សហគមន៍​ថ្មគោល​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​មុន​បោះឆ្នោត

0:00 / 0:00

ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​នានា​កំពុង​តែ​មមាញឹក​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ បញ្ហា​វិវាទ​ដីធ្លី​ក៏​ចាត់​ទុក​ជា​បញ្ហា​ក្ដៅ​មិន​ចាញ់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ដែរ។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី៤ កក្កដា ឆ្នាំ​២០១៣ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ថ្មគោល បាន​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​អាជ្ញាធរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

តើ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ដែរ?

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​ពិភាក្សា​ផ្ដោត​ទៅ​លើ​ចំណុច​សំខាន់ៗ​រួម​មាន ទី១ ពលរដ្ឋ​ស្នើសុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​តម្លាភាព និង​ផ្ដល់​សំណង​ទៅ​តាម​ទីផ្សារ​សេរី។ ទី២ តំណាង​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់។ ពោល គឺ​ឲ្យ​ទទួល​បាន​ជា​ផ្លែផ្កា​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​សភា​តំណាង​រាស្ត្រ​នីតិកាល​ទី៥។

តំណាង​អ្នក​ភូមិ​សហគមន៍​ថ្មគោល គឺ​អ្នកស្រី ច្រាយ នីម បាន​ថ្លែង​ក្នុង​អង្គ​ប្រជុំ​នៅ​ថ្ងៃ​ទី៤ កក្កដា ដោយ​អ្នកស្រី​បាន​លើក​សំណើ​ទៅ​អាជ្ញាធរ​នូវ​លក្ខខណ្ឌ​ចំនួន​២ រួម​មាន ទី១ សុំ​បន្ត​រស់នៅ​កន្លែង​ដើម និង​មាន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ផង។ និង​ទី២ បើ​មាន​ការ​ដោះដូរ ក៏​សុំ​ឲ្យ​នៅ​ក្បែរ​កន្លែង​ចាស់ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ដូច​គ្នា។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ប៊ុន រដ្ឋា ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​ថា ការ​សម្រេច​ចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួក​គាត់ ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ​សណ្ដាប់ធ្នាប់​អាកាស​យានដ្ឋាន​ឲ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ លោក​ថា អាជ្ញាធរ​តែង​គិត​ពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង និង​សន្យា​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប​បំផុត។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជម្លោះ​ដីធ្លី​សមាគម​អាដហុក (Adhoc) លោក យី សុខសាន្ត ថ្លែង​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ហាក់​មាន​ភាព​យឺតយ៉ាវ ហើយ​ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​បង្កើត​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ច្បាស់​នោះ លោក​ថា បញ្ហា​នេះ​អាច​នឹង​អូស​បន្លាយ​យូរ​អង្វែង​ទៅ​មុខ​ទៀត​ជាក់​ជា​មិន​ខាន។

កិច្ច​ប្រជុំ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ប្រព្រឹត្ត​ទៅ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​ប្រធាន​អាកាសចរ​អន្តរជាតិ​ភ្នំពេញ និង​មន្ត្រី​អាកាសចរ​អន្តរជាតិ​ភ្នំពេញ​មួយ​ចំនួន ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​អ្នក​ភូមិ​ថ្មគោល។ ក្រោយ​កិច្ច​ប្រជុំ​ចំណាយ​រយៈពេល​ជាង ២​ម៉ោង​មក​នោះ ភាគី​អាជ្ញាធរ​សន្យា​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ឲ្យ​សមស្រប​តាម​សំណើ​របស់​ប្រជាពលរដ្ឋ និង​នាំ​បញ្ហា​ដាក់​ជូន​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​នៃ​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​កម្ពុជា ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ឆាប់។

ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​សហគមន៍​ថ្មគោល​ភ្នំពេញ នៅ​តែ​មាន​ក្ដី​កង្វល់​លើ​ការ​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។