រដ្ឋាភិបាលបានប្រឹងប្រែងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ១កន្លែង នៅតំបន់ភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រយៈពេលជាច្រើនឆ្នាំមកហើយ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដែលសង់លើផ្ទៃដីទំហំរាប់ពាន់ហិកតារនេះ គឺរដ្ឋបានដកហូតយកដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ នៅភូមិស្នាសង្គ្រាម ជាច្រើនហិកតារ ដោយសន្យាថា នឹងដោះស្រាយគោលនយោបាយសងដីថ្មីត្រឡប់ទៅឲ្យអ្នកភូមិវិញ។ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ក្រុមអ្នកភូមិមិនទាន់ទទួលបានគោលនយោបាយដោះស្រាយណាមួយពីរដ្ឋាភិបាលនៅឡើយទេ។
អ្នកភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក នៃស្រុកប្រាសាទបាគង ជិត ៣០នាក់ បានលើកគ្នាមកសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែសីហា ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តនេះ ពន្លឿនការដោះស្រាយសំណងដីធ្លីមកឱ្យពួកគេវិញ ឱ្យបានឆាប់រហ័ស។
ក្រុមអ្នកភូមិអះអាងថា ដីស្រែចម្ការរបស់ពួកគេជាង ៦០ហិកតារ ត្រូវរដ្ឋាភិបាលដកហូតយកតាំងពីអំឡុងឆ្នាំ២០០៦ ទៅធ្វើជាមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការលេខ៣១៧។
តំណាងអ្នកភូមិស្នាសង្គ្រាម ម្នាក់ក្នុងចំណោមតំណាងខ្លះទៀត គឺអ្នកស្រី ស៊ាន រី។ គាត់មានប្រសាសន៍ថា គាត់មានដីស្រែចម្ការទំហំ ៧ហិកតារ ក៏ប៉ុន្តែកាលពីអំឡុងឆ្នាំ២០០៦ រដ្ឋាភិបាលបានយកដីរបស់គាត់ និងដីរបស់អ្នកភូមិជាច្រើនហិកតារទៀត ទៅធ្វើជាតំបន់អភិវឌ្ឍន៍យោធិនពិការលេខ៣១៧។
ស្ត្រីដដែលបញ្ជាក់ថា កាលពីរដ្ឋាភិបាលដកហូតយកដីរបស់គាត់នោះ គឺអតីតអភិបាលរងខេត្តសៀមរាប លោក នូ ផល្លា បានចុះទៅសាកសួររូបគាត់ឱ្យជ្រើសរើសយកគោលនយោបាយរបស់រដ្ឋាភិបាល ដែលសន្យាថានឹងសងដីត្រឡប់មកវិញ ក៏ប៉ុន្តែរយៈពេលជាង ៣ឆ្នាំមកហើយ គឺរូបគាត់ និងអ្នកភូមិ នៅតែទន្ទឹងរង់ចាំគោលនយោបាយដោះដូរដីនោះ៖ «ឯកឧត្តម នូ ផល្លា គាត់កោះអញ្ជើញខ្ញុំមកសួរខ្ញុំ ថាយកជំហាន២ ឬក៏ជំហាន១? ជំហាន១ដូចសម្ដេចគាត់ថាប៉ះដីរាស្ត្រ កន្លែងណា ឆ្វៀលជាស្បែកខ្លាឱ្យប្រជារាស្ត្រ ក៏ខ្ញុំថាយកជំហាន១។ គាត់ថាអ្ហ៎! យកជំហាន២ ផ្ទះ ២ខ្នង ដី ៣ហិកតារ ដីខ្ញុំ ៧ហិកតារ នៅសល់ប៉ុន្មានរដ្ឋអូសយក។ ឥឡូវសព្វថ្ងៃនេះ អត់មានអ្វីទាំងអស់ ខ្ញុំដើរយំដើរស្រែករាល់ថ្ងៃ»។
បុរសឈ្មោះ ស៊ាន ស គឺជាអ្នកភូមិស្នាសង្គ្រាម ម្នាក់ទៀត មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា គាត់មានដីចម្ការទំហំ ២ហិកតារ ហើយនៅពេលដែលកងវិស្វកម្មទៅឈូសឆាយដីនោះ ធ្វើជាមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គឺលោកបានហាមឃាត់ ក៏ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប និងភូមិឃុំ បានបញ្ចុះបញ្ចូលរូបលោកឱ្យគេឈូសឆាយចុះ ពីព្រោះរដ្ឋាភិបាលនឹងដោះស្រាយដីសងវិញ។
បុរសដដែលបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ គាត់មិនត្រឹមតែមិនទាន់បានទទួលដីសំណងពីរដ្ឋាភិបាលវិញទេ ថែមទាំងតុលាការខេត្តសៀមរាប កោះហៅទៅសាកសួរពីរឿងជំពាក់ដីគេទៅវិញ៖ «ភូមិឃុំគេមកលោមខ្ញុំទាំងព្រឹកម៉ោង៨ គេថាឱ្យទៅ គេឱ្យផ្ទះ១ និងដី ១,៥ហិកតារ។ ខ្ញុំផ្ដិតមេដៃ ថាទទួលយកផ្ទះ សុខចិត្តថាខាតដីក៏ខាតចុះ ឱ្យតែបានផ្ទះ ចំប្លង់នឹងគេ ឡានទឹកឡានភ្លើងគេរត់ឱ្យដល់។ ចាំមើលផ្ទះ ស្ងាត់ៗស្រាប់តែតុលាការហៅខ្ញុំមកឡើងតុលាការ ថាខ្ញុំកូនបំណុលជំពាក់ដីគេទៅវិញ។ ខ្ញុំទះទ្រូងភឹង! លោកអើយមិនដែលយកដីអ្នកណាបាន ១ម៉ាត់ ថាខ្ញុំកូនបំណុល ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច បើរដ្ឋឱ្យងាប់ ប្រជាជនត្រូវតែងាប់ហ្នឹងឯង ខ្ញុំទៅទាមទារឯណា? បើខ្ញុំយកដីគេ ក៏គេមិនឱ្យ»។
អាជ្ញាធរស្រុកប្រាសាទបាគង ឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ៣២គ្រួសារ បានប៉ះពាល់ដីធ្លីទំហំប្រមាណ ៦០ហិកតារ ដោយសាររដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ នោះ។
អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ ក្រុមប្រជាពលរដ្ឋបានទាមទារឱ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាសំណងដីធ្លីមកវិញ ហើយអាជ្ញាធរកំពុងប្រឹងប្រែងដោះស្រាយសំណងទៅឱ្យប្រជាពលរដ្ឋទាំងនោះ ឱ្យបានទទួលរបបដូចគ្នានឹងគ្រួសារយោធិនពិការ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែរ៖ «៣១៧ ក្នុង១គ្រួសារទទួលបានដី ១,៥ ហើយនិងផ្ទះ១ខ្នង តម្លៃប្រហែល ៥.០០០-៦.០០០ដុល្លារអីដែរហ្នឹង។ អ៊ីចឹងគាត់បានរបបគោលនយោបាយហ្នឹងដូចយោធិនពិការដែរ ហើយទាំង ៣២គ្រួសារហ្នឹង ក៏យល់ព្រមទទួល។ ក៏ប៉ុន្តែអ្វីដែលតក់ក្រហល់ហ្នឹង គឺគាត់ថាការចង្អុលបង្ហាញដីនៅត្រង់ណា ពាក់ព័ន្ធនឹងគោលនយោបាយយោធិនដែរហ្នឹង អត់ទាន់ឃើញចង្អុលបង្ហាញគាត់។ គោលការណ៍ដោះស្រាយ ស្រុកបានត្រឹមតែពាំនាំសំណូមពរ ហើយស្រុកធ្វើរបាយការណ៍ស្នើសុំពន្លឿន»។
កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ឱ្យជួយដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋចំនួន ៣២គ្រួសារនោះ ដោយមួយគ្រួសារៗឱ្យទទួលបានផ្ទះ១ខ្នង និងដីទំហំ ១,៥ហិកតារ។
អាជ្ញាធរខេត្តសៀមរាប បញ្ជាក់នៅក្នុងលិខិតនោះថា ប្រជាពលរដ្ឋ ៣២គ្រួសារ នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ដែលប៉ះពាល់ដោយសារការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តែងលើកគ្នាតវ៉ាឱ្យអាជ្ញាធរខេត្តដោះស្រាយរឿងនេះជាញឹកញាប់។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តសៀមរាប លោក សួស ណារិន បានហៅលិខិតរបស់អាជ្ញាធរខេត្តសៀមរាប ដាក់ទៅក្រសួងការពារជាតិ ឱ្យជួយដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ៣២គ្រួសារនោះ ថាគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវមួយ៖ «គោលនយោបាយរបស់ខេត្តធ្វើសំណើហ្នឹងវាត្រឹមត្រូវទៅតាមគោលការណ៍គេ ប៉ុន្តែអ្វីដែលថាបដិសេធ មិនទទួលយក អាហ្នឹងជាសិទ្ធិរបស់បងប្អូនសម្រេចចិត្តចុះ ពីព្រោះយើងដាក់បណ្ដឹងមុន៣៣ ឥឡូវនេះនៅសល់៣២ ដោយសារ១គ្រួសារគេដកខ្លួនថយ។ សម្រេចចិត្តទៅថាទទួលយក ឬក៏មិនទទួលយក?»។
ក្រុមអ្នកភូមិស្នាសង្គ្រាម អះអាងថា ចាប់តាំងពីរដ្ឋាភិបាលដកហូតយកដីរបស់ពួកគេមក គឺគេមិនហ៊ានចូលទៅដាំដុះលើដីនោះវិញទេ បើទោះបីជាដីនោះនៅទំនេរក៏ដោយ ពីព្រោះគេខ្លាចក្រែងមានការគំរាមកំហែង និងចាប់ខ្លួនពួកគេ ដោយការចោទប្រកាន់ណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
