អ្នក​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ទាមទារ​អាជ្ញាធរ​ផ្ដល់​កម្មសិទ្ធិ​ដីធ្លី

0:00 / 0:00

តំណាង​ពលរដ្ឋ ៥​នាក់​នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជួប​ចរចា​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា។

ពលរដ្ឋ​ជាង ១០០​នាក់ នាំ​គ្នា​ទៅ​ខាង​មុខ​សាលា​ស្រុក​មេមត់ ដោយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​តំណាង​របស់​ពួក​គាត់​ទាំង ៥​នាក់ ដែល​ចូល​ចរចា។ ពលរដ្ឋ​ទាមទារ​អោយ​អាជ្ញាធរ សម្រេច​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​អោយ​ពួក​គាត់។ យ៉ាង​ណា អាជ្ញាធរ​ថា​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ ហើយ​នឹង​ពិភាក្សា​បន្ត​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

ពលរដ្ឋ​ហាក់​មាន​ជំនឿ​ថា បញ្ហា​ដីធ្លី​របស់​ពួក​គាត់ នឹង​អាច​ដោះស្រាយ​បាន​នៅ​ពេល​ខាង​មុខ បើ​ទោះ​បី​ជា​លទ្ធផល​នៃ​ការ​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ​នៅ​មិន​ទាន់​បាន​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​ចូល​ចរចា គឺ​អ្នកស្រី អ៊ុន ស៊ូចេង មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​គ្នា​នោះ បាន​ត្រឹម​តែ​ស្តាប់​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខេត្ត​ទៅ​ខាង​តំណាង​ក្រុមហ៊ុន ឲ្យ​ផ្តល់​លទ្ធភាព​ជូន​ពលរដ្ឋ​អាច​ជួសជុល​ផ្ទះ​សម្បែង​របស់​ខ្លួន​បាន។ ប៉ុន្តែ​សំណើ​នេះ មិន​ទាន់​មាន​ការ​យល់​ព្រម​ពី​ខាង​ក្រុមហ៊ុន​នៅ​ឡើយ។ អ្នកស្រី​យល់​ថា ការ​ពន្យារ​ពេល​ទៅ​សប្ដាហ៍​ក្រោយ​នោះ ដើម្បី​ឈាន​ទៅ​រក​ចំណុច​រួម​មួយ៖ «ពួក​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម ព្រោះ​យើង​ឃើញ​ថា ប្រមុខ​រដ្ឋាភិបាល​លោក​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​សង្ឃឹម​ក្នុង​បញ្ហា​កម្មសិទ្ធិ​ដីធ្លី​ទេ។ ពួក​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច គ្រាន់​តែ​ដំណោះស្រាយ​នេះ​មិន​ទាន់​ចេញ​ជា​ផ្លែផ្កា​នៅ​ឡើយ»

តំណាង ៥​នាក់ ចូល​ពិភាក្សា​នៅ​ក្នុង​សាលា​ស្រុក​មេមត់ ជាមួយ​អាជ្ញាធរ។ ចំណែក​ខាង​ក្រៅ​បន្ទប់ និង​ក្រៅ​របង​សាលា​ស្រុក​វិញ មាន​ប្រជាពលរដ្ឋ​ជាង ១០០​នាក់ ខ្លះ​អង្គុយ​ខ្លះ​ឈរ​នៅ​រង់ចាំ​លទ្ធភាព​នៃ​កិច្ច​ចរចា។

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ត្រមូង អ្នកស្រី សំ សុខា និយាយ​ថា អ្នកស្រី​មក​ស្តាប់​លទ្ធផល​ទៅ​តាម​ការ​សន្យា​របស់​អាជ្ញាធរ​កាល​ពី​កន្លង​ទៅ ថា​នឹង​ជូន​ដំណឹង​ដល់​ពួក​គាត់។ អ្នកស្រី​ថា ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ ពលរដ្ឋ​ទាំងអស់​នឹង​ឡើង​ទៅ​រក​ស្ថាប័ន​ជាតិ​ធំៗ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​បន្ត​ទៀត៖ «ទៅ​វិញ ហើយ​ការ​ដោះស្រាយ​មិន​ចេញ​ទេ អា​ហ្នឹង​យើង​ចាំ​និយាយ​គ្នា​គិត​ធ្វើ​អ្វី​ម្តង​ទៀត​ណាស់! ទៅ​លើ​ទៅ​អី​ទៀត​ទៅ ក្រែង​សុំ​ឲ្យ​សម្ដេច​នាយក​ហ្នឹង​គាត់​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​នៅ​ពិបាក​វេទនា​មិន​បាន​រក​ស៊ី​អី​ម៉ា​ថ្ងៃៗ​ចា៎!»

