អ្នក​ភូមិ​នៅ​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​រំលោភ​យក​ដី

0:00 / 0:00

អ្នក​ភូមិ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ឃុបឃិត​ជាមួយ​ក្រុមហ៊ុន សួស សម្បត្តិ រំលោភ​ដី​ស្រែ​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ទៅ​បង្កបង្កើនផល​លើ​ដី​មាន​ទំនាស់។ ប៉ុន្តែ​មេ​ឃុំ​បញ្ជាក់​ថា ក្រុមហ៊ុន​ពុំ​បាន​ទៅ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ដូច​ការ​លើក​ឡើង​ឡើយ។

អ្នក​ភូមិ​ដែល​មាន​ទំនាស់​ដី​បង្ហាញ​ថា ដី​ស្រែ​រួម​ទាំង​ដី​ព្រៃ​ផង​ប្រមាណ​ជាង ៧​ហិកតារ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​គ្រួសារ ស្ថិត​នៅ​ភូមិ​ព្រៃផ្ដៀក ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន សួស សម្បត្តិ។ អ្នក​ភូមិ​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ​នោះ ពុំ​មាន​គ្រួសារ​ណា​ទៅ​ធ្វើ​ស្រែ​នៅ​លើ​ដី​ដែល​មាន​ទំនាស់​នោះ​បាន​ទេ។

អ្នក​ភូមិ​ម្នាក់ លោក ជិន សាវឿន រស់នៅ​ភូមិ​ព្រៃផ្ដៀក ឃុំ​ក្រសាំង ថ្លែង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា ដី​ស្រែ​របស់​លោក​ប្រមាណ​ជិត​មួយ​ហិកតារ កាន់​កាប់ និង​ដាំ​ដុះ​អាស្រ័យ​នៅ​លើ​ដី​នោះ​ជាង ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ប្រមាណ ២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ពុំ​អាច​ទៅ​បង្កបង្កើនផល​នៅ​លើ​ដី​នោះ​បាន​ដូច​ពេល​មុន​ទៀត​ឡើយ។ លោក ជិន សាវឿន មាន​មតិ​ថា ប្រជាពលរដ្ឋ​មិន​អាច​ទៅ​ធ្វើ​ស្រែ​លើ​ដី​នោះ​បាន ដោយសារ​អាជ្ញាធរ​បាន​នាំ​កម្លាំង​ទៅ​រារាំង ហើយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ទាប ក្នុង​រូបភាព​យក​ដី​នោះ​ទៅ​អភិវឌ្ឍ​ផ្នែក​កសិកម្ម។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ទាំងអស់​ពុំ​មាន​នរណា​ម្នាក់​ចង់​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​គំរាម​កំហែង ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​ភ័យ​ខ្លាច ក៏​លក់​ដី​ដោយ​បង្ខំ​ចិត្ត។

លោក ជិន សាវឿន៖ «ក្រុមហ៊ុន សួស សម្បត្តិ ហ្នឹង​គាត់​ឃុបឃិត​ជាមួយ​មេ​ភូមិ និង​អនុ​ភូមិ​ក្នុង​ភូមិ​ព្រៃផ្ដៀក ហ្នឹង ហើយ​ក្នុង​ឃុំ​ក្រសាំង ទាំងអស់ ក៏​មេ​ភូមិ និង​អនុ​ភូមិ​ហ្នឹង​រំលោភ​ដី​ហ្នឹង​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ដែរ។ ដល់​ពេល​អ៊ីចឹង​ទៅ ប្រជាពលរដ្ឋ​ទៅ​រក​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ហ្នឹង ដើម្បី​ឲ្យ​មក​ជួប​គាត់​បែរ​ជា​មិន​មក មិន​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា គាត់​ថា​រឿង​នេះ​មិន​បាច់​តវ៉ា​ទេ ព្រោះ​ដី​ហ្នឹង​គ្មាន​នរណា​ធ្វើ​ទេ ប៉ុន្តែ​ក្រុម​គឺ​អាច​ឈូស​ឆាយ​ពី​កន្លង​មក​ច្រើន​ណាស់​ទៅ​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ក្រសាំង លោក សាន់ ទឹម មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​មាន​ដី​របស់​ប្រជាពលរដ្ឋ ៥​គ្រួសារ ទំនាស់​ជាមួយ​ក្រុមហ៊ុន សួស សម្បត្តិ ដូច​ការ​លើក​ឡើង​នោះ​ទេ។ ម្យ៉ាង​ទៀត ក្រុមហ៊ុន​ក៏​ពុំ​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​លក់​ដី​ដោយ​បង្ខំ​នោះ​ទេ គឺ​ពួក​គាត់​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត និង​មាន​លិខិត​ផ្ដិត​ស្នាម​មេដៃ​ត្រឹមត្រូវ​ពី​អាជ្ញាធរ។ លោក សាន់ ទឹម គូស​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​នោះ មាន​ទំនាស់​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ក្បែរ​ខាង បាន​ប្ដឹង​ផ្ដល់​ដណ្ដើម​ដី​គ្នា​ឡើង​តុលាការ ហើយ​ទម្លាក់​កំហុស​សំអុយ​មក​លើ​អាជ្ញាធរ​មូលដ្ឋាន ថា​ឃុបឃិត​ចូល​ដៃ​ជាមួយ​ក្រុម​រំលោភ​អ្នក​ភូមិ។

