ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ម៉ែន​សារុន​សុំ​អន្តរាគមន៍​ពី​សាលា​ខេត្ត​ត្បូងឃ្មុំ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់ នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ នាំ​គ្នា​មក​សាលា​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៥ សីហា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន។

ប្រជាពលរដ្ឋ​ស្នើសុំ​ឱ្យ​អាជ្ញាធរ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ​ឱ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ជា​រដូវ​ដាំ​ដំណាំ ហើយ​ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ ប្រសិន​អាជ្ញាធរ​មិន​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​សមស្រប​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​មិន​ខាន​ឡើយ។

ប្រជាពលរដ្ឋ​នាំ​គ្នា​ឡើង​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​សាលា​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៥ សីហា បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​សាលា​ស្រុក​មេមត់ ជាមួយ​តំណាង​ប្រជាពលរដ្ឋ តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី​៤ សីហា មិន​មាន​លទ្ធផល​អ្វី​សោះ​ឡើយ​សម្រាប់​ពួក​គាត់។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ លោក ផុន សុផល ឱ្យ​ដឹង​ថា ការ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​សាលា​ស្រុក​កន្លង​មក មិន​មាន​អ្វី​ក្រៅ​ពី​ប្រាប់​ប្រជាពលរដ្ឋ​ទាំង​នោះ​ឱ្យ​ជួល​ដី​ពី​ក្រុមហ៊ុន ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ឡើយ ដោយ​អះអាង​ថា ពួក​គាត់​បាន​កាប់​រុករាន​ស្អាត និង​ដាំ​ដំណាំ​នៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា គោល​បំណង​ដែល​ប្រជាពលរដ្ឋ​ឡើង​មក​សាលា​ខេត្ត គឺ​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​នឹង​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​ប្រសើរ​ជាង​នៅ​ថ្នាក់​ស្រុក ហើយ​បើ​គ្មាន​ការ​ឆ្លើយ​តប​ទៀត ពួក​គាត់​មាន​តែ​ឡើង​ទៅ​ភ្នំពេញ​តែ​ប៉ុណ្ណោះ៖ «ខាង​ក្រុមហ៊ុន​គេ​បដិសេធ​ថា​មិន​អាច​ធ្វើ​បាន​ទេ ប៉ុន្តែ​បើ​អាច​ធ្វើ​បាន​នោះ គឺ​គ្រាន់​តែ​បង្អាក់​ការ​ចុះ​ឈូស​ឆាយ​លើ​ដំណាំ​ប្រជាពលរដ្ឋ ប៉ុន្តែ​គេ​នៅ​តែ​ឈូស​ឆាយ​នៅ​កន្លែង​ណា​ដែល​អត់​មាន​ដំណាំ​ប្រជាពលរដ្ឋ គេ​កាយ​ក្រវាត់​កន្លែង​ណា​អត់​មាន​ដំណាំ​ប្រជាពលរដ្ឋ។ ហើយ​គេ​កន្លែង​ណា​ដំណាំ​ប្រជាពលរដ្ឋ​គេ​ទុក​សិន។ ហើយ​បើ​សិន​ប្រជាពលរដ្ឋ​ណា​ចង់​ធ្វើ​កិច្ច​សន្យា​ជា​ជួល​ដី​ក្រុមហ៊ុន គេ​ទៅ​ជា​មួយ​គេ​ទៅ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​ព្រម​ទទួល​កិច្ច​សន្យា​ហើយ​នៅ​តែ​តស៊ូ​ត​ទៅ​ទៀត»

ប្រភព​ដដែល​បន្ត​ថា ពួក​គាត់​ចង់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ហើយ​បញ្ជាក់​ឱ្យ​ច្បាស់​រវាង​ដី​ប្រជាពលរដ្ឋ និង​ដី​ក្រុមហ៊ុន និង​បញ្ឈប់​នូវ​ការ​ឈូស​ឆាយ រួម​នឹង​ការ​រំលោភ​បំពាន​ណា​មួយ​ពី​ខាង​ក្រុមហ៊ុន​ត​ទៅ​ទៀត។ លោក​បញ្ជាក់​ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន នៅ​ឃុំ​ជាំក្រវៀន គឺ​កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព័ទ្ធ​ជា​របង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៣០០​ហិកតារ ដែល​មាន​ពលរដ្ឋ​ប្រមាណ ១៥០​គ្រួ​សារ បាន​អាស្រ័យ​ផល។

បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បញ្ជាក់​ថា ការ​ដោះស្រាយ​នៅ​សាលា​ស្រុក​នោះ គឺ​ខាង​អាជ្ញាធរ​បាន​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ​តាម​លក្ខណៈ​ច្បាប់ ពីព្រោះ​ការ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​ពេល​នេះ គឺ​ជា​រឿង​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់។ លើស​ពី​នេះ​ទៀត ខាង​ក្រុមហ៊ុន​មិន​បាន​រំលោភ​បំពាន​លើ​ដី​ប្រជាពលរដ្ឋ​នោះ​ឡើយ ពីព្រោះ​ខាង​ក្រុមហ៊ុន​មាន​ឯកសារ​គ្រប់គ្រាន់​ជុំវិញ​បញ្ហា​នេះ៖ «ខ្ញុំ​បាន​និយាយៗ​ហើយ​ថា ស្រុក​គាត់​បាន​ដឹង​រឿង​ទាំងអស់​តាំង​ពី​ឯកសារ​ផល​ប៉ះពាល់ រឿង​ដំណោះស្រាយ​អី គាត់​មាន​រហូត។ រឿង​ក្រុមហ៊ុន​មិន​ដែល​ធ្វើ​អ្វី​រំលោភ​ទៅ​លើ​អី​គាត់​ផង​ហ្នឹង ធ្វើ​តាម​នីតិវិធី​ដូច​ថា មាន​បញ្ហា​អី​ស្រុក​អញ្ជើញ​មក អ៊ីចឹង​ខាង​ក្រុមហ៊ុន​មក​អ៊ីចឹង​មក​រហូត»

លោក​បន្ថែម​ថា ខាង​ក្រុមហ៊ុន​នៅ​តែ​ព្យាយាម​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ព្យាយាម​ឱ្យ​អាជ្ញាធរ​ពន្យល់​ពួក​គាត់​ឱ្យ​យល់​តាម​នីតិវិធី​លើ​បញ្ហា​នេះ​ដែរ។

នាយក​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ លោក ពាង ណារិទ្ធ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ថា ខាង​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ហើយ ប៉ុន្តែ​ការ​ដោះស្រាយ​យ៉ាង​ណា​នោះ ខាង​ខេត្ត​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ៖ «អើ​ខ្ញុំ​មិន​ទាន់​ថា​ម៉េច​ទេ ព្រោះ​អា​នេះ​ខ្ញុំ​គ្រាន់​តែ​ទទួល​ពាក្យ​ហ្នឹង ហើយ​ខ្ញុំ​នឹង​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ខេត្ត អំពី​រឿង​ប្រជាពលរដ្ឋ​បាន​យក​ពាក្យ​បណ្ដឹង​មក​ដាក់ ហើយ​ភារកិច្ច​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ​បាទ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត យល់​ថា បញ្ហា​នេះ​គប្បី​អាជ្ញាធរ​ចុះ​ស្រាវជ្រាវ​លើ​កិច្ច​សន្យា​របស់​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន ពីព្រោះ​ការ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ដែល​ភាគី​ក្រុមហ៊ុន​អះអាង​ថា ជា​ដី​របស់​ខ្លួន​នោះ វា​មិន​មែន​ជា​កំហុស​របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​វា​ជា​កំហុស​របស់​ក្រុមហ៊ុន​ទៅ​វិញ​ទេ ដែល​មិន​បាន​ធ្វើ​តាម​កិច្ច​សន្យា​វិនិយោគ​ពី​រដ្ឋ។ លោក​បញ្ជាក់​ថា កិច្ច​សន្យា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន គឺ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​ក្រោយ ប្រសិន​ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ រដ្ឋ​មាន​សិទ្ធិ​ដក​យក​ដី​នោះ​មក​រក្សា​ទុក​វិញ ឬ​ក៏​ធ្វើ​សម្បទាន​សង្គម​កិច្ច​ឱ្យ​ទៅ​ពលរដ្ឋ​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។