ពលរដ្ឋ ៦គ្រួសារនៅខេត្តស្ទឹងត្រែង ចោទមេបញ្ជាការវីរសេនាធំ "ង៤២" ថារំលោភដីធ្លីអាស្រ័យផលពួកគាត់។ ការចោទប្រកាន់នេះ បន្ទាប់ពីយោធាវីរសេនាតូចលេខ៤២២ ចំណុះឲ្យវីរសេនាធំ "ង៤២" បានខ្ចីដីពួកគាត់ជិត ២០ហិកតារកាលពីឆ្នាំ២០១០ ដើម្បីបង្ហាត់កងទ័ពបាញ់ស៊ីបជាបណ្ដោះអាសន្ន បន្ទាប់មក យោធាទាំងនោះមិនព្រមប្រគល់ដីនោះឲ្យពលរដ្ឋវិញនោះទេ ដោយចោទប្រកាន់ពលរដ្ឋវិញថា កាន់កាប់ដីធ្លីខុសច្បាប់។
ពលរដ្ឋរស់នៅឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី២ វិច្ឆិកា ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ៦គ្រួសារ និងយោធាវីរសេនាធំ "ង៤២" បានអូសបន្លាយជាង ៥ឆ្នាំមកហើយ នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ។
ពលរដ្ឋអះអាងថា មន្ត្រីយោធាទាំងនោះព្យាយាមកាន់កាប់ដីនៅតំបន់នោះជាទីតាំងបាញ់ស៊ីបសម្រាប់សមយុទ្ធចំនួនជិត ២០ហិកតារ ឋិតនៅភូមិអូរកណ្ដៀរ ឃុំអូរគ្រៀង ស្រុកសម្បូរ ខេត្តក្រចេះ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង។
តំណាងពលរដ្ឋរស់នៅឃុំអូរឫស្សីកណ្ដាល អ្នកស្រី ផាន់ ស៊ីណា ចោទប្រកាន់ថា មេបញ្ជាការវីរសេនាធំ "ង៤២" ចំណុះឲ្យភូមិភាគ១ លោក អៀង សាមុត មានចេតនារំលោភយកដីពលរដ្ឋចំនួន ៦គ្រួសារទំហំដីជិត ២០ហិកតារ តាំងពីឆ្នាំ២០១០។ អ្នកស្រីបន្តថា យោធាទាំងនោះធ្វើទុក្ខបុកម្នេញពលរដ្ឋ ដោយកាប់បំផ្លាញផលដំណាំអ្នកភូមិនៅពេលយប់ និងគំរាមកំហែងដោយអាវុធ ព្រមទាំងហាមឃាត់ពលរដ្ឋមិនឲ្យអាស្រ័យផលលើដីនោះដាច់ខាត។ អ្នកស្រីបញ្ជាក់ថា ពលរដ្ឋ ៦គ្រួសារបានកាន់កាប់ដីនេះតាំងពីឆ្នាំ១៩៩៧ និងមានអាជ្ញាធរមូលដ្ឋានដឹងឮទៀតផង៖ «គេខ្ចីបាញ់ស៊ីបជាប់ខ្ញុំហ្នឹង គេប្រគល់ឲ្យវិញដីបងប្អូនគេ។ ដល់ពេលដីខ្ញុំ ៦គ្រួសារហ្នឹង គេអត់ឲ្យទេ ពួកវាមើលងាយ វាជិះជាន់ ពួកវាលេងមួយក្បាច់នេះ ធ្វើឲ្យប្រជាពលរដ្ឋខ្លោចផ្សាចិត្ត។ គេទៅបំផ្លាញមិនឲ្យធ្វើអីហ្នឹង»។
ឆ្លើយតបការចោទប្រកាន់នេះ មេបញ្ជាការរងភូមិភាគ១ លោក នាម អៀង ថ្លែងបញ្ជាក់ថា ទីតាំងដីដែលយោធាហាត់បាញ់ស៊ីបនោះ គឺមេបញ្ជាការភូមិភាគ១ បានស្នើសុំទៅអាជ្ញាធរខេត្តក្រចេះ ដោយមានការឯកភាពពីអគ្គបញ្ជាការ លោក ប៉ុល សារឿន នូវសំណើនោះ។ ចំណែកអភិបាលខេត្តក្រចេះ ក៏សម្រេចយល់ព្រមប្រគល់ដីនោះដល់វីរសេនាធំ "ង៤២" ចំណុះឲ្យភូមិភាគ១៖ «គាត់សុំវាស់វែង តែតាមពិត អាជ្ញាធរ និងក្រុមយុវជនវាស់វែងកាលពីមុន ដីធ្លីគេអត់មានវាស់ឲ្យទេ ព្រោះពាក់ព័ន្ធដីដែលគេមានលិខិតស្នាមភូមិភាគបាញ់ស៊ីប។ នៅរាល់ថ្ងៃហ្នឹង ក៏គេនៅតែបាញ់ស៊ីបដែរ»។
កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរមូលដ្ឋាន រួមទាំងអាវុធហត្ថ និងយោធា បានចុះដាក់ស្លាកហាមឃាត់មិនឲ្យពលរដ្ឋធ្វើចម្ការ ឬអាស្រ័យផលនៅទីតាំងនោះ ដោយសំអាងថា អាជ្ញាធរខេត្តសម្រេចប្រគល់សិទ្ធិឲ្យទៅយោធាភូមិភាគ១ កាលពីអតីតអភិបាលខេត្តក្រចេះ លោក ខាំ ភឿន ជាអភិបាលខេត្ត។
ករណីនេះដែរ មេឃុំអូរគ្រៀង លោក កែវ បុប្ផា និយាយថា ដីនៅតំបន់នេះ អាជ្ញាធរខេត្តបានសម្រេចប្រគល់សិទ្ធិឲ្យទៅនាយសេនាធិការវីរសេនាធំលេខ៤២ ចំណុះឲ្យភូមិភាគ១ ដើម្បីជាទីតាំងបាញ់ស៊ីប ព្រោះជាដីនៅតំបន់ភ្នំ។ លោកអះអាងថា អាជ្ញាធរសម្រេចប្រគល់ដីនេះជូនយោធា ដោយសារតែពលរដ្ឋពុំមានឯកសារកាន់កាប់ដីធ្លីកម្មសិទ្ធិស្របច្បាប់នោះទេ៖ «គ្រប់ឯកសារពាក់ព័ន្ធគាត់អត់មានសោះ។ យើងពិបាកសំអាងថា តើគាត់កាន់កាប់តាំងពីឆ្នាំណាមក»។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តក្រចេះ ដែលចុះអង្កេតករណីនេះ លោក ឌិន ខន្នី រកឃើញថា ពលរដ្ឋ ៦គ្រួសារមានលិខិតកាន់កាប់ដីធ្លីរបស់អតីតមេឃុំចាស់ តាំងពីឆ្នាំ២០០៥ និងមានសលាកបត្ររបស់ក្រុមនិស្សិតវាស់វែងកាលពីឆ្នាំ២០១២។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តក្រចេះ ពុំបានចុះស៊ើបអង្កេតឲ្យស៊ីជម្រៅករណីនេះ ស្រាប់តែប្រគល់ដីដែលពលរដ្ឋកំពុងអាស្រ័យផលជាទីតាំងបាញ់ស៊ីបដោយគ្មានសំណងទូទាត់៖ «អាជ្ញាធរមុននឹងកាត់ដីឲ្យទាហាន ត្រូវចុះស៊ើបអង្កេតសិន ថាតើដីហ្នឹងទំនេរ ឬដីរបស់ប្រជាពលរដ្ឋ ឬដីរបស់បុគ្គលណាមួយ។ តែផ្ទុយទៅវិញ ការកាត់ឲ្យ គឺដីហ្នឹងវាមិនស័ក្ដិសមក្នុងការជាកន្លែងបាញ់ស៊ីបរបស់ទាហានទេ ព្រោះវាជិតភូមិប្រជាពលរដ្ឋ និងជិតផ្លូវជាតិ»។
កាលពីខែកក្កដា ឆ្នាំ២០១៥ ពលរដ្ឋជាង ៣០នាក់រស់នៅឃុំអូរឫស្សីកណ្ដាល បានផ្ដិតមេដៃធ្វើជាសាក្សីដឹងឮ ថាដីនោះឋិតនៅភូមិអូរកណ្ដៀរ ឃុំអូរគ្រៀង ជាប់ផ្លូវជាតិលេខ៧អា ពិតជាដីកម្មសិទ្ធិគ្រប់គ្រងរបស់ពលរដ្ឋចំនួន ៦គ្រួសារពិតមែន។ ចំណែកពលរដ្ឋទាំង ៦គ្រួសារនោះ គ្រោងដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
