អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារផ្នែកសិទ្ធិមនុស្សក្នុងខេត្តព្រះវិហារ បានឱ្យដឹងថា ទំនាស់ដីធ្លីថ្មីៗរវាងអ្នកភូមិជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច កំពុងកើតមានជាច្រើនកន្លែងបន្ថែមទៀត នៅពេលដែលទំនាស់ដីចាស់ៗជាច្រើនករណីមិនទាន់ដោះស្រាយនៅឡើយ។ បញ្ហានេះវាគឺជាកង្វល់ដ៏ធំធេងដែលធ្វើឱ្យមានការរំលោភបំពានទៅលើសិទ្ធិមនុស្ស ព្រមទាំងជាសម្ពាធទៅលើសេដ្ឋកិច្ចគ្រួសារផង ដោយសារតែអ្នកភូមិបាត់បង់ដីស្រែចំការ។
ក្រុមប្រជាពលរដ្ឋជាង ២០០នាក់មកពីភូមិចំនួន ៣ នៃឃុំសង្កែ២ ស្រុកឆែប បានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិន មួយឈ្មោះ រួយ ហ្វេង នៅស្របពេលដែលក្រុមហ៊ុននោះ បានយកគ្រឿងចក្រទៅឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ចនៅជុំវិញភូមិរបស់ពួកគេរស់នៅ។
នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែមីនា ក្រុមអ្នកភូមិដែលមកពីភូមិស្រែ ភូមិសង្កែ និងភូមិជោគជ័យ បានលើកគ្នាទៅរារាំងគ្រឿងចក្រជាច្រើនរបស់ក្រុមហ៊ុន ឱ្យបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃជាបណ្ដោះអាសន្ន។
តំណាងបណ្ដាញសហគមន៍ភូមិជោគជ័យ ដែលជាអ្នកដឹកនាំការតវ៉ានោះ គឺលោក ជុំ សុភឿត។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនចិន បានយកគ្រឿងចក្រទៅឈូសឆាយពង្រីកដីសម្បទានសេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ក្បាលដីស្រែនិងចម្ការរបស់ប្រជាពលរដ្ឋជាច្រើនហិកតារ។ បុរសដដែលបានបញ្ជាក់ថា ប្រសិនបើក្រុមប្រជាពលរដ្ឋមិនលើកគ្នាតវ៉ារឿងនេះទេ គឺដីស្រែនិងបុះរបស់ប្រជាពលរដ្ឋទំហំប្រមាណ ៤គីឡូម៉ែត្រក្រឡា ច្បាស់ជានឹងត្រូវបាត់បង់នៅពេលខាងមុខ។
លោក ជុំ សុភឿត៖ «ក្បាលដីព្រៃផង មានដីស្រែ ចំការដែលធ្វើដំណាំរាល់តែថ្ងៃ ជាដីបុះដីអី ឈូសអស់ហើយ។ កើតទុក្ខមិនសុខចិត្តត្រង់ដីបម្រុង ១០-២០ម៉ែត្រ ក៏អត់ទុកឱ្យដែរ គឺឆ្វៀលដល់ភ្លឺស្រែប៉ិតៗ។ គាត់ឈូសតែតាមផ្លូវ តាមភូមិ និយាយរួមបីភូមិនេះ»។
បុរសម្នាក់ទៀតជាអ្នកភូមិជោគជ័យ ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា គាត់កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីស្រែ និងទួលចម្ការទំហំ ៣ហិកតារ។ បុរសដដែលបានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនឈូសយកដីបាត់ គឺគ្រួសាររបស់គាត់នឹងប្រឈមមុខជាមួយការគ្មានដីធ្វើកសិកម្មទេនៅឆ្នាំខាងមុខ។
ទោះយ៉ាងណា អាជ្ញាធរស្រុកឆែប និងខេត្តព្រះវិហារ បានច្រានចោល មិនធ្វើការអធិប្បាយយ៉ាងណាទេចំពោះរឿងនោះ។
អភិបាលស្រុកឆែប លោក អ៊ុង វុឌ្ឍី បានសុំមិនធ្វើការអធិប្បាយដោយលោកបញ្ជាក់ថា លោកកំពុងនាំប្រពន្ធទៅព្យាបាលជំងឺនៅឯទីក្រុងភ្នំពេញ។
ចំណែកនាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក ខូយ ឃុនហ៊ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានជុំវិញបញ្ហានោះ ថាយ៉ាងណានៅឡើយទេ ពីព្រោះលោកកំពុងតែជាប់រវល់ប្រជុំ។
អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ បានមានប្រសាសន៍ថា លោកកំពុងមានការព្រួយបារម្ភជាខ្លាំងទៅលើការបាត់បង់ដីប្រជាពលរដ្ឋ ព្រមទាំងធនធានព្រៃឈើផង ក្នុងពេលដែលក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង កំពុងព្យាយាមឈូសឆាយពង្រីកដីសម្បទានសេដ្ឋកិច្ចនៅស្រុកឆែបនោះ។
លោក ឡោ ចាន់៖ «ខាងសង្គមស៊ីវិលបានចុះមកកន្លែងកើតហេតុផ្ទាល់ឃើញថា ដីទាំងអស់ហ្នឹងគេកំពុងត្រាស់សេយកព្រៃ យកឈើចេញមួយចំនួន នៅតែដីរាងវាលៗ ហើយនិងដីព្រៃមួយចំនួន។ ខាងអង្គការអាដហុក ក្រោយពីចុះអង្កេតផ្ទាល់ នឹងដាក់លិខិតអន្តរាគមន៍មួយច្បាប់ជូនទៅអភិបាលខេត្ត ដើម្បីឱ្យគាត់រកដំណោះជូនប្រជាពលរដ្ឋជាមួយក្រុមហ៊ុន»។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានឱ្យដឹងថា រឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំសង្កែ២ ស្រុកឆែប ជាមួយក្រុមហ៊ុនចិននេះ គឺអាជ្ញាធរបានបង្ហាញឱ្យឃើញភាពមិនទទួលខុសត្រូវ ដោយនាំគ្នាគេចចេញអស់ បន្ទាប់ពីឃើញអ្នកភូមិលើកគ្នាទៅតវ៉ា។
នេះជាករណីជម្លោះដីធ្លីធំមួយទៀត រវាងក្រុមប្រជាពលរដ្ឋនិងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច បន្ទាប់ពីប្រជាពលរដ្ឋនៅស្រុកផ្សេងទៀត ក៏កំពុងកើតមានជម្លោះជាមួយក្រុមហ៊ុនមួយចំនួន ដូចជានៅស្រុកគូលែន ជាមួយក្រុមហ៊ុន Fephy Malaysia និងសេលា ដាម៉ិច នៅស្រុករវៀង ជាមួយក្រុមហ៊ុន ទ្រី ភាព និងនៅស្រុកត្បែងមានជ័យ ជាមួយក្រុមហ៊ុន ឡាន ហ្វេង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
