ពលរដ្ឋ​ដែល​ចាញ់​បោក​មេឃុំ​បឹងប្រាំង​កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក

0:00 / 0:00

ប្រជាពលរដ្ឋ​១៥​នាក់ ក្នុងចំណោម ជាង ៤០​នាក់​នៅ​តំបន់​បឹង​ប្រាំ​ក្នុងស្រុក​បវេល ខេត្ត​បាត់ដំបង​អះអាង​ថា នៅ​ពេល​នេះ​ពួកគាត់​ម្នាក់ៗ បាន​ជំពាក់​បំណុល​ធនាគារ ស្ទើរ​វ័ណ្ឌក​ដោះលែង​រួច​ក្រោយពី​ការឃោសនា​របស់​មេឃុំ​បឹង​ប្រាំ ជាប់​ពាក់ព័ន្ធ​និង​ដី​សម្បទាន​សង្គមកិច្ច។ ចំណែក​មេឃុំ​បឹង​ប្រាំ​វិញ បដិសេធ​ថា​លោក​ពុំ​មាន​គោលការណ៍​ដូច្នេះ​ឡើយ។

លោក ម៉ម មុនី​រតន៍ មាន​សេចក្ដីរាយការណ៍ អម​ដោយ​ការ​យំ​ខ្សឹកខ្សួល របស់​អ្នកភូមិ ដែល​ជំពាក់​បំណុល​ធនាគារ ក្រោយពី​ទិញ​ដី​បាន ប៉ុន្តែ​មិន​មាន​ដី​មានតែ​ប្លង់​ដូចតទៅ​

លោក​បន្ត​ថា៖ « ខ្ញុំ​មិនដែល​មាន​អ្នកណា​បោក​ទេ ឥឡូវ​មាន​ហើយ​។​ខ្ញុំបាទ​ឥត​ដឹង​ទេ ឥត​ដឹង​ថា​មាន​គេ​បោក​អញ្ចេះ » ។​

ស្ថិត​ក្នុង​វ័យ​ជាង ៤០ ឆ្នាំ បុរស​ដែល​មាន​មាឌ​ស្ដើង​ខ្ពស់ បាន​រៀបរាប់​ដោយ​ដៃ​ម្ខាង​យក​ក្រមា​ខ្ទប់​មាត់ និង ដៃ​ម្ខាង​ទៀត​ជូត​ទឹកភ្នែក ដែល​កំពុង​ហូរ​បណ្ដើរ​ផង​នោះ ឲ្យ​ដឹង​ថា ដោយ​ការ​ខ្វះខាត​ក្នុង​គ្រួសារ ជាពិសេស​រឿង​មិន​មាន​ដី​ធ្វើ​កសិកម្ម ហេតុដូច្នេះ​ខ្លួន ក៏​សម្រេច​អារកាត់​រាល់​បញ្ហា​ក្នុង​គ្រួសារ ខ្ចីបុល​លុយ​ពី​ធនាគារ ដើម្បី​ទិញ​ដី ក្រែង​អាច​ដោះស្រាយ​ភាព​ទាក់​ក្រ​បាន​មួយ​កម្រិត។ ប៉ុន្តែ​រឿង​នេះ​មិន​ដូច​ការ​គិត​ឡើយ នៅ​ទីបំផុត​ការប្រាក់​ក៏​ចេះតែ​កើន រីឯ​បញ្ហា​ក្នុង​គ្រួសារ​ក៏​កាន់តែ​ប្រឈម ព្រោះតែ​រឿង​ខ្ចី​លុយ​ពី​ធនាគារ ទិញ​ដី ដែល​នៅ ពេលនេះ មានតែ​ប្លង់​នៅ​ក្នុង​ដៃ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ពុំ​មាន​ដី​កាន់កាប់​ឡើយ។

