ពលរដ្ឋ​១០​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​ថា​មិន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួក​គាត់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រធាតុ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ភូមិ ១០​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ទាហាន​កង​វិស្វកម្ម​ឡើយ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នោះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​គ្រប់​ថ្នាក់ ប៉ុន្តែ​បញ្ហា​របស់​ពលរដ្ឋ​នៅ​តែ​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដដែល។

ប្រជាពលរដ្ឋ គ្រោង​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ក្រសួង​ការពារ​ជាតិ បន្ថែម​ទៀត ប្រសិន​បើ​បញ្ហា​ដីធ្លី​របស់​ពួក​គេ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ និង​ស្រុក​ជាច្រើន​លើក ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប។

ពលរដ្ឋ​នៅ​ភូមិ​ប្រធាតុ លោក យន់ សុភាព ឲ្យ​ដឹង​ថា ដី​ជាង ៣​ហិកតារ (៣,៨០​ហិកតារ) គឺ​ប្រជាពលរដ្ឋ ១០​គ្រួសារ បាន​កាន់​កាប់​តាំង​ពី​ក្រោយ​សម័យ​ខ្មែរ​ក្រហម ប៉ុន្តែ​ក្រោយ​មក ក៏​មាន​ក្រុម​ទាហាន​មក​សុំ​កន្លែង​តាំង​បន្ទាយ​បណ្ដោះអាសន្ន​កាល​ពី​ឆ្នាំ​១៩៩៧។ លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​តាំង​បន្ទាយ​រួច ទាហាន​នៅ​ទីនោះ​ក៏​មាន​បំណង​ចង់​បាន​ដី​របស់​អ្នក​ស្រុក​តែ​ម្តង ពីព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ ពួក​គេ​បាន​វាស់វែង​ដី​ពួក​គាត់​ចែក​គ្នា ហើយ​ថែម​ទាំង​ធ្វើ​ផ្ទះ​នៅ​ចំណុច​ដី​ជម្លោះ​ទៀត​ផង៖ «ដាក់​ស្រុក​ទៅ​បាត់ ដាក់​ដល់​កង​ពល​ទៅ​បាត់។ ដាក់​បាត់ៗ អត់​មាន​ឮ​អី​ទេ​លោកគ្រូ»

ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ១០​គ្រួសារ​ជាមួយ​ទាហាន បញ្ជាការ​កង​វិស្វកម្ម​តំបន់​ភូមិ​ភាគ​២ គឺ​កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤ ក្រោយ​ពេល​ដី​តំបន់​នោះ​ឡើង​ថ្លៃ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​កង​វិស្វកម្ម​តំបន់​ភូមិ​ភាគ​២ លោក នង សុផល ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ធ្នូ។

ពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី សៀង នួន និយាយ​ថា អ្នកស្រី​ចង់​បាន​ដី​តំបន់​នោះ​ដើម្បី​គ្រប់គ្រង​ដូច​ដើម​វិញ ពីព្រោះ​អ្នកស្រី​អះអាង​ថា ពួក​គាត់​មាន​លិខិត​កាន់​កាប់​ត្រឹមត្រូវ៖ «កាល​ណា​ខ្ញុំ​ចូល​ទៅ និយាយ​ទៅ ថា​ទៅ គេ​ថា​កុំ​ឲ្យ​ចូល​ដី​គាត់ ប៉ុន្តែ​ខ្ញុំ​សុទ្ធ​មាន​ប្លង់​កាន់​កាប់​គ្រប់​គ្នា»

ជុំវិញ​បញ្ហា​នេះ មេ​ឃុំ​ស្រឡប់ លោក ស៊ាប សុជាតិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​ករណី​នេះ វា​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ឃុំ ទើប​ខាង​លោក​បាន​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​ទៅ​អាជ្ញាធរ​ស្រុក​បន្ត​ទៀត៖ «ហើយ​ខ្ញុំ​ថា ឥឡូវ​ទំហំ​ធំ​ណាស់ ខ្ញុំ​មិន​អាច​ដោះស្រាយ​បាន។ ខ្ញុំ​រុញ​រឿង​ហ្នឹង​ទៅ​ស្រុក ទៅ​ធ្វើ​ពាក្យ​បណ្ដឹង​ពាក្យ​អី​ទៅ»

លោក​បញ្ជាក់​ថា ក្រោយ​ពេល​ទាហាន​ទៅ​តាំង​បន្ទាយ​នៅ​តំបន់​នោះ ប្រជាពលរដ្ឋ​មិន​បាន​តវ៉ា​ទេ ទើប​តែ​គម្រោង​ធ្វើ​សាលា​ខេត្ត​ត្បូងឃ្មុំ ចេញ ទើប​ពួក​គាត់​នាំ​គ្នា​ទាមទារ​គ្រប់គ្រង​ឡើង​វិញ។ យ៉ាង​ណា​លោក​បន្ថែម​ថា លោក​ធ្លាប់​ទៅ​ជជែក​ជាមួយ​មេ​ទាហាន​កង​វិស្វកម្ម។ ពួក​គេ​បញ្ជាក់​ថា នឹង​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​វិញ ប្រសិន​ថ្នាក់​លើ​អាច​ដោះស្រាយ​ជូន​ទាហាន​ទាំង​នោះ ឬ​តម្រូវ​ឲ្យ​ពួក​គេ​ទៅ​រស់នៅ​តំបន់​ផ្សេង។

បន្ថែម​ពី​នេះ អភិបាល​ស្រុក​ត្បូងឃ្មុំ លោក កេង ប៊ុណ្ណា មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ទាហាន គឺ​ស្មុគស្មាញ​បន្តិច ដែល​ទាមទារ​ពេលវេលា​ក្នុង​ការ​ដោះស្រាយ ពីព្រោះ​ឯកសារ​កាន់​កាប់​ដីធ្លី​កន្លង​មក​របស់​ប្រជាពលរដ្ឋ គឺ​មាន​ភាព​មិន​ប្រក្រតី។ ម្យ៉ាង​ទៀត ពលរដ្ឋ​ក៏​មិន​មាន​លិខិត​កិច្ចសន្យា​ណា​មួយ​បញ្ជាក់​ថា ទាហាន​បាន​ខ្ចី​ដី​ពួក​គាត់​ធ្វើ​បន្ទាយ ជាដើម៖ «គ្រាន់​តែ​ថា​អ៊ីចេះ​ទៅ ខ្ញុំ​នឹង​ដោះស្រាយ​ជូន​ពួក​គាត់​ដដែល​ទេ​ណា»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ លើក​ឡើង​ថា ប្រសិន​បើ​គិត​ពី​ប្រវត្តិ​ដី គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​មាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់​ជាង​ទាហាន ពីព្រោះ​ពួក​គាត់​បាន​គ្រប់គ្រង​ដី​តំបន់​នោះ​មុន​ពេល​ទាហាន​ចូល​មក​ដល់។ លោក​ថា រឿង​នេះ អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ​ពេលវេលា​ថែម​ទៀត​ទេ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ទាំង​នោះ។ លោក​បញ្ជាក់​ថា ជំហាន​បន្ត ពលរដ្ឋ​អាច​ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ និង​ស្ថាប័ន​តុលាការ ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​ចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។