ប្រជាពលរដ្ឋអ្នកតាំងទីលំនៅលើដីចម្ការកៅស៊ូរដ្ឋ នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាង ៣០០គ្រួសារ សំណូមពរទៅរាជរដ្ឋាភិបាល សុំឲ្យផ្តល់ដីដែលពួកគាត់កំពុងរស់នៅធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋមានដីសង់លំនៅឋានរស់នៅ រួចផុតពីភាពក្រីក្រ និងខ្វះជម្រកស្នាក់នៅ។
ប្រជាពលរដ្ឋចំណាកស្រុកជាង ៣០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ បានប្រមូលផ្តុំគ្នាសង់រោងសំពត់កៅស៊ូ ស្នាក់នៅជាថ្មីលើដីចម្ការកៅស៊ូរដ្ឋ បន្ទាប់ពីក្រុមអាជ្ញាធរប្រើប្រាស់វិធានការផ្លូវតុលាការ បណ្ដេញដោយបង្ខំ និងរុះរើរោងស្នាក់នៅរបស់ពួកគេប្រមាណ ៣០រោង កាលពីសប្ដាហ៍មុន។
ការព្រួយបារម្ភពីសុវត្ថិភាព និងជីវភាពរស់នៅ គឺជាប្រធានបទសំខាន់ ដែលប្រជាពលរដ្ឋទាំងនោះកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន ដើម្បីរិះរកមធ្យោបាយជួយពួកគាត់រួចផុតពីភាពខ្វះដីសង់លំនៅឋាន។
នៅក្នុងសិក្ខាសាលាស្ដីពីសិទ្ធិដីធ្លី ធនធានធម្មជាតិ រៀបចំឡើងដោយសមាគមអាដហុក (adhoc) កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ព្រឹទ្ធាចារ្យ អាយុ ៦៥ឆ្នាំ លោកតា សៅ ធាន មានប្រសាសន៍ថា ការរុះរើបង្ខំទៅលើកន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់សិទ្ធិរស់នៅរបស់ពលរដ្ឋក្រីក្រ។ លោកបន្តថា អ្នកភូមិជាង ១០០គ្រួសារ បានមកតាំងទីលំនៅលើដីចម្ការកៅស៊ូរដ្ឋច្រើនឆ្នាំមកហើយ ហេតុនេះអាជ្ញាធរគួរកាត់ដីនោះចេញពីដីវិនិយោគរបស់ក្រុមហ៊ុន ហើយរៀបចំអភិវឌ្ឍប្រជាពលរដ្ឋនៅនឹងកន្លែង ដែលអាចប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល មានផ្លូវគមនាគមន៍ធ្វើដំណើរ និងជិតទីផ្សារ សាលារៀន សម្រាប់កូនចៅបានរៀនសូត្រ៖ «មុនដំបូង សមត្ថកិច្ចគេមកហ្នឹងមានមេឃុំគេមកប្រាប់ថា ឲ្យយើងរុះរើ គេថាអត់រុះរើទេផ្ទះចាស់ គេរុះរើតែផ្ទះថ្មីទេ សូមបងប្អូនដែលនៅចាស់ កុំជ្រួលច្របល់។ យើងខ្ញុំចាស់ដែលរស់នៅយូរហើយហ្នឹង អត់មានរវីរវល់ទេ ស្រាប់តែរុះរើវាយខ្ទេចអស់ គេថាចុះអាចាស់ទុកធ្វើអ្វីដាក់ឲ្យរាបទៅ បានគេលេងព្រុលអស់ផ្ទះពីរ បានពួកខ្ញុំទប់ទល់វិញបាន»។
