ប្រជាពលរដ្ឋប្រមាណ ៥០នាក់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាំគ្នារង់ចាំមើលការចុះអនុវត្តច្បាប់របស់អាជ្ញាធរ និងតុលាការ ជុំវិញបញ្ហាដីធ្លីពលរដ្ឋមួយគ្រួសារ។ ពួកគេរង់ចាំរហូតដល់ល្ងាចថ្ងៃទី២២ សីហា ប៉ុន្តែមិនឃើញក្រុមអាជ្ញាធរ ដើមបណ្ដឹង ឬមន្ត្រីតុលាការ ចុះអនុវត្តរុះរើផ្ទះ និងដំណាំរបស់ពលរដ្ឋមួយគ្រួសារនៅភូមិស្រែកក់ ឃុំត្រពាំងព្រីង នោះទេ។
ការចុះអនុវត្តច្បាប់របស់អាជ្ញាធរតាមថ្ងៃកំណត់នោះ គឺធ្វើឡើងបន្ទាប់ពីតុលាការខេត្តកំពង់ចាម ដាក់ឱសានវាទតាំងពីថ្ងៃទី២២ កក្កដា តម្រូវឲ្យពលរដ្ឋមួយគ្រួសាររុះរើផ្ទះ និងផលដំណាំចេញដោយខ្លួនឯង ត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ បើមិនដូច្នេះ អាជ្ញាធរនឹងដាក់កម្លាំងរុះរើតែម្តង។
ពលរដ្ឋនៅភូមិស្រែកក់ អ្នកស្រី ខេង រ៉ុន មានប្រសាសន៍ថា គ្រួសារអ្នកស្រីមិនព្រមរុះរើផ្ទះ ឬដំណាំចេញពីដីជាង ១ហិកតាររបស់ខ្លួនឡើយ ដោយអះអាងថា ដីនោះអ្នកស្រីរុករានសម្រាប់រស់នៅ និងដាំដំណាំគ្រាន់ចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រោយមក ឧកញ៉ា ឆាយ ជ្រាយ គឺចង់បានដីនោះធ្វើជាសម្បត្តិផ្ទាល់ខ្លួន ព្រោះស្ថិតនៅជាប់ដីរបស់ខ្លួន។ ទន្ទឹមនឹងដីមានជម្លោះនេះ គឺជាដីរបស់សហគមន៍។ អ្នកស្រីបន្តថា ដោយសារគ្រួសារអ្នកស្រីមិនមានដីសម្រាប់រស់នៅ ទើបគាត់ទៅរុករានដីព្រៃសហគមន៍ ប៉ុន្តែអ្នកស្រីថា ប្រសិនតុលាការ ឬអាជ្ញាធរតម្រូវឲ្យរក្សាទុកដីនោះជាសម្បត្តិរដ្ឋ អ្នកស្រីសុខចិត្តប្រគល់ជូន តែបើប្រគល់ជាសម្បត្តិឯកជន គឺអ្នកស្រីមិនព្រមជាដាច់ខាត៖ «ធ្វើបាបតែខ្ញុំហ្នឹង បីឆ្នាំមកហើយខ្ញុំមិនឲ្យ។ គេឲ្យលុយខ្ញុំប្រាំពាន់ខ្ញុំមិនយក ឲ្យបួនពាន់ខ្ញុំមិនព្រម»។
យ៉ាងណាកាលពីថ្ងៃទី២២ កក្កដា តុលាការបានចេញលិខិតកំណត់ហេតុមួយ ដោយតម្រូវឲ្យគ្រួសារ អ្នកស្រី ខេង រ៉ុន ប្រគល់ដីជាង ១ហិកតារដែលខ្លួនកំពុងកាន់កាប់ទៅឲ្យ ឧកញ៉ា ឆាយ ជ្រាយ ដោយរកឃើញថា ដីនោះជាកម្មសិទ្ធិរបស់ឧកញ៉ារូបនេះ។
យ៉ាងណា តំណាងប្រជាសហគមន៍ឃុំត្រពាំងព្រីង លោក ឈិន យ៉ុង មានប្រសាសន៍ថា ការសម្រេចប្រគល់ដីនោះឲ្យទៅឧកញ៉ា គឺជារឿងមិនត្រឹមត្រូវឡើយ ព្រោះវាគឺជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋទាំងអស់នៅឃុំត្រពាំងព្រីង ហើយដីនោះគឺកំពុងមានភាពចម្រូងចម្រាសនាពេលបច្ចុប្បន្ន។ លើសពីនេះទៀត កន្លងទៅប្រជាសហគមន៍ឃុំត្រពាំងព្រីង ក៏បានដាក់ពាក្យប្ដឹងមនុស្សមួយចំនួនជាអ្នកមានអំណាច និងមានប្រាក់ ពីបទបំផ្លិចបំផ្លាញដីព្រៃសហគមន៍ប្រមាណ ៥ពាន់ហិកតារ។ ក្នុងនោះ ក៏មានឈ្មោះ លោក ឆាយ ជ្រាយ ដែរ ប៉ុន្តែពាក្យបណ្ដឹងរបស់ពលរដ្ឋដាក់ទៅតុលាការតាំងពីខែមេសា គឺនៅមិនទាន់មានចំណាត់ការនៅឡើយមកទល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