រស់នៅ​ភូមិ​រុង​អំពិល ឃុំ​ខ្នាចរមាស លោក ប្រាង្គ ប្រង ឲ្យ​ដឹង​ថា ក្រោយពី​លេច​ធ្លាយ​ព័ត៌មាន ជា​សាធារណៈ​ថា នៅ​ចំណុច​បឹង​ប្រាំ មាន​ដី​ជាច្រើន​ហិកតារ អាច​ទិញ​លក់​បាន ហេតុនេះ​លោក​បាន​បង្ខំចិត្ត ខ្ចី​លុយ​ពី​អង្គការ ៤​លាន​រៀល ជា​ថ្នូរ​ទទួល​បាន​ដី ៥​ហិកតារ។ លោក​បន្ត​ថា​ដី​ដែល​ទិញ​បាន ក្រោយ​មក​នៅ​ចំណុច​ទីតាំង ដែល​មេឃុំ​បឹង​ប្រាំ សន្យា​ថា​នឹង​ផ្ដល់​ដី​ដូច​ការសន្យា​នោះ​មិន​មាន​ឡើយ។ លោក​ឲ្យ​ដឹង​ទៀត​ថា​ក្រុម​គ្រួសារ របស់​លោក​ត្រូវ​រស់នៅ​ទាំង​ត្រដាបត្រដួស រកលុយ​ដោះ​បំណុល អង្គការ​ស្ទើរ​ពុំបាន។ លោក​បន្ថែម​ថា​ទាំង​ដើម​ទាំង​ការប្រាក់​បាន​កើន​ជាង ៥​លាន​រៀល មុននឹង​ដោះ​រួច ដែល​ប្រើ​ពេល​ជាង ១​ឆ្នាំ។ លោក​បន្ត​ថា៖ « សង​ហើយ​សង​រួចហើយ ប៉ុន្តែ​ខ្ញុំ​លក់​ជ្រូក លក់​អី​ទៅ រហូតដល់​ទាស់ទែង​ក្នុង​គ្រួសារ​ទៀត ដោយសារ​រឿង​លុយ។ លុយ​នេះ​ទៅ​យក​ដី​ដើម្បី​ឲ្យ​បាន​សុខ​ស្រួល ប៉ុន្តែ​វា​មិនបាន​សុខ​ស្រួល​ហើយ ថែមទាំង​មិន​មាន​ដី​ទៀត »

ពាក់ព័ន្ធ​រឿង​នេះ ពុំ​មែន​មានតែ​លោក ប្រាង្គ ប្រង ម្នាក់​ឡើយ​ដែល​ប្រឈម​នឹង​បញ្ហា​ដូចនេះ​។​របាយការណ៍ ដែល​រក​ឃើញ​ដោយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​សង្គ្រោះ​ជាតិ កាលពីដើម​ខែ​កញ្ញា ពាក់ព័ន្ធ សំណុំ​រឿង​នេះ មេឃុំ​បឹង​ប្រាំ​លោក ឈា នី រង​ការ​ចោទ​ប្រកាន់​ថា បាន​ទទួល​លុយ​ពី​ដី​សម្បទាន​សង្គមកិច្ច​នេះ ពី​ពលរដ្ឋ​សរុប​ជិត ៥​រយ​គ្រួសារ​។ ក្នុង​ករណី​នេះ នៅ​មិនទាន់​រាប់បញ្ចូល ជាង ១​រយ ៥០​គ្រួសារ​ផ្សេងទៀត ដែល​ទទួល​ប្លង់ដី​កម្មសិទ្ធិ​តែ​ពុំ​មាន​ដី​ប្រើប្រាស់​នៅឡើយ​ផង។

ដោយឡែក លោកស្រី ជា វណ្ណារី រស់នៅ​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវ​បាន​អ្នកស្រុក នៅ​តំបន់​បឹង​ប្រាំ ដាក់​រហស្សនាម ឲ្យ​ថា ជាតា​រាទឹក​ភ្នែក​នោះ​អះអាង​ថា សមាជិក​គ្រួសារ​របស់​លោកស្រី ចំនួន ៤​នាក់ បាន​បង់ខាត​គិត​ទាំង​ដើម​ទាំង​ការប្រាក់ មក​ដល់​ពេល​នេះ ប្រហែល​ជាង ១​ម៉ឺន​ដុល្លារ ។ លោកស្រី​បន្ត​ថា ដោយសារ​នៅ​ខេត្ត​ពោធិ៍សាត់ ពុំ​មាន​ដីស្រែ​ប្រកប​របរ​កសិកម្ម គាប់​ជួន​មានការ​ផ្សព្វផ្សាយ​តៗ​គ្នា ថា​នៅ​តំបន់​បឹង​ប្រាំ មាន​ដី​ដែល​អាច​ទិញ​ធ្វើជា​កម្មសិទ្ធិ​បាន ក្នុង​តម្លៃ​ចន្លោះ ៣ ទៅ ៤​លាន​រៀល ហេតុនេះ​ក្រុម​គ្រួសារ​របស់​លោក​ស្រី បង្ខំចិត្ត​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​មក​ទិញ​ដី​នៅ​តំបន់​នោះ។ លោកស្រី​អះអាង​ថា ក្រោយពី​ទិញ​រួច​នៅ​មិនបាន​ប៉ុន្មាន​ផង ត្រូវ​បាន​មេឃុំ​បឹង​ប្រាំ បណ្ដេញ​ចេញ ដោយ​ចោទ​ថា រស់នៅ​លើ​ដី​រដ្ឋ​ដោយ​ពុំ​មាន​ច្បាប់​ថែមទៀត។

