អាជ្ញាធរស្រុកកូនមុំ ខេត្តរតនគិរី ដោះស្រាយបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការរវាងពលរដ្ឋខ្មែរ និងសហគមន៍ជនជាតិដើមភាគតិច ពាក់ព័ន្ធដីតំបន់កប់សពសហគមន៍ដែលប្រជាពលរដ្ឋខ្មែរទន្ទ្រានកាន់កាប់យកជាកម្មសិទ្ធិ។
សហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិឡាអិន បានទទួលដីទំហំជាង ៥ពាន់ម៉ែត្រក្រឡានៃតំបន់កប់សពមកគ្រប់គ្រងវិញ ស្របតាមលិខិតបទដ្ឋានដែលកំណត់ថា ដីនោះស្ថិតនៅក្នុងតំបន់កប់សពសហគមន៍ដែលមានប័ណ្ណកម្មសិទ្ធិផ្លូវច្បាប់។
នៅព្រឹកថ្ងៃទី១៧ ខែឧសភា សមាជិកសហគមន៍ប្រមាណ ៥០នាក់ ខ្លះលីបង្គោលឈើទៅបោះធ្វើជារបងខណ្ឌចែកដី ដែលភាគីប្រជាពលរដ្ឋក្រៅសហគមន៍បានយល់ព្រមប្រគល់ដីជាង ៥ពាន់ម៉ែត្រក្រឡាមកសហគមន៍គ្រប់គ្រងជាតំបន់កប់សពសហគមន៍ដូចធម្មតា ដោយគ្មានការតវ៉ាអ្វីទៀតឡើយ។
ភាគីពលរដ្ឋក្រៅសហគមន៍ លោក សន ហេង បង្ហាញជំហរយល់ព្រមប្រគល់ដីជាង ៥ពាន់ម៉ែត្រក្រឡាឲ្យសហគមន៍បោះបង្គោលរបងកំណត់ជាតំបន់ដីកប់សពសហគមន៍វិញ ដើម្បីបញ្ចប់ជម្លោះនេះ។ លោកថា ហេតុផលដែលលោកចូលទៅកាន់កាប់ដីជាង ៥ពាន់ម៉ែត្រក្រឡានេះ ដោយសារតែដីនោះនៅជាប់នឹងដីចម្ការឯកជនរបស់លោក ប៉ុន្តែពេលក្រុមការងារវាស់វែងកំណត់ជាដីតំបន់កប់សព សហគមន៍មិនបានផ្តល់ដំណឹង ទើបលោកប្រកាន់ថាដីនោះជាដីរបស់លោកកាន់កាប់៖ « ធ្វើម៉េចឲ្យត្រង់បោះបង្គោលឲ្យត្រឹមត្រូវ ឲ្យមានផ្លូវដើរចូលតាមព្រៃខ្មោចឲ្យត្រឹមត្រូវទៅ »។
កាលពីថ្ងៃទី១០ ខែឧសភា សមាជិកសហគមន៍ភូមិឡាអិន ប្រមាណ ១០០នាក់ រៀបចំពិធីបង្ហាញពីទំនាស់ដី ៥ប្រភេទដែលប្រជាពលរដ្ឋក្រៅសហគមន៍ចូលមកកាន់កាប់ រួមមាន ដីកប់សពជាង ៥ពាន់ម៉ែត្រក្រឡា ដីសាលារៀនជាង ៨០០ម៉ែត្រក្រឡា ដីលំនៅឋានជាង ៥ពាន់ម៉ែត្រក្រឡា និងដីចម្ការជិត ៣០ម៉ឺនម៉ែត្រក្រឡា។
ប្រធានគណៈកម្មការសហគមន៍ភូមិឡាអិន លោក ផាន់ សុភីរ៉ាធុប បញ្ជាក់ថា នេះជាការដោះស្រាយត្រឹមត្រូវ និងសន្តិវិធី ដែលមិនបង្កឲ្យសហគមន៍ជនជាតិដើមភាគតិច និងពលរដ្ឋខ្មែរចាត់ទុកគ្នាជាសត្រូវ។ លោកថា នឹងបន្តដោះស្រាយបញ្ហាដូចគ្នានេះនៅចំណុចផ្សេងទៀតនៃដីសហគមន៍ដែលកំពុងមានជម្លោះ៖ « ពាក់ព័ន្ធការចូលកន្លងមក គាត់បានយល់ព្រមឲ្យយើងដាក់បង្គោលតម្រង់ឲ្យត្រង់តាមការជាក់ស្តែងដែលយើងមានដូចមុន »។
