ពលរដ្ឋរស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានអះអាងថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ដែលដឹកនាំកម្លាំងចុះរុះរើផ្ទះរបស់អ្នកភូមិ បានប្រើអាវុធបាញ់គំរាមដើម្បីរុះរើផ្ទះរបស់ពួកគាត់អស់ចំនួនជាង ១០០ខ្នងទាំងតូចទាំងធំ។
ស្ត្រីអ្នកភូមិម្នាក់ គឺអ្នកស្រី សំ សេរី បានថ្លែងនៅថ្ងៃទី៦ មីនា ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើដងទង់ គឺលោក ប្រាក់ ប៊ុន្នី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ កម្លាំងសមត្ថកិច្ចស្រុក ប្រដាប់ដោយអាវុធបាញ់គំរាមពលរដ្ឋដែលបានរារាំងសុំមិនឲ្យរុះរើផ្ទះ ខ្ទម និងរោងរបស់អ្នកភូមិ ១៣០គ្រួសារនៅលើដីចំនួន ៣៦ហិកតារដែលបានកាប់ឆ្ការតាំងពីឆ្នាំ១៩៩៧ បន្តបន្ទាប់មក។ អ្នកស្រីបន្តថា ការរុះរើនេះ ដោយសំអាងថា ពលរដ្ឋមករស់នៅលើដីកសិកម្មរបស់រដ្ឋ។
អ្នកភូមិដដែលបានបន្តថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ខណ្ឌរដ្ឋបាលព្រៃឈើដងទង់ បានចេញសេចក្ដីជូនដំណឹងមួយឲ្យពលរដ្ឋរុះរើលំនៅឋាន។ ប៉ុន្តែ ៤ថ្ងៃបន្ទាប់ ពួកគាត់បានដាក់លិខិតអន្តរាគមន៍មួយទៅលោក ហ៊ុន ម៉ាណិត ដែលដឹកនាំក្រុមនិស្សិតវាស់វែងដីធ្លីឲ្យផ្ដល់កម្មសិទ្ធិស្របច្បាប់ឲ្យពួកគាត់ ប៉ុន្តែពុំទាន់មានដំណោះស្រាយ។
ឆ្លើយតបបញ្ហានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើដងទង់ លោក ឱម មករី បានថ្លែងថា ការរុះរើនោះគឺយោងទៅលើសាលក្រមពីតុលាការដែលចេញតាំងពីឆ្នាំ២០១០ មក។ លោកថា ជាគោលការណ៍របស់ខេត្ត ពលរដ្ឋមករស់នៅរំលោភលើដីរបស់រដ្ឋ ជាដីដែលមានប្លង់របស់មន្ទីរកសិកម្មដែលប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើដងទង់។

អភិបាលរងក្រុងខេមរភូមិន្ទ លោក ផាន់ កាន់ណារ៉ាត់ មានប្រសាសន៍ថា អាជ្ញាធរពុំមានគោលការណ៍ផ្ដល់គោលនយោបាយជូនពលរដ្ឋនោះទេ។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលបានឃ្លាំមើលករណីនេះមានមតិថា អាជ្ញាធរមានវិធានការរុះរើបន្ទាប់ពីបានឃើញពលរដ្ឋមួយចំនួនបានសង់សំណង់ថ្មី បន្ទាប់ពីបានដាក់លិខិតទៅលោក ហ៊ុន ម៉ាណិត ដែលដឹកនាំក្រុមនិស្សិតវាស់វែងដីឲ្យជួយអន្តរាគមន៍។ តែទោះជាយ៉ាងណា លោកថា សកម្មភាពរុះរើនេះគឺជាការរំលោភសិទ្ធិមនុស្ស។
អ្នកភូមិបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមីនា កម្លាំងរុះរើផ្ទះរបស់ពួកគាត់ដែលដឹកនាំដោយនាយខណ្ឌរដ្ឋបាលព្រៃឈើដងទង់ លោក ឱម មករី បានឃាត់ខ្លួនបុរសអ្នកភូមិម្នាក់ឈ្មោះ ឡឹក សុផៃ អាយុ ៤៧ឆ្នាំ ដែលបានព្យាយាមរារាំងមិនឲ្យរុះរើផ្ទះរបស់គាត់ដែលមានកូនតូចៗចំនួន ១០នាក់ ប៉ុន្តែបានដោះលែងមកវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាឈប់តវ៉ា។
ទាក់ទងបញ្ហានេះ មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា នៅរសៀលថ្ងៃដដែល មានមនុស្សចាស់ និងកូនក្មេងប្រមាណជាង ១០០នាក់កំពុងគ្មានជម្រក បន្ទាប់ពីអាជ្ញាធរបានរុះរើផ្ទះរបស់អ្នកភូមិរួចមក ហើយសកម្មភាពរុះរើនេះ អាចនឹងបន្តនៅថ្ងៃបន្ទាប់ទៀត៕
