ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​តាំង​លំនៅ​ថ្មី​លើ​ដី​ដែល​រដ្ឋ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​LKL

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អិល​ខេ​អិល (LKL Construction) ដក​គ្រឿងចក្រ​ចេញ​ពី​តំបន់​អភិរក្ស​ភ្នំ​ណាមលៀរ ដើម្បី​សហគមន៍​តាំង​ទីលំនៅ​បង្កើត​ជា​ភូមិ​ថ្មី រួម​ទាំង​អភិរក្ស​តំបន់​នោះ​សម្រាប់​វិស័យ​ទេសចរណ៍។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភូមិ​ប៊ូស្រា និង​ភូមិ​ពូទឺត ជាង ១០០​គ្រួសារ នាំ​គ្នា​ទៅ​សង់​រោង​ស្នាក់​នៅ​ក្នុង​ដី​សម្បទាន​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់ និង​ឋិត​នៅ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​ង៉ាន់​ទទឹង ជាប់​នឹង​ប្រទេស​វៀតណាម ក្នុង​គោល​បំណង​រៀបចំ​កន្លែង​នោះ​ជា​ភូមិ​ថ្មី។

អ្នក​តាំង​ទីលំនៅ​ថ្មី​មួយ​រូប គឺ​អ្នកស្រី កប់ លេត នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា រៀបរាប់​ថា តំបន់​នោះ​ជា​កន្លែង​អ្នក​ភូមិ​ធ្លាប់​អភិរក្ស​មុន​ពេល​រដ្ឋាភិបាល​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន។ ម្យ៉ាង​វិញ​ទៀត តំបន់​នោះ​ជា​អតីត​ដី​ស្រែ​អ្នក​ភូមិ​ធ្លាប់​បាន​ដាំ​ដុះ និង​ជា​តំបន់​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍។ ហេតុ​នេះ អ្នក​ភូមិ​សម្រេច​នាំ​គ្នា​មក​រស់នៅ​ជិត​តំបន់​នោះ ហើយ​ធ្វើ​ការ​អភិរក្ស​បន្ត​ទៀត៖ «ចង់​ឲ្យ​ខាង​រាជ​រដ្ឋាភិបាល​ធ្វើ​ម៉េច ទុក​ដី​ហ្នឹង​ជា​ដី​គ្រប់គ្រង​របស់​ប្រជាពលរដ្ឋ​ភ្នំ​ណាមលៀរ តំបន់​ទេសចរណ៍ ទាល់​តែ​បាន​អ៊ីចឹង»

ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ បាន​ដក​ហូត​ដី​ជិត ៦​ពាន់​ហិកតារ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាមលៀរ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អិល​ខេ​អិល ប្រគល់​ឲ្យ​ក្រសួង​បរិស្ថាន គ្រប់គ្រង។ ក៏ប៉ុន្តែ រហូត​បច្ចុប្បន្ន អ្នក​ភូមិ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​ទាន់​ដក​គ្រឿងចក្រ និង​រុះរើ​ទីតាំង​ចេញ​ពី​ដី​សម្បទាន​នោះ​នៅ​ឡើយ។

ទាក់ទិន​ការ​នាំ​គ្នា​ទៅ​តាំង​ទីលំនៅ​ថ្មី​នេះ ប្រធាន​ភូមិ​ពូទឺត លោក ស្រេង អៀច មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​មិន​មាន​សិទ្ធិ​សម្រេច​ពី​ការ​តាំង​ទីលំនៅ​នោះ​ទេ ក៏ប៉ុន្តែ​អ្នក​ភូមិ​ពិត​ជា​នាំ​គ្នា​ធ្វើ​រោង​ស្នាក់​នៅ​ប្រមាណ ១​ខែ​មុន​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​ស្រុក​ខេត្ត​បាន​ដឹង​ពី​ការ​តាំង​ទីលំនៅ​ថ្មី​របស់​អ្នក​ភូមិ ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​បែប​ណា​នៅ​ឡើយ៖ «សំខាន់​ថ្នាក់​លើ​ទេ បើ​ថ្នាក់​លើ​កាត់​ឲ្យ បានៗ បើ​ថា​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​កាត់​ដី​ឲ្យ អាជ្ញាធរ​មិន​មាន​សិទ្ធិ​កាត់​ឲ្យ​ទេ»

