បញ្ហា​ដី​ព្រៃ​សហគមន៍​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅ​តែ​មិន​ទាន់​មាន​ការ​ដោះស្រាយ

ដោយ សូត សុខប្រាថ្នា
2014.07.11
ជម្លោះ​ដីធ្លី ត្បូងឃ្មុំ ៦១០ ប្រជា​សហគមន៍​ព្រៃ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ប្ដឹង​នា​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។
Adhoc Photo

បញ្ហា​ដី​ព្រៃ​សហគមន៍​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ជន​មិន​ស្គាល់​មុខ ដើម្បី​យក​ដី​ដាំ​កៅស៊ូ​ដោយ​លួច​លាក់ នៅ​តែ​អូស​បន្លាយ​មិន​ទាន់​មាន​ការ​ដោះស្រាយ។

អាជ្ញាធរ​ពាក់ព័ន្ធ ដែល​នៅ​តែ​មិន​ទាន់​មាន​ចំណាត់​ការ​បែប​ណា​ចំពោះ​ករណី​នេះ អះអាង​ថា កំពុង​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត។ ដោយ​ឡែក​តំណាង​ប្រជា​សហគមន៍​វិញ សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​កំពង់ចាម ដោយ​យល់​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មាន​ការ​ពាក់ព័ន្ធ​រឿង​នេះ ទើប​គ្មាន​លទ្ធភាព​ដោះស្រាយ។

តំណាង​ប្រជា​សហគមន៍​ជាង​១០ មក​ពី​ឃុំ​ជាច្រើន​នៅ​ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​មក​ជួប​ជុំ​គ្នា​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ដី​ព្រៃ​សហគមន៍​របស់​ពួក​គាត់ ត្រូវ​បាន​បំផ្លាញ​ដោយ​អ្នក​មាន​អំណាច។ ប្រជា​សហគមន៍​ទាំង​នោះ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​តាម​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ខេត្ត​ជាច្រើន​លើក​ច្រើន​សា ក៏ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​មាន​ចំណាត់​ការ ចំពោះ​អ្នក​ដែល​កំពុង​កាន់​កាប់​លើ​ដី​ព្រៃ​សហគមន៍​ដោយ​ខុស​ច្បាប់​នោះ​ឡើយ។

តំណាង​ប្រជា​សហគមន៍​ម្នាក់​មក​ពី​ឃុំ​ត្រពាំងព្រីង លោក ឈិន យ៉ុង មាន​ប្រសាសន៍​ថា កន្លង​មក​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការ​រុករាន និង​កាន់​កាប់​លើ​ដី​សមូហភាព​របស់​សហគមន៍ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ចុះ​ស្រាវជ្រាវ​អំពី​បញ្ហា​មួយ​នេះ៖ «ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​បញ្ហា​ដីធ្លី​របស់​សហគមន៍ ដែល​មាន​ក្របខ័ណ្ឌ​លក្ខន្តិកៈ ដែល​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល។ ហើយ​បង​ប្អូន​សហគមន៍​នេះ គាត់​កំពុង​មាន​កង្វល់ បាន​ជា​បើក​ឱ្យ​មាន​វេទិកា​សិក្ខា​សាលា​នៅ​មជ្ឈមណ្ឌល​នេះ។ បាទ! ថ្ងៃ​នេះ​ឃើញ​ថា បង​ប្អូន​កំពុង​តែ​រៀបចំ​ពាក្យ​ជូន​ទៅ​តុលាការ»

លោក​បន្ថែម​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​កាន់​កាប់​ដី​ព្រៃ​សហគមន៍​នេះ គឺ​អាច​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ថ្នាក់​ស្រុក រដ្ឋបាល​ព្រៃ​ឈើ និង​អ្នក​មាន​អំណាច​នៅ​ទីនោះ​តែ​ម្តង ពីព្រោះ​បញ្ហា​នេះ​វា​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ។ រីឯ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​វិញ ដាក់​ជូន​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ស្ទើរ​រាប់​មិន​អស់ ប៉ុន្តែ​ការ​ដោះស្រាយ​នៅ​តែ​គ្មាន​សង្ឃឹម រីឯ​ជនល្មើស​នៅ​តែ​បន្ត​ដាំ​ដំណាំ​លើ​ដី​នោះ​ដដែល។ លោក​បញ្ជាក់​ថា ក្រោយ​ពេល​ព្រៃ​សហគមន៍​ត្រូវ​វិនាស ប្រជាពលរដ្ឋ​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ទាំង​ការ​រក​អនុផល​ព្រៃ​ឈើ ឱសថ​សម្រាប់​ព្យាបាល​ជំងឺ ប៉ះ​ពាល់​ដល់​ការ​ចិញ្ចឹម​សត្វ​គោ​ក្របី​របស់​ពួក​គាត់ និង​ធ្វើ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​ធនាគារ​ទៀត​ផង។

