អ្នក​ភូមិ​នៅ​សៀមរាប​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​សំណង​ដីធ្លី​ឲ្យ​បាន​ឆាប់

0:00 / 0:00

រដ្ឋាភិបាល​បាន​ប្រឹងប្រែង​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ១​កន្លែង នៅ​តំបន់​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ដែល​សង់​លើ​ផ្ទៃ​ដី​ទំហំ​រាប់​ពាន់​ហិកតារ​នេះ គឺ​រដ្ឋ​បាន​ដក​ហូត​យក​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​ស្នាសង្គ្រាម ជាច្រើន​ហិកតារ ដោយ​សន្យា​ថា នឹង​ដោះស្រាយ​គោល​នយោបាយ​សង​ដី​ថ្មី​ត្រឡប់​ទៅ​ឲ្យ​អ្នក​ភូមិ​វិញ។ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​គោល​នយោបាយ​ដោះស្រាយ​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង ជិត ៣០​នាក់ បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ពន្លឿន​ការ​ដោះស្រាយ​សំណង​ដីធ្លី​មក​ឱ្យ​ពួក​គេ​វិញ ឱ្យ​បាន​ឆាប់​រហ័ស។

ក្រុម​អ្នក​ភូមិ​អះអាង​ថា ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​ជាង ៦០​ហិកតារ ត្រូវ​រដ្ឋាភិបាល​ដក​ហូត​យក​តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ ទៅ​ធ្វើ​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​លេខ​៣១៧។

តំណាង​អ្នក​ភូមិ​ស្នាសង្គ្រាម ម្នាក់​ក្នុង​ចំណោម​តំណាង​ខ្លះ​ទៀត គឺ​អ្នកស្រី ស៊ាន រី។ គាត់​មាន​ប្រសាសន៍​ថា គាត់​មាន​ដី​ស្រែ​ចម្ការ​ទំហំ ៧​ហិកតារ ក៏ប៉ុន្តែ​កាល​ពី​អំឡុង​ឆ្នាំ​២០០៦ រដ្ឋាភិបាល​បាន​យក​ដី​របស់​គាត់ និង​ដី​របស់​អ្នក​ភូមិ​ជាច្រើន​ហិកតារ​ទៀត ទៅ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​យោធិន​ពិការ​លេខ​៣១៧។

ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​រដ្ឋាភិបាល​ដក​ហូត​យក​ដី​របស់​គាត់​នោះ គឺ​អតីត​អភិបាល​រង​ខេត្ត​សៀមរាប លោក នូ ផល្លា បាន​ចុះ​ទៅ​សាកសួរ​រូប​គាត់​ឱ្យ​ជ្រើស​រើស​យក​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​សន្យា​ថា​នឹង​សង​ដី​ត្រឡប់​មក​វិញ ក៏ប៉ុន្តែ​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ គឺ​រូប​គាត់ និង​អ្នក​ភូមិ នៅ​តែ​ទន្ទឹង​រង់ចាំ​គោល​នយោបាយ​ដោះ​ដូរ​ដី​នោះ៖ «ឯកឧត្តម នូ ផល្លា គាត់​កោះ​អញ្ជើញ​ខ្ញុំ​មក​សួរ​ខ្ញុំ ថា​យក​ជំហាន​២ ឬ​ក៏​ជំហាន​១? ជំហាន​១​ដូច​សម្ដេច​គាត់​ថា​ប៉ះ​ដី​រាស្ត្រ កន្លែង​ណា ឆ្វៀល​ជា​ស្បែក​ខ្លា​ឱ្យ​ប្រជារាស្ត្រ ក៏​ខ្ញុំ​ថា​យក​ជំហាន​១។ គាត់​ថា​អ្ហ៎! យក​ជំហាន​២ ផ្ទះ ២​ខ្នង ដី ៣​ហិកតារ ដី​ខ្ញុំ ៧​ហិកតារ នៅ​សល់​ប៉ុន្មាន​រដ្ឋ​អូស​យក។ ឥឡូវ​សព្វថ្ងៃ​នេះ អត់​មាន​អ្វី​ទាំងអស់ ខ្ញុំ​ដើរ​យំ​ដើរ​ស្រែក​រាល់​ថ្ងៃ»

