ពលរដ្ឋនៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបារម្ភខ្លាចបាត់បង់ដីធ្លី នៅពេលដែលបុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ចុះវាស់វែងដីលំនៅឋានរបស់ពួកគាត់យ៉ាងស្ងាត់ៗ។ ពួកគាត់យល់ថា ការវាស់វែង អាចជាល្បិចដើម្បីរកលេសបណ្ដេញពួកគាត់ចេញពីលំនៅឋាន។
យ៉ាងណា អាជ្ញាធរបញ្ជាក់ថា ការវាស់វែងនោះអាចជារឿងបច្ចេកទេសរបស់ក្រុមហ៊ុន ប៉ុន្តែមិនអាចធ្វើប្លង់ណាមួយដោយខ្លួនឯងបានឡើយ ពីព្រោះដីទាំងនោះជាដីមានជម្លោះ។
ការបារម្ភនេះ បន្ទាប់ពីក្រុមហ៊ុនចម្ការកៅស៊ូមេមត់បញ្ជូនមនុស្សចំនួន ៦នាក់ ឲ្យចុះទៅវាស់វែងដីលំនៅឋានរបស់ពលរដ្ឋដែលមានជម្លោះដីធ្លីទាំងពីរភូមិ គឺភូមិខ្នងក្រពើលិច និងខ្នងក្រពើកើត ក្នុងឃុំត្រមូង ដោយមិនឲ្យអាជ្ញាធរ ឬពលរដ្ឋនៅក្នុងភូមិបានដឹងឡើយ កាលពីថ្ងៃទី២៥ ធ្នូ។ ពលរដ្ឋប្រតិកម្មភ្លាមៗ ហើយក៏ពិភាក្សាគ្នានៅថ្ងៃទី២៦ ធ្នូ បន្ថែមទៀត ដើម្បីត្រៀមនឹងធ្វើលិខិតបដិសេធពុំព្រមទទួលយកនូវទង្វើរបស់ក្រុមហ៊ុនពេលនេះឡើយ។
ពលរដ្ឋនៅភូមិខ្នងក្រពើលិច អ្នកស្រី ស៊ុត ម៉ានីន ឲ្យដឹងថា ពលរដ្ឋចាប់ផ្ដើមប្រតិកម្មភ្លាមៗបន្ទាប់ពីពួកគាត់មិនទុកចិត្តចំពោះសកម្មភាពរបស់បុគ្គលិកក្រុមហ៊ុន ដែលចុះមកវាស់វែងដីមានជម្លោះដោយលួចលាក់។ អ្នកស្រីបន្តថា ខាងក្រុមហ៊ុនពុំមែនមានចេតនាមកវាស់ដីផ្លូវដូចការអះអាងរបស់បុគ្គលិកខ្លួននោះទេ ប៉ុន្តែគឺវាស់ដើម្បីត្រៀមនឹងធ្វើប្លង់កម្មសិទ្ធិនៅលើដីមានវិវាទប៉ុណ្ណោះ៖ «ចំពោះខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋនៅខ្នងក្រពើលិចកើត ផ្សារថ្មី មានអារម្មណ៍ថាភ័យខ្លាចណាស់ សុខៗគេមកវាស់អត់មានប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងឮអាជ្ញាធរទាំងអស់»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត អ្នកស្រី លីម ស្រីលក្ខណ៍ យល់ថា សកម្មភាពរបស់ក្រុមហ៊ុនពេលនេះ ធ្វើឲ្យពលរដ្ឋបារម្ភថានឹងអាចវាស់វែងរួច ហើយលួចធ្វើប្លង់កម្មសិទ្ធិមួយដោយឯកតោភាគី ហើយយកលេសថាពលរដ្ឋទាំងអស់ដែលកំពុងតវ៉ា គឺរស់នៅលើដីរបស់ក្រុមហ៊ុន ក្រោយមកក៏បណ្ដេញពួកគាត់ចេញតែម្តង។ អ្នកស្រីថា ទង្វើនេះ គឺជារឿងមិនស្របច្បាប់ ហើយពលរដ្ឋក៏មិនអាចទទួលយកបានឡើយ៖ «ខ្លាចគាត់ធ្វើប្លង់ពីលើពួកខ្ញុំ។ ដូចកាលពីថ្ងៃទី១៨ អាចពួកគាត់ចោទពួកខ្ញុំថាមានការព្រមព្រៀងជាមួយក្រុមហ៊ុន តែពួកខ្ញុំអត់មានទេ»។