បន្ថែម​ពី​លើ​ប្រសាសន៍​របស់ អ្នកស្រី សំ សុខា ពលរដ្ឋ​ម្នាក់​ទៀត លោក រត្ន ពិសី ឲ្យ​ដឹង​ដែរ​ថា លោក​មក​សាលា​ស្រុក ពីព្រោះ​តែ​ខ្លាច​ក្រែង​មាន​ការ​ចាប់​តំណាង​របស់​ពួក​គាត់​ពី​សំណាក់​អាជ្ញាធរ​ដូច​នៅ​ភ្នំពេញ ឬ​នៅ​តំបន់​ផ្សេង​ទៀត។ លោក​បារម្ភ​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ទេ ហើយ​ដី​ដែល​ពលរដ្ឋ​ទាមទារ​បាន​ទៅ​លើ​ក្រុមហ៊ុន នោះ​ពួក​គាត់​នឹង​មិន​មាន​អ្វី​ជា​ទីពឹង​ឡើយ។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា មាន​ប្រសាសន៍​ថា តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​គ្រាន់​តែ​ជា​អ្នក​ពាំនាំ​នូវ​សំណើ​ក្នុង​កិច្ច​ប្រជុំ ទៅ​ប្រាប់​ថ្នាក់​ដឹក​នាំ​របស់​ខ្លួន ហើយ​យល់​ព្រម​យ៉ាង​ណា​នោះ នឹង​សម្រេច​នៅ​សប្ដាហ៍​ក្រោយ។ យ៉ាង​ណា លោក​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត គឺ​ជា​អ្នក​សម្រប​សម្រួល​គ្មាន​សិទ្ធិ​សម្រេច​ទេ គ្រាន់​តែ​ពិនិត្យ​មើល​បញ្ហា ហើយ​រាយការណ៍​ទៅ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ៖ «ឥឡូវ​យើង​កំពុង​ពិភាក្សា​គ្នា ដើម្បី​ចាប់​ផ្តើម​រក​ចំណុច​និយាយ​គ្នា។ យើង​អត់​ទាន់​ថា​តើ​ជ្រើស​រើស​យក​ចំណុច​ណា​មួយ​ទេ។ ការ​ទាមទារ​របស់​បង​ប្អូន ប្រជាពលរដ្ឋ​នៅ​តែ​ជា​ការ​ទាមទារ​ដដែល។ ប៉ុន្តែ​យើង​នឹង​ពិភាក្សា​ជាមួយ​គាត់​បន្ត​ទៀត បន្តិច​ម្តងៗ​រក​ដំណោះស្រាយ​អ្វី​ដែល​ជា​គន្លឹះ​ដ៏​ល្អ​សម្រាប់​ទាំង​ប្រជាពលរដ្ឋ និង​ទាំង​ក្រុមហ៊ុន»

កន្លង​មក ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នង​ក្រពើ​លិច និង​ខ្នង​ក្រពើ​កើត ក្នុង​ឃុំ​ត្រមូង បាន​ផ្ញើ​លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា ដោយ​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់​របស់​ពលរដ្ឋ ៥២៤​គ្រួសារ លើ​ទំហំ​ដី​ជាង ២០​ហិកតារ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​៥ និង​ទី​៨ សីហា លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​លិខិត​របស់​រដ្ឋសភា និង​លិខិត​របស់​ព្រឹទ្ធសភា ផ្ញើ​ជូន​អភិបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ឲ្យ​ពិនិត្យ និង​ជួយ​ដោះស្រាយ។

យ៉ាង​ណា​ក៏ដោយ លោក ហាក់ សុខមករា ថា អាជ្ញាធរ​ខេត្ត​កំពុង​តែ​ខិតខំ​ធ្វើ​ការងារ​នេះ ហើយ​បាន​លទ្ធផល​យ៉ាង​ណា​នោះ នឹង​រាយការណ៍​ត្រឡប់​ទៅ​តាម​អ្វី​ដែល​កំណត់​ក្នុង​លិខិត​ទាំង​ពីរ​នោះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត ធ្លាប់​មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​នេះ គឺ​អាជ្ញាធរ​ខេត្ត និង​ស្រុក ពិបាក​ដោះស្រាយ​ណាស់ ពីព្រោះ​អ្នក​មក​យក​ដី​ពលរដ្ឋ គឺ​មាន​អំណាច​ធំ​ជាង​អាជ្ញាធរ​ទាំង​នោះ។ ដូច​នេះ លោក​ថា​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ទេ ដែល​អាច​សម្រេច​លើ​រឿង​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។