លោក សាន់ ទឹម៖ «អូ! គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ទៅ​ការពារ​ឲ្យ​ក្រុមហ៊ុន​បាន​ទេ ឥឡូវ​នេះ​បាទ។ ក្រោយ​ពី​លេខ ស.ណ​០១ មក​ហ្នឹង ជា​គោលការណ៍​ហ្នឹង គ្មាន​ហ៊ាន​ប៉ះពាល់​ថា​ដី​ហ្នឹង​មិន​ហ៊ាន​ឲ្យ​ប្រជាជន​លក់​ដូរ​ផង បើ​ដី​ណា​មាន​បញ្ហា​នោះ មិន​ពិត​ទេ​លើក​ហ្នឹង។ អ៊ីចឹង​បើ​រំលោភ​ហ្នឹង​ប្រជាជន​ដល់​រដ្ឋអំណាច ហើយ​ដល់​ភូមិ​ឃុំ ហើយ​ដល់​ស្ងាត់ឈឹង​អ៊ីចឹង ថា​រំលោភ​ដូច​គ្មាន​ទេ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន កត់​សម្គាល់​ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នានា​នៅ​ស្រុក​រមាសហែក តែង​តែ​កើត​មាន​ជា​ហូរហែ ជាពិសេស​ទំនាស់​ដីធ្លី​នៅ​ឃុំ​ក្រសាំង តែ​ម្ដង។ លោក​ថា ទំនាស់​ដីធ្លី​នោះ​ភាគ​ច្រើន​អាជ្ញាធរ​តែង​តែ​ឆ្លើយ​អូស​បន្លាយ​ពេល ថា​យ៉ាង​នេះ​យ៉ាង​នោះ ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ៖ «អ៊ីចឹង​មើល​ឃើញ​សកម្មភាព​របស់​អាជ្ញាធរ​កន្លង​មក គឺ​ពាក់ព័ន្ធ​រឿង​ដី​ឲ្យ​តែ​រឿង​ដី​ព្រៃ​ក៏ដោយ ដី​របស់​ពលរដ្ឋ​ក៏ដោយ ឲ្យ​តែ​មាន​ទំនាស់ គាត់​ហាក់​បី​ដូច​ជា​ឆ្លើយ​យក​តែ​ម៉ា​រួច​ខ្លួន​ម៉ា​ខ្លួន។ គាត់​ថា​ផុត​ពី​ដៃ​គាត់ គាត់​អត់​មាន​លទ្ធភាព​ក្នុង​ការ​ស្រាយ គឺ​យើង​ធ្វើ​អន្តរាគមន៍​គាត់ គឺ​អត់​បាន​ទេ រហូត​ដល់​ពេល​ខ្លះ រឿង​ខ្លះ​មក​ដល់​ខេត្តៗ​គេ​ថា​ផុត​ដៃ​គេ​ទៀត គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ថ្នាក់​លើ​ទៀត»

អ្នក​ភូមិ​ទំនាស់​ដីធ្លី​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ពុំ​បាន​រក​ដំណោះស្រាយ​រឿង​ទំនាស់​ដី​សមស្រប​ឲ្យ​ប្រជាពលរដ្ឋ ដោយសារ​ខ្លួន​មាន​និន្នាការ​នយោបាយ​គាំទ្រ​គណបក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។