លោក​បន្ត​ថា៖ «ខ្ញុំ​នៅ​រយៈពេល​បាន​២​ឆ្នាំ គេ​ដេញ​ខ្ញុំ គេ​ដក​ដី​ខ្ញុំ​។​ខ្ញុំ​ថា​មូលហេតុ​អី​ដក​ដី​ខ្ញុំ យក​លុយ​ខ្ញុំ​ហើយ។ សង្គម​នេះ​គឺ​ឥតមាន​ទេ គេ​ថា​មកពី​បង​ឯង​ឥត​នៅ​។​ខ្ញុំ​ថា​លក់​ដី​ឲ្យ​ប្រជាជន​ហើយ មូលហេតុ​អី​ដក​ដីស្រែ​មិន​ទាន់​បាន​ឲ្យ​ខ្ញុំ​ផង បណ្ដេញ​ខ្ញុំ​ទៀត​។​ខ្ញុំ​ថា​ខ្ញុំ​ឥត​ចេញ​ទេ បើ​ដេញ​ខ្ញុំ​ចេញ​ទាល់តែ​ឲ្យ​លុយ​ខ្ញុំ​វិញ»

ជុំវិញ​រឿងរ៉ាវ​នេះ នៅ​មាន​គ្រួសារ​ជាច្រើន​ផ្សេងទៀត ក៏​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។ក្នុង​នោះ​នៅ​មាន​អតីតមន្ត្រី​យោធា​នៃ​យុទ្ធ​ភូមិភាគ​ទី​៥ និង គ្រួ​បង្រៀន ក៏​ត្រូវ​បង់ខាត អស់​លុយ​ជាច្រើន​លាន​រៀល​ទៀត​ផង។ ចំណែក​ប្រជាពលរដ្ឋ​វិញ​និយាយ​ថា លោក ឈាន នី មេឃុំ​បឹង​ប្រាំ មន្ត្រី​នគរបាល​ស្រុក និង ក្រុម​និស្សិត​វាស់ដី របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជា​ទទួល​បាន​ចំណែក នៃ​ដី​ទាំងនេះ​ទៅវិញ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​បឹង​ប្រាំ លោក ឈា នី បកស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្លួន​លោក​ផ្ទាល់​គឺ​ពុំបាន​ជាប់​ទាក់ទិន​នឹង​អំពើពុករលួយ​ណាមួយ​នោះ​ទេ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច។ បន្ថែម​ពីលើ​នេះ លោក ឈា នី ថែម​ទាំង​ជំរុញ និង អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គួរ​បើក​ការស៊ើបអង្កេត រក​ឲ្យ​ឃើញ​ស​ខ្មៅ​ថែម​ទៀត​ផង ដែល​ជា​ការ​ឆ្លើយ​តប ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងនេះ។ លោក​បន្ត​ថា៖ « ខ្ញុំ​សូម​ស្នើ​ទៅ​វិទ្យុ​អាស៊ីសេរី ទៅ​តាមរយៈ​រដ្ឋាភិបាល សូម​ឲ្យ​បញ្ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មក​អង្កេត​បឹង​ប្រាំ។ រក​ឃើញ​អ្នកណា​ប្រព្រឹត្ត​អំពើពុករលួយ នៅ​បឹង​ប្រាំ​ដែល​មិន​មាន​ភស្តុតាង​អ្វី​បង្ហាញ និង អាច​ចាប់​ដាក់គុក​បាន ដាក់គុក​អ្នក​ហ្នឹង​។​អានេះ​ខ្ញុំ​ស្នើ​អ៊ីចឹង »

