ពលរដ្ឋ​រង​ផល​​ប៉ះពាល់​ពី​​ការ​ពង្រីក​ផ្លូវ​រទេះភ្លើង​ប្រមូល​ផ្ដុំ​នៅ​អេ.ឌី.ប៊ី

ដោយ ដែន អយុធ្យា
2014.08.26
ជម្លោះ​ដី សហគមន៍​ផ្លូវ​រទេះ​ភ្លើង ៧៥ ពលរដ្ឋ​តំណាង​សហគមន៍​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ ដែល​ឡើង​មក​តវ៉ា ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​ចំនួន ៧​សហគមន៍ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពីមុខ​ការិយាល័យ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឬ​ហៅ​កាត់ អេ.ឌី.ប៊ី (ADB) នៅ​ថ្ងៃ​ទី​២៦ សីហា បង្ហាញ​កង្វល់​បាត់បង់​លំនៅឋាន​ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​នៅ​កម្ពុជា។

បញ្ហា​នេះ​នាយក​ធនាគារ អេ.ឌី.ប៊ី បញ្ជាក់​ថា ផល​ប៉ះពាល់​ទាំង​អស់​ក្រោម​គម្រោង​នេះ ត្រូវ​អនុវត្ត​ដោយ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​អន្តរក្រសួង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

តំណាង​សហគមន៍​ភូមិ ២៣ ស្ថិត​ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក អ្នកស្រី នី សន្តោស ឲ្យ​ដឹង​ថា តាំង​ពី​រដ្ឋាភិបាល​មាន​គម្រោង​ស្តារ​និង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នេះ​មក ពួកគាត់​មិន​បាន​ដឹង​ព័ត៌មាន​លំអិត​ទេ ដូច្នេះ​ប្រជា​សហគមន៍​ស្នើ​សុំ​ឲ្យ​ធនាគារ អេ.ឌី.ប៊ី ជួយ​ផ្ដល់​ព័ត៌មាន​លំអិត​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ជូន​ដល់​ពលរដ្ឋ​ឲ្យ​ច្បាស់លាស់​មុន​នឹង​អនុវត្តន៍​គម្រោង​នេះ។

អ្នកស្រី​បន្ត​ថា សព្វ​ថ្ងៃ​នេះ​សហគមន៍​ចង់​ដឹង​ថា តើ​គម្រោង​ស្តារ​ផ្លូវ​ដែក​នេះ​ត្រូវការ​ដី​ស្រប​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ចំនួន​ប៉ុន្មាន​ម៉ែត្រ​ដើម្បី​អភិវឌ្ឍន៍។ ជាង​នេះ តើ​ភាគី​ពាក់ព័ន្ធ​ណា​ខ្លះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់៖ «អ្វី​ដែល​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ជាង​គេ​នោះ គឺ​ខ្ញុំ​អត់​ចង់​ចាក​ចេញ​ពី​ទីលំនៅ​ចាស់​ទេ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុមហ៊ុន​ថូល គេ​ធ្វើ​របង​ចេញ​ពី​អ័ក្ស​រៃ ឬ​ផ្លូវ​ដែក​ហ្នឹង​ចេញ​ទៅ ១០​ម៉ែត្រ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​ខ្ញុំ​នៅតែ​ឆ្ងល់​ថា ចុះ​គម្រោង​ហ្នឹង​មិន​មែន​ត្រឹមតែ ៣​ម៉ែត្រ​កន្លះ ដូច​ខាង​អន្តរក្រសួង​និយាយ​ហ្នឹង​ទេ? អ៊ីចឹង​អ្វី​ដែល​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​នៅ​តែ​ព្រួយ​បារម្ភ​ថា តើ​នៅ​ថ្ងៃ​ណា​មួយ​នោះ​គេ​នឹង​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​ពី​សហគមន៍»

ចំណែក​អ្នកស្រី ឆាយ គឿន មក​ពី​សហគមន៍ ១០៤ និង ១០៥ នៅ​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក មាន​កង្វល់​ថា រហូត​មក​ទល់​ពេល​នេះ សហគមន៍​ផ្លូវ​រទេះភ្លើង​ក្នុង​រាជធានី​ភ្នំពេញ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក ឬ​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

