ប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីមកពីខេត្តកោះកុង ជាង ៣០នាក់ ប្រមូលផ្ដុំគ្នានៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែសីហា ដើម្បីតាមដានញត្តិរបស់ពួកគាត់ ដែលបានដាក់រកអន្តរាគមន៍អំពីបញ្ហាដីកាលពីមុន។ ពួកគាត់ស្ងប់ចិត្តបន្តិច ក្រោយពេលជួបមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសន្យាម្ដងទៀតថា នឹងឆ្លើយតបឲ្យបានឆាប់។
តំណាងអ្នកភូមិមានបញ្ហាទំនាស់ដីធ្លីមកពីខេត្តកោះកុង អ្នកស្រី ផាវ ញ៉ឺង ថ្លែងនៅព្រឹកថ្ងៃទី១៧ ខែសីហា ថា ការជួបពិភាក្សាជាមួយប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីនៃខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ប៉ាល់ ចន្ទតារា មានចំណុចល្អមួយដែលលោកប្រាប់ឲ្យធ្វើលិខិតដាក់មកម្ដងទៀត។ អ្នកស្រីថា ពេលនេះខុសពីលើកមុនដែលធ្លាប់តែប្រឈមការរារាំងពីកម្លាំងសន្តិសុខ និងការសន្យាមិនជាក់លាក់៖ « ឯកឧត្ដម ប៉ាល់ ចន្ទតារា លោកស្នើសុំឲ្យពួកខ្ញុំផ្ដិតមេដៃភ្ជាប់ជាមួយលិខិតស្នើសុំអន្តរាគមន៍ បើមកព្រឹកល្ងាចបានឆ្លើយតប ប៉ុន្តែអ្វីដែលយើងទាមទារចង់បានឲ្យលក្ខខណ្ឌឆ្លើយតបថ្ងៃខែឆ្នាំ គឺអត់ » ។
ទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោក ប៉ាល់ ចន្ទតារា ប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លី នៃខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អ្នកភូមិចង់បានតំណាង ៨រូប ដើម្បីជួបដាក់លិខិតរកអន្តរាគមន៍លើកក្រោយ។ ប៉ុន្តែការស្នើសុំនេះ ត្រូវបានលោក ប៉ាល់ ចន្ទតារា បដិសេធ ដោយអនុញ្ញាតឲ្យតែម្នាក់ប៉ុណ្ណោះ។
ទោះជាចំនួនតំណាងមិនបានសំណូមពរក្ដី ក៏អ្នកភូមិព្រែកជីក ឃុំជីខក្រោម ម្នាក់ទៀត គឺលោកស្រី ណុំ វណ្ណារី មានប្រសាសន៍ថា ត្រេកអរពេលទទួលបានការឆ្លើយតបពីមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី៖ « គាត់ថាឲ្យដាក់មកជំរុញអាមុន ដាក់អាក្រោយនេះទៀត ដើម្បីឲ្យគេជួយអន្តរាគមន៍ឲ្យបានឆាប់រហ័ស។ ខ្ញុំឮពាក្យគាត់និយាយនេះ ខ្ញុំសប្បាយចិត្តមែនទែន ស្ទើរនិយាយអីអត់ចេញ ដោយសារខ្ញុំឮពាក្យនេះតាំងពីឆ្នាំ២០០៩ កន្លងមក ដែលពួកយើងបានដាក់ពាក្យបណ្ដឹង ដែលលោក ហេង ហ៊ុយ ប្លន់យកផ្ទះសម្បែងយើងនេះហូរហែរហូត តែងតែឮពាក្យនេះ។ ពួកយើងទៅដាក់នៅខុទ្ទកាល័យ ពួកយើងអត់ស្គាល់ទេ ស្គាល់តែដើមពោធិ៍មុខវត្តបទុមវតី នេះឯង ជាខុទ្ទកាល័យនៅប្រទេសយើង » ។

អ្នកភូមិទាំងនេះ គឺក្នុងចំណោមពលរដ្ឋប្រមាណ ១៧៥គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ កោះកុង ស៊ូហ្គើរ និងផ្លែនថេហ្សិន (Koh Kong Sugar & Plantation) របស់ឧកញ៉ា ហេង ហ៊ុយ និងលោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦។ ពួកគាត់អះអាងថា បានកាន់កាប់ដីទីនោះ តាំងពីឆ្នាំ១៩៧៩។ ពេលនេះ ពួកគាត់បានបាត់បង់ទាំងផ្ទះដីភូមិ និងដីចម្ការ ទំហំ ១៨២ហិកតារ ដោយសារតែក្រុមហ៊ុនឈូសឆាយយក។ ពួកគាត់តែងនាំគ្នាមកតវ៉ានៅភ្នំពេញ ជាញឹកញយ ព្រោះមិនទទួលបានសំណង។
អ្នកស្រី ផាវ ញ៉ឺង ថ្លែងថា ការបាត់បង់ដីនេះ ធ្វើឲ្យជីវភាពកាន់តែដុនដាប៖ « ទៅតវ៉ាដី គេវាយគេដំ មកដល់ផ្ទះប្ដីជេរប្រមាថ ដោយសារខ្ញុំខ្ចីលុយគេមកតវ៉ាដី។ កូនអត់បានចូលសាលា ក៏ព្រោះតែដី ចំណាកស្រុកនិរាសព្រាត់ប្រាសគ្រួសារ ក៏ដោយសារតែដី ជំពាក់លុយ អេ . អឹម . ខេ (AMK) ប្រាសាក់ អម្រឹត ខ្ញុំស្គាល់គ្រប់។ ពូជពង្សខ្ញុំមិនដែលធ្លាប់ជំពាក់គេទេ។ ប៉ុន្តែឥឡូវនេះជំពាក់គេម្ដងហើយម្ដងទៀត មួយជាន់ហើយមួយជាន់ទៀត។ យកពីអង្គការនេះដាក់អង្គការនោះ។ បំណុលនេះ សួរថាកូនខ្ញុំបីជំនាន់ទៀតដោះរួច ឬអត់ » ។
ករណីដីធ្លីនេះ ត្រូវបានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់ជួបប្រជុំដោះស្រាយខ្លះៗ ដែរ កាលពីខែកុម្ភៈ ហើយថ្លែងថា ភាគីវិវាទបានយល់គ្នាច្រើនហើយ ទាក់ទងនឹងសំណងការខូចខាត និងដោះដូរដីថ្មី។
អាស៊ីសេរី មិនអាចទាក់ទងលោក ទេព ធន ប្រធានក្រុមដោះស្រាយវិវាទដីធ្លីទី៨ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ជាក់អំពីការដោះស្រាយករណីនេះបានទេ នៅរសៀលថ្ងៃទី១៧ សីហា។ អ្នកភូមិអះអាងថា ពេលនេះ ដីថ្មីនោះក៏ត្រូវឈូសឆាយទៀត ហើយការមករកអន្តរាគមន៍នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីពេលនេះ ក៏ព្រោះតែពួកគាត់មិនទទួលបានដំណោះស្រាយសំណងតាមការសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