បដិសេធ​ការ​ឆ្លើយ​តប​របស់ លោក ឈា នី នេះ​អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) លោក យិន ម៉េងលី ដែល​ចុះ​អង្កេត​ស្រាវជ្រាវ​វិវាទ កាលពី​ថ្ងៃ​ទី​១២ ខែ កញ្ញា យល់​ឃើញ​ថា ការអនុវត្ត​គោលនយោបាយ​សម្បទាន​ដី​សង្គមកិច្ច របស់​លោក ឈា នី កាលណោះ គឺ​ពិត​ជា​មាន​កំហុស​ពិតមែន។ លោក​អះអាង​ក្រោយ​ប្រមូល​ស្ថិតិ​ថា បញ្ហា​ត្រូវ​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ណាស់ ដែល​រងគ្រោះ ដោយ​ការ​ការ​លក់​ទិញ​នេះ។ លោក​បន្ត​ថា៖ « បញ្ហា​យើង​ឃើញ​ថា​គឺ​ដោយសារ​អំពើ​ពុករលួយ​នេះ។ ខ្ញុំ​និយាយ​អ៊ីចឹង ដោយសារ​អំពើ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​បងប្អូន មាន​ប្លង់​ឥត​ដី មាន​ដី​ឥត​ប្លង់​នោះ។ វា​ឈ្លោះ​គ្នាឯង ហើយ​បញ្ហា​ទាំងអស់​នេះ ខ្ញុំ​នឹង​ធ្វើ​លិខិត​មួយ​ដាក់​ជូន​ឯកឧត្ដម​អភិបាលខេត្ត​បន្ថែម​ទៀត »

លោក យិន ម៉េងលី និយាយ​ថា​ជា​គោលការណ៍​ច្បាប់ កាលណា​រដ្ឋ​ប្រើ​ថា​ជា​ដី​សម្បទាន​សង្គមកិច្ច​ហើយ គឺ​ពុំ​មាន​ការ​លិញ​លក់​នោះ​ទេ។ លោក​បញ្ជាក់​ថា​ប្រសិនបើ​បុគ្គល​ណា ដែល​ធ្វើ​អាជីវកម្ម​ក្រោម​គោលនយោបាយ​នេះ គឺជា​រឿង​ផ្ទុយ​នឹង​ច្បាប់។ ជាង​នេះ​ទៅទៀត​នោះ​លោក អះអាង​ថា កាលណា​បើ​ឈាន​ដល់​ការទិញ​លក់ វា​ចាំបាច់​ណាស់ ត្រូវ​មាន​លិខិតស្នាម។ ហេតុនេះ​លោក​ថ្លែង​ថា ផ្អែក​តាម​ការ​អង្កេត​ក​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​បង់ខាត​លុយ និង រហូត​ជាប់​បំណុល​ធនាគារ​ទៅទៀត​នោះ គឺ​ពុំ​មាន​លិខិតស្នាម​នោះ​ទេ។ លោក យិន ម៉េងលី ចាត់​ទុក​ថា​សកម្មភាព​បែបនេះ គឺជា​ការប្រព្រឹត្ត​អំពើ​រលួយ។ លោក​បន្ត​ថា៖ « ព្រោះ​ដី​នេះ​ជា​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋាភិបាល​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ។ ចែក​ឲ្យ​ប្រជាពលរដ្ឋ​មិនមែន​លក់​ឲ្យ​ប្រជាពលរដ្ឋ​ទេ ហើយ​អ៊ីចឹង​យើង​នាំគ្នា​យក​ដី​សម្បទាន​សង្គម​កិច្ច ដែល​ជា​របស់​រដ្ឋ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ។​យើង​យក​មក​ហើយ​អាហ្នឹង​ប្រើ​ពាក្យ​ថា​លួច ហើយ​យក​លុយ។ អាហ្នឹង​ដែល​ខ្ញុំ​ថា អំពើពុករលួយ។ បើ​សិន​ជា​ថា​ខ្ញុំ​យក​លុយ​ពី​អភិវឌ្ឍន៍ ឯណា​លិខិតស្នាម ពីព្រោះ​និយាយ​អំពី​សេវា​សាធារណៈ បើ​យក​លុយ​ពី​ពូ ឈ្មោះ ក ហើយ​ត្រូវ​ចេញ​បង្កាន់ដៃ​ឲ្យ​គាត់។ បង្កាន់ដៃ​ទទួល​ប្រាក់​ពី​ឈ្មោះ​នេះ ហើយ​ទៅ​ជួយ​លើ​អី »