បុរស​ឈ្មោះ ស៊ាន ស គឺ​ជា​អ្នក​ភូមិ​ស្នាសង្គ្រាម ម្នាក់​ទៀត មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ថា គាត់​មាន​ដី​ចម្ការ​ទំហំ ២​ហិកតារ ហើយ​នៅ​ពេល​ដែល​កង​វិស្វកម្ម​ទៅ​ឈូស​ឆាយ​ដី​នោះ ធ្វើ​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ គឺ​លោក​បាន​ហាម​ឃាត់ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​ភូមិ​ឃុំ បាន​បញ្ចុះ​បញ្ចូល​រូប​លោក​ឱ្យ​គេ​ឈូស​ឆាយ​ចុះ ពីព្រោះ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​ដី​សង​វិញ។

បុរស​ដដែល​បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​មក​នេះ គាត់​មិន​ត្រឹម​តែ​មិន​ទាន់​បាន​ទទួល​ដី​សំណង​ពី​រដ្ឋាភិបាល​វិញ​ទេ ថែម​ទាំង​តុលាការ​ខេត្ត​សៀមរាប កោះ​ហៅ​ទៅ​សាកសួរ​ពី​រឿង​ជំពាក់​ដី​គេ​ទៅ​វិញ៖ «ភូមិ​ឃុំ​គេ​មក​លោម​ខ្ញុំ​ទាំង​ព្រឹក​ម៉ោង​៨ គេ​ថា​ឱ្យ​ទៅ គេ​ឱ្យ​ផ្ទះ​១ និង​ដី ១,៥​ហិកតារ។ ខ្ញុំ​ផ្ដិត​មេដៃ ថា​ទទួល​យក​ផ្ទះ សុខ​ចិត្ត​ថា​ខាត​ដី​ក៏​ខាត​ចុះ ឱ្យ​តែ​បាន​ផ្ទះ ចំ​ប្លង់​នឹង​គេ ឡាន​ទឹក​ឡាន​ភ្លើង​គេ​រត់​ឱ្យ​ដល់។ ចាំ​មើល​ផ្ទះ ស្ងាត់ៗ​ស្រាប់​តែ​តុលាការ​ហៅ​ខ្ញុំ​មក​ឡើង​តុលាការ ថា​ខ្ញុំ​កូន​បំណុល​ជំពាក់​ដី​គេ​ទៅ​វិញ។ ខ្ញុំ​ទះ​ទ្រូង​ភឹង! លោក​អើយ​មិន​ដែល​យក​ដី​អ្នក​ណា​បាន ១​ម៉ាត់ ថា​ខ្ញុំ​កូន​បំណុល ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​រដ្ឋ​ឱ្យ​ងាប់ ប្រជាជន​ត្រូវ​តែ​ងាប់​ហ្នឹង​ឯង ខ្ញុំ​ទៅ​ទាមទារ​ឯណា? បើ​ខ្ញុំ​យក​ដី​គេ ក៏​គេ​មិន​ឱ្យ»

អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្ក ៣២​គ្រួសារ បាន​ប៉ះ​ពាល់​ដីធ្លី​ទំហំ​ប្រមាណ ៦០​ហិកតារ ដោយសារ​រដ្ឋាភិបាល​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នោះ។