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តប​សំណួរ​វិទ្យុ​អាស៊ីសេរី ទាក់ទិន​បញ្ហា​នេះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​មណ្ឌលគិរី លោក មឹង សុចន្ថា អះអាង​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ដក​ហូត​ដី​ពី​ក្រុមហ៊ុន អិល​ខេ​អិល និង​ប្រគល់​ឲ្យ​ក្រសួង​បរិស្ថាន អភិរក្ស។ ដូច្នេះ ការ​ចូល​ទៅ​តាំង​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​ថា អ្នក​ភូមិ​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ​មក​អាជ្ញាធរ​ខេត្ត ទាក់ទិន​បំណង​ចង់​បង្កើត​ភូមិ​ថ្មី​នេះ៖ «វា​អត់​ត្រូវ ឥឡូវ​យើង​សុំ​ឲ្យ​គាត់​វិល​មក​កន្លែង​ដើម​វិញ ឲ្យ​គាត់​ធ្វើ​ការ​ស្នើសុំ​ដី​ទៅ​តាម​ការ​ជាក់ស្តែង យើង​ធ្វើ​ការ​ស្រង់​បញ្ជី​ស្ថិតិ​ត្រឹមត្រូវ អ្នក​អត់​ដឹង​អ្នក​អត់ អ្នក​មាន​ដឹង​អ្នក​មាន»

យ៉ាង​នេះ​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) លោក សុក រដ្ឋា កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ គឺ​ជា​ក្រុម​ជនជាតិ​ដើម​ធ្លាប់​បាន​អភិរក្ស និង​អាស្រ័យ​ផល​ពី​តំបន់​ព្រៃ​ភ្នំ​ណាមលៀរ ជាពិសេស​តំបន់​នោះ​ឋិត​នៅ​ជិត​ព្រំដែន​កម្ពុជា និង​វៀតណាម។ ហេតុ​នេះ រាជ​រដ្ឋាភិបាល​គួរ​ពិចារណា និង​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​បង្កើត​ភូមិ​ថ្មី​នៅ​តំបន់​នោះ​ជា​ការ​ប្រសើរ៖ «ឆន្ទៈ​រួម​មួយ ពួក​គាត់​ជា​ជនជាតិ​ដើម​ភាគ​តិច​ទេ ចង់​បង្កើត​ភូមិ​នៅ​តំបន់​ហ្នឹង​ដើម្បី​ការពារ​ព្រៃ​ឈើ​ព្រៃ​តំណម ទឹក​ជ្រោះ​ផ្សេងៗ​ហ្នឹង។ កាល​ណា​មាន​ប្រជាពលរដ្ឋ​នៅ​ជាយ​ព្រំដែន​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ជនជាតិ​ដើម​ភាគ​តិច​ទៀត មិន​មាន​ប្រទេស​ជិត​ខាង​អាច​ចូល​មក​យក​ទឹក​ដី​បាន​ទេ»

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ប្រជាពលរដ្ឋ​ជនជាតិ​ព្នង នៅ​ភូមិ​ប៊ូស្រា និង​ពូទឺត រួម​ជាមួយ​អ្នក​ភូមិ​នៅ​ឃុំ​ប៊ូស្រា ផ្សេង​ទៀត មាន​គ្នា​ជាង ៨០០​នាក់ បាន​ធ្វើ​បាតុកម្ម​ពីរ​លើក​នៅ​មុខ​សាលា​ឃុំ និង​សាលា​ស្រុក​ពេជ្រាដា។ អ្នក​ភូមិ​ប៊ូស្រា និង​ពូទឺត ទាមទារ​ចូល​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ភ្នំ​ណាមលៀរ វិញ បន្ទាប់​ពី​បុគ្គលិក​ក្រុមហ៊ុន​បាញ់​គំរាម​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​ស្រែ​នៅ​តំបន់​នោះ ដោយសារ​រដ្ឋ​បាន​ផ្តល់​ដី​នោះ​ជា​សម្បទាន​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។