តំណាងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជិត ១០០គ្រួសារ បានដាក់ពាក្យបណ្ដឹងមកសមាគមអាដហុក (Adhoc) ខេត្តក្រចេះ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុន យូប៊ីអ៊ី ឌីវេឡុបមែន (UBE Development) ដែលកំពុងវិនិយោគធ្វើសួនឧស្សាហកម្មនិងពាណិជ្ជកម្មនៅលើដីចម្ការនិងដីលំនៅឋានរបស់ពួកគាត់។
ប្រជាពលរដ្ឋយល់ថា គម្រោងរបស់ក្រុមហ៊ុន នេះ នឹងអាចធ្វើឱ្យពួកគាត់ប្រឈមនឹងការបាត់បង់ដីលំនៅឋាន និងដីចម្ការជាក់ជាមិនខានឡើយ។ ចំណែកអាជ្ញាធរបញ្ជាក់ថា កំពុងធ្វើការពិនិត្យភាពជាក់ស្ដែងដើម្បីធ្វើការដោះស្រាយជាបន្តបន្ទាប់។
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីលំនៅឋានរបស់ខ្លួន បន្ទាប់ក្រុមអាជ្ញាធរខេត្តបានដាក់កម្លាំងជាច្រើននាក់ ហើយធ្វើការវាស់វែងលើដីដំណាំនិងដីលំនៅឋានរបស់ពួកគាត់ដោយឯកតោភាគី និងបានបិទប្រកាសហាមឃាត់នៅតាមផ្ទះរបស់ប្រជាពលរដ្ឋមិនឱ្យពួកគាត់រំខានដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន យូប៊ីអ៊ី ឌីវេឡប់មែន យូប៊ីអ៊ី ឌីវេឡុបមែន ទៀតផង។ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ក្រុមហ៊ុន យូប៊ីអ៊ី គឺបែងចែកជាពីរចំណុចគឺចំណុចអេ (A) និងចំណុចប៊ី (B)។ ប្រជាពលរដ្ឋប្រមាណជា ១០០គ្រួសារនៅចំណុចអេ និងជាច្រើនរយគ្រួសារទៀតនៅចំណុចប៊ី ដែលមានផ្ទៃដីជាច្រើនរយហិកតារ កំពុងប្រឈមមុខនឹងបាត់បង់ដីមិនខាន ប្រសិនបើអាជ្ញាធរមិនដោះស្រាយបញ្ហាជូនពួកគាត់ទេនោះ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ អ្នកស្រី ស្រេង គឹមអេង មានប្រសាសន៍ថា អ្នកស្រីបានកាន់ដីដែលកំពុងមានបញ្ហាជាមួយគម្រោងអភិវឌ្ឍន៍សួនឧស្សាហ៍កម្មរបស់ក្រុមហ៊ុន យូប៊ីអ៊ី តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ អ្នកស្រីបន្តថា អ្នកស្រីបានដាំដំណាំលើដីនោះ ជាហូរហែរួមមានដំឡូង ស្វាយចន្ទី និងចុងក្រោយកៅស៊ូជាដើម។
អ្នកស្រីបន្ថែមថា ចាប់ពីឆ្នាំ២០០៦ មកអាជ្ញាធរខេត្តចុះសិក្សាផ្ទៃដីតំបន់នោះ ដើម្បីរៀបចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ហើយរហូតដល់ឆ្នាំ២០០៨ ចាប់ផ្ដើមបោះបង្គោលកំណត់ជាហូរហែ ទាំងដែលប្រជាពលរដ្ឋបានកាន់កាប់មុនទៅហើយនោះ។ ប្រភពដដែលបន្តថា នៅឆ្នាំ២០១២ អាជ្ញាធរបានជួលដីនោះឱ្យក្រុមហ៊ុន ហើយនៅខែកក្កដា ២០១៤ ក្រុមអាជ្ញាធរខេត្តបានដាក់កម្លាំងចម្រុះជាច្រើននាក់ ហើយក៏បានវាស់វែងដោយឯកតោភាគី និងធ្វើការឈូសឆាយជីកប្រឡាយ និងបោះបង្គោលជាថ្មីទៀតលើដីចម្ការកៅស៊ូរបស់គាត់ និងប្រជាពលរដ្ឋឯទៀតដែលជិតនឹងទទួលផលទៅហើយ។
អ្នកស្រី ស្រេង គឹមអេង៖ «ចាស! ហើយដីដែលប៉ះពាល់ដល់ប្រជាជន គឺមានចំនួនជាង ៤០០ហិកតារជាង។ តែតំបន់ហ្នុងពេលដែលគាត់ចុះទៅសិក្សាហ្នុង គឺគាត់អត់មានប្រាប់ប្រជាជនថា ឥឡូវដីប្រជាជនមានប៉ុណ្ណេះៗ ហៅប្រជាជនទៅមើលខ្ញុំបានចុចឱ្យគឺគាត់អត់មាននិយាយទេ គឺគាត់ចុះទៅដោយចិត្តឯងតែម្ដង។ ចំពោះដីក៏ដោយដីប្រជាពលរដ្ឋទាំងអស់គ្នាក៏ដោយ»។
