អ្នកភូមិនៅស្រុករំដួល ខេត្តស្វាយរៀង ចោទប្រកាន់អាជ្ញាធរស្រុកថា មិនអើពើពីក្រុមហ៊ុនចិន ជីកដីធ្វើប្រឡាយប៉ះពាល់លើដីស្រែ និងដីលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនហិកតារ ដោយគ្មានផ្ដល់សំណងនោះទេ។ អង្គការសង្គមស៊ីវិលបង្ហាញថា ការជីកដីប្រឡាយនេះ ថាបានរំលោភលើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ដែលអាជ្ញាធរដែនដីត្រូវមានវិធានការដោះស្រាយសំណងសមរម្យដល់ប្រជាពលរដ្ឋ។
ក្រុមប្រជាពលរដ្ឋបាននាំគ្នាផ្ដិតស្នាមមេដៃ ដើម្បីបញ្ជូនឲ្យអង្គការសង្គមស៊ីវិល ឲ្យជួយអន្តរាគមន៍ទាមទារសំណងពីការប៉ះពាល់លើការជីកដីធ្វើប្រឡាយរបស់ក្រុមហ៊ុនចិន អ៊ឹង ស៊ឹងស៊ា មកលើដីពួកគាត់។ កន្លងមក ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាឲ្យក្រុមហ៊ុនទទួលខុសត្រូវពីការប៉ះពាល់នោះជាច្រើនលើកមកហើយ ប៉ុន្តែការតវ៉ានោះគ្មានដំណោះស្រាយទេ។
អ្នកភូមិម្នាក់ឈ្មោះ លោក ព្រំ យ៉ន រស់នៅភូមិព្រៃពោធិ៍ ឃុំធ្មា ស្រុករំដួល ឲ្យដឹងនៅថ្ងៃទី១៦ មិថុនា ថា ដីប្រឡាយដែលក្រុមហ៊ុនចិន ជីកនោះជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានទំហំរួមទាំងដីចាក់តាមមាត់ប្រឡាយផង ទទឹងប្រមាណ ៧០ម៉ែត្រ ឆ្លងកាត់ស្រុករមាសហែក និងស្រុករំដួល ឆ្ពោះទៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោក ព្រំ យ៉ន បន្តថា ការជីកប្រឡាយនេះប៉ះពាល់ដីស្រែ និងដីលំនៅឋានរាប់រយហិកតារ និងផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ ២០០ខ្នង ដែលរស់នៅតំបន់នោះ ហើយប្រជាពលរដ្ឋដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេមានចំនួន ២ឃុំ គឺឃុំធ្មា និងឃុំម៉ឺនជ័យ ក្នុងស្រុករំដួល ខេត្តស្វាយរៀង។
លោកថា អាជ្ញាធរពុំបានអើពើពីទុក្ខលំបាកពីការប៉ះពាល់ ព្រមទាំងពុំមានផ្ដល់សំណងអ្វីដល់ប្រជាពលរដ្ឋឡើយ៖ «ពេលដែលគេវាស់ដី យើងសួរទៅគេថា អង្គការខាងលើ ហើយដល់ពេលដែលកំពុងជីកៗគ្មានឃុំណាអើពើ គ្មានស្រុកណាអើពើ ហើយគ្មានខេត្តណាអើពើនឹងការប៉ះពាល់របស់ប្រជារាស្ត្រ នាំគេធ្វើ ហើយអត់មានឈឺឆ្អាលអីដោះស្រាយជាមួយប្រជាជនទេ។ បានប្រជាពលរដ្ឋហ្នឹងសំណូមពរថា បានជាប៉ះពាល់ហើយសុំឲ្យមានសំណងសមរម្យដល់គាត់ដែលគ្មានអីធ្វើ ដែលគ្មានភូមិនៅ ដែលផ្ទះធ្លាប់តែនៅ ហើយរុះទៅនៅកន្លែងផ្សិង មានការជំពាក់វាក់វិនលុយកាត់គេបាទ!»