លោក យិន ម៉េងលី (រូប​កណ្តាល) កំពុង​ពន្យល់​ផ្លូវ​ច្បាប់ ដល់​អ្នក​រងគ្រោះ​រឿង​ទិញ​ដី​សម្បទាន​សង្គមកិច្ច ពី​មេឃុំ​បឹងប្រាំង លោក ឈា នី តែ​ពុំ​មាន​ដី​កាន់​កាប់​ជាក់ស្ដែង រូប​ថត​ថ្ងៃ​ទី ១៣ កញ្ញា ២០១៤។
លោក យិន ម៉េងលី (រូប​កណ្តាល) កំពុង​ពន្យល់​ផ្លូវ​ច្បាប់ ដល់​អ្នក​រងគ្រោះ​រឿង​ទិញ​ដី​សម្បទាន​សង្គមកិច្ច ពី​មេឃុំ​បឹងប្រាំង លោក ឈា នី តែ​ពុំ​មាន​ដី​កាន់​កាប់​ជាក់ស្ដែង រូប​ថត​ថ្ងៃ​ទី ១៣ កញ្ញា ២០១៤។ (RFA/Morm Moniroth)

យោង​ច្បាប់​ភូមិបាល​ឆ្នាំ ២០០១ មាត្រា ២៦១ ចែង​អំពី​ការ​ប៉ះពាល់​កម្មសិទ្ធិ​សាធារណ​: ឬ​ឯកជន​ដោយ​អាជ្ញាធរ​រដ្ឋបាល​សំដៅ​ដល់​មន្ត្រី​ឬ​អាជ្ញាធរ​ដែល​បាន​ប្រើ​អំណាច​ដោយ​រំលោភ ទោះ​មាន​បញ្ជា​ក្ដី ឬ​គ្មាន​បញ្ជា​ក្ដី ដើម្បី​ដកហូត​អចលនវត្ថុ​ពី​អ្នកកាន់កាប់​ដោយ​សន្តិភាព ត្រូវ​ផ្ដន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល និង ត្រូវ​ទទួលទោស​រដ្ឋបាល​ផ្សេងទៀត។ បើ​ការ​ដកហូត​អចលនវត្ថុ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រើ​អំពើ​ហិង្សា ចារី​ប្រព្រឹត្ត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់​២​ឆ្នាំ រី​អ្នកបញ្ជា​ដោយ​រំលោភ​ត្រូវ​ផ្ដន្ទាទោស​ដូច​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់​ដែរ។

ក្រៅ​ពី​នេះ​ទៀត លោក យិន ម៉េងលី ទម្លាក់កំហុស​ក្នុង​រឿង​បឹង​ប្រាំ​ថា អង្គការ​សង្គម​ស៊ីវិល និង ម្ចាស់​ជំនួយ​ចំនួន ក៏​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ ក្នុង​វិវាទ​នៅ​ពេល​នេះ​ដែរ។ លោក​ស្ដីបន្ទោស​ថា ព្រោះតែ​គម្រោង​កាលពី​ឆ្នាំ​២០១១ ដែល​ពុំ​បាន​សិក្សា​រក​ពី​ប៉ះពាល់​បែបនេះ ទើប​បង្កើត​ឲ្យ​មាន​បញ្ហា​ដោះ​មិន​ចេញ។ លោក​បន្ត​ថា៖ « ខ្ញុំ​ចង់​និយាយ​ពី​រឿង​អង្គការ ហើយ​និង​ម្ចាស់​ជំនួយ​នៅ​បឹង​ប្រាំ​នេះ ដែល​បាន​យក​លុយ​ជា​១​លាន​ដុល្លារ​មក​អភិវឌ្ឍន៍​បឹង​ប្រាំ។ ទីបំផុត​ខ្ញុំ​អាច​និយាយ​ថា​គម្រោង​នេះ​បរាជ័យ ព្រោះ​កាលណា​យើង​មក​អភិវឌ្ឍន៍​បឹង​ប្រាំ គឺ​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បឹង​ប្រាំ​មាន​ជីវភាព​ធូរធារ ហើយ​យើង​ចង់​ឲ្យ​មាន​សុវត្ថិភាព​ដីធ្លី។ ប៉ុន្តែ​ដល់​យក​មក​ចំណាយ​អស់​ប្រមាណ​ជាង ១​លាន​ដុល្លារ តើ​បាន​ធ្វើ​ឲ្យ​ដី​បឹង​ប្រាំ​មាន​សុវត្ថិភាព​ដែរ​ឬ​ឥត​។​អត់​ទេ »