លោក ឈិន យ៉ុង៖ «ការ​ប៉ះ​ពាល់​នេះ​ដូច​ជា​ការ​សង់​លំនៅឋាន មាន​ឈើ​ព្រៃ​ជ័រ​វល្លិ​ផ្ដៅ ហើយ​ការ​បន្លែ​ហូប​ចុក​ក៏​មាន​ទំពាំង​ចុង​ផ្ដៅ​ចុង​សោម ហើយ​ការ​បាត់​បង់​មួយ​ទៀត គឺ​ផ្លែ​ឈើ​គុយ កោះ ទ្រាល មៀន រុល ដែល​ជា​ចំណី​អាហារ​របស់​ប្រជាពលរដ្ឋ។ ដូច​ជា ផ្លែ​រំដួល​អី​ហ្នឹង ខែ​ហ្នឹង​គឺ​បាន​បេះ​បាន​អី​ហូប​អ៊ីចឹង​ប្រចាំ​ខែ​ប្រចាំ​ឆ្នាំ។ ដូច​ជា​ផ្សិត​ជា​បន្លែ ឥឡូវ​នេះ​អត់​មាន​អី​ទេ ប្រង់​ព្រិច​ដែល​គេ​ត្រូវ​បាន​ហូប​ប្រចាំ​របស់​ប្រជាពលរដ្ឋ គឺ​ថា​អត់​មាន​អី​ទេ គឺ​មាន​តែ​ស្ពៃ​តាម​ផ្សារ និង​បន្លែ​តាម​កញ្ជែល។ យ៉ាង​ហ្នឹង​ដែល​ធ្វើ​ឱ្យ​គាត់​ផល​ប៉ះពាល់​ដល់​ពួក​គាត់ ដែល​ធ្វើ​ពួក​គាត់​ឈាន​ទៅ​រក​ក្រីក្រ​ហើយ មិន​ដឹង​ថា​ខ្លួន​ឯង​ក្រីក្រ​ទៀត​ម៉ា​ថ្ងៃ​ជំពាក់​បន្តិចៗៗ ឥឡូវ​រាប់​ពាន់​ដុល្លារ​ខ្ញុំ​ឃើញ»

ចំណែក​ប្រជា​សហគមន៍​មក​ពី​ភូមិ​កំព្រើស លោក សំ អឿន ឱ្យ​ដឹង​ដែរ​ថា កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​មិន​បាន​ដឹង​ឮ​ពី​ការ​សម្រេច​ណា​មួយ​របស់​អាជ្ញាធរ ក្នុង​រឿង​ដី​ព្រៃ​សហគមន៍​នោះ​ឡើយ។ លោក​ចង់​ឱ្យ​អាជ្ញាធរ​អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់ ចំពោះ​ជន​ប្រព្រឹត្តិ​ទាំង​នោះ ដើម្បី​ប្រមូល​ដី​ទាំងអស់​មក​ដាក់​ជា​សម្បត្តិ​រួម​វិញ ជា​ជាង​បាន​ទៅ​លើ​ជន​មាន​អំណាច​ម្នាក់ ឬ​មួយ​ក្រុម ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​ត្រូវ​រងគ្រោះ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អភិបាល​ស្រុក​តំបែរ លោក ឈិង ពិសិដ្ឋ មាន​ប្រសាសន៍​នៅ​ថ្ងៃ​១០ កក្កដា ថា អាជ្ញាធរ​កំពុង​ចុះ​ស៊ើប​អង្កេត​ឱ្យ​បាន​លម្អិត​ជុំវិញ​បញ្ហា​នេះ ដើម្បី​ប្រមូល​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ដាក់​ទៅ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ថ្មី សម្រាប់​ធ្វើ​ការ​ដោះស្រាយ។ លោក​ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ ថា​លោក និង​មន្ត្រី​ព្រៃ​ឈើ​នៅ​ទីនោះ មាន​សែស្រឡាយ​ពាក់ព័ន្ធ​រឿង​យក​ដី​ព្រៃ​សហគមន៍​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ៖ «ខ្ញុំ​គ្មាន​សែស្រឡាយ​អី ខ្ញុំ​ទៅ​នៅ​ដាំ​ហ្នឹង​ទេ ប៉ុន្តែ​បើ​លោក​ចង់​ដឹង​ការ​ពិត​អ៊ីចឹង​ហើយ លោក​មក​ជួយ​គេ​ផ្ទាល់ៗ មើល​គេ​ថា​ម៉េច? ព្រោះ​យើង​អាជ្ញាធរ​មិន​កាន់​ជើង​ខាង​ណា​ទេ បាន​តែ​ហាម​ឃាត់​អី ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គេ​ប្រជុំ​ប្រកាស​ផ្សព្វផ្សាយ»

