ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ចោទ​ក្រុមហ៊ុន​ភូ​ម៉ាឌី​ថា​គំរាម​បណ្ដេញ​ចេញ​ពី​កន្លែង​តាំង​លំនៅ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ភូ ម៉ាឌី (Phou Mady Investment Group) ថា​គំរាម​ឲ្យ​អ្នក​ភូមិ​រុះរើ​លំនៅឋាន​ចេញ​ពី​កន្លែង​ពួក​គាត់​កំពុង​រស់នៅ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​មូលដ្ឋាន​អះអាង​ថា ប្រជាពលរដ្ឋ​អ្នក​តវ៉ា គឺ​មក​សង់​ផ្ទះ​ស្នាក់​នៅ​កន្លែង​នោះ ក្រោយ​ពេល​រដ្ឋ​បាន​ប្រគល់​ដី​នោះ​ឲ្យ​ក្រុមហ៊ុន​ជា​សម្បទាន​សេដ្ឋកិច្ច។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​កំណត់​ពេល​ពីរ​ខែ ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ចាក​ចេញ​ពី​កន្លែង​នោះ ជា​ថ្នូរ​ទទួល​ប្រាក់​ឧបត្ថម្ភ ១០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ។

អ្នក​តវ៉ា​មួយ​រូប​ឈ្មោះ រឿន ចាន់ធឿន នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា រៀបរាប់​ថា ពួក​គាត់​គ្មាន​ជម្រើស​ចាក​ចេញ​ពី​កន្លែង​បាន​តាំង​ទីលំនៅ​នេះ​ទេ ពីព្រោះ​ពួក​គាត់​ចាក​ចេញ​ពី​ខេត្ត​កំពត មក​ធ្វើ​កម្មករ​នៅ​តំបន់​នោះ ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ។ ហេតុ​នេះ ការ​បណ្ដេញ​ពួក​គាត់ គឺ​ជា​ការ​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ពួក​គាត់​ប្រឈម​ទៅ​នឹង​ខ្វះ​ទី​ជម្រក៖ «គេ​ឲ្យ​រុះរើ​ផ្ទះ​ហ្នឹង​ចេញ បើ​អត់​រុះ​ទេ​ប្រយ័ត្ន​គេ​ដឹក​គ្រឿងចក្រ​មក គេ​ឈូស​ឆាយ​ចោល។ មួយ​គ្រួសារ​អត់​មាន​ដី​ធំ​ទេ ដប់​ម៉ែត្រ​ម្ភៃ​ម៉ែត្រ សាមសិប​ម៉ែត្រ​ទេ ឲ្យ ១០០ ឲ្យ​ខ្ញុំ​ទៅ​នៅ​កន្លែង​ណា»

ក្រុមហ៊ុន ភូ ម៉ាឌី ទទួល​បាន​ដី​ជិត ១​ម៉ឺន​ហិកតារ​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដើម្បី​វិនិយោគ​ដំណាំ​កៅស៊ូ​កាល​ពី​ឆ្នាំ​២០០៦។

តំណាង​ក្រុមហ៊ុន​សុំ​មិន​បញ្ចេញ​ឈ្មោះ បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​គំរាម​បណ្ដេញ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​គណៈកម្មការ​ចម្រុះ​ខេត្ត មាន​មន្ត្រី​ឃុំ ស្រុក មន្ត្រី​ជំនាញ​ព្រៃ​ឈើ បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ជាក់ស្តែង​ពី​ប្រវត្តិ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ គឺ​ពលរដ្ឋ​ជាង ៤០​គ្រួសារ បាន​ចូល​តាំង​ទីលំនៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០១២។ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ចំណាក​ស្រុក​មក​ធ្វើ​ជា​កម្មករ​ក្រុមហ៊ុន​ចិន នៅ​ក្បែរ​នោះ។ បន្ទាប់​មក ពួក​គាត់​បាន​មក​សង់​រោង​ស្នាក់​នៅ​លើ​ដី​ក្រុមហ៊ុន ភូ ម៉ាឌី ជា​បណ្ដោះអាសន្ន ហើយ​ទាមទារ​រស់នៅ​លើ​ដី​នោះ​បន្ត​ទៀត។

