ប្រជាពលរដ្ឋជាង ៥០០នាក់តំណាងឲ្យពលរដ្ឋ ៣០សហគមន៍មកពី ២ស្រុកក្នុងខេត្តត្បូងឃ្មុំ ប្រមូលផ្ដុំគ្នាតវ៉ាដោយលើកបដា និងដាក់ញត្តិទៅកាន់ស្ថាប័នចំនួន២ មានរដ្ឋសភា និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែមេសា។ ពួកគេទាមទារឲ្យស្ថាប័នទាំងពីរនេះ ផ្អាកសកម្មភាពបុគ្គលមានអំណាចរំលោភយកដី និងក្រុមហ៊ុនឯកជន ហើយងាកមកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគាត់ឲ្យចប់ជាមុនសិន។
ពលរដ្ឋទាំងពីរស្រុក គឺស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ អះអាងថា ពួកគាត់ធ្លាប់បានតវ៉ាសុំអន្តរាគមន៍ជាច្រើនលើកមកហើយជាមួយនឹងអាជ្ញាធរខេត្តនេះ តែនៅមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយ។ ចំណែកឯសង្គមស៊ីវិលរិះគន់ថា អាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះឲ្យបានចប់នោះទេ។
តំណាងពលរដ្ឋដែលតវ៉ាមកពីភូមិខ្នងក្រពើលិច និងខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកសី្រ ឃុត ស្រីអូន ឲ្យដឹងថា ពលរដ្ឋចំនួន ៥២៤គ្រួសារដែលតវ៉ានេះ បានទទួលរងនូវការរំលោភបំពានដីស្រែ និងដីលំនៅឋានតាំងពីឆ្នាំ២០០៨ ពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុនចិន មួយ យកមកវិនិយោគលើការដាំដំណាំកៅស៊ូប្រមាណជាង ២៩ហិកតារ។
លោកស្រីបន្តថា ការដាក់ញត្តិទៅរដ្ឋសភា និងក្រសួងដែនដី នៅពេលនេះ ព្រោះពលរដ្ឋជឿជាក់ថា ស្ថាប័នកំពូលទាំងពីរនេះនឹងមានសមត្ថភាពបើកការស៊ើបអង្កេត ឈានទៅដោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ៖ « សូមឲ្យរដ្ឋាភិបាល មុននឹងវិនិយោគអភិវឌ្ឍន៍នៅតំបន់ណាមួយ សូមចុះផ្ទាល់ដល់តំបន់ និងកន្លែងរបស់ពលរដ្ឋ។ ថាគាត់ពេញចិត្ត ឬមិនពេញចិត្ត ? តែបើប្រជាពលរដ្ឋមិនព្រម មានន័យថា គាត់មិនពេញចិត្តនឹងការអភិវឌ្ឍនោះឡើយ ព្រោះប្រជាពលរដ្ឋមិនចង់រងទឹកភ្នែកទេ »។

ខ្លឹមសារសរសេរនៅលើបដា និងញត្តិរបស់ពលរដ្ឋ បង្ហាញថា ក្រុមហ៊ុនឯកជន ឈ្មួញ និងអាជ្ញាធរអ្នកមានអំណាច បានរំលោភយកដីធ្លី ចម្ការ ស្រែ កំពុងតែធ្វើឲ្យប៉ះពាល់ដល់ប្រជាកសិករប្រមាណជាង ៤ពាន់គ្រួសារ។
តំណាងពលរដ្ឋដែលតវ៉ាម្នាក់ទៀតមកពីស្រុកតំបែរ លោក ផុន ឈឿន បានឲ្យដឹងដែរថា សហគមន៍លោកមិនមានដីធ្វើស្រែចម្ការចិញ្ចឹមជីវិតទេ។ ក្រៅពីជំរុញឲ្យក្រសួងដែនដី និងរដ្ឋសភា ចុះស៊ើបអង្កេត លោកក៏ទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយជម្លោះដីនេះផងដែរ ព្រោះពួកគាត់ជិតដល់រដូវធ្វើស្រែចម្ការហើយ៖ « ខែនេះប្រជាពលរដ្ឋខ្ញុំដល់រដូវកាលដាំដុះហើយ។ ចឹង រដ្ឋាភិបាល ជាពិសេសសម្ដេច ត្រូវដោះស្រាយបញ្ហាដីធ្លី ព្រោះក្នុងភូមិឥឡូវចំណាកស្រុកជិតអស់ហើយ ព្រោះតែការរំលោភយកដីពីអ្នកមានអំណាច និងក្រុមហ៊ុន »។
ការតវ៉ារបស់ក្រុមពលរដ្ឋទាំងពីរស្រុកនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋសភា មិនមានការរារាំងពីក្រុមសមត្ថកិច្ចឡើយ។ ជាងនេះទៀត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានចេញមកជួបក្រុមពលរដ្ឋ ព្រមទាំងសន្យាជួយអន្តរាគមន៍ជូនពលរដ្ឋឆាប់ៗនេះ៖ « ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈកម្មការចុះត្រួតពិនិត្យតំបន់មានជម្លោះ ដោយមានការសហការជាមួយអាជ្ញាធរដែនដី និងពលរដ្ឋ ដើម្បីដឹងថាតំបន់នោះមានជម្លោះឬអត់ រហូតឈានទៅរកដំណោះស្រាយសមស្រប »។
ចំណែកឯមន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានសម្ដែងការសោកស្ដាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានគ្មានឆន្ទៈដោះស្រាយបញ្ចប់បញ្ហារ៉ាំរ៉ៃនេះ ហើយបណ្តោយឲ្យពលរដ្ឋស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីជាញឹកញាប់។ យ៉ាងណា លោកនឹងរង់ចាំមើលចំណាត់ការរបស់ស្ថាប័នដែលពលរដ្ឋស្វែងរកអន្តរាគមន៍ ថានឹងមានឆន្ទៈដោះស្រាយពិតប្រាកដ ឬយ៉ាងណា៖ « អាជ្ញាធរដែនដីត្រូវតែហ៊ានអារកាត់ដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ ប្រសិនបើគ្មានឆន្ទៈ បញ្ហានេះនឹងកាន់តែរ៉ាំរ៉ៃទៅៗ »។
ទោះបីជាមានការសន្យាពីមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋសភា ក៏ដោយ ក្រុមអ្នកតវ៉ាដីធ្លីមកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅតែមិនទាន់ស្ងប់ចិត្ត។ ពួកគាត់ប្រកាន់ជំហរតវ៉ាទាមទារសាជាថ្មី ប្រសិនបើការសន្យានោះគ្មានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