ចំណែកប្រជាពលរដ្ឋចំណាកស្រុកមួយរូបទៀត គឺលោក ឈុន សុភា រៀបរាប់ដែរថា កំណើនប្រជាពលរដ្ឋមករស់នៅតំបន់នេះ ទាំងប្រជាពលរដ្ឋចាស់ និងអ្នកមករស់នៅថ្មីៗ គឺមកពីភាពក្រីក្រគ្មានដី ហើយពួកគាត់ត្រូវការដីមួយចំណែកតូចក្នុងមួយគ្រួសារៗ ដើម្បីសង់លំនៅឋានតែប៉ុណ្ណោះ។ លោកបន្តថា ពួកគាត់បានបោះបង់ចោលស្រុកកំណើត មករស់នៅខេត្តរតនគិរី ច្រើនឆ្នាំ ធ្វើកម្មករចម្ការកៅស៊ូមិនមានប្រាក់ទិញដី ឬជួលផ្ទះស្នាក់នៅឡើយ៖ «ជួយរកដំណោះស្រាយ ហើយនិងដោះស្រាយគោលនយោបាយណាមួយដែលថា ឲ្យខ្ញុំរស់នៅទីនោះពិតប្រាកដ ខ្ញុំមិនទាមទារច្រើនទេ ជាលក្ខណៈគ្រួសារសម្រាប់ចិញ្ចឹមប្រពន្ធកូនទៅមុខទៀត»។
ស្ថិតិរបស់អាជ្ញាធរឃុំអូរជុំ មុនឆ្នាំ២០១០ ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា និងកម្មករចម្ការកៅស៊ូ មកតាំងទីលំនៅនៅតំបន់នោះមាន ៥១គ្រួសារ។ តួលេខនេះកើនឡើងដល់ជាង ១០០គ្រួសារ ក្នុងឆ្នាំ២០១៣ និងកើនឡើងដល់ជាង ៣០០គ្រួសារនាពេលបច្ចុប្បន្ន។
អភិបាលស្រុកអូរជុំ លោក សាក់ សុន ធ្លាប់បានបញ្ជាក់ថា កន្លងទៅនេះអាជ្ញាធរមូលដ្ឋានបានអនុគ្រោះឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ ធ្វើកិច្ចសន្យាតាំងទីលំនៅបណ្ដោះអាសន្នលើដីចម្ការកៅស៊ូរដ្ឋ និងមិនអនុញ្ញាតឲ្យពង្រីកដីដាំដុះដំណាំយុទ្ធសាស្ត្រ និងពង្រីកលំនៅឋាន រង់ចាំដំណោះស្រាយរបស់អាជ្ញាធរខេត្ត ក៏ប៉ុន្តែអ្នកតាំងទីលំនៅខុសច្បាប់ បានល្មើសការណែនាំ និងមានប្រជាពលរដ្ឋថ្មីៗបន្ថែមទៀតចូលមកចាប់ដី ធ្វើរោងប្រក់សំពត់កៅស៊ូដោយបំពានលើដីចម្ការកៅស៊ូរដ្ឋ។
ប្រធានការិយាល័យរដ្ឋបាលក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប័រ លោក ងិន បូរិន មានប្រសាសន៍បញ្ជាក់កាលពីសប្ដាហ៍មុននេះថា ក្រុមហ៊ុនបានប្ដឹងករណីនេះតាមផ្លូវតុលាការរួចហើយ ដើម្បីការពារដីវិនិយោគរបស់រដ្ឋ។ លោកថា នេះគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនតាមកិច្ចសន្យាវិនិយោគជាមួយក្រសួងកសិកម្ម។
មន្ត្រីតុលាការខេត្តរតនគិរី កាលពីថ្ងៃទី២៣ កន្លងទៅបានដឹកនាំកម្លាំងប្រដាប់អាវុធចម្រុះប្រមាណ ២០០នាក់ ចុះទៅរុះរើសំណង់ខ្ទមប្រជាពលរដ្ឋសង់នៅលើដីចម្ការកៅស៊ូរដ្ឋ នៅចំណុចឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ប៉ុន្តែប្រជាពលរដ្ឋរស់នៅតំបន់សំណង់អនាធិបតេយ្យនោះប្រមាណ ៧០០នាក់ បានរារាំងកម្លាំងអាជ្ញាធរ ដោយបិទផ្លូវមិនឲ្យធ្វើចរាចរ។
