បញ្ហាដែលកើតចេញពីការអនុវត្តអនុក្រឹត្យកាត់ដីកសិកម្មទំហំជិត ២០០ហិកតារ ទុកជាតំបន់អភិរក្សសត្វក្រៀល នៅខេត្តតាកែវ នៅតែពុំមានដំណោះស្រាយ។ ប្រជាពលរដ្ឋបានជ្រួលច្របល់ និងភ័យបារម្ភជាថ្មីទៀត បន្ទាប់ពីមានដីកាកោះហៅគ្រូបង្រៀនម្នាក់ទៅបំភ្លឺនៅតុលាការខេត្តនោះ។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន២ ក្នុងខេត្តតាកែវ កំពុងស្វែងរកអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្ត ឲ្យជួយការពារក្តី ខណៈថ្មីៗនេះមានដីកាកោះហៅតំណាងប្រជាពលរដ្ឋទៅបំភ្លឺនៅតុលាការសាលាដំបូងខេត្តនោះ។
ស្ត្រីឈ្មោះ ផុន ង៉ែត នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ឲ្យដឹងថា ដីគាត់ ២ហិកតារ ធ្វើស្រែរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៦ មក។ គាត់បារម្ភពីការបាត់បង់ដីខានធ្វើស្រែ ទើបប្ដឹងទៅសមាគមអាដហុក ខេត្តតាកែវ ឲ្យជួយការពារតាមផ្លូវច្បាប់៖ «ខ្ញុំបារម្ភដែរ ខ្លាចខាងអភិរក្សសត្វគេមកទៅ ខ្លាចយើងអត់បានធ្វើស្រែ»។
តំណាងប្រជាពលរដ្ឋឃុំជ័យជោគ លោក ប៉ិន ប៊ុណ្ណា ឲ្យដឹងថា ដីដែលអនុក្រឹត្យចែងឲ្យដកហូតទុកជាតំបន់អភិរក្សសត្វក្រៀល ជាប់ពាក់ព័ន្ធ ២ស្រុក គឺកោះអណ្ដែត និងស្រុកបូរីជលសារ មានទំហំដីជិត ៤ពាន់ហិកតារ។ ក្នុងនោះដីជិត ២០០ហិកតារ ជាដីតំបន់ស្នូលដែលអភិរក្សសម្រាប់សត្វក្រៀល ក្រៅពីនោះ គឺជាដីរណប។ លោកថា ដីរណបនោះប៉ះពាល់ដីស្រែប្រាំងរបស់ប្រជាជនច្រើនឃុំ ដែលរដ្ឋបែងចែកឲ្យដាំដុះ ដោយមានប័ណ្ណទទួលស្គាល់ពីមន្ទីរកសិកម្មឆ្នាំ១៩៩៦។
លោកថា គាត់ និងអ្នកភូមិ បានតវ៉ាពីឆ្នាំ២០១១ រហូតសមត្ថកិច្ចចាប់រូបគាត់ដាក់គុក ១៨ថ្ងៃ និងចាប់ភរិយាគាត់ ចោទថាកាប់រានព្រៃលិចទឹក។ នៅថ្ងៃទី២៧ ខែកុម្ភៈ តុលាការចេញសាលក្រមដោយពិន័យប្រាក់ច្រើនលានរៀល ដោយចោទថា គាត់កាប់រានព្រៃលិចទឹក។ លោកថា បើតាមពិតទៅ ប្រជាពលរដ្ឋកាន់កាប់ដីតាំងពីឆ្នាំ១៩៩៦ មុនអនុក្រឹត្យចេញ គួរតែរដ្ឋាភិបាលបែងចែកព្រំដីឲ្យច្បាស់៖ «អ៊ីចឹងឥឡូវហ្នឹង ខ្ញុំភ័យខ្លាចព្រួយបារម្ភណាស់ ព្រោះថ្មីៗនេះមានដីកាកោះពីតុលាការឲ្យខ្ញុំនេះ ចូលទៅបំភ្លឺនៅតុលាការទៀត ខ្លាចមានរឿង បញ្ហាអីហ្នឹង ខ្ញុំអស់លុយហើយ ខ្ញុំគ្មានអីទៅបង់ឲ្យទៀតទេ។ ខ្ញុំសុំឲ្យរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរ ក៏ដូចអ្នកដែលពាក់ព័ន្ធតំបន់ហ្នឹង ចុះដោះស្រាយឲ្យស្រេចបាច់ទៅ កុំឲ្យប្រជាពលរដ្ឋនៅព្រួយភ័យគ្រប់តែគ្នាអ៊ីចឹង»។
លោក កែវ ឃាំង នៅភូមិសង្គមមានជ័យ ឲ្យដឹងថា ប័ណ្ណដី ៤ហិកតារ រដ្ឋបានចែកឲ្យគ្រួសារគាត់កាប់គាស់ធ្វើស្រែ។ គាត់ទើបធ្វើស្រែបាន ២ហិកតារ ស្រាប់តែមានការមកចាប់ចងអ្នកភូមិចោទថា បំពានព្រៃលិចទឹក។ គាត់ថា រាល់ឆ្នាំគាត់ធ្វើស្រែតែងតែកាប់ព្រៃធ្វើ ព្រោះព្រៃដុះច្រើន បើមិនឲ្យកាប់ព្រៃ ដាំស្រូវមិនបាន។ គាត់ក៏បារម្ភពីការចាប់ខ្លួន ដោយសារការកាប់ព្រៃទាំងនោះដែរ៖ «២ហិកតារ ធ្វើស្រែមុនដំបូងមកបាន ១០០ស្បោងជាង តែខ្ញុំកាន់កាប់ច្រើនឆ្នាំហើយ ប៉ុន្តែមិនមានអ្នកមកធ្វើជាឃុបឃិត ហើយក៏គ្មានអ្នកណាមកតវ៉ាដែរ។ ឥឡូវឆ្នាំនេះ ប៉ះពាល់ខាងអភិរក្ស គេគំរាមថាអ៊ីចេះអ៊ីចុះ»។
ជំទប់ទី២ ឃុំកំពង់ក្រសាំង លោក ច្រុង គឹមយ៉ាង ឲ្យដឹងថា ដីអភិរក្សសត្វក្រៀល បានវាស់ប៉ះលើដីអ្នកភូមិក្នុងឃុំនេះ ៣ភូមិ គឺភូមិសង្គមមានជ័យ ភូមិក្តុលជ្រុំ និងភូមិបូរីជលសារ។ ប៉ុន្តែទំហំដីប៉ះពាល់ លោកមិនទាន់ដឹងទេ។ លោកថា អ្នកភូមិបានចូលទៅរុករានព្រៃអភិរក្សដាំដុះ ក្រោយពីដឹងថាដីនោះរដ្ឋាភិបាលកាត់ជាដីតំបន់អភិរក្ស៖ «ខាងភូមិបាលស្រុក តែមកគេសហការជាមួយខ្ញុំទាំងអស់ហ្នឹង។ កន្លែងហ្នឹងអត់មានទេ អ្នកដែលថាមានប័ណ្ណហ្នឹង កុំថាដល់ច្រើន តែមួយក៏គ្មានផង»។
មន្ត្រីសមាគមអាដហុក ប្រចាំខេត្តតាកែវ លោក អ៊ុន ថាន្ទន ឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ខាងមុខប្រជាពលរដ្ឋទាំង ២ស្រុក គឺកោះអណ្ដែត និងបូរីជលសារ នឹងមកជួបជុំគ្នា ដើម្បីបង្ហាញប័ណ្ណសម្គាល់ដី ដែលបានចេញដោយមន្ត្រីកសិកម្មនៅឆ្នាំ១៩៩៦ ព្រោះថ្មីៗនេះមានប្រជាពលរដ្ឋជាច្រើន ក៏បានចូលទៅរុករានដីអភិរក្សស្នូល និងដីរណប ដើម្បីរានយកដីធ្វើស្រែដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