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​រស់នៅ​លើ​ដី​សម្បទាន​ក្រុមហ៊ុន​មាន ៥០​គ្រួសារ ក្នុង​នោះ ៦​គ្រួសារ រស់នៅ​លើ​ដី​នោះ​មុន​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន។

បំភ្លឺ​ជុំវិញ​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ ៦​គ្រួសារ ពិត​ជា​បាន​រស់នៅ​លើ​ដី​នោះ​មុន​ក្រុមហ៊ុន។ ករណី​នេះ ក្រុមហ៊ុន​បាន​ទទួល​ស្គាល់ និង​កាត់​ដី​នោះ​ជូន​ពលរដ្ឋ។ លោក​កត់​សម្គាល់​ថា ដី​នៅ​តំបន់​នោះ​ត្រូវ​ជន​ខិល​ខូច​លួច​កាប់​រាន ហើយ​លក់​ដី​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន៖ «មាន ១៥​គ្រួសារ​ដែល​មិន​ព្រម​ទទួល​សំណង​នៅ​ប្រទង់ប្រទាញ​ហ្នឹង ខ្ញុំ​គឺ​ថា​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ហើយ។ ខ្ញុំ​រាល់​ថ្ងៃ​កំពុង​តែ​ណែនាំ​គាត់ ឯកសារ​នៅ​លើ​ដៃ​ខ្ញុំ​នេះ»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល អះអាង​ដែរ​ថា លោក​បាន​ចុះ​អង្កេត​ករណី​នេះ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្ដឹង​មក​សមាគម​លោក។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ពិត​ជា​បាន​មក​តាំង​ទីលំនៅ​លើ​ដី​ក្រុមហ៊ុន ដែល​ឋិត​នៅ​ជាប់​នឹង​អតីត​ផ្លូវ​ជាតិ​លេខ​៧៨​អា ក៏ប៉ុន្តែ​ពួក​គេ​ជា​ជន​ក្រីក្រ​គ្មាន​ដី​រស់នៅ។ ករណី​នេះ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ សិក្សា​រក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ពលរដ្ឋ​ទាំង​នោះ ប្រសើរ​ជាង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​កន្លែង​ធ្លាប់​រស់នៅ៖ «អ្នក​នៅ​មុន ហើយ​ក្រុមហ៊ុន​ឲ្យ​ក៏​ជា​ការ​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ហ្នឹង ដែល​បាន​ផ្តល់​យុត្តិធម៌​ដល់​គាត់។ ដោយ​ឡែក​អ្នក​មិន​ទាន់​កាត់​ឲ្យ​ហ្នឹង ស៊ើប​អង្កេត​មើល​ទៅ បើ​សិន​គាត់​អត់​មាន​ដី​ពិត​ប្រាកដ​ជាក់ស្តែង យើង​គួរ​ផ្តល់​ឲ្យ​គាត់។ ប្រសាសន៍​សម្ដេច ហ៊ុន សែន ក៏​គាត់​ធ្លាប់​បាន​និយាយ​ដែរ បើ​ដី​នៅ​ទំនេរ​ហើយ ឲ្យ​គាត់​នៅ​ទៅ»

ទោះ​ជា​យ៉ាង​នេះ​ក្តី មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ក្រៅ​ពី​ប្រជាពលរដ្ឋ ៦​គ្រួសារ ដែល​ក្រុមហ៊ុន​ទទួល​ស្គាល់ និង​កាត់​ដី​លំនៅឋាន​ពួក​គាត់​ចេញ​ពី​ដី​សម្បទាន គឺ​មាន​ប្រជាពលរដ្ឋ ២៩​គ្រួសារ យល់​ព្រម​ទទួល​ប្រាក់​ឧបត្ថម្ភ ហើយ​ចាក​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។