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានធនធានទឹកខេត្តស្វាយរៀង លោក គីម សាវុធ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរពុំអាចផ្ដល់សំណងឲ្យប្រជាពលរដ្ឋដែលប៉ះពាល់ដីស្រែ និងដីលំនៅឋានពីការជីកប្រឡាយបង្ហូរទឹកបានទេ ពីព្រោះថា ពួកគាត់ទាំងនោះមករស់នៅលើដីប្រឡាយរបស់រដ្ឋដោយខុសច្បាប់។ ម្យ៉ាងទៀត ការជីកប្រឡាយនោះជាផលប្រយោជន៍រួមរបស់អ្នកភូមិ និងជាការរួមចំណែកបដិភាគរបស់ប្រជាពលរដ្ឋ៖ «យើងធ្វើតាមបណ្ដោយប្រឡាយដែលមានស្រាប់អ៊ីចឹងណាស់! ហើយដូច្នេះហើយ នៅពេលដែលគេធ្វើហ្នឹងអឺ! ផលប៉ះពាល់វាមានតិចតួចណាស់ លើកលែងតែក្នុងករណីដែលប្រជាជន ដែលគាត់ធ្វើផ្ទះធ្វើសម្បែងនៅលើខ្នងប្រឡាយ អាហ្នឹងបើយើងពិនិត្យមើលទៅ គឺវាតាមធម្មតានៅលើប្រឡាយ គេចោលចំណីប្រឡាយពី ៣ម៉ែត្រទៅ ៥ម៉ែត្រ ឬក៏ ១០ម៉ែត្រអីអ៊ីចឹង តាមទំហំប្រឡាយយោងទៅលើពង្រាងអនុក្រឹត្យ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអប់រំផ្នែកច្បាប់ ពាក់ព័ន្ធដីធ្លី និងធនធានធម្មជាតិ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក អាំ សុខា មានប្រសាសន៍ថា ការថ្លែងបដិសេធរបស់អាជ្ញាធរនេះ ថាជារឿងខុសច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតរបស់ប្រជាពលរដ្ឋ ពីព្រោះថា ពួកគាត់បានមករស់នៅអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។ លោកបន្ថែមថា ការជីកប្រឡាយនេះបានរំលោភលើសិទ្ធិរស់នៅដីលំនៅឋានរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ដែលអាជ្ញាធរត្រូវដោះស្រាយសំណងសមរម្យដល់ពួកគាត់៖ «ធ្វើគាត់ហ្នឹងមិនអាចកេងនៅផ្ទះគាត់ ពីព្រោះពេលលេចមកអាទំនប់នៅសង្ខាងដីវាខ្ពស់ជាងផ្ទះ អ៊ីចឹងធ្វើឲ្យភ្លៀងបាក់ចូលទៅផ្ទះគាត់។ ទី២ ចេតិយដែលគាត់ធ្វើជាចេតិយ ធ្វើជាទីសក្ការៈធម្មតាជីដូនជីតាបងប្អូនអីហ្នឹង យើងតែងគោរពនោះណាស់! ដល់ក្រុមហ៊ុនមកចាក់ឲ្យកប់ចេតិយហ្នឹង អាហ្នឹងជាការប្រមាថមួយដែរ។ បើយើងគិតថា បើជីដូនជីតារបស់យើង ហើយត្រូវបានគេមកជីកកប់ ហើយគេមិនឲ្យសំណង គេមិនព្រមអើពើ ហ្នឹងជាការមើលងាយដល់បងប្អូនសាច់ញាតិដែលនៅរស់ ដែលគោរពបូជាហ្នឹង»។
អង្គការសង្គមស៊ីវិល កំពុងរៀបចំពាក្យបណ្ដឹងក្នុងរឿងទំនាស់នេះបញ្ជូនទៅតុលាការ និងត្រៀមមេធាវីដើម្បីការពារក្ដីឲ្យប្រជាពលរដ្ឋ ដើម្បីទាមទារសំណងការខូចខាតពីការប៉ះពាល់ ដោយសារការជីកដីប្រឡាយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
