អ្នក​មាន​ជម្លោះ​ដី​នៅ​ពោធិ៍សាត់​មក​សុំ​ឲ្យ​​ទូរទស្សន៍​បាយ័ន​ផ្សាយ​ពី​ទុក្ខ​លំបាក

ប្រជាពលរដ្ឋ ១៨​គ្រួសារ​ នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ផ្លាស់​ទៅ​នៅ​ភូមិ​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ក្នុង​រឿង​ទំនាស់​ដីធ្លី។

0:00 / 0:00

ប្រជាពលរដ្ឋ ១៨​គ្រួសារ បាន​នាំ​គ្នា​ចូល​ទៅ​បរិវេណ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ដែល​គ្រប់គ្រង​ដោយ​កូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​មួយ​នេះ​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​បាត់បង់​ដីធ្លី។

តំណាង​ប្រជាពលរដ្ឋ លោកស្រី សំ វ៉ាន់ថា នៅ​ថ្ងៃ​ទី​៩ មីនា មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ឡើង​មក​ភ្នំពេញ ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​និស្សិត​មិន​វាស់​វែង​ដីធ្លី​ឲ្យ​ពួក​គាត់។ លោកស្រី​បន្ត​ថា ដីធ្លី​របស់​ពួកគាត់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​កាល​ណោះ​ក្រុមហ៊ុន​បាន​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ និង​ដុត​បំផ្លាញ​ដំណាំ​អស់​ជា​ច្រើន។

លោកស្រី សំ វ៉ាន់ថា បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​សន្យា​ថា នឹង​វាស់ដី​ឲ្យ​ពលរដ្ឋ​តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល តែ​មក​ដល់​ពេល​ពេល​នេះ ក្រុម​និស្សិត​បែរ​ជា​បញ្ចប់​បេសកកម្ម​វាស់ដី​នៅ​ឃុំ​ថ្មដា ទៅ​វិញ៖ «ក្រុមហ៊ុន​អត់​ធ្វើ​តាម​អនុសាសន៍​សម្តេច​ទេ គាត់​ធ្វើ​តាម​ចិត្ត​គាត់ គាត់​ក្រវាត់​យក​ហើយ គាត់​មិន​ឲ្យ​វិញ​ទេ។ អស់​សង្ឃឹម​ហើយ ហៅ​ក្រុមហ៊ុន ហៅ​និស្សិត​ទៅ​វាស់ គេ​មិន​វាស់​ឲ្យ ខ្ញុំ​ក៏​ដាច់​ចិត្ត​មក​ទៅ មក​ទាំង​អត់​លុយ​អត់​កាក់ មក​ទាំង​ខ្លួន​ឈឺ​ស្ពាយ​ថ្នាំ​តាម​រហូត»

លោកស្រី សំ វ៉ាន់ថា បន្ត​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​គម្រោង​ទៅ​តវ៉ា​នៅ​មុខ​វិមាន​ឯករាជ្យ ដើម្បី​ទទួល​បាន​ដំណោះស្រាយ ប៉ុន្តែ​ពួកគាត់​មិន​ទាន់​ហ៊ាន​ទៅ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​ថ្មដា លោក ព្រំ ង៉ុន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់។ ហើយ​សមាជិក​យុវជន​វាស់ដី​ដែល​ធ្លាប់​ចុះ​ទៅ​ទី​នោះ​បញ្ជាក់​ថា ខ្លួន​ធ្វើ​ការងារ​តាម​មន្ត្រី​សុរិយោ​ដី​ប៉ុណ្ណោះ។