អភិបាល​ស្រុក​ប្រាសាទបាគង លោក ភូ សំអាត មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ ក្រុម​ប្រជាពលរដ្ឋ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​បញ្ហា​សំណង​ដីធ្លី​មក​វិញ ហើយ​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ដោះស្រាយ​សំណង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ ឱ្យ​បាន​ទទួល​របប​ដូច​គ្នា​នឹង​គ្រួសារ​យោធិន​ពិការ នៅ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ដែរ៖ «៣១៧ ក្នុង​១​គ្រួសារ​ទទួល​បាន​ដី ១,៥ ហើយ​និង​ផ្ទះ​១​ខ្នង តម្លៃ​ប្រហែល ៥.០០០-៦.០០០​ដុល្លារ​អី​ដែរ​ហ្នឹង។ អ៊ីចឹង​គាត់​បាន​របប​គោល​នយោបាយ​ហ្នឹង​ដូច​យោធិន​ពិការ​ដែរ ហើយ​ទាំង ៣២​គ្រួសារ​ហ្នឹង ក៏​យល់​ព្រម​ទទួល។ ក៏ប៉ុន្តែ​អ្វី​ដែល​តក់​ក្រហល់​ហ្នឹង គឺ​គាត់​ថា​ការ​ចង្អុល​បង្ហាញ​ដី​នៅ​ត្រង់​ណា ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​យោធិន​ដែរ​ហ្នឹង អត់​ទាន់​ឃើញ​ចង្អុល​បង្ហាញ​គាត់។ គោលការណ៍​ដោះស្រាយ ស្រុក​បាន​ត្រឹម​តែ​ពាំនាំ​សំណូមពរ ហើយ​ស្រុក​ធ្វើ​របាយការណ៍​ស្នើសុំ​ពន្លឿន»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា កន្លង​ទៅ អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ឱ្យ​ជួយ​ដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២​គ្រួសារ​នោះ ដោយ​មួយ​គ្រួសារៗ​ឱ្យ​ទទួល​បាន​ផ្ទះ​១​ខ្នង និង​ដី​ទំហំ ១,៥​ហិកតារ។

អាជ្ញាធរ​ខេត្ត​សៀមរាប បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា ប្រជាពលរដ្ឋ ៣២​គ្រួសារ នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ដែល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តែង​លើក​គ្នា​តវ៉ា​ឱ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​រឿង​នេះ​ជា​ញឹកញាប់។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​សៀមរាប លោក សួស ណារិន បាន​ហៅ​លិខិត​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប ដាក់​ទៅ​ក្រសួង​ការពារ​ជាតិ ឱ្យ​ជួយ​ដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ ៣២​គ្រួសារ​នោះ ថា​គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ត្រឹមត្រូវ​មួយ៖ «គោល​នយោបាយ​របស់​ខេត្ត​ធ្វើ​សំណើ​ហ្នឹង​វា​ត្រឹមត្រូវ​ទៅ​តាម​គោលការណ៍​គេ ប៉ុន្តែ​អ្វី​ដែល​ថា​បដិសេធ មិន​ទទួល​យក អា​ហ្នឹង​ជា​សិទ្ធិ​របស់​បង​ប្អូន​សម្រេច​ចិត្ត​ចុះ ពីព្រោះ​យើង​ដាក់​បណ្ដឹង​មុន​៣៣ ឥឡូវ​នេះ​នៅ​សល់​៣២ ដោយសារ​១​គ្រួសារ​គេ​ដក​ខ្លួន​ថយ។ សម្រេច​ចិត្ត​ទៅ​ថា​ទទួល​យក ឬ​ក៏​មិន​ទទួល​យក?»

ក្រុម​អ្នក​ភូមិ​ស្នាសង្គ្រាម អះអាង​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ដក​ហូត​យក​ដី​របស់​ពួក​គេ​មក គឺ​គេ​មិន​ហ៊ាន​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​នោះ​វិញ​ទេ បើ​ទោះ​បី​ជា​ដី​នោះ​នៅ​ទំនេរ​ក៏ដោយ ពីព្រោះ​គេ​ខ្លាច​ក្រែង​មាន​ការ​គំរាម​កំហែង និង​ចាប់​ខ្លួន​ពួក​គេ ដោយ​ការ​ចោទ​ប្រកាន់​ណា​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។