សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) បានរៀបចំសិក្ខាសាលាមួយ ដោយអញ្ជើញសហគមន៍ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាច្រើនកន្លែង ព្រមទាំងអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរអប្សរា និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើមកចូលរួមផង កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា។
សិក្ខាសាលាស្ដីពីការរួមគ្នាលើកស្ទួយសិទ្ធិដីធ្លី និងការអនុវត្តច្បាប់នេះ បានធ្វើឡើងនៅស្របពេលដែលអង្គការក្រៅរដ្ឋាភិបាល រកឃើញថា ខេត្តសៀមរាប កំពុងកើតមានទំនាស់ដីធ្លីច្រើនជាងគេក្នុងចំណោមខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា។
មន្ត្រីផ្នែកគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា ពេលបច្ចុប្បន្ន ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសំណុំរឿងវិវាទដីធ្លីច្រើនជាងគេក្នុងចំណោម ២៤ខេត្ត-ក្រុងផ្សេងទៀតនៅទូទាំងប្រទេស។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានចាត់ទុកថា ករណីវិវាទដីធ្លីដែលមានចំនួនច្រើនដូចនេះ គឺជាចំណុចរសើបមួយដែលអាជ្ញាធរគួរតែដោះស្រាយ ដើម្បីកាត់បន្ថយបញ្ហា។
ប្រធានផ្នែកគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក ឡាត់ គី។ លោកមានប្រសាសន៍បន្ទាប់ពីថ្លែងបើកសិក្ខាសាលា ស្ដីពីការរួមគ្នាលើកស្ទួយសិទ្ធិដីធ្លី និងការអនុវត្តច្បាប់នៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសំណុំរឿងវិវាទដីធ្លីច្រើនជាងគេ ក្នុងចំណោមខេត្តដែលនាំមុខគេចំនួន ២ ផ្សេងទៀត គឺខេត្តព្រះវិហារ និងខេត្តក្រចេះ។ លោក ឡាត់ គី បញ្ជាក់ទៀតថា សំណុំរឿងទំនាស់ដីធ្លីដែលច្រើនជាងគេក្នុងខេត្តសៀមរាប នេះ ប្រហែលបណ្ដាលមកពីរឿងខ្លះមានការដោះស្រាយយូរពេក បណ្ដាលឲ្យកើតរឿងជាច្រើនចាក់ស្រែះគ្នា និងយន្តការសម្របសម្រួលដោះស្រាយរបស់អាជ្ញាធរមិនសូវដើរ ជាដើម៖ «ការកត់សម្គាល់របស់ខ្ញុំ គឺវិវាទដីធ្លីដែលកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប ធ្វើឲ្យប្រជាសហគមន៍ក្រីក្រដែលរងគ្រោះ ពិបាកក្នុងការទទួលបានយុត្តិធម៌ និងដំណោះស្រាយនៃវិវាទដីធ្លី»។
រយៈពេលជិត ១០ឆ្នាំមកនេះ ទំនាស់ដីធ្លីនៅខេត្តសៀមរាប បានកើតមានជាច្រើនករណី ដូចជាទំនាស់រវាងប្រជាពលរដ្ឋជាមួយទាហាន ទំនាស់រវាងប្រជាពលរដ្ឋជាមួយរដ្ឋបាលព្រៃឈើ រវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរអប្សរា ជាដើម។

ចាប់តាំងតែពីដើមខែមករា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ជាមួយសហគមន៍វៀតណាម តាខ្មៅអភិវឌ្ឍន៍កសិកម្ម គឺនៅមិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយទេ មានតែតុលាការចាប់ខ្លួនបុរសអ្នកភូមិ ២នាក់ដាក់ពន្ធនាគារ។
អភិបាលរងខេត្តសៀមរាប អ្នកស្រី យូ សុភា បានឆ្លើយតបបញ្ហាទាំងនេះថា អាជ្ញាធរមិនដែលព្រងើយកន្តើយក្នុងការដោះស្រាយរឿងទំនាស់ដីធ្លីទេ ដូចជាករណីទំនាស់ដីរវាងប្រជាពលរដ្ឋនៅភូមិជប់រំដេង ស្រុកស្វាយលើ ជាដើម គឺអាជ្ញាធរបានបង្កើតគណៈកម្មការចុះស្រាវជ្រាវ ក៏ប៉ុន្តែដោយសារតែប្រជាពលរដ្ឋជាអ្នកខុស គឺអាជ្ញាធរមិនអាចតម្រូវទៅតាមចិត្តប្រជាពលរដ្ឋនោះឡើយ៖ «បង្កើតគណៈកម្មការ ហើយបានចុះទៅស្រាវជ្រាវ បានចុះទៅមើលទីតាំងហ្នឹងជាក់ស្ដែងទាំងអស់ ហើយប្រជុំ គឺមានអ្នកចូលរួមទាំងអស់ ក៏មានកំណត់ហេតុច្បាស់លាស់ដែរ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ សម្គាល់ឃើញថា បើទោះបីជាបច្ចុប្បន្នខេត្តសៀមរាប មានសេវាកម្មទេសចរណ៍រីកចម្រើនក៏ដោយ ក៏ភាគច្រើននៃប្រជាពលរដ្ឋក្នុងខេត្តនេះ នៅតែរស់នៅតាមទីជនបទនៅឡើយ។ ការរស់នៅតាមជនបទ គឺដីធ្លីជារឿងសំខាន់សម្រាប់បង្កើតការងារប្រចាំថ្ងៃ។ លោក ធន សារាយ បញ្ជាក់ថា ដោយសារតែបញ្ហាទំនាស់ដីធ្លីនៅតាមជនបទខ្លះមិនទាន់បានដោះស្រាយ បណ្ដាលឲ្យប្រជាពលរដ្ឋខេត្តសៀមរាប ខ្លះ គ្មានដីធ្វើកសិកម្ម ហើយបង្ខំចិត្តចំណាកស្រុកទៅធ្វើកម្មករក្រៅប្រទេស ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
