ការលើកគ្នាទៅសាលាខេត្តនោះ បន្ទាប់ពីគេអះអាងថា មានមន្ត្រីសុរិយោដីខ្លះរបស់ខេត្តនោះ បានរារាំងក្រុមនិស្សិតស្ម័គ្រចិត្តមិនឱ្យចុះទៅវាលវែងដីធ្លីជូនពួកគេទេ។
ក្រុមអ្នកភូមិជ្រឹងខាងលិច នៃសង្កាត់កូនក្រៀល ក្រុងសំរោង ប្រមាណជាង ១០០គ្រួសារ បានចោទប្រកាន់អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ម្នាក់ប្រចាំខេត្តនោះថា បានរារាំងក្រុមនិស្សិតស្ម័គ្រចិត្តមិនឱ្យចុះទៅវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេទេ។
ការចោទប្រកាន់នេះ នៅស្របពេលដែលក្រុមនិស្សិតបានចុះវាស់វែងដីនៅតំបន់ជុំវិញនោះជិតរួចរាល់ទៅហើយ ក៏ប៉ុន្តែបែរជាមានការផ្អាកសកម្មភាពក្រុមនិស្សិតស្ម័គ្រចិត្តមិនឱ្យវាស់វែងដីធ្លីផ្នែកខ្លះនៃភូមិជ្រឹងខាងលិច នោះទៅវិញ។
ស្ត្រីជាអ្នកភូមិជ្រឹងខាងលិច ម្នាក់ឈ្មោះ ងួន សុគីម បានមានប្រសាសន៍ថា រូបគាត់និងអ្នកភូមិមួយចំនួនទៀត កំពុងមានការព្រួយបារម្ភខ្លាចបាត់បង់ដីធ្លី បន្ទាប់ពីមានមន្ត្រីរារាំងក្រុមនិស្សិតមិនឱ្យវាស់វែងដីធ្លីជូនពួកគាត់នោះ។ ស្ត្រីដដែលបានមានប្រសាសន៍ថា បច្ចុប្បន្នគាត់មានដីភូមិទំហំក្បាល ២០ម៉ែត្រ និងដីចម្ការទំហំ ២ហិកតារកន្លះទៀត ក៏ប៉ុន្តែដីទាំងនោះនៅមិនទាន់បានវាស់វែងដើម្បីធ្វើប័ណ្ណកម្មសិទ្ធិនៅឡើយ។
អ្នកស្រី ងួន សុគីម៖ «មន្ត្រីសុរិយោដីឈ្មោះ ទិត្យ ប៊ុនហ៊ីម ហ្នឹង រារាំងមិនឱ្យនិស្សិតចុះមកវាស់ទេ ដល់អ៊ីចឹងបានជាពួកខ្ញុំឡើងទៅដល់សាលាខេត្តពីម្សិលមិញហ្នឹង សុំឱ្យធ្វើអន្តរាគមន៍ ឱ្យមកជួយវាស់វែងដីឱ្យពួកខ្ញុំ ពីព្រោះដីហ្នឹងពួកខ្ញុំបានកាន់កាប់តាំងពីឆ្នាំ២០០៦ ខ្លះឆ្នាំ២០០៥ រហូតមក។ ព្រួយបារម្ភណាស់ ព្រោះអីប្រទេសកម្ពុជា មួយទាំងមូល គេវាស់ឱ្យនៅតែតំបន់ខ្ញុំបន្តិចបន្តួចហ្នឹង។ ខ្ញុំភ័យបាននាំគ្នាទៅដល់សាលាខេត្ត»។
អាជ្ញាធរភូមិជ្រឹងខាងលិច បានបញ្ជាក់ថា គេបានដឹងអំពីរឿងអ្នកភូមិចំនួន ១០៧គ្រួសារ ដែលលើកគ្នាទៅសាលាខេត្តឧត្តរមានជ័យ ដើម្បីស្នើសុំអភិបាលខេត្តជួយអន្តរាគមន៍ឱ្យបានវាស់វែងដីធ្លីនោះ ក៏ប៉ុន្តែគេមិនបានរារាំងអ្នកភូមិទាំងនោះទេ ដោយសារតែអ្នកភូមិនាំគ្នាធ្វើ គឺដើម្បីផលប្រយោជន៍ពួកគេ។
មេភូមិជ្រឹងខាងលិច លោក ងួន សេងហុង បានមានប្រសាសន៍ថា កន្លងទៅផ្ទៃដីជាច្រើននៅក្នុងភូមិរបស់លោក គឺក្រុមនិស្សិតបានវាស់វែងរួចរាល់ហើយ ក៏ប៉ុន្តែនៅសល់ផ្ទៃដីទំហំប្រមាណជាង ៣២០ហិកតារ ប៉ុណ្ណោះដែលមិនអាចវាស់វែងដោយសារតែមន្ត្រីសុរិយោដីម្នាក់ចុះធ្វើការជាមួយក្រុមនិស្សិតដែរនោះ បានចាត់ទុកថាជាដីទំនាស់។
