ក្រុមអ្នកភូមិចំនួន ២៦៤គ្រួសារ រស់នៅក្នុងភូមិចំនួនពីរក្នុងឃុំសឹង ស្រុកអូរជ្រៅ បានចោទប្រកាន់មន្ត្រីសាលាខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុនឯកជនមួយ ពីបទឃុបឃិតគ្នារំលោភយកដីស្រែចម្ការរបស់ពួកគាត់ទំហំ ៨៦០ហិកតារ ពុះអង្កន់ចែកគ្នា។ ដីនោះជាប្រភេទដីកេរមរតកពីដូនតា តាំងពីឆ្នាំ១៩៧៩ និងដីខ្លះទៀតជាដីដែលអ្នកភូមិចូលទៅកាន់កាប់កាលពីអំឡុងឆ្នាំ១៩៩៩។
ប្រជាពលរដ្ឋ ៦នាក់ តំណាងឲ្យអ្នកភូមិ ២៦៤គ្រួសារ នៅក្នុងភូមិចំនួនពីរបានធ្វើពាក្យបណ្ដឹងតវ៉ាពីរផ្សេងពីគ្នា ដាក់ជូនអភិបាលខេត្តបន្ទាយមានជ័យ ឲ្យជួយដោះស្រាយលើករណីទំនាស់ដីធ្លីដែលមានទំហំ ៨៦០ហិកតារ ឋិតនៅភូមិត្នោត និងភូមិកណ្ដាល ឃុំសឹង ស្រុកអូរជ្រៅ។
ដីដែលកំពុងមានទំនាស់នេះមានជាប់ពាក្យបណ្ដឹងជាមួយក្រុមហ៊ុនលោកជំទាវ ចក់ គក់ និងមន្ត្រីសាលាខេត្តបន្ទាយមានជ័យ ជាច្រើននាក់ផ្សេងទៀត។ តំណាងអ្នកភូមិឈ្មោះ អឿម ស្នង បញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិកណ្ដាល និងភូមិត្នោត មានចំនួន ២៦៤គ្រួសារ សុំទាមទារដីស្រែ និងដីចម្ការទំហំ ៨៦០ហិកតារមកវិញ៖ «គោលបំណងខ្ញុំដែលមកនេះ គឺធ្វើម៉េចសុំឲ្យសាលាខេត្តទាមទារដីដែលក្រុមហ៊ុនរំលោភយកនេះជូនប្រជាពលរដ្ឋវិញ។ សព្វថ្ងៃ បាត់ក្រុមហ៊ុនអស់ហើយ បែរជាអង្កន់ដីហ្នឹងចែកគ្នាជួលឲ្យអ្នកផ្សេងបង្កបង្កើនផល។ ដីនោះជាដីខ្ចីពីរដ្ឋ ហេតុអីបានធ្វើប្លង់កម្មសិទ្ធិទៅវិញ ប្រជាពលរដ្ឋអត់ពេញចិត្តនៅចំណុចនេះ»។
បណ្ដឹងតវ៉ាដែលចុះកាលបរិច្ឆេទកាលពីថ្ងៃទី២៧ ខែមីនា បង្ហាញថា ដីនោះពួកគាត់បានកាន់កាប់បង្កបង្កើនផលនៅក្រោយឆ្នាំ១៩៧៩ និងនៅឆ្នាំ១៩៩៩ ដោយពុំមានការហាមឃាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាននោះឡើយ។ លុះដល់ឆ្នាំ២០០៤ មានឈ្មោះ មុយ ឃិតចាន់រី បានយកគ្រឿងចក្រទៅឈូសឆាយនៅលើដីស្រែចម្ការនោះ ដោយនិយាយថា ជាដីរបស់ លោក ឃួន វណ្ណា អតីតមេទាហាន។
តំណាងអ្នកភូមិម្នាក់ទៀតឈ្មោះ ប្លោក ស៊ី ថ្លែងថា នៅឆ្នាំ២០០៤ ដដែលនោះក៏មានឈ្មោះ អ៊ួន ទិត បានយកគ្រឿងចក្រទៅឈូសឆាយធ្វើក្រវាត់ព្រំដីនៅលើដីរបស់អ្នកភូមិ។ នៅពេលនោះ អ្នកភូមិបាននាំគ្នាតវ៉ា ហើយបានដាក់ពាក្យបណ្ដឹងទៅរដ្ឋអំណាចមូលដ្ឋានជាបន្តបន្ទាប់ ប៉ុន្តែពុំមានការដោះស្រាយនោះឡើយ៖ «ខ្ញុំមានសំណូមពរធ្វើយ៉ាងណាឲ្យអាជ្ញាធរខេត្តហ្នឹងជួយដោះស្រាយជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋបានកាន់កាប់យូរហើយ ដីកេរខ្លះដីរុករានថ្មីនោះខ្លះ កន្លងមកអ្នកភូមិតវ៉ាតាមខ្សែរយៈពីឃុំមកស្រុក ពីស្រុកមកខេត្ត គឺអត់មានដំណោះស្រាយ»។
