ប្រជាពលរដ្ឋរស់នៅសហគមន៍៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចំនួន ១៤គ្រួសារ ជំទាស់នឹងប្លង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគូសយកភូមិលេខ៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៤៧ ដោយចោទថា ប្រជាពលរដ្ឋនោះរស់នៅលើទ្រូងផ្លូវ។
លោក បញ្ញា ពៅ ពលរដ្ឋភូមិលេខ៣ ថ្លែងនៅរសៀលថ្ងៃទី២៤ ខែមេសា ថា អ្នកភូមិបានរងគ្រោះក្រោមការអភិវឌ្ឍ ដែលទើបកើតឡើងក្រោយប្រជាពលរដ្ឋតាំងលំនៅ។ លោកថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណ្ឌទួលគោក ឈ្មោះ អំ ប៊ុនលី បានគូសយកភូមិនេះទាំងមូល ដើម្បីពង្រីកផ្លូវលេខ៣៤៧ ពីទទឹង ១០ម៉ែត្រ ទៅ ៣០ម៉ែត្រ។
លោកបន្តថា ប្រជាពលរដ្ឋភ័យខ្លាចការបង្ខំបណ្ដេញចេញដោយមានសំណងតិចតួច ទើបនាំគ្នារៀបចំបដិសេធចំពោះប្លង់គូសរួចនោះ៖ «ផ្លូវដែលយើងធ្វើចរាចរណ៍រាល់ថ្ងៃនេះ គឺទទឹង ១០ម៉ែត្ររួចទៅហើយ។ ប៉ុន្តែធាតុពិត នៅក្នុងគំនូសប្លង់បង្ហាញទីតាំងដែលគាត់បញ្ជូនទៅគ្រប់កន្លែង គឺគាត់ថាផ្ទះរបស់ប្រជាពលរដ្ឋ គឺនៅទ្រូងផ្លូវបិទជិត មិនអាចធ្វើចរាចរណ៍បាន។ អីចឹង ពួកខ្ញុំសុំធ្វើសន្និសីទកាសែត ដើម្បីបដិសេធទៅលើគំនូសប្លង់បង្ហាញទីតាំងហ្នឹង»។
លោកស្រី វ៉ិត សាវ៉ាង ថ្លែងថា គាត់កើតឡើង និងរស់នៅក្នុងភូមិលេខ៣ តាំងពីឆ្នាំ១៩៨៣ មក។ ទើបតែនៅឆ្នាំ២០០៧ មានប្លង់គូសយកភូមិ និងផ្ទះគាត់ ដាក់ថានៅលើទ្រូងផ្លូវលេខ៣៤៧ ទៅវិញ។ គាត់សុំឲ្យរដ្ឋាភិបាលផ្តល់សំណងតាមតម្លៃទីផ្សារសេរី ប្រសិនបើចង់បណ្ដេញគាត់ចេញពីផ្ទះនោះ៖ «គេថាយើងនៅលើទ្រូងផ្លូវ ហើយនៅលើចិញ្ចើមថ្នល់ ហើយនៅលើប៉ះពាល់ដីរដ្ឋ។ ជាក់ស្តែង ពីមុនពួកខ្ញុំនៅហ្នឹងអត់មានថ្នល់ ពួកខ្ញុំរ៉ៃលុយគ្នាបន្តិចបន្តួចធ្វើផ្លូវធ្វើអី។ កាលពីមុន ម្តុំនេះសុទ្ធតែលូ សុទ្ធតែសំរាម និងគំនរសំរាមទាំងអស់។ ហើយដល់រដ្ឋចង់បានពង្រីកផ្លូវហ្នឹង ពួកខ្ញុំក៏អត់មានថាចង់ប្រឆាំងដែរ គ្រាន់តែថាសុំសំណងសមស្របមក របស់ខ្ញុំតែប៉ុណ្ណឹងទេ ខ្ញុំមិនត្រូវការអីឡើយ»។
លោកស្រី ឯក ម៉ាលីនណា ថ្លែងដែរថា ពលរដ្ឋក្រោយពីបានឃើញប្លង់គូសយកភូមិលេខ៣ ដាក់ចូលចំណីផ្លូវ អ្នកភូមិបារម្ភខ្លាចមានការបណ្ដេញចេញ ទើបនាំគ្នាតវ៉ាប្លង់នោះ ព្រោះកន្លងមក អ្នកភូមិនៅខាងកើតផ្លូវនេះ បានចាកចេញដោយទទួលសំណងតែប្រាក់ ៣លានរៀលប៉ុណ្ណោះ។ បន្ទាប់ពីបណ្ដេញអ្នកភូមិជាង ៤០គ្រួសារ ចេញអស់ហើយ ស្រាប់តែមានគេសង់ឡើងនូវផ្ទះវីឡាស្កឹមស្កៃ។ ហេតុនេះ ពួកគាត់នៅសល់ ១៤គ្រួសារ ភ័យខ្លាចរាជរដ្ឋាភិបាលមិនចុះផ្ទាល់ ហើយមើលតែតាមគំនូសប្លង់ដែលគូសដោយមន្ត្រីខណ្ឌទួលគោក នោះ មកបណ្ដេញគាត់ចេញដោយផ្តល់សំណងមិនសមរម្យ ទើបអ្នកភូមិលើកគ្នាទប់ស្កាត់៖ «ប្រធានភូមិបាលខណ្ឌហ្នឹង គាត់ធ្វើរបាយការណ៍បំភ្លៃការពិតទៅដល់ថ្នាក់លើ ហើយថ្នាក់លើគាត់អត់បានមកមើលពិនិត្យផ្ទាល់ទេ អីចឹងគាត់ចេះតែថាតាមអាជ្ញាធរមូលដ្ឋាន អត់បានមកមើលប្រជាពលរដ្ឋផ្ទាល់នឹងភ្នែក ថាប្រជាពលរដ្ឋហ្នឹងរស់នៅយ៉ាងម៉េចអីយ៉ាងម៉េចទេ។ អីចឹង គាត់យកតាមអាគំនូសប្លង់ហ្នឹង អាចមកឈូសឆាយផ្ទះសម្បែងរបស់ពួកខ្ញុំ»។
ពាក់ព័ន្ធការលើកឡើងនោះ លោក អំ ប៊ុនលី ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណ្ឌទួលគោក បានថ្លែងដោយមិនឲ្យអាត់សំឡេងថា គំនូសប្លង់នេះជាការសម្រេចគូសពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯមន្ត្រីមូលដ្ឋានគ្រាន់តែអ្នកអនុវត្តតាមប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋនឹងធ្វើសន្និសីទកាសែតបន្តទៀត នៅថ្ងៃទី២៥ ខែមេសា ដើម្បីបង្ហាញដល់សាធារណជនបានដឹងអំពីប្លង់ដែលគូសពង្រីកផ្លូវ៣៤៧ ប៉ះពាល់ភូមិ និងផ្ទះគាត់កំពុងរស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