អ្នកស្រី​បន្ត​ថា សព្វថ្ងៃ​នេះ សហគមន៍​ខ្លាច​គម្រោង​ស្ដារ​ផ្លូវដែក​នៅ​កម្ពុជា នាំ​ឲ្យ​ក​គាត់​បាត់បង់​លំនៅឋាន ឬ​រង​នូវ​ការ​បណ្ដេញ​ទាំង​បង្ខំ ដូច​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​កន្លង​មក៖ «ខ្ញុំ​ឮ​សូរ​រាជ​រដ្ឋាភិបាល​គាត់​និយាយ​ថា ការ​បណ្ដេញ​ចេញ​ហ្នឹង​គាត់​នឹង​ខំ​ឲ្យ​ស្ថាប័ន​របស់​គាត់​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ តែ​ខ្ញុំ​ដូចជា​មិន​សូវ​ទុកចិត្ត​ត្រង់​ហ្នឹង? អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មក​ដល់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី ហ្នឹង ដែល​គាត់​ជា​អ្នក​ឧបត្ថម្ភ​គម្រោង​អភិវឌ្ឍន៍​ពិភពលោក​ហ្នឹង គាត់​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង កុំ​ឲ្យ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង។ ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ទីក្រុង​ដូច​នៅ​ប្រទេស​នានា​ដែរ»

ទាក់ទិន​បញ្ហា​នេះ លោក អៀង វុទ្ធី នាយក​អង្គការ​សមធម៌​កម្ពុជា ដែល​ឃ្លាំមើល​សកម្មភាព​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​របស់​រដ្ឋាភិបាល​ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ លោក​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ពិចារណា​ដោះស្រាយ​សំណង ឬ​សំណូមពរ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​អនុវត្ត​គម្រោង​នេះ។

​លោក​បន្ត​ថា បើ​សិន​ផ្នែក​ពាក់ព័ន្ធ​មិន​បាន​ដំណោះស្រាយ​សំណង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ឲ្យ​ត្រឹមត្រូវ​ទេ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​អនាគត។

គេហទំព័រ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បង្ហាញ​ថា គម្រោង​ស្ថាបនា​ផ្លូវ​រទេះភ្លើង ២​ខ្សែ ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​បន្ទាយមានជ័យ មាន​ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ។

ការ​ស្ថាបនា​នេះ លោក អៀង វុទ្ធី ឲ្យ​ដឹង​ថា បាន​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ ហើយ​កន្លង​មក​នេះ មាន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ បាន​ព្រម​ទទួល​យក​សំណង និង​ព្រម​ចាក​ចេញទៅ​រស់​នៅ​ទីតាំង​ថ្មី។

លោក​បន្ត​ថា គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង និង​ផល​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​មិន​ទាន់​ដោះស្រាយ​នេះ បាន​កើត​មាន​តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ។

បញ្ហា​នេះ លោក អៀរីក ស៊ីដវិច (Eric Sidgwick) នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​សរសេរ​លិខិត​ឆ្លើយតប​ទៅ​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​នៃ​គម្រោង​ស្ដារ​ផ្លូវ​ដែក​បង្ហាញ​ថា ធនាគារ អេ.ឌី.ប៊ី គឺ​ជា​ដៃគូ​ផល់​ហិរញ្ញប្បទាន​មួយ​សម្រាប់​គម្រោង​ស្ដារ​ឡើង​វិញ​ផ្លូវដែក​នៅ​កម្ពុជា។ លោក​បន្ត​ថា គម្រោង​នេះ​មាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​របស់​រដ្ឋាភិបាល​ជា​អ្នក​អនុវត្តន៍។

​ជាង​នេះ​រាល់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ទាំង​អស់​ក្រោម​គម្រោង​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​អន្តរ​ក្រសួង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នេះ សម្រាប់​ខ្សែ​រថភ្លើង​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​ទំហំ ៧​ម៉ែត្រ ៣​ម៉ែត្រ​កន្លះ​ម្ខាងៗ ពី​អ័ក្ស​នៃ​ផ្លូវ​រថភ្លើង។ សម្រាប់​ទំហំ​នៃ​ខ្សែ​រថភ្លើង​នៅ​ផ្នែក​ខាង​ជើង និង​ផ្នែក​ខាង​ត្បូង​គឺ​ទំហំ​នៃ​ផល​ប៉ះពាល់​មាន​ចាប់​ពី ៨ ទៅ ១០​ម៉ែត្រ នៅ​ទី​ជនបទ និង​៧​ម៉ែត្រ​នៅ​ក្នុង​ក្រុង​មាន​ដូចជា ក្រុង​ពោធិ៍សាត់ បាត់ដំបង ក្រុង​សិរីសោភ័ណ និង​ខេត្ត​ព្រះសីហនុ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។