ​ប៉ះពាល់​តែ​លើ​ដី​របស់​ក្រសួង​បរិស្ថាន ដែល​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ។ លោក​បន្ត​ថា អាជ្ញាធរ​នឹង​ប្រើ​គោលការណ៍​សន្ដោស និង​មនុស្សធម៌​ចំពោះ​ពលរដ្ឋ ប៉ុន្តែ​បើ​តាម​ច្បាប់ ពួក​គាត់​ត្រូវ​ទទួល​ទោស​រឿង​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ ហើយ​គាត់​មិន​អាច​ទៅ​ចង្អុល​បង្ហាញ​យក​ទីតាំង​ដី​ដែល​កាប់​រាន​ខុស​ច្បាប់​នោះ​វិញ​បាន​ទេ៖ «ខ្ញុំ​ទៅ​ស្រង់​ទិន្នន័យ​ដែល​ទាក់ទង​នឹង​ព័ត៌មាន ដើម្បី​ធ្វើ​សម្បទាន​សង្គមកិច្ច​ជូន​គាត់។ យើង​ចង់​ជួយ​ប្រជាពលរដ្ឋ មិន​ចង់​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខុស​ច្បាប់​ទេ បើ​នាំ​គាត់​ទៅ​ចង្អុល​បង្ហាញ​ឡើង​វិញ គឺ​គាត់​ខុស​ច្បាប់​ហើយ»

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​ថា នេះ​គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាជ្ញាធរ​សហការ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចុះ​ស្រង់​ព័ត៌មាន​លម្អិត​ក្នុង​ករណី​ដីធ្លី​នេះ ប៉ុន្តែ​ក្រុម​ការងារ​គួរ​បើក​ទូលាយ​ក្នុង​ការ​ពិភាក្សា ឬ​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​បង្ហាញ​រាល់​ឯកសារ និង​ទៅ​ចង្អុល​បង្ហាញ​ដល់​ទីតាំង​ដី​ដែល​ពួក​គាត់​ធ្លាប់​រស់នៅ ទើប​ប្រសើរ៖ «យើង​គិត​ថា​វា​ជា​ចំណុច​វិជ្ជមាន​មួយ បើ​យើង​នៅ​ខេត្ត​ពោធិ៍សាត់ នេះ យើង​មិន​ធ្លាប់​ជួប​ព្រឹត្តិការណ៍​ដែល​ខាង​អាជ្ញាធរ​ទៅ​ជួប​ពិភាក្សា​ដូច្នេះ​ទេ ហើយ​យើង​រង់ចាំ​មើល​ការ​អនុវត្ដ​ការងារ​បន្តបន្ទាប់​ទៀត»

តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី វ៉ាន់ ស្រីមុំ ឲ្យ​ដឹង​ថា អ្នកស្រី និង​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​ក្នុង​ចំណោម ២៣​គ្រួសារ​ដែល​មាន​រឿង​ដីធ្លី កំពុង​ស្នាក់នៅ​ក្នុង​វត្ត​ប្រមោយ ស្រុក​វាលវែង បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ។ អ្នកស្រី​ថា អាជ្ញាធរ​តែង​តែ​និយាយ​មួលបង្កាច់​បំផ្លើស​ការ​ពិត​លើ​រឿង​ដីធ្លី​របស់​ពួក​គាត់។ តាម​ការ​ពិត ប្រជាពលរដ្ឋ​មាន​បង្កាន់ដៃ​កាន់​កាប់​ដីធ្លី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ​ឃុំ និង​ភូមិបាល​ស្រុក​តាំង​ពី​ឆ្នាំ​១៩៩៩ តែ​បែរ​ជា​អាជ្ញាធរ​ចោទ​ពួក​គាត់​ថា​រស់នៅ​លើ​ដី​រដ្ឋ នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន អឹម.ឌី.អេស ចូល​មក​អភិវឌ្ឍ​នៅ​តំបន់​ថ្មដា៖ «រស់នៅ​លើ​ដី​របស់​ខ្លួន​ឯង​មិន​បាន​ផង ទៅ​ទទួល​ដី​សង្គមកិច្ច​សុទ្ធតែ​ដី​គេ​ហ្នឹង​លោក​ពូ។ ខ្ញុំ​ចង់​បាន​តែ​ដី​របស់​ពួក​ខ្ញុំ​ទេ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ចម្រុះ​រាប់​រយ​នាក់​ចុះ​រុះរើ​ផ្ទះ​សម្បែង និង​ខ្ទម​ពលរដ្ឋ​នៅ​ចំណុច​អូរ​ដើម​គ នៃ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ចំនួន ១២​ខ្នង ដោយ​ចោទ​ថា ពលរដ្ឋ​ទាំង​នោះ​រស់នៅ​លើ​ដី​របស់​រដ្ឋ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ដោយ​ដើរ​ថ្មើរ​ជើង​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ក្នុង​គោល​បំណង​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​រាស្ត្រ ប៉ុន្តែ​ដើរ​បាន​ជិត ១០​គីឡូម៉ែត្រ ត្រូវ​អាជ្ញាធរ​ចេញ​មក​សម្របសម្រួល និង​ប្រាប់​ពលរដ្ឋ​រង់ចាំ​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។