លោក​បញ្ជាក់​ដែរ​ថា ដី​ព្រៃ​សហគមន៍​ភាគ​ច្រើន គឺ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​កាប់​រុករាន​យក​ដី​ដាំ​ដំណាំ​ដោយ​ខុស​ច្បាប់ ហើយ​រហូត​ដល់​បច្ចុប្បន្ន​នេះ គឺ​ព្រៃ​ត្រូវ​បាន​វិនាស​អស់​ទៅ​ហើយ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ផ្នែក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ គឺ​មាន​ចំនួន​តិច​បំផុត​ដែល​មក​ពី​ស្រុក​ឆ្ងាយៗ ត្រូវ​បាន​អ្នក​មាន​អំណាច​យក​មក​ធ្វើ​ជា​ខែល​បិទ​បាំង​បទល្មើស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត​ថា ហេតុផល​ដែល​នាំ​ឱ្យ​មាន​ការ​អូស​បន្លាយ​ក្នុង​ការ​ចាត់​វិធានការ​រឿង​ដី​ព្រៃ​សហគមន៍​នេះ គឺ​ដោយសារ​តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​កាន់​កាប់​យក​ដី​ខុស​ច្បាប់​នេះ។

លោក នាង សុវ៉ាត៖ «ពិសេស​តុលាការ​ហ្មង មិន​បាច់​ពឹង​អាជ្ញាធរ​ណា​ទេ ព្រោះ​អាជ្ញាធរ​ជា​អ្នក​រួម​គំនិត​ក្នុង​ការ​ធ្វើ​រឿង​ហ្នឹង​ឱ្យ​អស់​ព្រៃ​ឈើ។ អ៊ីចឹង​មាន​តែ​តុលាការ​ទេ​ដែល​គាត់​មិន​ដែល​បាន​ដឹង​រឿង​ព្រៃ​ឈើ​ហ្នឹង។ អ៊ីចឹង​បើ​យើង​ប្ដឹង​ទៅ​អាជ្ញាធរ គឺ​អាជ្ញាធរ​វា​អត់​ចាត់​ការ​ហើយៗ​បើ​ចាត់​ការ វា​បាត់​យូរ​ហើយ ព្រោះ​យើង​មាន​ឯកសារ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ហ្នឹង​រាប់​ឆ្នាំ​មក​ហើយៗ គាត់​អត់​ព្រម​ដោះស្រាយ។ អ៊ីចឹង​ហើយ​មាន​តែ​ប្ដឹង​ទៅ​តុលាការ ព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ»

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ​ខេត្ត​កំពង់ចាម តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​បួន​ឃុំ​នៅ​ក្នុង​ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី​៨ កក្កដា។ ក្នុង​ពាក្យ​បណ្ដឹង​នោះ ក៏​បាន​ស្នើសុំ​ឱ្យ​ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់ចាម ជួយ​ស៊ើប​អង្កេត​រក​ជន​ប្រព្រឹត្តិ​ដែល​បាន​កាប់​ទន្ទ្រាន​យក​ដី​សហគមន៍​ទាំង​១៤ ដែល​មាន​ផ្ទៃដី​ជាង ៥​ពាន់​ហិកតារ (៥.៥១៧,២៤) យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ក្រៅ​ពី​នោះ ក៏​សុំ​ឱ្យ​តុលាការ​ធ្វើ​ការ​ផាក​ពិន័យ​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ទៅ​តាម​លក្ខន្តិកៈ​របស់​សហគមន៍ និង​សុំ​រក្សា​ដី​ទំហំ​ជាង ៥​ពាន់​ហិកតារ នោះ​មក​ទុក​ជា​កម្មសិទ្ធិ​របស់​សហគមន៍​វិញ។ ព្រៃ​សហគមន៍​ត្រពាំង ត្រូវ​បាន​ជន​ខិល​ខូច និង​អ្នក​មាន​អំណាច ចូល​កាប់​ទន្ទ្រាន​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ព្រៃ​សហគមន៍​ទាំងអស់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។