យ៉ាងណា បុគ្គលិកដែលក្រុមហ៊ុនជួលមកឲ្យវាស់វែងដីនោះ បញ្ជាក់នៅក្នុងវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយពលរដ្ឋមានជម្លោះដីធ្លីថា ក្រុមខ្លួនចុះមកវាស់វែងគឺគ្រាន់តែបញ្ជាក់នៅលើអ្វីដែលមានស្រាប់ ពិសេសគ្រាន់តែស្រង់ទិន្នន័យផ្លូវតែប៉ុណ្ណោះ។
ដោយឡែកមេឃុំត្រមូង លោក វិញ នី មានប្រសាសន៍ថា ការចុះវាស់វែងយ៉ាងណានោះ គឺជាការងារបច្ចេកទេសរបស់ក្រុមហ៊ុន ដោយមិនបានប្រាប់អាជ្ញាធរឲ្យបានដឹងឮទេ។ លោកបន្តថា អាជ្ញាធរក៏ទាមទារឲ្យខាងក្រុមហ៊ុនបញ្ជាក់ពីមូលហេតុនេះឲ្យបានច្បាស់លាស់ ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជូនរបាយការណ៍របស់ខ្លួនមកខាងលោក។ តែយ៉ាងណាលោកថា ការវាស់វែង គឺមិនអាចប៉ះពាល់ដល់ពលរដ្ឋទេ ហើយក៏មិនអាចឈានទៅធ្វើប្លង់កម្មសិទ្ធិ ដោយគ្មានការចូលរួមពីអាជ្ញាធរបានដែរ៖ «ការងារគ្រាន់តែវាស់វែងអ៊ីចឹងៗ វាមានទៅប៉ះពាល់អី! អាហ្នឹងការយល់ឃើញរបស់ខ្ញុំ ពីព្រោះអត់មានអាជ្ញាធរណាចូលរួម អត់មានអាជ្ញាធរណាទៅស៊ីញេធ្វើប្លង់ទៅជាដីក្រុមហ៊ុនបានឯណា»។
វិវាទដីធ្លីរវាងពលរដ្ឋទាំងពីរភូមិនៅលើទំហំដីជាង ២០ហិកតារ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ កើតឡើងតាំងពីឆ្នាំ២០០៨ បន្ទាប់ពីក្រុមហ៊ុនរបស់រដ្ឋមួយនេះ បានបង្វែរមកជាកម្មសិទ្ធិក្រុមហ៊ុនឯកជន ហើយក៏តម្រូវឲ្យពលរដ្ឋទាំងនោះទទួលយកសំណងទៅរស់នៅកន្លែងផ្សេង ប៉ុន្តែមានពលរដ្ឋតិចណាស់ព្រមទទួលយកសំណងនោះ។ ដោយឡែកពលរដ្ឋ ៥២៤គ្រួសារ មិនព្រមចាកចេញទេ ពីព្រោះពួកគាត់យល់ថា ការទៅរស់នៅកន្លែងថ្មី គឺប្រៀបដូចចាប់ផ្ដើមជីវិតពីចំណុចសូន្យ។ ម្យ៉ាងទៀត ដោយយោងលើហេតុផលនៃច្បាប់ គឺពួកគាត់រស់នៅស្របតាមច្បាប់ភូមិបាល។ ពលរដ្ឋនាំគ្នាទាមទារឲ្យរាជរដ្ឋាភិបាល សម្រេចផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ជាច្រើនលើកច្រើនសា ហើយទាមទាររហូតដល់ស្ថាប័នធំៗរបស់ជាតិទៀតផង។ ជាក់ស្ដែងកាលពីខែសីហា លិខិតពីរដាច់ដោយឡែកពីគ្នា គឺចេញពីស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា តម្រូវឲ្យអភិបាលខេត្តត្បូងឃ្មុំ ពិនិត្យ និងជួយដោះស្រាយលើបញ្ហានេះយ៉ាងណាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ពលរដ្ឋទាំងនោះមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