អភិបាលរងខេត្តរតនគិរី និងជាប្រធានគណៈកម្មការដោះស្រាយជម្លោះដីធ្លីថ្នាក់ខេត្ត លោក លី វិន អះអាងថា បានសម្របសម្រួលឲ្យក្រុមសមត្ថកិច្ចផ្អាកការរុះរើនេះហើយ ជាពិសេសមិនមានផែនការឲ្យរុះរើលំនៅឋានប្រជាពលរដ្ឋជាង ១០០គ្រួសារ អ្នករស់នៅយូរឆ្នាំលើដីនេះទេ។ លោកបន្តថា ប្រជាពលរដ្ឋមកតាំងទីលំនៅថ្មី គឺជាបញ្ហាដែលអាជ្ញាធរត្រូវបណ្ដេញចេញជាបណ្ដោះអាសន្ន។ ចំណែកប្រជាពលរដ្ឋទាំងនោះ ត្រូវបំពេញលក្ខខណ្ឌជាពលរដ្ឋគ្មានដីពិតប្រាកដ ដើម្បីអាជ្ញាធរអនុវត្តគោលនយោបាយស្នើសុំដីសម្បទានសង្គមកិច្ច សម្រាប់ការតាំងទីលំនៅរបស់ពួកគាត់៖ «ចំពោះប្រជាពលរដ្ឋរស់នៅ ១០២គ្រួសារនេះ គឺខ្ញុំសុំរក្សាទុកនៅនឹងកន្លែងសិន។ ដោយឡែកអ្នកមករស់នៅថ្មីក្រោយពីការកាប់ដើមកៅស៊ូចាស់ ដាំដើមកៅស៊ូថ្មី គឺខ្ញុំសម្រួលគាត់ឲ្យគាត់ធ្វើពាក្យសុំសម្បទានសង្គម នៅកន្លែងដែលយើងបានគ្រោងទុក គឺនៅស្រុកកូនមុំ»។
ចម្ការកៅស៊ូរដ្ឋនៅខេត្តរតនគិរី ជាង ៣ពាន់ហិកតារ បន្សល់ពីសម័យសង្គមរាស្ត្រនិយម បានវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនចិន ឈ្មោះ ស្វីហ្វ រ៉ាប់ប័រ រតនគិរី ប្លិនថេសិន (Swift Rubber Rattanakiri Plantation)។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងកាប់ដើមកៅស៊ូចាស់ចោល ហើយដាំថ្មីឡើងវិញ។
ប្រធានកម្មវិធីដីធ្លីធនធានធម្មជាតិសមាគមអាដហុក លោក ឡាត់ គី កត់សម្គាល់ដែរថា យន្តការធ្វើការអភិវឌ្ឍនៅនឹងកន្លែង ចំពោះប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅលើដីចម្ការកៅស៊ូច្រើនឆ្នាំ គឺជាជម្រើសប្រសើរសម្រាប់ជួយប្រជាពលរដ្ឋ និងការផ្តល់ដីសម្បទានសង្គមកិច្ច ចំពោះប្រជាពលរដ្ឋអ្នកតាំងទីលំនៅថ្មីដែលគ្មានដីពិតប្រាកដ៖ «១០០គ្រួសារដែលបានតាំងទីនៅទីនោះយូរហើយ គួរតែផ្តល់អាទិភាពដល់ពួកគាត់។ ហើយអាទិភាពទីពីរ អាស្រ័យលើខេត្តលៃលករកទីតាំងកន្លែងណាសម្រាប់ដោះស្រាយ ប្រសិនណាពួកគាត់ជាជនក្រីក្រគ្មានលទ្ធភាពស្វែងរកដីសម្រាប់រស់នៅមែន»។
តួលេខរបស់ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប័រ កាលពីឆ្នាំ២០១៣ មានប្រជាពលរដ្ឋ និងកម្មកររស់នៅលើដីចម្ការកៅស៊ូរដ្ឋខុសច្បាប់ នៅខេត្តរតនគិរី ជាង ២០០គ្រួសារ នៅស្រុកអូរជុំ និងក្រុងបានលុង។ បច្ចុប្បន្ន នៅឃុំកាចាញ ក្រុមអាជ្ញាធរ និងក្រុមហ៊ុនអនុញ្ញាតឲ្យប្រជាពលរដ្ឋតាំងទីលំនៅបណ្ដោះអាសន្នលើទំហំក្បាលដីដែលប្រជាពលរដ្ឋចូលកាន់កាប់ជាក់ស្តែង និងបណ្តោយក្បាលដី ៦០ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។