ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ រស់នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី ចោទប្រកាន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ៧២ ថា បានរំលោភឈូសឆាយលើផលដំណាំ និងដីធ្លីប្រជាពលរដ្ឋដើម្បីពង្រីកដីដាំកៅស៊ូ។
ប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិតាំងម្លូ និងភូមិបរខាំ ក្នុងឃុំញ៉ាង ៥២គ្រួសារ បានផ្តិតមេដៃនៅថ្ងៃអង្គារ ទី១៨ ខែមីនា ដើម្បីធ្វើពាក្យប្ដឹងតវ៉ាពីការរំលោភនេះ។
អ្នកភូមិឈ្មោះ កាឡាន មឿង រៀបរាប់ថា ដីចម្ការស្វាយចន្ទីអ្នកភូមិមួយហិកតារ និងដីចម្ការដាំដុះ ដីចម្ការវិលជុំប្រជាពលរដ្ឋប្រមាណ ៥០ហិកតារ ហើយត្រូវក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រឈូសឆាយដំណាំចោល ដើម្បីយកដីចាប់តាំងពីខែកុម្ភៈ រហូតមក។ លោកបន្តថា កាលពីចុងសប្ដាហ៍មុនអ្នកភូមិជាង ៦០នាក់ បានលើកគ្នាទៅបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនមិនឲ្យឈូសឆាយបន្ត ហើយអ្នកភូមិបានប្ដឹងទៅអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យសកម្មភាពរំលោភនេះ៖ «មួយខែជាងហើយ តាំងពីដើមស្វាយចន្ទី ដើមខ្នុរ គេឈូសរលីងតែម្ដង។ គ្រឿងចក្រ ៥គ្រឿង វាថាខាង ហ៊ុន សែន លក់តែម្ដង»។
ទាក់ទិនការចោទប្រកាន់នេះដែរ មេឃុំញ៉ាង លោក រចំ សឿន អះអាងថា មន្ត្រីអាជ្ញាធរឃុំ និងស្រុកបានចុះពិនិត្យពាក្យប្ដឹងរបស់ប្រជាពលរដ្ឋរួចហើយ ក៏ប៉ុន្តែអាជ្ញាធរស្រុកមានគម្រោងអញ្ជើញប្រជាពលរដ្ឋអ្នករងផលប៉ះពាល់មកពិភាក្សា និងផ្ដល់ព័ត៌មានជាក់លាក់ស្ដីពីការខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរមានមូលដ្ឋានអញ្ជើញតំណាងក្រុមហ៊ុនធ្វើការដោះស្រាយ។
លោកអះអាងថា បានស្នើឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហារួចរាល់សិន៖ «ថ្ងៃ១៩ គេចុះទៅប្រជុំហើយ ហៅម្ចាស់ដីប៉ះពាល់ផង ហើយមេភូមិផង និងក្រុមប្រឹក្សាឃុំចូលរួមដែរ នៅសាលាស្រុកដើម្បីគេបញ្ជាក់ណែនាំ»។
សេចក្ដីរាយការណ៍របស់អាជ្ញាធរស្រុកអូរយ៉ាដាវ ឲ្យដឹងថា ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ទទួលបានដីសម្បទាននៅតំបន់នោះប្រមាណជិត ១ពាន់ហិកតារ នៅស្រុកអូរយ៉ាដាវ ជាប់នឹងស្រុកអណ្ដូងមាស ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរសិទ្ធិធ្វើអាជីវកម្មបន្តទៅឲ្យក្រុមហ៊ុនវៀតណាម ដែលគេហៅកាត់ថា ក្រុមហ៊ុន ៧២។ ចំណែកក្រុមហ៊ុន ៧២ បានឈូសឆាយប៉ះពាល់ប្រជាពលរដ្ឋមានដីនៅជាប់តំបន់នោះ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែមីនា មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនជុំវិញការចោទប្រកាន់នេះបានទេ។
ទោះជាយ៉ាងនេះក្តី អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរស្រុកនឹងរៀបចំជួបពិភាក្សាជាមួយប្រជាពលរដ្ឋជំហានដំបូងស្ដីពីបញ្ហានេះ នៅថ្ងៃទី១៩ ខែមីនា។លោកបន្តថា អាជ្ញាធរបានអញ្ជើញប្រជាពលរដ្ឋមកសាលាស្រុក ប៉ុន្តែប្រជាពលរដ្ឋចង់ឲ្យអាជ្ញាធរចុះដោះស្រាយជាក់ស្ដែងនៅកន្លែងកើតហេតុ៖ «មានចម្ការអាចមានស្វាយចន្ទីមួយដើមពីរ មានស្វាយមានស្អីហ្នឹងណា អាហ្នឹងចាំមើលចាំយើងពិនិត្យផលប៉ះពាល់របស់គាត់យ៉ាងម៉េច ឲ្យល្អសិន ចាំយើងហៅក្រុមហ៊ុនមកជជែកគ្នា។ ស្រុកទៅមើលអស់ហើយ យើងបានឲ្យក្រុមហ៊ុនហ្នឹង ផ្អាកសកម្មភាពសិន»។
មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ក៏បានបញ្ជាក់ពីករណីនេះដែរថា អ្នកភូមិបានសុំឲ្យមន្ត្រីសមាគមចុះស៊ើបអង្កេតករណីនេះ ដើម្បីធ្វើលិខិតអន្តរាគមន៍ទៅអាជ្ញាធរខេត្តជួយដោះស្រាយការរំលោភបំពាននេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ បានរំលោភឈូសឆាយព្រៃសហគមន៍អភិរក្សភូមិឡែ ស្រុកអូរយ៉ាដាវ អស់ប្រមាណ ៣០ហិកតារ។ ករណីនេះ អ្នកភូមិបានប្ដឹងតាមផ្លូវតុលាការទាមទារសំណងការខូចខាត និងដាំដុះព្រៃឈើវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