អាជ្ញាធរខេត្តរតនគិរី បានកំណត់ពេលមួយសប្ដាហ៍ឲ្យអាជ្ញាធរស្រុកដោះស្រាយដីសហគមន៍ភូមិឡាអិន ដែលត្រូវបានរំលោភយក ខណៈដីនោះបានចុះបញ្ជីដីកម្មសិទ្ធិសមូហភាពសហគមន៍តាមគោលនយោបាយចុះបញ្ជីដី ដើម្បីបញ្ចប់ការទន្ទ្រានកាន់កាប់ ឬលក់ដូរដីសហគមន៍បានតទៅទៀត។
អភិបាលរងស្រុកកូនមុំ លោក ហ៊ិន វិន ថ្លែងថា ភាគីទាំងពីរទទួលយកសំណូមពរគ្នាទៅវិញទៅមក ហើយយល់ព្រមបញ្ចប់ជម្លោះដោយសន្តិវិធី។ លើសពីនេះទៀត បញ្ហាដែលនៅសេសសល់ អាជ្ញាធរស្រុកនឹងបន្តស្រាវជ្រាវដោះស្រាយបន្តទៀតដើម្បីរក្សាដីធ្លីសហគមន៍ចុះបញ្ជីរួចឲ្យបាននៅគង់វង្សតាមច្បាប់កំណត់៖ « យើងនឹងសិក្សាបន្ថែមទៀតថាវាមែនឬមិនមែន ? ចំពោះដីលំនៅឋាន យើងអញ្ជើញគាត់ហើយ ប៉ុន្តែគាត់មិនទាន់ចូលខ្លួន »។
សមាជិកក្រុមប្រឹក្សាស្រុកកូនមុំ លោក សុត សុំ អំពាវនាវឲ្យសមាជិកសហគមន៍ និងពលរដ្ឋខ្មែររស់នៅជិតគ្នា គោរពសិទ្ធិ និងវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក។ ភាគីទាំងពីរត្រូវគោរពលក្ខខណ្ឌច្បាប់ដែលបានកំណត់ស្ដីពីការគ្រប់គ្រងដីធ្លីសហគមន៍៖ « ជនជាតិដើមភាគតិច និងបងប្អូនខ្មែរដែលរស់នៅទីនោះ សំខាន់ត្រូវសាមគ្គីគ្នា អ្វីដែលយើងបាននិយាយ ហើយត្រូវគោរពតាម »។
សហគមន៍ជនជាតិដើមភាគតិចភូមិឡាអិន ចុះបញ្ជីទទួលស្គាល់សហគមន៍ជាផ្លូវការដោយក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៧ និងចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពកាលពីឆ្នាំ២០១១។ សហគមន៍នេះទទួលបានប្លង់កម្មសិទ្ធិដីជាង ៤០ប្លង់លើផ្ទៃដីសរុប ១.២១៨,៩៦ហិកតារ។ រហូតបច្ចុប្បន្ន សហគមន៍មួយចំនួនបានជួល ឬលក់ដីលំនៅឋាន និងដីត្រៀមបម្រុងទៅឲ្យប្រជាពលរដ្ឋក្រៅសហគមន៍ ផ្ទុយទៅនឹងបទបញ្ជាលក្ខន្តិកៈសហគមន៍ និងច្បាប់កំណត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