ឆ្លើយតប​រឿង​នេះ ម្ចាស់​គម្រោង​នៃ​អង្គការ ឌី ស៊ី អេ (DCA) លោក ជឿង យសវុឌ្ឍន៍ ដែល​ជា​ស្ថាប័ន​ម្ចាស់​ជំនួយ​មួយ ក្នុង​ការ​ផ្ដល់​លុយ​ដើម្បី​អភិវឌ្ឍន៍​បឹង​ប្រាំ ជាង ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១១ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ដោយ​អះអាង​ថា ត្រូវ​រង​ចាំ​សេចក្ដី​សម្រេច​ពី​នាយក​ប្រតិបត្តិ​ជា​មុន​សិន​។

យ៉ាង​ណា​ក៏​ដោយ​លោក ឈា នី នៅតែ​ព្រមាន​សមាគម អាដហុក​ថា ប្រសិនបើ​ពុំ​មាន​ភស្តុតាង​ណាមួយ ប្រឆាំង​រូបលោក​ទេ សមាគម​អាដហុក​នេះ ក្រៅពី​អស់​ជំនឿ​ទុកចិត្ត​ហើយ ថែមទាំង​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​របស់​លោក​ថែម​ទៀត​ផង។ លោក​បន្ត​ថា៖ « អ៊ីចឹង​សមាគម​អាដហុក គាំទ្រ​របៀប​នេះ​គឺ​ខ្ញុំ​ឥត​ទទួលខុសត្រូវ​ទេ ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​សហ​គមន៍​អឺរ៉ុប ដែល​បាន​ជំនួយ​មក​ឲ្យ​អង្គការ​អាដហុក ស្នើ​ឲ្យ​ធ្វើ​តួនាទី​សិទ្ធិមនុស្ស​នេះ​គឺ លំអៀង​ហើយ។ លំអៀង​យ៉ាងម៉េច ទី​មួយ​លោក​ជួប​តែ​ប្រជាពលរដ្ឋ​ម្ខាង​ទេ។ លោក​មិន​បាន​ចុះ​មក​មើល​ប្រជាជន​បឹង​ប្រាំ​ទាំងមូល​នេះ​ទេ។ លោក​ចុះ​មក​មើល​តែ​ម្ខាង ជួប​តែ​ម្ខាង​ណាត់​គេ ឡើង​ប្រមូល​ប្រមូល​កាក់​ទៅ​ជួប​លោក​នៅ​បឹង​សង្កែ ម្សិលមិញ និយាយ​ភាព​ពិត »

បើ​ទោះ​ជា​បែប​ណា អតីត​សមាជិក​តំណាង​ប្រជាពលរដ្ឋ និង ជា​ជំនួយការ​ទទួលបន្ទុក​លិខិតស្នាម​ទិញ​លក់​ដី របស់​លោក ឈា នី គឺ​លោក ឌឹម អាន បញ្ជាក់​ថា​មេឃុំ​បឹង​ប្រាំ គឺ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើពុករលួយ ក្រោម​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច។ លោក​បញ្ជាក់​ថា​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ជាច្រើន​ច្បាប់ ដែល​លោក​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ ជុំវិញ​អំពើពុករលួយ​នេះ។ លោក​បន្ត​ថា៖ « ក្នុង​មួយ​ឈ្មោះ​នេះ បើ​គិត​ប្រជាពលរដ្ឋ​ដែល​បង់​នោះ​វា​មាន​បី​ដំណាក់កាល។ អ៊ីចឹង​គោលការណ៍​របស់​លោក ឈា នី ប្រធាន​តំបន់​ហ្នឹង​គាត់​ដាក់​ថា​កំណត់​មួយ​ឈ្មោះ ១​លាន​ទេ​ដើម្បី​ទៅ​កសាង​។​តែ​ដល់ពេល​មេខ្យល់​យក​មក ៥​លាន។ ដល់​ពេល​យក​មក​ឲ្យ​មេភូមិ​នោះ​៣​លាន ឬក៏​២​ពាន់​ដុល្លារ​អី​ទៅ។ តែ​ដល់ពេល​ថវិកា​ហ្នឹង​បើ​គិត​ទៅ តាម​ភូមិ​គាត់​យក​សរុប​ទៅ​ឲ្យ មេ​តំបន់​ហ្នឹង​ឯ»

មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក យិន ម៉េង​លី ចាត់ទុកថា មូលហេតុ​ដែល​នាំ​ឲ្យ​រឿង​នេះ នៅ​មាន​ភាព​ស្ងប់ស្ងាត់ មិន​ចាត់វិធានការ ទំនង​ជា​មាន​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ខេត្ត និង អាជ្ញាធរ​ថ្នាក់​ស្រុក​ផង អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។