មន្ត្រី​សុរិយោ​ដី​ដែល​ទទួល​បន្ទុក​ចុះ​វាស់ដី​នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា លោក ពៅ វណ្ណា មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ទី​នោះ​មិន​បាន​ប្លង់​ដោយសារ​តែ​ខុស​លក្ខន្តិកៈ​មួយ​ចំនួន ដូចជា​ក្រុម​ពលរដ្ឋ​ចូល​កាន់​កាប់​ដីធ្លី​ក្រោយ​អនុសាសន៍​នាយករដ្ឋមន្ត្រី និង​ដីធ្លី​មាន​ទំនាស់​ជា​ដើម។ លោក​បន្ត​ថា ម្យ៉ាង​ទៀត​ពលរដ្ឋ​នៅ​ទី​នោះ​រស់​នៅ​ដាច់ស្រយាល​ពី​គ្នា ពិបាក​ក្នុង​ការ​ចុះ​វាស់​ដី​ឲ្យ។

លោក ពៅ វណ្ណា បញ្ជាក់​ថា ក្រុម​និស្សិត និង​មន្ត្រី​សុរិយោ​ដី មិន​ដឹង​ថា ទំនាស់​ដីធ្លី​នៅ​ទី​នោះ​កើត​ឡើង​តាំង​ពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​មិន​បាន​ឃើញ​ដំណាំ​ពលរដ្ឋ​ច្រើន​នៅ​លើ​ដី​ទាំង​នោះ​ឡើយ៖ «ដី​ហ្នឹង​គ្រប់គ្រង តែ​អត់​មាន​ដំណាំ​អី​សោះ។ តាម​អនុសាសន៍​របស់​សម្ដេច យើង​នឹង​ធ្វើ​ជំហាន​២ ខាង​ក្រុមហ៊ុន​គាត់​កាត់​ឲ្យ​ទាល់​តែ​មាន​ដំណាំ និង​នៅ​មុន​ថ្ងៃ​៧ (ឧសភា ២០១២) ហ្នឹង ក្រុមហ៊ុន​ឯកភាព​ឲ្យ»

ទោះ​យ៉ាង​ណា​ក្ដី ពលរដ្ឋ​បញ្ជាក់​ថា ដី​ពួក​គាត់​មិន​មាន​ដំណាំ​ធំដុំ​ទេ ដោយ​ស្វាយ​ដំណាំ​ស្វាយ​ត្របែក ចន្ទី មួយ​ចំនួន​ត្រូវ​បាន​ក្រុមហ៊ុន​បំផ្លាញ​ចោល​តាំង​ពី ៣​ឆ្នាំ​មុន​មក​ម្ល៉េះ បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ដាំ​តែ​ស្រូវ​និង​ពោត​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ដែល​ឡើង​មក​សុំ​អន្តរាគមន៍​នៅ​ភ្នំពេញ​នេះ សរុប​សមាជិក​មាន​ជាង ២០​នាក់ រួម​ទាំង​កុមារ​តូចៗ កំពុង​សម្រាក​បណ្ដោះអាសន្ន​នៅ​វត្ត​ច្បារអំពៅ។ ពួក​គាត់​បញ្ជាក់​ថា ស្ថានីយ​ទូរទស្សន៍​បាយ័ន​សន្យា​ថា នឹង​ស្រាវជ្រាវ​រឿង​នេះ​យក​ទៅ​ផ្សព្វផ្សាយ​ដោយ​សុំ​ឲ្យ​ពលរដ្ឋ​អត់​ធ្មត់។ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​គ្រោង​នឹង​ទៅ​តវ៉ា​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​បន្ត​ទៀត។

ទំនាស់​ដីធ្លី​នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង នេះ អូស​បន្លាយ​អស់​រយៈពេល​ជាង ៣​ឆ្នាំ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​ទៅ​ដល់​សាលា​ខេត្ត​ពោធិ៍សាត់ ម្ដង និង​បណ្ដាល​ឲ្យ​អាជ្ញាធរ​ចាប់​ពលរដ្ឋ​ដាក់​ខ្នោះ មនុស្ស​ជា​ច្រើន​នាក់។ ក្រុម​ពលរដ្ឋ​អះអាង​ថា ពួកគាត់​អាច​នឹង​ដាច់​ពោះ​ស្លាប់​បើ​សិន​ជា​បាត់បង់​ដី​ស្រែ​ចម្ការ​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។