ពលរដ្ឋម្នាក់ទៀត លោក ទូច រិទ្ធ សម្តែងការបារម្ភថា ប្រសិនបើអស់ពីដីធ្លីរបស់ខ្លួននៅតំបន់នោះទៅធ្វើឱ្យពួកគាត់ជួបការលំបាកមិនខានឡើយ ហើយក៏មិនដឹងទៅរស់នៅឯណាដែរ៖ «បើអត់ដីកន្លែងហ្នឹង ខ្ញុំក៏មិនដឹងទៅរស់នៅកន្លែងណាដែរ។ បើឈូសឆាយយកអស់រលីងហើយអ៊ីចឹង ឃាត់មិនស្ដាប់អីមិនស្ដាប់អ៊ីចឹង។ សុទ្ធតែអាវុធ សុទ្ធតែកាំភ្លើង ខ្នោះមកព្រោងព្រាតពេញទឹកពេញដី ឃាត់មិនស្ដាប់ ចេះតែកាយយកៗ»។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដីធ្លី លោក ខ័ណ្ឌ ចំណាន មានប្រសាសន៍នៅថ្ងៃទី១៩ សីហា ថា អាជ្ញាធរកំពុងធ្វើការវាស់វែងក្បាលដីដើម្បីឱ្យដឹងចំនួនប្រជាពលរដ្ឋដែលប៉ះពាល់ ហើយនឹងធ្វើការដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែចំពោះមុខ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋដែលបាននាំគ្នាឡើងទៅភ្នំពេញសិន។
លោក ខ័ណ្ឌ ចំណាន៖ «ដោះអាបីរឿងហ្នឹងសិន ព្រោះដំបូងនេះ អ្នកទាំងបីហ្នឹងគឺបានឡើងមកនៅភ្នំពេញនេះហើយ នៅពេលដោះអាហ្នឹងហើយ បានយើងបន្តទៅដោះអើ! ទីតាំងផ្សេងៗទៀត ដូចជាដីតំបន់ឧស្សាហកម្មដែលលើកមិញហ្នឹង»។
លោកបញ្ជាក់ថា ការចុះបញ្ជីជាដីឯកជនរបស់រដ្ឋនោះ គឺធ្វើឡើងកាលឆ្នាំ២០០៧ ដែលមានផ្ទៃដីប្រមាណជិត ១ពាន់ហិកតារ ហើយកន្លងមកអាជ្ញាធរខេត្តក៏បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសាមកហើយជុំវិញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូប៊ីអ៊ីនោះ។ លោកបន្តថា ផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅចំណុចអេ គឺមានប្រមាណជា ២០ភាគរយ ចំណែកចំណុចប៊ី គឺលោកទទួលស្គាល់ថា ផលប៉ះពាល់នឹងមានច្រើន។ រីឯការបោះបង្គោលនិងកាយប្រឡាយរបស់អាជ្ញាធរកាលពីខែកក្កដា គឺដើម្បីកំណត់ព្រំដីឱ្យបានច្បាស់លាស់រវាងពលរដ្ឋនិងតំបន់ដែលត្រូវអភិវឌ្ឍន៍។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនោះគ្រោងនឹងឡើងទៅភ្នំពេញ បន្តទៀត ដោយអះអាងថា ពួកគាត់មិនព្រមចាកចេញពីដីរបស់ខ្លួនទេ ហើយម្យ៉ាងពួកគាត់ក៏មិនព្រមទទួលយកសំណងជាថវិកាពីក្រុមហ៊ុនឬអាជ្ញាធរឡើយ។
ទាក់ទងដីធ្លីនេះដែរ កាលពីថ្ងៃទី១៨ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានក្រុមហ៊ុនវិនិយោគទាំងអស់ឲ្យឈប់រំលោភយកដីពលរដ្ឋ ហើយជំរុញឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងអាជ្ញាធរខេត្តដោះស្រាយជម្លោះដីទាំងនោះ ដោយផ្ដល់អាទិភាពឲ្យពលរដ្ឋមានសិទ្ធិកាន់កាប់វិញ។ លោក ហ៊ុន សែន ថែមទាំងព្រមានដកតំណែងមន្ត្រីទាំងនោះ រួមទាំងអភិបាលខេត្តផង បើនៅក្នុងខេត្តរបស់ខ្លួននៅតែមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនតទៅទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
