តំណាង និងពលរដ្ឋមានទំនាស់ដីធ្លីជាង ២០០នាក់ មកពីតំបន់ផ្សេងៗគ្នា ក្នុងខេត្តបន្ទាយមានជ័យ បានតវ៉ា និងដាក់ញត្តិនៅខាងមុខសាលាខេត្តនៅព្រឹកថ្ងៃទី២ ខែតុលា។ ប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល រិះគន់អាជ្ញាធរខេត្តនេះថា មិនសូវអើពើដោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះ គឺបានត្រឹមតែទទួលពាក្យបណ្ដឹងពួកគាត់ ហើយសន្យាចោល។
សកម្មភាពតវ៉ា និងដាក់ញត្តិចូលសាលាខេត្តបន្ទាយមានជ័យ នៅពេលនេះ ជាសម្ពាធថ្មីមួយទៀតទាមទារឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយ និងជាសញ្ញាបង្ហាញសាធារណជនថា ការរំលោភបំពានដីធ្លីនៅតែជាបញ្ហាក្ដៅគគុកនៅឡើយ។
មន្ត្រីសង្គមស៊ីវិលខេត្តបន្ទាយមានជ័យ អះអាងថា សាលាខេត្តបានទទួលបណ្ដឹងដីធ្លីជាង ២០០ករណី ប៉ុន្តែពុំមានការដោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា ក្រុមពលរដ្ឋដែលបានតវ៉ាមកពី ៦តំបន់ ក្នុងស្រុកចំនួនបី និងក្រុងមួយ ក្នុងចំណោមពលរដ្ឋមានបញ្ហាជាច្រើនទៀតមិនបានចូលរួម។ លោកថា វិវាទដីធ្លីពុំមានករណីថ្មីច្រើនទេ ហើយសមាគមលោកទទួលបានតែ ៥ករណីប៉ុណ្ណោះក្នុងឆ្នាំ២០១៥ តែមានករណីចាស់ៗ ដែលអាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់៖ «នេះសារមួយផ្ញើជូនអភិបាលរងខេត្តទទួលបន្ទុកខាងដីធ្លី និងមន្ត្រីដោះស្រាយវិវាទដីធ្លីខេត្តបន្ទាយមានជ័យ ឲ្យបានដឹងថា ដំណើរការទាំងអស់នេះប្រជាពលរដ្ឋនៅតែក្ដៅ នៅតែត្រូវការការដោះស្រាយដដែល ប៉ុន្តែមន្ត្រីទាំងនោះតើដែលមិនព្រមដោះស្រាយ។ គណៈកម្មការសុរិយោដី មានគណៈរដ្ឋបាលមានចែងអស់ហើយ យកមកដោះមកគ្មានអ្វីលំបាកទេ»។
ក្រុមពលរដ្ឋដែលចាប់ផ្ដើមតវ៉ាពីម៉ោងប្រមាណ ៨ព្រឹក រហូតដល់ម៉ោង ១១ព្រឹក ថ្ងៃទី២ ខែតុលា បានរិះគន់ថា ពួកគាត់មានទំនាស់តាំងពីឆ្នាំ២០០៤ និងខ្លះតាំងឆ្នាំ២០០៦ ធ្លាប់ដាក់ពាក្យបណ្ដឹងជូនអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជាតិជាច្រើនតែគ្មានដំណោះស្រាយ ពិសេសអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដីធ្លី លោក ចុង ផែត បានត្រឹមតែសន្យា ហើយមានសកម្មភាពចុះដោះស្រាយតិចតួច។
តំណាងពលរដ្ឋ ២៤៦គ្រួសារ មកពីឃុំអូរបីជាន់ ស្រុកអូរជ្រៅ អ្នកស្រី ឡុង សុគន្ធី មានប្រសាសន៍ថា អ្នកភូមិថ្នល់បត់ របស់គាត់ជាង ២០០គ្រួសារ មានដីប៉ះពាល់ទំហំជាង ១ពាន់ (១.៤៣២) ហិកតារ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍របស់លោកឧកញ៉ា សំ សុផាណារិទ្ធិ រយៈពេលជិត ១២ឆ្នាំ ហើយមិនទាន់ដោះស្រាយចេញ។
អ្នកស្រីថា ការដាក់ញត្តិនៅពេលនេះក៏មិនសង្ឃឹមប៉ុន្មានដែរ ប៉ុន្តែសង្ឃឹមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឬស្ថាប័នជាតិជាច្រើនដែលក្រុមពលរដ្ឋបានដាក់បណ្ដឹងសុំអន្តរាគមន៍ដោះស្រាយកន្លងទៅ ពេលបានឮអំពីការតវ៉ា ឬទុក្ខកង្វល់របស់ពលរដ្ឋនេះ នឹងជួយពន្លឿនការដោះស្រាយ៖ «អាជ្ញាធរហៅតំណាងមួយក្រុម ១០នាក់ៗ ចូលទៅនិយាយរកវិធានការដោះស្រាយជាមួយប្រជាពលរដ្ឋ។ ខាងខ្ញុំនេះមិនដែលសង្ឃឹមទេលោកគ្រូ! ប៉ុន្តែគេពេលគេ (អាជ្ញាធរ) បង្ហាញឈ្មោះដែលរៀបរៀងឈ្មោះដែលត្រូវចុះរួចអស់ហើយ នៅតែចុះថ្ងៃដែលត្រូវណាត់។ ថ្ងៃទី១៥ នេះ គេសូមឲ្យពួកខ្ញុំអ្នកណាមានដីនៅកន្លែងនៅឈរនៅលើដីនោះទៅ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តបន្ទាយមានជ័យ លោក ចុង ផែត ដើម្បីឆ្លើយតបបញ្ហានេះបានទេ នៅថ្ងៃទី២ ខែតុលា ខណៈដែលអភិបាលខេត្តលោក គោ ស៊ុំ សារឿត ទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
យ៉ាងណាតំណាងពលរដ្ឋដែលអាជ្ញាធរហៅជួបពិភាក្សានៅអំឡុងពេលតវ៉ានៅមុខសាលាខេត្តឲ្យដឹងថា គណៈកម្មការថ្នាក់ខេត្ដនឹងចុះពិនិត្យដោះស្រាយជាបន្តបន្ទាប់នៅក្រោយថ្ងៃបុណ្យបិណ្ឌរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។