ពលរដ្ឋ​មាន​បញ្ហា​ដី​២​ខេត្ត​ចាក​ចេញ​ពី​ភ្នំពេញ​ទៅ​រក​ដំណោះស្រាយ​នៅ​ស្រុក

ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន​ពីរ​ខេត្ត គឺ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​បន្ទាយមានជ័យ បាន​នាំ​គ្នា​ចាក​ចេញ​ពី​ភ្នំពេញ វិល​ទៅ​ខេត្ត​របស់​ខ្លួន​វិញ ដើម្បី​ប្រជុំ​រក​ដំណោះស្រាយ។ ទាំង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ គឺ​រៀប​ចំ​រក​ដំណោះស្រាយ​ជួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី។

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​មកពី​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រថយន្ត​របស់​រដ្ឋ​សភា​មក​ដឹក​ទាំង​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា នេះ ចេញ​ពី​វត្ត​ស្ទឹងមានជ័យ ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ។ ចំណែក​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ឆ្នាំង គឺ​អ្នក​ភូមិ​ឡពាង ក៏​បាន​ចេញ​ពី​ភ្នំពេញ​ដែរ ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន ដើម្បី​ចូលរួម​វេទិការ​សាធារណៈ​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង។

លោក រាជ សីមា តំណាង​អ្នក​ភូមិ​ឡពាង បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ឡពាង នឹង​ចូល​រួម​វេទិកា​ថ្នាក់​ខេត្ត​មួយ​នៅ​ថ្ងៃ​ទី​៨ តុលា ដែល​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត ប្រជាពលរដ្ឋ ក្រោម​ការ​តាម​ដាន​ពី​សង្គម​ស៊ីវិល។

លោក រាជ សីមា បាន​និយាយ​ទៀត​ថា ប្រជាពលរដ្ឋ​នឹង​លើក​ឡើង​ពី​បញ្ហា​ដីធ្លី​របស់​ខ្លួន​ទៅ​កាន់​វេទិកា​នោះ៖ «ទៅ​ច្រើន ដោយ​ខ្លះ​ទៅ​មុន នៅ​តែ​ជាង​ដប់​ម្ភៃ​នាក់​ល្ងាច​នេះ​ចេញ​ដំណើរ​ទៀត។ ខ្ញុំ​រំពឹង​ថា ពេល​ខ្ញុំ​សម្ដែង​មតិ​ទៅ​មាន​មហាជន​គេ​ចាប់​អារម្មណ៍​ច្រើន គេ​ដឹង​ឮ គេ​ឈឺ​ឆ្អាល​នូវ​រឿង​របស់​អ្នក​ភូមិ​ឡពាង»

ចំណែក​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ឹម ភាន់សុផល បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​៨ តុលា លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ នឹង​ចូល​រួម​ដោះស្រាយ​ដោយ​ផ្ទាល់​រឿង​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ម៉ាឡៃ។ លោក អ៊ឹម ភាន់សុផល បាន​បញ្ជាក់​ថា ប្រសិនបើ​ការ​ដោះស្រាយ​ថ្នាក់​ខេត្ត​នេះ​បាន​ទទួល​ជោគជ័យ អាជ្ញាធរ​នឹង​កាត់​ដី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ភ្លាម។

​ក្រោយ​ពី​ពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា តែងតែ​លើក​គ្នា​មក​តវ៉ា​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​អាជ្ញាធរ​ខេត្ត​ណា​មាន​បញ្ហា​ដីធ្លី​ត្រូវ​ដោះស្រាយ​ខ្លួន​ឯង​កុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ណែនាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។