លោក ងួន សេងហុង៖ «មន្ត្រីសុរិយោដីម្នាក់ហ្នឹង គាត់ចាត់ទុកដីឃ្លុំប្រមាណ ៣២២.៤ហិកតារ។ ឃ្លុំហ្នឹងទៀត ប្រជាពលរដ្ឋបាននាំក្រុមនិស្សិតវាស់បាន ៥១គ្រួសារហើយ ប៉ុន្តែកាលពីថ្ងៃទី៧ (ខែកុម្ភៈ) មន្ត្រីសុរិយោដីម្នាក់ហ្នឹង គាត់បាននិយាយនៅមុខប្រជាពលរដ្ឋថា ដីដែលវាស់ហើយ ក៏គាត់លុបចោលទាំងអស់ដែរ។ ខ្ញុំមិនបានស៊ីជម្រៅពីរឿងជំនាញទេ គ្រាន់តែខ្ញុំដឹងច្បាស់ថា ដីនេះគឺជាដីប្រជាពលរដ្ឋដែលបានកាន់កាប់ ហើយគាត់រកស៊ីជាយូរយារណាស់មកហើយ។ ខ្ញុំដឹងច្បាស់តែប៉ុណ្ណឹង តែរឿងមន្ត្រីគេចាត់ទុកនោះ គេផ្អែកលើអ្វី?»។
ក្រុមអ្នកភូមិមួយចំនួនបានចោទប្រកាន់មន្ត្រីសុរិយោដីខេត្តម្នាក់នោះថា គឺជាអ្នកដែលការពារដីទុកឱ្យអ្នកមានអំណាចម្នាក់ដែលគេមិនដែលស្គាល់ពីមុនមកទេ។
ទោះយ៉ាងណា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ទិត្យ ប៊ុនហ៊ីម ដែលកំពុងទទួលរងការចោទប្រកាន់នោះ បានពន្យល់ថា លោកមិនមានការព្រួយបារម្ភអ្វីទេ បើទោះបីជាអ្នកភូមិចោទប្រកាន់លោកយ៉ាងណាក៏ដោយ ពីព្រោះអ្វីដែលលោកធ្វើ គឺអនុវត្តទៅតាមបទបញ្ជារបស់រដ្ឋាភិបាល។
មន្ត្រីដដែលបានបញ្ជាក់ថា មន្ត្រីជំនាញនៅតែបន្តដោះស្រាយបញ្ហាទំនាស់នោះជូនប្រជាពលរដ្ឋ ហើយលោកមានការសោកស្ដាយចំពោះអ្នកភូមិដែលនាំគ្នាតវ៉ានោះ ដោយសារតែពួកគេចាញ់បោកមេខ្យល់មួយចំនួនប៉ុណ្ណោះ៖ «ដីហ្នឹងដើមឡើយសហការី ឯកឧត្ដម ហ៊ុន ភឿង លោកបានស្នើសុំ រួចភូមិ សង្កាត់នោះក៏បានឯកភាពប្រគល់ដីជូនទៅខាង ៥៧គ្រួសារ។ ដល់ពេលបន្ទាប់ក្រោយមក ឆ្នាំ២០១០ ហ្នឹង គឺផ្លូវយុទ្ធសាស្ត្រត្រូវបានកសាងឡើង កាត់ចំផ្ទៃដី ៥៧គ្រួសារហ្នឹង អ៊ីចឹងទៅប្រជាពលរដ្ឋថ្មីបានចូលមកនៅលើដីអ្នក ៥៧គ្រួសារហ្នឹង។ សង្កាត់នោះបានចេញលិខិតលេខពិសេសមួយទៀត ថាហាមកុំឱ្យមកនៅលើដីហ្នឹង ព្រោះភូមិ និងសង្កាត់បានអនុញ្ញាត និងប្រគល់ដីហ្នឹងទៅឱ្យប្រជាពលរដ្ឋ ៥៧គ្រួសាររួចមកហើយ កាលពីឆ្នាំ២០០៥»។
លោក ទិត្យ ប៊ុនហ៊ីម បញ្ជាក់ថា លោកមិនមានអ្វីលាក់បាំងនៅពីក្រោយការឃ្លុំដីនោះទុកមិនឱ្យវាស់វែងក្រៅតែពីការអនុវត្តទៅតាមច្បាប់នោះឡើយ។
ចំណែកលោក ស្រី ណារ៉េន អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា លោកបានទទួលព័ត៌មាននេះជាច្រើនថ្ងៃមកហើយ ក៏ប៉ុន្តែលោកនៅមិនទាន់បានចុះស៊ើបអង្កេតករណីនោះនៅឡើយទេ។ លោក ស្រី ណារ៉េន បានបញ្ជាក់ថា លោកមានគម្រោងចុះអង្កេតករណីនេះឱ្យបានច្បាស់លាស់នៅពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
