ពលរដ្ឋ​មាន​​​ទំនាស់​ដី​ហែ​ក្បួន​ដាក់​ញត្តិ​ទាមទារ​ដំណោះស្រាយ

អ្នក​តវ៉ា​រឿង​ដីធ្លី​ជិត ១០០​នាក់ មាន​អ្នក​បឹងកក់ អតីត​អ្នក​បឹងកក់ អ្នក​បុរីកីឡា និង​អ្នក​ភូមិ​ឡពាង ប្រមូល​ផ្តុំ​គ្នា​តវ៉ា​​មុខ​​ទីស្នាក់ការ​ការិយាល័យ​ធនាគារ​ពិភពលោក នៅ​ថ្ងៃ​ទី​១៨ កញ្ញា ដើម្បី​ស្នើ​ឲ្យ​ធនាគារ​អន្តរជាតិ​មួយ​នេះ​បញ្ឈប់​ការ​ផ្ដល់​ប្រាក់​កម្ចី​នានា​ដល់​រដ្ឋាភិបាល​កម្ពុជា។

ការ​តវ៉ា​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​បឹងកក់ ដឹង​ថា ធនាគារ​ពិភពលោក​គ្រោង​នឹង​ផ្ដល់​ថវិកា​ជាង ២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា នៅ​ដំណាច់​ឆ្នាំ​២០១៤ ទាក់​ទង​នឹង​ការ​ផ្ដល់​មូលនិធិ​សម្បទាន​ដី​សង្គមកិច្ច​ដល់​ប្រទេស​កម្ពុជា។

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែង​ថា ធនាគារ​ពិភពលោក​មិន​គួរ​បំភ្លេច​ការ​សន្យា​របស់​ខ្លួន ​ជា​មួយ​នឹង​អ្នក​រង​គ្រោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ ថា​នឹង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​អូស​បន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «យើង​ទៅ​ហ្នឹង គឺ​គោល​បំណង​ចង់​បង្ហាញ​ពី​ការ​មិន​គាំទ្រ និង​មិន​ពេញ​ចិត្ត​នៃ​កិច្ច​ប្រជុំ​របស់​ធនាគារ​ពិភពលោក​ពី​ថ្ងៃ​ទី​៩ ខែ​៩ នៅ​វ៉ាស៊ីនតោន ដែល​គាត់​មាន​គម្រោង​នឹង​ផ្ដល់​ថវិកា​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឡើង​វិញ នៅ​អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​បឹងកក់ កំពុង​រស់​នៅ និង​ចាកចេញ​រាប់​ពាន់​គ្រួសារ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ហ្នឹង គាត់​ចង់​ឲ្យ​លុយ​ទៅ​រដ្ឋាភិបាល​វិញ»

ទាក់​ទង​​នឹង​ការ​ទាមទារ​នេះ មន្ត្រី​ទំនាក់ទំនង​នៃ​ធនាគារ​ពិភពលោក លោក ប៊ូ សារឿន ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​​ថា ធនាគារ​ពិភពលោក​មិន​បាន​យល់​ព្រម​ផ្ដល់​ហិរញ្ញវត្ថុ​ថ្មី​ណា​មួយ​ដល់​កម្ពុជា​ទេ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ មក។ លោក​បន្ត​ថា ធនាគារ​ពិភពលោក​នៅ​បន្ត​ផ្ដល់​ថវិកា​ដែល​ចំណាយ​​ដល់​គម្រោង​ទាំង​ឡាយ​ណា​កំពុង​អនុវត្តន៍ និង​គ្រប់គ្រង​ដោយ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ ក្រោម​ជំនួយ​ថវិកា​ទុក​ចិត្ត។

កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា អ្នក​ភូមិ​បឹងកក់ ប្រមាណ ១០០​នាក់ បាន​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ការិយាល័យ​ធនាគារ​ពិភពលោក​ម្ដង​រួច​ហើយ ដោយ​ថ្កោលទោស​ស្ថាប័ន​នេះ​ថា មាន​បាត​ដៃ​ប្រឡាក់​ឈាម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឱ្យ​ពួក​គាត់​រង​ទុក្ខ​វេទនា។

ទាក់​ទង​នឹង​រឿង​ដីធ្លី​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អ្នក​ភូមិ​ឡពាង ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​បឹងកក់ អតីត​អ្នក​បឹងកក់ និង​បុរីកីឡា សម្រេច​នាំ​គ្នា​មក​ដាក់​ញត្តិ​ជូន​លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) អគ្គរដ្ឋទូត​សភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា។ ពួកគាត់​ស្នើ​ស្ថាប័ន​ទាំង​ពីរ​ជួយ​អន្តរាគមន៍ និង​ផ្ដល់​ដំណោះ​ស្រាយ​រឿង​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ប្រជាពលរដ្ឋ​ទាំង ៨៣​គ្រួសារ​ដែល​មាន​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។