ក្រុមអ្នកភូមិបន្តថា ក្រោយមកនៅឆ្នាំ២០០៦ អាជ្ញាធរខេត្តបានចេញដីកាដកហូតដីព្រៃបានធ្វើឲ្យប៉ះលើដីរបស់អ្នកភូមិ ហើយក្រុមអ្នកភូមិបានផ្អាកការចូលទៅកាន់កាប់នៅលើដីនោះ។ លុះដល់ឆ្នាំ២០០៨ និងឆ្នាំ២០០៩ ក៏លេចចេញគម្រោងស្ថានីយស្ដារព្រៃឈើតាបែន២ ដែលមានក្រុមហ៊ុន លោកជំទាវ ចក់ គក់ បានសហការគ្នាជាមួយខាងរដ្ឋបាលព្រៃឈើ យកគ្រឿងចក្រជីកធ្វើក្រវាត់ព្រំដីលើដីរបស់អ្នកភូមិ។ តែក្រោយមកទៀត ដីនោះត្រូវបានក្រុមមន្ត្រីសាលាខេត្តបន្ទាយមានជ័យ ពុះអង្កន់ចែកគ្នា។
មន្ត្រីសាលាខេត្តដែលមានឈ្មោះជាប់ពាក់ព័ន្ធនោះមានឈ្មោះ សោម សូខេន ឈ្មោះ អ៊ុត ផាត ឈ្មោះ នៅ និល ឈ្មោះ វែង ឈ្មោះ វីរៈ និងអតីតអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ក៏មានឈ្មោះជាប់ពាក់ព័ន្ធក្នុងការទទួលបានដីនោះដូចគ្នាដែរ។ ចំណែកឯដីដែលនៅសល់មួយចំនួនផ្សេងទៀត ត្រូវបានខាងស្ថានីយស្ដារព្រៃឈើតាបែន២ រំលោភយកទាំងអស់។
ក្រុមអ្នកភូមិថ្លែងថា ក្រុមមន្ត្រីសាលាខេត្តដែលមានជាប់ពាក់ព័ន្ធទាំងនោះ ពួកគេពុំបានចូលទៅកាន់កាប់ដីនោះទេ ប៉ុន្តែបែរជាទទួលបានកម្មសិទ្ធិលើដីនោះ ហើយបានជួលបន្តទៅឲ្យអ្នកផ្សេងថែមទៀត។
មន្ត្រីសមាគមអាដហុក (Adhoc) លោក ស៊ុំ ចន្ទគា ថ្លែងថា ក្រុមអ្នកភូមិជាច្រើនរយគ្រួសារទទួលរងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសលើសិទ្ធិរស់រានមានជីវិតទាក់ទិននឹងបញ្ហាដីធ្លី។ ករណីក្រុមមន្ត្រីនៃរដ្ឋបាលសាលាខេត្ត ទទួលបានចំណែកដីនៅលើដីរបស់អ្នកភូមិនោះ លោកថាជារឿងអយុត្តិធម៌បំផុត ហើយបញ្ហានេះទាមទារឲ្យការពិនិត្យដោះស្រាយឡើងវិញ៖ «អ៊ីចឹងសង្ឃឹមថា នៅក្នុងពេលដែលប្រជាពលរដ្ឋគាត់ដាក់ពាក្យបណ្ដឹងជូនអភិបាលខេត្ត គួរតែធ្វើយ៉ាងណាដោះស្រាយជូនពួកគាត់ ដើម្បីកុំឲ្យមន្ត្រីដែលជាភ្នាក់ងាររបស់រដ្ឋ អង្គុយកៅអីរដ្ឋ បម្រើប្រជាពលរដ្ឋចេះតែដើរយកដីប្រជាពលរដ្ឋ»។
ឆ្លើយតបចំពោះបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា លោកពុំទាន់ទទួលបានបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែករណីទំនាស់ដីធ្លីនេះ លោកនឹងពិនិត្យឡើងវិញ៖ «យើងនឹងពិនិត្យអង្គហេតុហ្នឹងអោយច្បាស់ បើសិនថាមានមន្ត្រីសាលាខេត្តទាក់ទិន ឬក៏បានចំណែកបានស្អី ដោយមិនស្របច្បាប់ណាមួយ។ យើងមិនអាចទទួលស្គាល់បានទេ នេះជាជំហររបស់ខ្ញុំ។ អ៊ីចឹងក្នុងលក្ខខណ្ឌនៃការមិនទទួលស្គាល់ យើងអាចសុំនិរាករណ៍អ្វីៗដែលគាត់កាន់កាប់ក្នុងភាពមិនស្របច្បាប់»។
កាលពីចុងឆ្នាំ២០១២ ក្រុមនិស្សិតបានចុះទៅវាស់វែងចុះបញ្ជីក្បាលដីជាប្រព័ន្ធ ហើយក្រុមអ្នកភូមិក៏បាននាំគ្នាហាមឃាត់ក្រុមនិស្សិត ដោយសំអាងថា ដីនោះនៅមានទំនាស់ ប៉ុន្តែក្រោយមកមានការលួចចូលវាស់វែងបំពានលើដីរបស់អ្នកភូមិទាំងនោះ។ ទន្ទឹមគ្នានេះ ក្រុមអ្នកភូមិបានស្នើឲ្យអភិបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីសម្រេចដកហូតដីនោះពីភ្នាក់ងាររដ្ឋដែលមានឈ្មោះពាក់ព័ន្ធនោះ មកប្រគល់ឲ្យអ្នកភូមិវិញ និងទាមទារឲ្យមានការបង្កើតគណៈកម្មការចុះធ្វើអត្តសញ្ញាណកម្មដីធ្លីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។